អាជ្ញាធរវៀតណាម ស្រុកត្រាង បូម (Trang Bom )ខេត្ត វាលប្រឹស ដែលវៀតណាម ដាក់ឈ្មោះថ្មីថាដុង ណាយ (Dong Nai) បានហាមកម្មករខ្មែរក្រោមដែលត្រូវរោងចក្របញ្ឈប់ពីរការជាង ២០០នាក់ មិនឲ្យធ្វើញត្តិរួមគ្នាប្ដឹងទៅក្រសួងពលកម្មវៀតណាម។ អាជ្ញាធរមូលដ្ឋានវៀតណាម ចោទថាមានអ្នកញុះញង់មកពីក្រៅឲ្យពលរដ្ឋខ្មែរក្រោមធ្វើញត្តិនេះ តែកម្មករខ្មែរក្រោមឆ្លើយថាពួកគេរួមគ្នាធ្វើញត្តិនេះដោយឆន្ទៈរបស់ពួកគេផ្ទាល់។
យុវជនតំណាងកម្មករខ្មែរក្រោមម្នាក់ ឈ្មោះ យឿង ខាយ ប្រាប់អាស៊ីសេរីនៅថ្ងៃទី ៤ សីហាថា ពួកលោកមានគ្នា ៣០ នាក់ តំណាងឲ្យកម្មករខ្មែរក្រោមជាង ២០០នាក់ ដែលត្រូវរោងចក្របញ្ឈប់ពីការងារដោយគ្មានសំណង បានរួមគ្នាធ្វើញត្តិមួយសុំអន្តរាគមន៍ពីក្រសួងពលកម្មវៀតណាម។ លោកបញ្ជាក់ថា ញត្តិនោះពួកលោកបានដាក់តាំងពីថ្ងៃទី២០ កក្កដា តែមិនទទួលបានការឆ្លើយតបនោះទេ។ លោក យឿង ខាយ បន្តថាស្រាប់តែនៅថ្ងៃទី១ សីហា អាជ្ញាធរស្រុកត្រាំងបូម បានកោះហៅលោកទៅព្រមាន មិនឱ្យធ្វើញត្តិរួមគ្នាប្ដឹងទៅក្រសួងពលកម្មទៀតទេ។ លោកថា អាជ្ញាធរវៀតណាមអនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោមធ្វើញត្តិម្នាក់មួយច្បាប់បាន តែត្រូវឲ្យសមត្ថកិច្ចពិនិត្យជាមុនសិន។តំណាងកម្មករខ្មែរក្រោមរូបនេះប្រាប់ទៀតថា អាជ្ញាធរវៀតណាមចោទប្រកាន់ពួកលោកថាមានអ្នកក្រៅស្រុក នៅពីក្រោយខ្នងបង្គាប់ឲ្យពួកលោកធ្វើញត្តិនេះ៖ « សួររឿងការដាក់ញត្តិហ្នឹងមានផ្សំគំនិតជាមួយអ្នកណាទេ ហើយគេថាការឃោសនាហ្នឹងគឺខុសច្បាប់ គេថាប្អូននឹងដើរបង្ខំឲ្យគេផ្ដិតមេដៃ ហើយហ្នឹងចុះ ហត្ថលេខា គេចោទថាប្អូនហ្នឹងឃោសនា មានទោសធ្ងន់ណាស់អាការឃោសនាហ្នឹង គេចោទប្រកាន់មកប្អូនអីចឹង » ។
ចំណែកកម្មករខ្មែរក្រោមម្នាក់ទៀតឈ្មោះ ថាច់ សម័យ ប្រាប់ថា លោកក៏ត្រូវបានរោងចក្របញ្ឈប់ទាំងពីរនាក់ប្ដីប្រពន្ធដោយគ្មានសំណងនោះដែរ។ លោកថា លោកចូលរួមធ្វើញត្តិសុំអន្តរាគមន៍ ពីក្រសួងពលកម្ម នេះ គឺជាឆន្ទៈរបស់លោកផ្ទាល់ មិនមានអ្នកណាមកបង្គាប់បញ្ជាលោកទេ។
លោក ថាច់ សម័យ ថា រោងចក្រមួយចំនួន ក្នុងសួនឧស្សាហកម្មខេត្តវាលប្រឹស ដូចជារោងចក្រសង្ហារិម សានឡឹម ហ្វឺនិតឆ័រ (san lim Furniture) និងរោងចក្រ ហ្សិញ ម៉ាក វីណា (Shing Mark Vina) ជាដើម រើសអើងកម្មករខ្មែរក្រោម៖ « កាលមុនៗ ហ្នឹងធ្វើការនៅដុងណាយ ឥឡូវគេឲ្យឈប់ធ្វើហើយហ្នឹង ខ្ញុំទៅសុំចូលធ្វើការវិញប៉ុន្មានសារហើយ គេថាខ្មែរគេមិនយកទេ បើយួនគេយក ។ គ្មានការអីធ្វើ ឥឡូវមកស្រុកហ្នឹងមានអីធ្វើ ធ្វើស្រែបន្តិចបន្តួច ហើយគេហៅទៅធ្វើនេះ ធ្វើនោះអី អីចឹងចេះតែទៅៗ។ បើបានធ្វើកន្លែងចាស់ដដែលអីចឹង វាបានកាសច្រើនអ៊ីចឹង វាគ្រប់គ្រាន់ចាយវាយក្នុងគ្រួសារ អីចឹង » ។
សមាជិកគណៈមេធាវីកម្ពុជាលោក សឺន ជុំជួន លើកឡើងថា បម្រាមរបស់អាជ្ញាធរវៀតណាមមកលើកម្មករខ្មែរក្រោមនេះ គឺជាការរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សជាមូលដ្ឋាន៖ « ខ្ញុំបាននិយាយកន្លងហើយ ខ្ញុំគិតថាប្រពន្ធច្បាប់វាមិនខុសគ្នាអីចឹងហ្អា៎ គឺយើងនៅក្នុងប្រព័ន្ធច្បាប់តែមួយ ។ អីចឹងការដែលហាមឃាត់ហ្នឹងវាអត់ត្រឹមត្រូវទេ ព្រោះវាជាសិទ្ធិសេរីភាពក្នុងការចលនា គៀងគរ ព្រោះជាបណ្ដឹងរួមគ្នា ហើយរឿងហ្នឹងវាប៉ះពាល់លក្ខណៈជាដុំហ្នះ វាមិនមែនប៉ះពាល់ត្រឹមតែបុគ្គលទេ អីចឹងលក្ខណៈជាដុំហ្នឹង គេអាចប្រមូលផ្ដុំគ្នាផ្ដិតមេដៃ ក្នុងការប្ដឹងរួមគ្នាបាន មិនខុសច្បាប់ទេ » ។
ចំណែក ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោកថាច់ សេដ្ឋា មើលឃើញថា នេះជាការរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិការងារ ជាប្រព័ន្ធពីសំណាក់អាជ្ញាធរវៀតណាម។
លោក ថាច់ សេដ្ឋា អំពាវនាវដល់អាជ្ញាធរវៀតណាមត្រូវតែឈប់ជាបន្ទាន់នូវអំពើរំលោភបំពានមកលើខ្មែរកម្ពុជាក្រោមតទៅទៀត៖ « ពឹងពាក់អាជ្ញាធរអត់បាន បែរជាទៅគំរាមកំហែង អាហ្នឹងវារឹតតែបង្ហាញការគំរាមកំហែង នឹងការបែងចែក រើសអើងពូជសាសន៍ ជាប្រព័ន្ធតែម្ដង មិនមែនត្រឹមតែបុគ្គលនឹងបុគ្គលទេ គឺជាប្រព័ន្ធតាំងពីអាជ្ញាធររៀបចំដល់រោងចក្រគេធ្វើអីចឹង។ ទង្វើហ្នឹងហើយដែលយើងមើលទៅមិនអាចទទួលយកបានទេ » ។
កម្មករខ្មែរក្រោម ឲ្យដឹងថា រោងចក្រ សានឡឹម ហ្វឺនិតឆ័រ (Salim furniture ) និងរោងចក្រ ហ្សិញម៉ាក វីណា (Shing Mark Vina) ស្ថិតនៅក្នុងសួនឧស្សាហកម្ម ខេត្តវាលប្រើសដែលវៀតណាមដាក់ឈ្មោះថ្មីថាដូនណៃ (Dong Nai) មានកម្មករចម្រុះជាតិសាសន៍ជាងមួយម៉ឺន (១០.០០០) នាក់ ក្នុងនោះ មានពលរដ្ឋខ្មែរក្រោមជាងមួយពាន់ (១.០០០)នាក់។ទោះជាយ៉ាងណា ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩ នេះ រោងចក្រទាំងពីរបានបញ្ឈប់កម្មករខ្មែរក្រោមជាងពីររយ (២០០)នាក់ ដោយគ្មានសងសំណងតាមលក្ខខណ្ឌការងារនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។