សមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ នៅថ្ងៃចន្ទ ទី២៩ មិថុនា បានដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមទៅក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្នើឲ្យសុំអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ។ ក្រសួងការបរទេសកម្ពុជាបានទទួលយករបាយការណ៍របស់សមាគមខ្មែរក្រោមហើយ ប៉ុន្តែ ស្ថានទូតវៀតណាមមិនព្រមទទួលយករបាយការណ៍នោះទេ។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យអាស៊ីសេរីដឹងថា សមាគមខ្មែរក្រោមបន្តជំរុញដាក់សំពាធឲ្យរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងពលរដ្ឋខ្មែរក្រោម និងឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោមជាបន្តទៅទៀត។ យុទ្ធនាការថ្មីរបស់សមាគមខ្មែរក្រោមធ្វើឡើងតាមរយៈ ការដាក់របាយការណ៍ និងសំណូមពរទៅក្រសួងការបរទេសកម្ពុជា និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដោយសមាគមរំពឹងថា ស្ថាប័នទាំងពីរនេះនឹងធ្វើអន្តរាគមន៍ ឬបញ្ជូនរបាយការណ៍ខ្មែរក្រោមបន្តទៅ រដ្ឋាភិបាលវៀតណាម។
របាយការណ៍ដែលសមាគម ដាក់ទៅក្រសួងការបរទេសកម្ពុជា រួមមានករណីរឹបអូសដីធ្លីរបស់កសិករខ្មែរក្រោមនៅខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះជា កៀង ញ៉ាង (Kien Giang) រហូតឈានដល់មានការចាប់ខ្លួនបុរសខ្មែរក្រោមម្នាក់គឺ លោក ហ្វិន យ៉ាងដៀប។ មកដល់ពេលនេះ អាជ្ញាធរវៀតណាមមិនទាន់ដោះលែងលោកនៅឡើយទេ ហើយក៏មិនអនុញ្ញាតឲ្យក្រុមគ្រួសារលោកជួបសួរសុខលោកផងដែរ។ របាយការណ៍ដដែលក៏បានលើកឡើងការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមដោយអាជ្ញាធរវៀតណាមបានផាកពិន័យជាប្រាក់លើយុវជនខ្មែរក្រោមពីរនាក់ ដោយសារតែអ្នកទាំងនោះបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកពីប្រវត្តិទឹកដីកម្ពុជា និងព័ត៌មានអំពីស្ថានភាព និងសិទ្ធិសេរីភាពខ្មែរ។ កាលពីពេលថ្មីៗ នេះ វៀតណាមក៏បានចោទខ្មែរក្រោមម្នាក់ទៀត ពីករណីក្បត់ជាតិ ដោយសារតែលោករិះគន់វៀតណាមថា រើសអើងមិនចែកអំណោយឲ្យខ្មែរក្រោមក្នុងពេលនៃវិបត្តិcovid-19។
លោក សឺន ជុំជួន មានប្រសាសន៍ថា សមាគមខ្មែរក្រោម នឹងបន្តដាក់សម្ពោធលើរដ្ឋាភិបាលវៀតណាម ឥតឈប់ឈររហូតទល់តែរដ្ឋាភិបាលវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញ និងដោះលែងពលរដ្ឋខ្មែរក្រោម៖ «ពីព្រោះអ្វីដែលយើងហ្នឹង គឺមានក្តីសង្ឃឹម។ ការធ្វើរបស់ មិនអាចធ្វើម្ដងហើយពីរ ម្តងយើងលុបចោលបានទេ»។
លោកសោកស្ដាយដែលស្ថានទូតវៀតណាមមិនព្រមទទួលយករបាយការណ៍របស់សមាគមដោយផ្ទាល់ ប៉ុន្តែ លោកថា លោកនឹងផ្ញើរបាយការណ៍តាមសារអេឡិចត្រូនិក (email) វិញ ដើម្បីធានាថា ស្ថានទូតបានរបាយការណ៍នេះ។
លោក សឺន ជុំជួន បន្តថា បច្ចុប្បន្នយុវជនខ្មែរក្រោម បានយល់ដឹងច្រើនពីប្រវត្តិសាស្រ្តខ្មែរក្រោម និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យាទើបជំរុញឲ្យពួកគេងើបឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើមកំណើត។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលវៀតណាម មិនដោះលែងពលរដ្ឋខ្មែរក្រោម និងទម្លាក់ចោលការចោទប្រកាន់នានា ទៅលើខ្មែរក្រោមនោះទេ សមាគមលោកនឹងរៀបចំបាតុកម្មអហិង្សាមួយប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម នៅពេលជំងឺ Covid-19 ធូរស្បើយបន្តិច៖ «ជម្រើសហ្នឹងនឹងកើតឡើង ប្រសិនបើគ្មានដំណោះស្រាយមួយសមស្របកើតឡើង»។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្វាគមន៍យុទ្ធនាការប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាមលើពលរដ្ឋខ្មែរក្រោម។ ព្រះអង្គមានថេរដីកាថា ខាងសហព័ន្ធខ្មែរក្រោមក៏បានធ្វើយុទ្ធនាការ ស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ ដើម្បីជួយពលរដ្ឋខ្មែរក្រោមកំពុងរងការគាបសង្កត់ផងដែរ។ ព្រះអង្គបន្តទៀតថា បច្ចុប្បន្ននេះ យុវជនខ្មែរក្រោមពីររូប ដែលត្រូវអាជ្ញាធរវៀតណាម ផាកពិន័យក្នុងម្នាក់ៗ ៣០០ដុល្លារនោះ កំពុងគ្មានលុយបង់ប្រាក់ពិន័យ អាចប្រឈមមុខនឹងការចាប់ខ្លួន។ យុវជនទាំងពីរនាក់ បានដាក់ពាក្យស្នើសុំការពន្យារពេលសងប្រាប់ពិន័យ ដោយសារតែបញ្ហាជីវភាពក្នុងពេលនៃជំងឺ covid-19។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា អំពាវនាវឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោមជាបន្ទាន់៖ «សុំរដ្ឋាភិបាលវៀតណាមហ្នឹង ត្រូវលុបច្បាប់ ១០១ចេញ ដើម្បីកុំឲ្យដាក់កំហិតទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម។ កន្លងមករដ្ឋាភិបាលវៀតណាមចេញច្បាប់នោះ គឺដើម្បីរឹតបណ្ដឹងសេរីភាពពលរដ្ឋខ្មែរក្រោម»។
ទាក់ទងរឿងសមាគមខ្មែរក្រោមដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្ស មន្ត្រីនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីថា លោកមិនទាន់មានព័ត៌មានស្ដីពីរបាយការណ៍ខ្មែរក្រោមនៅឡើយទេ។ ប៉ុន្តែកន្លងមក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ប្រាប់អាស៊ីសេរីថា ករណីខ្មែរក្រោមដែលរងទុក្ខវេទនានៅលើទឹកដីកំណើតនេះ រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលបានទេ ព្រោះខ្មែរក្រោមរស់នៅ ក្នុងដែនអធិបតេយ្យរបស់វៀតណាម។ លោកជំរុញទៅពលរដ្ឋខ្មែរក្រោម ឬសមាគមខ្មែរក្រោមគួររកអន្តរាគមន៍ពីអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ។
ទោះបីជាយ៉ាងណា ផ្អែកតាមព្រះរាជសាររបស់អតីតព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហនុ និងច្បាប់សញ្ជាតិកម្ពុជាចែងថា ពលរដ្ឋខ្មែរទោះនៅទីណាក៏ត្រូវតែទទួលបានសញ្ជាតិខ្មែរ ដូច្នេះពលរដ្ឋខ្មែរក្រោមនៅតែជាជនជាតិខ្មែរនិងមានសញ្ជាតិខ្មែរហើយរដ្ឋាភិបាលកម្ពុជាមិនអាចនៅស្ងៀមចំពោះករណីនេះទៀតឡើយ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់លើកឡើងថា វៀតណាមរើសអើងនឹងពលរដ្ឋខ្មែរក្រោម ដោយសារតែខ្មែរក្រោមមានពូជសាសន៍ផ្សេងគ្នា ហើយវៀតណាមព្រួយបារម្ភថា ខ្មែរក្រោមអាចងើបឡើងទាមទារទឹកដីខ្មែរក្រោមមកវិញទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។