ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA)លោក វន់ ពៅ ស្នើសុំឱ្យ ក្រសួងការងារ ជួយពន្លឿនកិច្ចអន្តរាគមន៍ទៅតុលាការ ដើម្បីបញ្ចប់សំណុំរឿងរបស់លោក ពាក់ព័ន្ធ នឹងករណីប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅមុខរោងចក្រយ៉ាកជីង (Yak Jin Cambodia) កាលពីដើមឆ្នាំ២០១៤ ។ ការស្នើសុំនេះ បន្ទាប់ពីក្រសួងការងារ ទើបពិនិត្យមើលសំណុំរឿងរបស់ លោក ដើម្បី ជំរុញឱ្យតុលាការពន្លឿនបញ្ចប់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្ឃឹមថា ក្រសួងការងារ និងតុលាការ នឹងសហការគ្នាបញ្ចប់សំណុំរឿងរបស់លោកឱ្យបានឆាប់រហ័ស ព្រោះលោក អះអាងថា ជារឿងអយុត្តិធម៌បំផុតដែលលោករងនូវការប្រើអំពើហិង្សាពីសំណាក់កងឆ័ត្រយោង លេខ៩១១ ស្ទើរបាត់បង់ជីវិតទៅហើយ និងថែមទាំងជាប់បណ្ដឹងនៅតុលាការទៀត។
ការលើកឡើងនេះ បន្ទាប់ពីលោក បានជួបប្រជុំជាមួយក្រសួងការងារនៅព្រឹកថ្ងៃទី១៦ ខែតុលា។ លោក វន់ ពៅ បញ្ជាក់ថា ក្នុងជំនួបនោះ ក្រសួងការងារ បានសួរនាំលោកអំពីសំណុំរឿង និងបង្គាប់ ឱ្យលោកដាក់របាយការណ៍ជូនក្រសួងបន្ថែមទៀត ហើយក្រសួងសន្យាថា នឹងជួយជំរុញឱ្យតុលាការ ពិចារណាសម្រេចបិទបញ្ចប់សំណុំរឿងរបស់លោក៖ «សំណុំរឿងរបស់ខ្ញុំមើលទៅដូចជាយឺតយ៉ាវដែរ ព្រោះខ្ញុំដាក់លិខិតទៅក្រសួង តាំងថ្ងៃទី៧ ខែ១២ ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះទើបក្រសួងស្រាវជ្រាវជួយដោះ ស្រាយរឿងរបស់ខ្ញុំ។ វាយឺតពេលដែរជិត ១ហើយ។ ក្រៅពីនេះរឿងលោក អាត់ ធន់ រឿងលោកគ្រូ រ៉ុង ឈុន ពាក់ព័ន្ធនឹងរឿងនៅផ្លូវវេងស្រេងអីទាំង៦នាក់នោះ គេទម្លាក់បទចោទអស់ហើយនៅសល់តែខ្ញុំ។ នេះទាក់ទងនឹងសំណុំរឿងធំៗ។ ខ្ញុំសង្ឃឹមថា ក្រសួងនឹងអន្តរាគមន៍ទៅតុលាការដើម្បីទម្លាក់ការ ចោទប្រកាន់មកលើខ្ញុំដោយសារខ្ញុំអត់បានប្រព្រឹត្តអីខុសផង»។
លោក វន់ ពៅ រម្លឹកថា សំណុំរឿងរបស់លោកនេះ គឺពាក់ព័ន្ធនឹងករណីដែលលោកចូលរួមឃ្លាំមើល បាតុកម្មអហិង្សាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ របស់កម្មករនៅមុខរោងចក្រ យ៉ាក ជីន ឋិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ លោកបន្តថា បាតុកម្មកាល ណោះ កងទ័ពឆ័ត្រយោងលេខ៩១១ របស់លោក ចាប ភក្តី បានបង្ក្រាប ដ៏ហិង្សា និងបាន ចាប់ខ្លួន លោករួមជាមួយអ្នកការពារសិទ្ធិមនុស្ស និងកម្មករ៩នាក់ផ្សេងទៀត។ បន្ទាប់ពីចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញបានយកលោក និងអ្នកផ្សេងទៀតទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមបទចោទបង្កហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ប៉ុន្តែក្រោយមក តុលាការបានដោះលែងពួកលោកវិញ បន្ទាប់ពីឃុំខ្លួនក្នុងពន្ធនាគារបាន៥ខែ ដោយសារមានការរិះគន់ពីអង្គការជាតិ និងអន្តរជាតិ។ ប្រធានសមាគមរូបនេះ និយាយថា ទាហានឆត្រយោង គឺជា អ្នកវាយដំលោក និងកម្មករដែលតវ៉ាស្ទើរបាត់បង់ជីវិត ប៉ុន្តែផ្ទុយ ទៅវិញអង្គភាព កងទ័ពឆត្រយោង បែរជាអ្នកប្ដឹងពួកលោកជាជនរងគ្រោះទៅវិញ៖ «វាជារឿងអយុត្តិធម៌ណាស់ដែលគេវាយខ្ញុំស្ទើរតែបាត់បង់ជីវិតហើយ គេចាប់យើងដាក់ពន្ធនាគារហើយ គេដោះលែងឱ្យនៅក្រោះឃុំបណ្ដោះអាសន្ន មានន័យថា ក្រៅពីនេះ គេព្យួរទោស ហើយពិន័យជាប្រាក់ ៨លានរៀលទៀត។ វាជាអយុត្តិធម៌ហើយសម្រាប់ខ្ញុំ។ ក្រោយមកខ្ញុំប្រមុខរដ្ឋាភិបាលឱ្យក្រសួងអន្តរាគមន៍ឱ្យតុលាការទម្លាក់ការចោទប្រកាន់លើពួកខ្ញុំ អ៊ីចឹងហើយទើបខ្ញុំដាក់លិខិតទៅក្រសួងហើយទើបតែក្រសួងហៅនេះឯង»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ក្រសួង ធ្លាប់បានធ្វើលិខិតជូនជនរងគ្រោះរួចហើយ ដើម្បីពិនិត្យមើលនិងពន្លឿន សំណុំរឿង មេសហជីព និងសមាជិកទៅតាមនីតិវិធីច្បាប់ដែរ ប៉ុន្តែលោកមិនដឹងថា មកដល់ពេលនេះមានការវិវឌ្ឍបែបណាឡើយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងការងារ បានបង្គាប់ឱ្យថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់បណ្ដឹងនៅតុលាការ ដាក់របាយការណ៍សំណុំរឿងក្ដីរៀងខ្លួន ទៅក្រសួងការងារឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីឱ្យក្រសួងការងារ សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីឈានទៅពន្លឿន និងបញ្ចប់សំណុំរឿងឱ្យបានឆាប់រហ័ស តាមបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
ទោះបីជាមេដឹកនាំសហជីពទាំងនោះ បានដាក់របាយការណ៍តាមការបង្គាប់របស់ក្រសួងការងាររួច ហើយក្ដី ប៉ុន្តែមកទល់ពេលនេះមានមេដឹកនាំសហជីពចំនួន ៦រូបប៉ុណ្ណោះដែលត្រូវបានតុលាការ សម្រេចលើកលែងការចោទប្រកាន់ក្នុងសំណុំរឿងព្រឹត្តិការណ៍ហិង្សានៅលើផ្លូវវេងស្រេង កាលពីអំឡុងចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤។ មេដឹកនាំសហជីព ទាំង៦រូបនោះ រួមមាន អតីតប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ អ្នកស្រី ម៉ម ញឹម និងអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ។ ទោះយ៉ាងណាក្តី មេដឹកនាំសហជីពទាំងនេះ នៅជាប់បណ្ដឹងក្នុងតុលាការជាច្រើនទៀត ដោយសារ តែសកម្មភាពចូលរួមតវ៉ា និងការពារអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើលឃើញថា សកម្មភាពរបស់មេដឹកនាំសហជីពដែលជាប់បណ្ដឹង កន្លងមក រួមទាំងលោក វន់ ពៅ ផង គឺមិនមែនជាបទល្មើសនោះទេ។ លោកវាយតម្លៃថា ក្រុមមេដឹកនាំសហជីពទាំងនេះ បានបំពេញការងារដោយឯករាជ្យ និងស្របតាមច្បាប់ក្នុងការតវ៉ាដោយ អហិង្សាដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗជាពិសេសប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករវិស័យ កាត់ដេរ។ លោក ឃុន ថារ៉ូ យល់ថា ការចោទប្រកាន់ទាំងនោះ គឺជារឿងអយុត្តិធម៌បំផុត ដូច្នេះរដ្ឋាភិបាល និងស្ថាប័នតុលាការ គួរតែដោះស្រាយឱ្យពួកគាត់ទទួលបានយុត្តិធម៌ឡើងវិញ៖ «ខ្ញុំចង់ឱ្យទម្លាក់ចោទការចោទប្រកាន់ទាំងអស់នេះ ដើម្បីឱ្យគាត់មានលទ្ធភាពស្ដារឡើងវិញនូវតួនាទី និងសិទ្ធិសេរីភាពរបស់គាត់ពេញលេញក្នុងការតំណាងឱ្យកម្មករនិយោជិក»។
សង្គមស៊ីវិល យល់ថា ចំណាត់ការរបបក្រុងភ្នំពេញនេះ កើតឡើងដោយសារ ក្រុមហ៊ុនបញ្ជាទិញធំៗបានដាស់តឿនឱ្យរបបនេះគោរពសិទ្ធិការងារ និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព ប្រសិនបើចង់ឱ្យពួកគេបន្តការវិនិយោគនៅកម្ពុជា។ ចំណាត់ការនេះក៏នៅស្របពេលរបបក្រុងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬEBAដែលជាវិធានការឆ្លើយតបទៅនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
