លោក ឈាង វុន ប្រតិកម្មតបនឹងសម្ដីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
2015.07.17
តំណាងរាស្ត្រគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ប្រតិកម្មតបនឹងសម្ដីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលថា រដ្ឋសភាជាកន្លែងអាចឲ្យអ្នកកាសែតចេញចូលយកព័ត៌មានបាន។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅរដ្ឋសភា ថ្ងៃទី១៧ ខែកក្កដា លោក ឈាង វុន ប្រាប់ទៅលោក ខៀវ កាញារីទ្ធ កុំលូកដៃចូលស្ថាប័នរដ្ឋសភា។ លោកបន្តថា រដ្ឋសភាមិនមែនជាទីតាំងសាធារណៈ ដូចថា មុខវត្តបទុមវតី ឬទីលានប្រជាធិបតេយ្យ ដែលមនុស្សអាចចេញចូលតាមចិត្តនោះទេ ព្រោះរដ្ឋសភាមានសន្តិសុខយាមត្រឹមត្រូវ និងមានបទបញ្ជាផ្ទៃក្នុង៖ «ប្រធាននាយកដ្ឋានព័ត៌មានផ្ញើលិខិតនេះមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យគាត់ដឹងថា រដ្ឋសភាមិនមែនផ្សារថ្មី ផ្សារលក់ត្រីទេ ហើយរដ្ឋសភាមិនដែលធ្វើអីតាមមាត់គេនិយាយទេ សូម្បីតែមាត់រដ្ឋមន្ត្រីក៏មិនត្រូវនិយាយផង។ ខ្ញុំមិនទាន់ចោទប្រកាន់អីគាត់ផង គាត់ឈោងដៃវែងម្ល៉េះ ចូលមកអង្គការនីតិប្បញ្ញត្តិ»។
ក្នុងពេលរិះគន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឈាង វុន ប្រាប់ទៅមន្ត្រីរដ្ឋសភា ឲ្យផ្ញើលិខិត និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ឲ្យលោក ខៀវ កាញារីទ្ធ បានឃើញ។ លោក ឈាង វុន អះអាងបន្តថា លោកមិនចង់ឆ្លើយតបច្រើនជាមួយលោក ខៀវ កាញារីទ្ធ ទេ ព្រោះលោក និងលោក ខៀវ កាញារីទ្ធ ជាមន្ត្រីបក្សប្រជាជនកម្ពុជាតែមួយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទេ នៅថ្ងៃទី១៧ ខែកក្កដា។ ដោយឡែក អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ក៏មិនឆ្លើយតបប្រសាសន៍របស់លោក ឈាង វុន ដែរ ដោយបញ្ជាក់ថា ការថ្លែងរបស់លោករដ្ឋមន្ត្រី គឺគ្រប់គ្រាន់ហើយ។
កាលពីថ្ងៃទី១៥ ខែកក្កដា ក្រោយចប់កិច្ចពិភាក្សាស្ដីពី រួមគ្នាជំរុញការពាក់មួកសុវត្ថិភាព លោក ខៀវ កាញារីទ្ធ បានឆ្លើយតបនឹងអ្នកកាសែតថា រដ្ឋសភាជាកន្លែងដែលអ្នកកាសែតមានសិទ្ធិចេញចូល ដើម្បីយកព័ត៌មាន ហើយការបណ្ដេញអ្នកកាសែតចេញពីរដ្ឋសភា គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ៕