មិត្តរួមអាជីព និងក្រុមគ្រួសារជនរងគ្រោះអះអាងថា ករណីខ្មាន់កាំភ្លើងបាញ់អ្នកសារព័ត៌មាន លោក ឈឿង ឈឹង បណ្ដាលឱ្យបាត់បង់ជីវិត គឺពុំមែនជារឿងទំនាស់បុគ្គលដូចដែលអាជ្ញាធរខេត្តសៀមរាបបានអះអាងនោះទេ។
ពួកគេប្រកាសមិនទទួលយក ចំពោះការបកស្រាយនេះ ដោយចាត់ទុកថា ជាការលាក់បាំងឧក្រិដ្ឋកម្មព្រៃឈើក្នុងដែនជម្រកសត្វបឹងពែរ ដែលកំពុងទទួលរងការកាប់ទន្ទ្រានទ្រង់ទ្រាយធំ។
អ្នកកាសែតម្នាក់ដែលជិះម៉ូតូយកព័ត៌មានពីបទល្មើសព្រៃឈើជាមួយជនរងគ្រោះក្នុងថ្ងៃកើតហេតុ គឺលោក មឿន នី នៅមិនអស់ចិត្ត ចំពោះការបកស្រាយរបស់អាជ្ញាធរខេត្តសៀមរាបនៅឡើយទេ ដោយលោកថា ការបកស្រាយនេះអាជ្ញាធរហាក់មានចេតនាសម្រាលទំនួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការការពារដែនជម្រកសត្វព្រៃបឹងពែរ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក មឿន នី បច្ចុប្បន្នជាអ្នកសារព័ត៌មានគេហទំព័រថ្មីៗ ប៉ុស្តិ៍ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ធ្នូថា លោកមិនជឿ ចំពោះការអះអាងរបស់អាជ្ញាធរខេត្តសៀមរាបថា ករណីនេះជារឿងទំនាស់បុគ្គលនោះឡើយ។
លោកថា ក្នុងថ្ងៃកើតហេតុ លោក និង ជនរងគ្រោះបានជិះម៉ូតូម្នាក់មួយ ដើម្បីចុះយកព័ត៌មានដោយប្រទះឃើញគ្រឿងចក្រជាច្រើនគ្រឿងកំពុងឈូសឆាយទន្ទ្រានព្រៃអភិរក្សទ្រង់ទ្រាយធំ ឋិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ។
លោកបន្ថែមថា ជនរងគ្រោះមុនពេលស្លាប់ តែងតែរាយការណ៍ពីបទល្មើសព្រៃឈើ ប្រាប់ទៅមន្ត្រីបរិស្ថានឱ្យអនុវត្តច្បាប់ បន្ទាប់ពីគាត់បានចុះប្រមូលព័ត៌មានរួចរាល់។
លោក មឿន នី៖«កាលគាត់នៅរស់ឱ្យតែមានប្រជាពលរដ្ឋមួយចំនួនរាយការណ៍គាត់នឹងចុះទៅយកព័ត៌មានហ្នឹងហើយ។ ដោយមានគ្រឿងចាក់ឈូសឆាយក្នុងព្រៃបឹងពែរ មិនឆ្ងាយប៉ុន្មានពីច្រមុះបរិស្ថាន បើមន្ត្រីអត់ទៅមើលទៅពិនិត្យគឺគាត់ផ្សាយដាក់នៅទំព័រអាណាចក្រខ្មែរផ្សាយឱ្យ។ ខ្មាន់កាំភ្លើងបើកគោយន្តកាត់មុខខ្ញុំ ហើយខ្ញុំបានដេញបន្តិចដែរចាប់ជនសង្ស័យ វាឃើញខ្ញុំធ្លាក់ទឹកមុខហើយឆ្លើយថាវាខ្មាន់កាំភ្លើងមែន»។
អ្នកសារព័ត៌មានគេហទំព័រកម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាប គឺលោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ ក្រោយខ្មាន់កាំភ្លើង ប្រើកាំភ្លើងច្នៃបាញ់ឱ្យរបួសធ្ងន់ ក្នុងពេលលោកចុះទៅយកព័ត៌មានពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃអភិរក្ស ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង កាលពីថ្ងៃទី៤ ខែធ្នូ។

អាជ្ញាធរខេត្តសៀមរាបបានចាប់ឃុំខ្លួនជនសង្ស័យឈ្មោះ ស៊ី លឿយ តាមនីតិវិធីរបស់តុលាការក្រោមបទចោទ «ប៉ុនប៉ងឃាតកម្ម» ដោយសារគំនុំបុគ្គល។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពី អ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណៈ និងអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បាននៅឡើយទេនៅថ្ងៃទី១១ ធ្នូ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ក៏ប៉ុន្តែរដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី៥ ធ្នូ ឱ្យដឹងថា អាជ្ញាធរស្រុកជីក្រែងបានឃាត់ខ្លួនជនសង្ស័យរួចហើយ ក្នុងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា លើអ្នកសារព័ត៌មានលោក ឈឿង ឈឹង ហើយទទួលចម្លើយពីជនសង្ស័យថា ករណីនេះជារឿងទំនាស់បុគ្គល។
ចំណែកប្រធានទីស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ ប្រចាំស្រុកជីក្រែង ខេត្តសៀមរាប លោក ជិន ជួប ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ វិច្ឆិកាថា ជនរងគ្រោះជាអ្នកសារព័ត៌មាន តែងតែរាយការណ៍ពីបទល្មើសព្រៃឈើស្នើឱ្យក្រុមការងាររបស់លោក ចុះអនុវត្តច្បាប់។
លោកថា មានករណីខ្លះ ជនរងគ្រោះបានផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់អ្នកដែលឈូសឆាយទន្ទ្រានព្រៃផ្ទុយពីការពិត ហើយមន្ត្រីជំនាញបានអញ្ជើញគាត់ មកបំភ្លឺម្ដងដែរ កាលពីចុងខែវិច្ឆិកា ដើម្បីជាតម្រុយស៊ើបអង្កេតបន្ថែមទៀត។
លោក ជិន ជួប៖«គាត់ធ្លាប់រាយការណ៍មកខាងខ្ញុំ ពីការឈូសឆាយកាប់រាន ហើយគាត់បានផ្ដល់ព័ត៌មានឱ្យខាងខ្ញុំដែរ»។
រីឯប្រពន្ធជនរងគ្រោះ លោកស្រី ជាវ ចាប មិនទទួលយកការបកស្រាយរបស់អាជ្ញាធរនោះទេ ដោយលោកស្រីអះអាងថា ប្ដីរបស់លោកស្រីជាមនុស្សស្អាតស្អំ តែងតែឈឺឆ្អាលពីបទល្មើសព្រៃឈើ និងចុះល្បាតព្រៃជាប្រចាំឋិតក្នុងព្រៃអភិរក្ស។ លោកស្រីទាមទារឱ្យអាជ្ញាធរ និងតុលាការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត។
លោកស្រី ជាវ ចាប៖«មិនមែនជាការប្រព្រឹត្តមានគំនុំជាមួយអ្នកណាទេប្ដីខ្ញុំស្លូតណាស់មិនស្នំមានគំនុំជាមួយអ្នកណាសោះ គាត់ពេញចិត្តនឹងការងារទើបគាត់ល្អែងចុះទៅមើលព្រៃ ឱ្យតែដឹងទីណាមានការឈូសឆាយគឺគាត់នឹងទៅហើយ»។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO)នៅខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត មានប្រសាសន៍ថា ករណីនេះពុំមែនជារឿងទំនាស់បុគ្គលនោះទេ ព្រោះជនរងគ្រោះបានបំពេញតួនាទីជាអ្នកសារព័ត៌មាន តាមឃ្លាំមើលពីបទល្មើសក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ លោកស្នើឱ្យអាជ្ញាធរស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងបន្ថែមទៀត និងលុបបំបាត់បទល្មើសព្រៃឈើគ្រប់រូបភាពក្នុងព្រៃអភិរក្ស។
លោក អ៊ិន គង់ជិត៖ «ក្នុងនាមអង្គការសង្គមស៊ីវិលអំពាវនាវឱ្យសមត្ថកិច្ចមូលដ្ឋានជួយការពារដល់សុវត្ថិភាពអ្នកសារព័ត៌មានដែលគាត់ចុះទៅយកព័ត៌មានតំបន់ជនបទ ដើម្បីឱ្យគាត់មានសុខសុវត្ថិភាពក្នុងការបំពេញការងារ »។
ជុំវិញករណីឃាតកម្មនេះដែរ អង្គការជាតិ និងអន្តរជាតិ ១៤ ស្ថាប័ន ថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ថ្កោលទោសការបាញ់សម្លាប់លោក ឈឿង ឈឹង។
ក្រុមអង្គការទាំងនេះចាត់ទុកករណីនេះថា ជាអំពើហិង្សាវាយប្រហារលើអ្នកសារព័ត៌មាន ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ពីបញ្ហាកាប់បំផ្លាញព្រៃឈើដែលជាបញ្ហារសើបដ៏ធំមួយនៅកម្ពុជា ហើយជំរុញឱ្យអាជ្ញាធររដ្ឋាភិបាលស៊ើបអង្កេតដោយតម្លាភាព ដែលអាចជឿទុកចិត្តបាន។
មិត្តរួមអាជីពការងារជាមួយជនរងគ្រោះបន្ថែមថា មរណភាពអ្នកសារព័ត៌មានរូបនេះ គឺជាការបាត់បង់សំឡេងរាយការណ៍យ៉ាងសកម្ម ពីបទល្មើសឧក្រិដ្ឋព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ព្រោះគាត់ជាឆ្អឹងទទឹងករបស់ក្រុមឈ្មួញ និងមន្ត្រីខិលខូច ស្របពេលដែលមន្ត្រីទាំងនោះតែងតែលាក់បាំងពីបទល្មើសព្រៃឈើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
