ព្រះសង្ឃ​ខ្មែរ​ក្រោម​កសាង​រូប​សំណាក​ឧកញ៉ា សឺន គុយ ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់ និង​គោរព​បូជា

ដោយ យន់ សាមៀន
2024.08.20
ព្រះសង្ឃ​ខ្មែរ​ក្រោម​កសាង​រូប​សំណាក​ឧកញ៉ា សឺន គុយ ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់ និង​គោរព​បូជា (ឆ្វេង) ​រូបសំណាក​ឧកញ៉ា សឺន គុយ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ចាត់​ទុកជា​វីរបុរស និង​ព្រះភិក្ខុ គឹម សំរិន្ទ ជា​អ្នក​ដឹកនាំ​កសាង​រូប​សំណាក​នេះ។
រូប៖ ពីព្រះសង្ឃ

ខ្មែរ​កម្ពុជា​ក្រោម​ចាត់​ទុក​ឧកញ៉ា សឺន គុយ ជា​វីរបុរស ដែល​បាន​បូជា​ជីវិត ដើម្បី​ឲ្យ​ពូជពង្ស​ខ្មែរ​កម្ពុជា​ក្រោម​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

តើ​សព្វថ្ងៃ​នេះ ខ្មែរក្រោម​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​ឧកញ៉ា សឺន គុយ?

ព្រះសង្ឃខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គបាន​ដឹកនាំ​កសាង​រូប​សំណាក​វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម គឺ​ឧកញ៉ា សឺន គុយ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​គុណ​តម្លៃ​របស់​លោក ដែល​បាន​បូជា​ជីវិត ដើម្បី សាសនា វប្បធម៌ និង​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​នៅ​លើ​ទឹក​ដី​កំណើត។ ព្រះតេជព្រះគុណ គឹម សំរិន្ទ ប្ដេជ្ញា​ថែរក្សា​រូប​សំណាក​លោក​ឧកញ៉ា សឺន គុយ ទោះបី​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះអង្គ​រហូត​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត​ក្ដី។ វៀតណាម ក៏​តម្រូវ​ឲ្យ​ព្រះអង្គ​យក​រូប​សំណាក​ឧកញ៉ា សឺន គុយ ចេញ​ពី​វត្ត​ផង​ដែរ។

ព្រះតេជព្រះគុណ គឹម សំរិន្ទ៖ «អាត្មា​នឹក​ឃើញ​ថា គាត់​ពលី​ទុក​វត្តអារាម​សាសនា​ទំនៀមទម្លាប់ និង​សាសនា ប៉ុន្តែ យើង​ដឹង​តែ​ប្រវត្តិ តែ​គ្មាន​អ្វី​ជា​និមិត្ត ដើម្បី​ឲ្យ​កូនចៅ​ដឹង​ថា គាត់​រូបរាង​អ៊ីចឹង ភូមិ​កំណើត​គាត់ ហើយ​គាត់​នៅ​កន្លែង​ហ្នឹង។»

គណៈ​សង្ឃ​ព្រះពុទ្ធ​សាសនា​វៀតណាម ខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៥ ខែមីនា បាន​សម្រេច​មិន​ទទួល​ស្គាល់​ព្រះតេជព្រះគុណ គឹម សំរិន្ទ ជា​ព្រះភិក្ខុ​សង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ថេរវាទ និង​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ទាំង១៤៣ ក្នុង​ខេត្ត​នេះ​ទទួល​ព្រះ​អង្គ​ឱ្យ​គង់នៅ។ អាជ្ញាធរ​វៀតណាម​ចោទ​ព្រះអង្គ​ថា បាន​បង្ហោះ និង​ចែកចាយ​រូបភាព និង​វីដេអូ​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាមួយ​នឹង​ខ្លឹមសារ ដែល​បង្ក​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។


ទោះបី​វៀតណាម​អះអាង​ដូច្នោះ​ក្ដី ប៉ុន្តែ​ធាតុ​ពិត ព្រះភិក្ខុ គឹម សំរិន្ទ មាន​ថេរ​ដីកា​ថា វៀតណាម​បណ្តេញ​ព្រះអង្គ​ចេញ​ពី​វត្ត​ដោយសារ​តែ​ព្រះអង្គ​បាន​ប្រមូល​ពុទ្ធបរិស័ទ ដើម្បី​ចូល​បច្ច័យ​ធ្វើ​រូប​សំណាក បុរស​ខ្មែរ​កម្ពុជា​ក្រោម ឧកញ៉ា សឺន គុយ ដើម្បី​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​ស្វែងយល់ និង​គោរព​បូជា។

ព្រះភិក្ខុ គឹម សំរិន្ទ៖ «ធម្មតា​ខ្មែរ​ក្រោម​យើង​ទូទៅ​គាត់​ដឹង​ច្រើន​ហើយ។ ពេល​យើង​លើក​ដូនតា​យើង​ឲ្យ​ដឹង​ប្រវត្តិសាស្ត្រ ឲ្យ​កូនចៅ​យើង​ដឹង មិន​ពេញ​បំណង​គេ​ទេ។»

បច្ចុប្បន្ន រូបសំណាក​ឧកញ៉ា សឺន គុយ ត្រូវ​បាន​ព្រះអង្គ គឹម សំរិន្ទ យក​ទៅ​តម្កល់​នៅ​ក្នុង​ផ្ទះ​ញោម​របស់​ព្រះអង្គ ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​បណ្តេញ​ព្រះអង្គ​ចេញ​ពី​វត្ត។ រូប​សំណាក់​នេះ ធ្វើ​អំពី​ខ្លឹម​ដើម​អំពិល​បារាំង និង​ចំណាយ​ថវិកា​ប្រមាណ​មួយ​ពាន់​ដុល្លារ។ឧកញ៉ា​សេនាបតី សឺន គុយ ជា​អភិបាល​ខេត្តព្រះត្រពាំង។ លោក​សុខ​ចិត្ត​ឲ្យ​វៀតណាម​សម្លាប់​ដោយ​កាត់​ក ដើម្បី​ឲ្យជាតិខ្មែរបាន​រស់។

Kim_Samrin_and_Son_Kuy_Statue_9.JPG
(ឆ្វេង) ព្រះអង្គ គឹម សំរិន្ទ និង​ព្រះសង្ឃ​មិនស្គាលព្រះនាម ថត​ជាមួយ​រូបសំណាក​ឧកញ៉ា សឺន គុយ ដែល​ឆ្លាក់​ចេញ​ពី​ដើម​ចាមរី ហៅ​ដើម​អម្ពិល​បារាំង ពេល​មិន​ទាន់​លាប​ថ្នាំ។ រូបពីព្រះសង្ឃ

ចំពោះ​ការ​តស៊ូ​របស់​ព្រះភិក្ខុ គឹម សំរិន្ទ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ខ្មែរ​ក្រោម​ដឹង​គុណ ចំពោះ​វីរភាព​ព្រះភិក្ខុ គឹម សំរិន្ទ ដែល​ហ៊ាន​តស៊ូ​ធ្វើ​រូប​សំណាក វីរបុរស​ខ្មែរ​ក្រោម ដោយ​មិន​ភ័យ​ខ្លាច ចំពោះ​គំរាម​កំហែង​របស់​វៀតណាម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ព្រះអង្គ​មាន​ទស្សនវិស័យ និង​មនសិការ​ស្នេហា​ជាតិ ចំពោះ​វីរបុរស​ឧកញ៉ា សឺន គុយ ក៏​បាន​កៀរគរ​ពុទ្ធបរិស័ទ ដើម្បី​នឹង​កសាង​រូប​សំណាក​ជា​ស្មារតី​គោរព​វីរភាព​របស់​លោក​ឧកញ៉ា សឺន គុយ»

ព្រះភិក្ខុ សើង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា កូន​ខ្មែរ​ក្រោម​ត្រូវតែ​រៀនសូត្រ និង​ស្វែង​យល់​ពី​ប្រវត្តិ​របស់​លោក​ឧកញ៉ា សឺន គុយ។

ព្រះភិក្ខុ សើង យ៉ឹងរតនា៖ «វីរបុរស សឺន គុយ ហ្នឹង មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ភ្ញាក់​រលឹក​ការ​តស៊ូ ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សេរីភាព ដូច​ជា​គំរូ​របស់​បុរស សឺន គុយ។»

ទៅ​ថ្ងៃ​អនាគត​ព្រះភិក្ខុ គឹម សំរិន្ទ គ្រោង​នឹង​សាងសង់​អគារ​គុយ ដើម្បី​តម្កល់​រូប​សំណាក​លោក ឧកញ៉ា សឺន គុយ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ពី​បាន​ទៅ​គោរព និង​បូជា៕

Kim_Samrin_and_Son_Kuy_Statue_6.JPG
ព្រះភិក្ខុ គឹម សំរិន្ទ និង​រូប​សំណាក​ឧកញ៉ា សឺន គុយ។ រូបពីព្រះសង្ឃ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។