អាជ្ញាធរ​បង្ខំ​ឱ្យ​ស្ត្រី​ម្នាក់​ធ្វើ​កិច្ចសន្យា​ឈប់​ផ្ដល់​ព័ត៌មាន​រឿង​ប៉ូលិស​ចាប់​សកម្មជន​បក្ស​ប្រឆាំង ៣​នាក់​នៅ​វត្ត​ថាន់

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ម្នាក់​អះអាង​ថា ប៉ូលិស​បាន​បង្ខំ​ឱ្យ​លោកស្រី​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​បញ្ចេញ​ព័ត៌មាន​អំពី​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង ៣​នាក់​នៅ​វត្ត​ថាន់​នោះ ទៅ​អ្នកសារព័ត៌មាន​ឡើយ ជា​ថ្នូរ​នឹង​ការ​ដោះលែង​។ លោកស្រី​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោកស្រី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

ប្រពន្ធ​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​លោក ជុំ ពុទ្ធី គឺ​លោកស្រី សុវណ្ណា ថ្លែង​កាល​ពី​រសៀល ថ្ងៃ​ទី៧ ខែ​សីហា ថា ប៉ូលិស​ចាប់ខ្លួន​ពួក​លោក​ស្រី ៤​នាក់ ដោយ​អយុត្តិធម៌​ក្នុង​ពេលដែល​ពួក​លោក​ស្រី​ចុះ​ឃ្លាំមើល​អាជ្ញាធរ ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ នៅ​ក្នុង​វត្ត​ថា​ន់ ខណ្ឌ​ចំការមន កាលពី​យប់​ថ្ងៃ​ទី៤ ខែ​សីហា។

ស្ត្រី​មាន​ផ្ទៃពោះ ៣​ខែ​រូប​នេះ ឱ្យ​ដឹង​ថា ប៉ូលិស​បាន​នាំ​ខ្លួន​លោកស្រី និង​សកម្មជន​បក្ស​ប្រឆាំង ៣​នាក់ ទៅ​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​មួយ​យប់ និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត​។ លោកស្រី​បញ្ជាក់​ថា ក្នុង​ពេល​ឃុំខ្លួន ប៉ូលិស​បាន​សួរចម្លើយ​ពួក​លោក​ស្រី នៅ​បន្ទប់​ដាច់ដោយឡែក​ពី​គ្នា​តាំង​ពី​ព្រឹក​រហូតដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ ខែ​សីហា៖ «គេ​មាន​បន្ទប់​របស់​គេ ប៉ុន្តែ​បន្ទប់​ហ្នឹង​មិន​គួរ​ឱ្យ​ដេក​ទេ បន្ទប់ទឹក​ឆ្អេះ​ស្អុយ​ឆ្អាប​មាន​សំរាម​ពេញ​ក្នុង​ហ្នឹងហើយ​ពួក​ខ្ញុំ​ចេញ​មក​ដេក​ខាងក្រៅ​កន្លែង​ទ្វារ​ច្រក គេ​ដើរ​ទំហ ១​ម៉ែត្រ​២​តឹក​ទេ បណ្ដោយ ៦​ម៉ែត្រ​ថ្លង់​ក៏​ថ្លង់​ស្អុយ​ក៏​ស្អុយ​ឆ្អេះ​ក៏​ឆ្អេះ​ពិបាក​ខ្លាំង​ណាស់​។ ហើយ​ចោទប្រកាន់​ខ្ញុំ​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម។ ខ្ញុំ​ថា​ខ្ញុំ​អត់​បាន​ធ្វើ​ស្អី​ទេ រូបថត​ជា​ភស្តុតាង​ក៏​គ្មាន​ដែរ រឿង​អី​បាន​ចោទប្រកាន់​ខ្ញុំ​ដល់​ថ្នាក់​នេះ ទី​២​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អត់​មាន​កម្លាំងកំហែង​ណា​តវ៉ា​ជាមួយ​អស់លោក​ទេ ខ្ញុំ​ចាញ់កូន​រាល់ថ្ងៃ​បាយ​មិន​បាន​ហូប​ទឹក​មិន​បាន ផឹក​មិន​បាន ខ្ញុំ​មាន​កម្លាំង​ណា​តវ៉ា​ជាមួយ​អស់លោក»។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នោះ រួមមាន​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​លោក ជុំ ពុទ្ធី សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក ជួប ផេង ព្រមទាំង​លោក អ៊ុក សំអូន ជា​ចៅសង្កាត់​ដង្កោ ជាប់ឆ្នោត​គណបក្ស​ប្រឆាំង។ លោកស្រី សុវណ្ណា ឱ្យ​ដឹង​ថា ប៉ូលិស​បាន​ចោទប្រកាន់​អ្នក​ទាំង​៣ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​។ ចំណែក​លោកស្រី​ត្រូវ​បាន​ដោះលែង​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី៦ ខែ​សីហា ដោយ​ប៉ូលិស បាន​បង្ខំ​ឱ្យ​លោកស្រី​ផ្ដិតមេដៃ​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​ផ្ដល់​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ដល់​អ្នកសារព័ត៌មាន​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​នេះ ថា ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ របស់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ធ្វើ​បែប​នេះ គឺ​ខុសច្បាប់​។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ ចុះ​ឃ្លាំមើល​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ នៅ​ក្នុង​វត្ត គឺជា​ការ​ប្រើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​យល់​ថា ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ចូលរួម​ចំណែក​កិច្ចការ​សង្គម​សេដ្ឋកិច្ច និង​នយោបាយ​ខ្ញុំ​ថា​មិនមែន​ជា​អំពើ​ញុះញង់​ទេ ផ្ទុយទៅវិញ​នេះ​គ្រាន់តែ​ជា​លេស​ដែល​មិន​សម​ហេតុផល​ក្នុង​ការ​ចោទប្រកាន់​ពួក​គាត់​ហ្នឹង​ទេ។ ពីព្រោះ​ជាទូទៅ​យើង​ឃើញ​ហើយ​អ្នក​ដែល​និយាយ​អ្នក​ដែល​ចូលរួម​ចំណែក​ស្អីៗ​ទាំងអស់​ហ្នឹង​ដូចជា​មិន​មាន​ឃើញ​អី​កើតហេតុ ទៅជា​អំពើ​ណាមួយ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ដល់​សង្គម​ដោយសារតែ​អំពើ​របស់​ពួកគាត់​ទេ»។

សកម្មជន​គណបក្សប្រឆាំង​ទាំង​៣​នាក់ ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ចេញ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី៦ ខែ សីហា បន្ទប់​ពី​សួរចម្លើយ​ចប់​។ រហូតមកដល់​រសៀល​ថ្ងៃ​ទី ០៧ ខែ សីហា សាច់ញាតិ នៅ​មិនទាន់​ដឹង​ថា អាជ្ញាធរ​បញ្ជូន​ពួកគាត់ ទៅ​ឃុំខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។