ជនរងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​តែ​ដង្ហោយ​ទាមទារ​យុត្តិធម៌ ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​ផ្លូវ វេង ស្រេង កាល​ពី ១១ឆ្នាំ​មុន

ដោយ សុ ជីវី
2025.01.02
ជនរងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​តែ​ដង្ហោយ​ទាមទារ​យុត្តិធម៌ ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​ផ្លូវ វេង ស្រេង កាល​ពី ១១ឆ្នាំ​មុន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែល​ជា​អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប និង​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាល​ពី​ឆ្នាំ២០១៤ និង​ខាង​ក្រោយ គឺ​រូប​លោក​ពេល​របួស​ដោយសារ​ទាហានកងទ័ព​ឆត្រ​យោង៩១១ ដឹកនាំ​ដោយ លោក ចាប ភក្តី ប្រើហិង្សា​វាយដំ​ នៅ​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០១៤។
រូប៖ ហ្វេសប៊ុក IDEA Cambodia

នៅ​ក្នុង​ថ្ងៃទី២ និង​ថ្ងៃ​ទី៣ ខែមករា កាល​ពី ១១ឆ្នាំ​មុន គឺ​មាន​ព្រឹត្តិការណ៍​ក៏​គួរ​ឱ្យ​រន្ធត់​សោកសៅ និង​មាន​សម្រែក​ទ្រហោ​យំ ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​កម្មករ​ចំនួន ៥នាក់ ក្នុង​នោះ​មាន កម្មករ​ម្នាក់​បាត់​ខ្លួន​រហូត​មក​ដល់​សព្វថ្ងៃ ដោយសារ​តែ​ការ​បាញ់​ប្រហារ និង​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មុខ​រោងចក្រ យ៉ាក ជីន (Yak Jin Cambodia) និង​តាម​ផ្លូវ វេង ស្រេង។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​រឿង​មិន​អាច​ទទួល​យក​បាន ដោយ​សារ​តែ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋ រីឯ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ និង​អ្នក​បាត់បង់​ជីវិត​នោះ ក៏​ហាក់​នៅ​ទី​ងងឹត​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ​នឹង​ធ្វើ​ពិធី​រម្លឹក​ខួប ១១ឆ្នាំ នៅ​ផ្ទះ​សាមគ្គី​នៅ​ថ្ងៃ​ទី៣ ខែមករា ដើម្បី​ឧទ្ទិស​ដល់​វីរភាព​កម្មករ​ដែល​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ និង​ការ​បង្ក្រាប​ដ៏​ហិង្សា​ដោយ​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​ពេល​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​សិទ្ធិ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ខាង​មុខ​រោងចក្រ យ៉ាក ជីន (Yak Jin Cambodia) និង​តាម​ផ្លូវ វេង ស្រេង កាល​ពី ១១ឆ្នាំមុន។

ជនរងគ្រោះ​ខ្លះ​ក៏​មិន​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ពន្លឺ​យុត្តិធម៌ ដោយសារ​តែ​ពួកគាត់​មើល​ឃើញ​ថា តុលាការ​សព្វ​ថ្ងៃ​គ្មាន​ភាព​ឯករាជ្យ ចំណែក​ឯ​អ្នក​បញ្ជា​ឱ្យ​បាញ់​ប្រហារ និង​បង្ក្រាប​កម្មករ​កាល​ពី​ឆ្នាំ២០១៤ នោះ​ កំពុង​មាន​អំណាច​ពេញ​ដៃ​នៅ​ឡើយ។

ជន​រងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​នាក់​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ក្នុង​ពេល ដែល​ឃ្លាំមើល​កូដកម្ម​មួយ នៅ​ខាង​មុខ​រោងចក្រ យ៉ាក ជី គឺ​លោក ចាន់ ពុទ្ធិស័ក្កិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ ខែមករា​ថា លោក​នៅ​តែ​អារម្មណ៍​តក់ស្លុត និង​មិន ដែល​បំភ្លេច​ការ​ឈឺចាប់ ចំពោះ​ទង្វើ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​វាយដំ និង​ចាប់​បញ្ជូន​រូប​លោក​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយសារ​តែ​សកម្មភាព​ចូលរួម​ក្នុង​បុព្វហេតុ​ការពារ​សិទ្ធិ និង​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​ពន្លឺ​យុត្តិធម៌​សម្រាប់​លោក និង​ជន​រងគ្រោះ​ផ្សេង​ទៀត ហាក់​ស្ថិត​នៅ​ទី​ងងឹត​នៅ​ឡើយ ព្រោះ​លោក​ថា អ្នក​បញ្ជា​ឱ្យ​កង​កម្លាំង​មក​បង្ក្រាប និង​បាញ់​កម្មករ​កាល​ពី​អំឡុង​ឆ្នាំ២០១៤ នោះ កំពុង​មាន​អំណាច​ពេញ​ដៃ​នៅ​ឡើយ។

លោក ចាន់ ពុទ្ធិស័ក្កិ៖ «ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​តក់ស្លុត​មែនទែន ដោយសារ​តែ​រូបភាព​បង្ក្រាប​ដ៏​ឃោរឃៅ​ដ៏​ហិង្សា នៅ​ដិតជាប់​នឹង​អារម្មណ៍​ក្នុង​កែវភ្នែក។ យើង​ឃើញ​ការ​ប្រើ​អំពើ​ហិង្សា ការ​បាញ់​ចម្ពាម​កៅស៊ូ ការ​ប្រើ​ដំបង​ដែក​វាយ​មក​លើ​ខ្ញុំ ក៏​ដូចជា​មក​លើ​បាតុករ​ផ្សេងៗ ការ​ប្រើ​ដុំ​ថ្ម​គប់ គេ​លោត​មក​អុក​ពី​លើ​យើង​ទាំង​លើ​ទាំង​ក្រោម គេ​វាយ​ឱ្យ​យើង​សន្លប់។ ភាព​អយុត្តិធម៌​ហ្នឹង វា​កើត​ឱ្យ​យើង​មាន​ភាព​ឈឺចាប់​មែនទែន យើង​ជា​ជន​ស្លូតត្រង់​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​អ្វី​បែរ​ជា​ទៅ​រង​នូវ​ការ​បង្ក្រាប​ដោយ​ប្រើ​ហិង្សា មាន​មនុស្ស​ស្លាប់​រហូត ៤នាក់»

កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ ២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ខាង​មុខ​រោងចក្រ យ៉ាក ជីន និង​បណ្ដា​ផ្លូវ វេង ស្រេង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០ដុល្លារ ក្នុង​មួយ​ខែ​ស្រប​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០១៤ កងទ័ព​ឆត្រ​យោង៩១១ ដឹកនាំ​ដោយ លោក ចាប ភក្តី បាន​បើក​ប្រតិបត្តិការ​វាយ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​មុខ​រោងចក្រ យ៉ាក ជីន និង​បាន​ចាប់​ខ្លួន​កម្មករ ៧នាក់ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៣នាក់ ក្នុង​នោះ​រួមមាន លោក ថេង សាវឿន លោក វន់ ពៅ និង​លោក ចាន់ ពុទ្ធិស័ក្កិ ទៅ​ធ្វើ​ទារុណកម្ម និង​ដាក់​គុក​ត្រពាំង​ផ្លុង​ជិត ៥ខែ។ រហូត​ដល់​នៅ​ថ្ងៃ​ទី៣ ខែមករា រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ប្រើប្រាស់​កងកម្លាំង​ចម្រុះ​បន្ត​បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវ វេង ស្រេង ដែល​បណ្ដាល​ឱ្យ​កម្មករ ៤នាក់​ស្លាប់ រីឯ​យុវជន​ឈ្មោះ ខឹម សុផាត បាត់​ខ្លួន​ដល់​សព្វថ្ងៃ។ ក្រៅ​ពី​នេះ មនុស្ស​ជាង ៣០នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល រហូត​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ត្រូវ​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ អង្គការ​សង្គម​ស៊ីវិល កម្មករ និង​អ្នក​នៅ​អម​សង​ខាង​ផ្លូវ​ចំនួន ២៣នាក់​បន្ថែម​ទៀត​ត្រូវ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កាល​នោះ​ដែរ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ការពារ​ទង្វើ​បង្ក្រាប​ដោយ​ហិង្សា​នេះ​ថា គឺជា​ការ​បំពេញ​តួនាទី​របស់​កម្លាំង​សមត្ថកិច្ច និង​ស្ដីបន្ទោស​ក្រុម​កម្មករ​ដែល​ចេញ​តវ៉ា​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ លោក សុខ ឥសាន អះអាង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​បាញ់ និង​បង្ក្រាប​ក្រុម​កម្មករ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ផ្លូវ​វេងស្រេង​នោះ​គឺ​ដោយសារ​តែ​កម្មករ​បង្ក​ហិង្សា​លើ​ក្រុម​សមត្ថកិច្ច​មុន។

លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា ប្រហែល​តុលាការ​គេ​បិទ​បញ្ចប់​រឿង​ហ្នឹង​ហើយ ព្រោះ​រឿង​ហ្នឹង វា​ជា​ទោស​កំហុស​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី។ ១០ឆ្នាំ​ហ្នឹង វា​ចប់​ហើយ។ វា​គ្មាន​រឿង​អី​ត្រូវ​រក​ទៀត​ទេ គ្មាន​អ្នក​ណា​ទៅ​រក​ឱ្យ​ទេ។ ពួក​ប្រឆាំង​និយាយ​តែ​ការ​ធ្វើ​បាតុកម្ម​អហិង្សា។ អហិង្សា​អី​ប្រើ​សុទ្ធតែ​ដំបង បំពង់​ទីប​ដាក់​ស្នូល​ដែក ដាក់​លាយ​ស៊ីម៉ងត៍។ សមត្ថកិច្ច​ទៅ​រារាំង​ទៅ​ទប់ស្កាត់ ទៅ​ជា​បង្ក​របួស​ស្នាម​ដល់​សមត្ថកិច្ច។ តែ​ត្រូវ​ម៉ាំង​ហើយ គឺ​ដាក់​ទៅ​វិញ​ហើយ»

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) លោក ស៊ឹង សែនករុណា ដែល​ចុះ​ឃ្លាំមើល​ក្នុង​ព្រឹត្តិការណ៍​នោះ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្នុង​ថ្ងៃ​កើត​ហេតុ ដែល​កងកម្លាំង​សមត្ថកិច្ច​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​កម្មករ​ស្លាប់​នោះ គឺ​ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ប៉ុន្តែ​កងកម្លាំង​ចម្រុះ​បាន​គប់​គ្រាប់​បែក​ផ្សែង និង​ផ្ទុះ​ហិង្សា​ដោយ​ប្រើ​ដំបង​ដែក​វាយ​បង្ក្រាប​កម្មករ​រហូត​ប្រើប្រាស់​កាំភ្លើង​បាញ់​ទប់ស្កាត់​កម្មករ និង​បណ្ដាល​ឱ្យ​កម្មករ ៤នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។ លោក​ចាត់​ទុក​ការ​បង្ក្រាប​កម្មករ​ក្នុង​ព្រឹត្តិការណ៍​កាល​នោះ​ថា គឺជា​ទង្វើ​អមនុស្សធម៌ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​នៅ​តែ​ជំរុញ​ដល់​អ្នក​ ដែល​រងគ្រោះ​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​សង្គម។

លោក ស៊ឹង សែនករុណា៖ «បច្ចុប្បន្ន​ក៏​ដូច​ពី​មុន​មក ដល់​ពេល​នេះ​ខ្ញុំ​យល់​ថា មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ ពី​ព្រោះ​អ្នក​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង​សុទ្ធសឹងតែ​ជា​បក្ខពួក​តែ​មួយ ទាំង​ក្រុម​តុលាការ ក៏​គ្មាន​ឯករាជភាព​ដែរ ក្នុង​ការ​ស្រាវជ្រាវ ការ​បើក​ស៊ើប​អង្កេត ដើម្បី​រក​យុត្តិធម៌​ទៅ​លើ​ជន​ដៃ​ដល់ និង​ជន​នៅ​ពីក្រោយ​ខ្នង យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ គឺ​មិន​អាច​ធ្វើ​ទៅ​បាន វា​ទាល់​តែ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ឱ្យ​មាន​ឯករាជភាព ហើយ​ប្រទេស​យើង​ជា​ប្រទេស ដែល​មាន​ប្រជាធិបតេយ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ច្បាស់លាស់​ទើប​ធ្វើ​ឱ្យ​យុត្តិធម៌​សម្រាប់​អ្នក​ដែល​រងគ្រោះ​នា​ពេល​នោះ​អាច​ទទួល​យក​បាន»

ចំណែក នាយក​ទទួល​បន្ទុក​កិច្ចការ​ទទួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ការ​បង្ក្រាប​ក្រុម​កម្មករ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​មាន​អ្នក​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត។ លោក​បញ្ជាក់​ថា ការ​រម្លឹក​ខួប​រៀងរាល់​ឆ្នាំ ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​បាតុករ ក៏​ជា​សារ​បង្ហាញ​ទៅ​កាន់​រដ្ឋាភិបាល​ថា រយៈ​ពេល ១១ឆ្នាំ​កន្លង​មក​នេះ អ្នក​ដែល​បាន​ស្លាប់ និង​ជន​រង​គ្រោះ គឺ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

លោក អំ សំអាត៖ «ការណ៍​ដែល​រក​យុត្តិធម៌​នេះ គឺ​ទី១ រក​អ្នក​ទទួល​ខុសត្រូវ​អ្នក ដែល​ប្រព្រឹត្ត​យក​ទៅ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ទុក​ជា​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ក៏​ដូចជា​យុត្តិធម៌​ក្នុង​សង្គម។ មួយ​ទៀត គឺ​ការ​ទប់ស្កាត់​វប្បធម៌​និទណ្ឌភាព ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ រង​របួស បាត់​ខ្លួន ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ខុសត្រូវ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​មិន​ត្រូវ​បាន​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ ហើយ​នេះ​ជា​ភារកិច្ច​ការ​ទទួល​ខុសត្រូវ​មួយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត»

រីឯ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ មាន​ប្រសាសន៍​ថា ការ​លះបង់​ជីវិត​កម្មករ និង​សាច់​ស្រស់​ឈាម​ស្រស់​អ្នក​ដែល​បាន​ចូលរួម​ទាមទារ​សិទ្ធិ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ គឺ​ជា​គុណ​តម្លៃ​ធំធេង និង​ជា​និមិត្តរូប​សម្រាប់​កម្មករ​បច្ចុប្បន្ន​ឱ្យ​ហ៊ាន​ងើប​តវ៉ា​ទាមទារ​សិទ្ធិ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​សម​នឹង​ការ​បញ្ចេញ​កម្លាំង​ពលកម្ម។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​ក៏​មិន​ដែល​បំភ្លេច​ព្រឹត្តិការណ៍​តវ៉ា​របស់​កម្មករ​នៅ​បណ្ដោយ​ផ្លូវ វេង ស្រេង ម្ដង​ណា​ឡើយ ដោយសារ​តែ​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​កាល​ពី​ឆ្នាំ២០១៤ គឺ​ជា​ទង្វើ​ឃោរឃៅ និង​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់។

អ្នកស្រី យ៉ាង សោភ័ណ្ឌ៖ «មនុស្ស​ខ្លះ​ត្រូវ​បាន​ស្លាប់ មនុស្ស​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​មនុស្ស​ខ្លះ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជា​ដើម។ ពួកគាត់​ទាំងអស់​ហ្នឹង​តែង​រំពឹង​ថា ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​តុលាការ ក៏​ដូចជា​ពី​រាជរដ្ឋាភិបាល។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ពួកគាត់​មិន​ទទួល​បាន​យុត្តិធម៌​ទាំង​អស់​ហ្នឹង​ទេ។ ពួក​យើង​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ប្រសិន​ណា​យុត្តិធម៌​ឆាប់ៗ យើង​មិន​បាន​ទេ ទោះ​ប្រើ​ពេល​យូរ​ប៉ុណ្ណា ក៏​យើង​នៅ​តែ​រំពឹង​ចង់​បាន​យុត្តិធម៌​ដែរ ប្រសិន​បើ​មាន​យុត្តិធម៌ ខ្ញុំ​គិត​ថា វា​បង្ហាញ​ពី​ប្រទេស​យើង​មាន​សន្តិភាព​មាន​សេរីភាព​ពិតប្រាកដ»

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​ជា​អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប និង​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាល​ពី​ឆ្នាំ២០១៤ បាន​សរសេរ​នៅ​លើ​ទំព័រ​ហេ្វកប៊ុក​ដោយ​ភ្ជាប់​នឹង​រូបភាព​របស់​លោក​ហូរ​ឈាម​ស្រោច​ខ្លួន និង​ដៃ​ជាប់​ខ្នោះ​ថា លោក​នៅ​តែ​ដក់​ជាប់​នៅ​ក្នុង​ក្រសែ​ភ្នែក ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ វេង ស្រេង។ ទោះ​បី​ជា​កន្លង​ផុត​ទៅ ១១ឆ្នាំ​ក្ដី ក៏​លោក​ហាក់​នៅ​តែ​ឈឺចាប់​មិន​អាច​បំភ្លេច​បាន​ឡើយ។ លោក​សរសេរ​បន្ត​ថា យុត្តិធម៌​សម្រាប់​លោក ដែល​ចូលរួម​កិច្ចការ​បម្រើ​សង្គម​ក្នុង​បុព្វហេតុ​សិទ្ធិ​កម្មករ​ហាក់​ស្ថិត​នៅ​ឯ​ជើង​មេឃ។ រីឯ​ស្លាកស្នាម​របួស​នៅ​លើ​ក្បាល​របស់​លោក​នឹង​មិន​រលុប​ឡើយ និង​ចាត់​ទុក​ថា នេះ​ជា​បទពិសោធន៍​ពិសេស​ក្នុង​ជីវិត​សម្រាប់​អ្នក ដែល​ធ្វើ​កិច្ចការ​សង្គម៕

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។