ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) ថ្កោលទោសរបបក្រុងភ្នំពេញ ចំពោះដីកាចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ ទាំង ៨នាក់ ហើយក្រុមសមាជិកសភាអាស៊ាននេះ បានទាមទារឲ្យរបបក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់ព្រហ្មទណ្ឌជាបន្ទាន់វិញ។
ទោះបីយ៉ាងណាអ្នកនំាពាក្យក្រសួងយុត្តិធម៌អះអាងថា តុលាការចោទប្រកាន់ និងចេញដីកាចាប់ខ្លួននេះ គឺធ្វើឡើងដោយត្រឹមត្រូវតាមច្បាប់។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចាត់ទុកដីកាតុលាការចាប់ខ្លួនអ្នកស្រី មូរ សុខហួរ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន និងមន្ត្រីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ ៧រូបផ្សេងទៀត ចោទប្រកាន់ពីបទក្បត់ជាតិនោះ គឺជាការចោទប្រកាន់ព្រហ្មទណ្ឌមានចរិតនយោបាយ និងគ្មានមូលដ្ឋាន។
សេចក្ដីថ្លែងការណ៍ក្រុមសមាជិកសភាអាស៊ាននៅថ្ងៃទី១៩មីនា បញ្ជាក់ថា គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សប្រឆាំងដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវបានរបបក្រុងភ្នំពេញបានធ្វើទុក្ខបុកម្នេញ និងរំខានគណបក្សប្រឆាំងម្ដងហើយម្ដងទៀត តាមរយៈការរំលាយគណបក្សនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ និងការដកហូតយកអាសនៈសភាទាំង៥៥ រួមទាំងទាំងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ជាង ៥ពាន់នាក់ផ្សេងទៀត។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវឲ្យរបបក្រុងភ្នំពេញទម្លាក់បទចោទប្រកាន់ព្រហ្មទណ្ឌលើមនុស្សទំាង ៨នាក់ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសជាបន្ទាន់។
សាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្សទំាង៨នាក់ចោទប្រកាន់ ពីបទ រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ រួមមាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស លោក ហូ វ៉ាន់ លោក ឡុង រី លោក អ៊ួ ច័ន្ទរិទ្ធិ និងលោក តុ វ៉ាន់ចាន់ ជាតំណាងរាស្រ្ត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបថា តុលាការចេញដីកានេះ គឺជាយន្តការអនុវត្តន៍ច្បាប់ ដោយផ្អែកលើការស៊ើបអង្កេតច្បាស់លាស់របស់តុលាការ មុននឹងសម្រេចចេញដីកាចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ៖ «ការចេញដីកានេះ គឺជាយន្តការអនុវត្តច្បាប់សុទ្ធសាធនៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះផ្អែកលើមូលដ្ឋានលើការស្រាវជ្រាវ និងការស៊ើបអង្កេតច្បាស់លាស់ ហើយការចោទប្រកាន់ថា ជារឿងនយោបាយនេះ ជារឿងមិនត្រឹមត្រូវទៀត ផ្ទុយទៅវិញទេ សមាជិកសភាអាស៊ាននេះទេ ដែលចោទប្រកាន់ជាលក្ខណៈនយោបាយនោះ ព្រោះក្រុមនេះជាក្រុមប្រឆាំងមួយក្ដាប់តូច » ។
ទោះជាយ៉ាងនេះក្ដី មន្រ្តីឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល Comfrel លោក កន សាវាង្ស មានប្រសាសន៍ថា រដ្ឋាភិបាលចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងបន្ថែមទៀតនេះ គឺកាន់តែជំរុញឲ្យស្ថានការណ៍នយោបាយកាន់តែអាក្រក់ នៅខណៈសហភាពអឺរ៉ុបបានដាក់លក្ខខណ្ឌ និងជំរុញឲ្យស្ដារលទ្ធិប្រជាធិបតេយ្យវិញ ដើម្បីជៀសផុតពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ។ លោកបញ្ជាក់ថា នៅក្នុងដំណើរស៊ើបអង្កេតរបស់ក្រុមមន្ត្រីសហភាពអឺរ៉ុបមកស្វែងរកការពិតនៅកម្ពុជានេះ រដ្ឋាភិបាលគួរតែបន្ទន់ឥរិយាបថនយោបាយ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៖ «វាជាការអនុវត្តច្បាប់មួយ តែសម្រាប់ខ្ញុំវិញរដ្ឋាភិបាលគួរតែពិចារណា ចំពោះការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ហើយរដ្ឋាភិបាលត្រូវពិចារណាចំពោះសិទ្ធិគណបក្សនយោបាយ និងសិទ្ធិមនុស្ស»។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR កាលពីថ្ងៃទី១១មីនា ក៏ជំរុញគណៈកម្មការអឺរ៉ុបនៅក្នុងការដំណើរការស្វែងរកការពិតនៅកម្ពុជា ត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន រួមទាំងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឱ្យរបបនេះលុបចោលរាល់ការរឹតត្បិតលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ សមាជិកសភាអាស៊ាន បញ្ជាក់ថា ការដាក់សម្ពោធនេះ គឺដើម្បីទាមទារឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញដល់មន្ត្រីគណបក្សនេះ អនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា របបក្រុងភ្នំពេញកំពុងតែរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ ដូច្នេះហើយទើបរបបនេះ ទ័លច្រក ហើយប្រើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង ដោយមិនខ្វល់អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក បន្ថែមថារបបលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រជំរុញឲ្យមន្ត្រីបក្សប្រឆាំងមួយចំនួនសុំសិទ្ធិនយោបាយវិញ នៅស្របពេលរបបនេះ បានចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ៨រួបនេះ៖ «លោក ហ៊ុន សែន រៀបយុទ្ធសាស្ត្រថ្មី នឹងឲ្យលោក កឹម សុខា ចេញពីពន្ធនាគារឆាប់ៗ ខាងមុខ ហើយរារាំងតាមដីការបស់តុលាការមិនឲ្យអ្នកទាំង ៨រូប រួមទាំងលោក សម រង្ស៊ី វិលចូលស្រុកបាន នៅពេលនោះ លោក កឹម សុខា ពិបាកនឹងប្រកាសថា កឹម សុខា សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយ ដោយសារតែមានចំណងច្បាប់មួយដែលចែងថា អ្នកមានទោស ទណ្ឌគណបក្សនយោបាយមិនអាចជាប់ពាក់ព័ន្ធបាន តែខ្ញុំមិនជឿថា លោក កឹម សុខា នឹងលេងតាមល្បែងលោក ហ៊ុន សែន នេះទេ»។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដួលរំលំប្រជាធិបតេយ្យនៅកម្ពុជា និងការខំប្រឹងប្រែងរបស់អាជ្ញាធររបបក្រុងភ្នំពេញ ដើម្បីរំខាន និងការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ។ ជាថ្មីម្ដងទៀត សមាជិកសភាអាស៊ាន ទទូចឲ្យរបបក្រុងភ្នំពេញ ត្រូវតែផ្ដល់នីតិសម្បទាជូនគណបក្ស សង្គ្រោះជាតិ និងផ្ដល់តំណែងដល់សមាជិកជាប់ឆ្នោតរបស់គណបក្សប្រឆាំងវិញទាំងអស់ជាបន្ទាន់ រាប់ចាប់ពីមន្ត្រីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ និងត្រូវបើកឲ្យមានការបោះឆ្នោតឡើងវិញដោយសេរី យុត្តិធម៌ និងគួរឲ្យទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។