អង្គការ Asia Centre រកឃើញថា រដ្ឋាភិបាលប្រើគ្រប់មធ្យោបាយច្បាប់រឹតត្បិតសេរីភាពពលរដ្ឋលើអ៊ីនធឺណិត
2021.09.03
អង្គការមជ្ឈមណ្ឌលអាស៊ី (Asia Centre) រកឃើញថា សេរីភាពនៅលើអ៊ីនធឺណិតនៅកម្ពុជាបានធ្លាក់ចុះខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញ ការយាយីអ្នកមានមតិមិនស្រប ការរឹតត្បិត និងកៀបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយ ដែលបានក្លាយទៅជាទម្លាប់ទៅហើយ។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ (Thailand) មួយនេះ បានពិនិត្យមើលក្របខណ្ឌច្បាប់ និងសេចក្ដីព្រៀងច្បាប់មួយចំនួន ដែលរដ្ឋាភិបាលខ្មែរបង្កើតពាក់ព័ន្ធនឹងសេរីភាពនៅលើអ៊ីនធឺណិត និងបានចេញរបាយការណ៍កម្រាស់ ៤០ទំព័រផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែសីហា។
របាយការណ៍រកឃើញថា ការរឹតត្បិត សេរីភាពនៅលើអ៊ីនធឺណិត កើតឡើងនៅពេលពលរដ្ឋកាន់តែច្រើនងាកទៅប្រើបណ្ដាញទំនាក់ទំនងតាមអនឡាញ (Online) ដើម្បីអនុវត្តសេរីភាពបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងគោលនយោបាយរដ្ឋាភិបាល ព្រមទាំងការគាំទ្រសំឡេងនយោបាយប្រឆាំង។ ឆ្លើយតបនឹងកាអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋនេះ រដ្ឋាភិបាលបានបង្កើតបទដ្ឋានច្បាប់ជាច្រើន សំដៅបំបិទមាត់ បំបិទសំឡេង អ្នកប្រើប្រាស់បណ្ដាញអនឡាញទាំងនោះ និងរាំងខ្ទប់លំហសេរីភាពនៅលើបណ្ដាញនេះ ដើម្បីរារាំងការកៀរគរ និងបើកដំណើរការនយោបាយ ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។
របាយការណ៍អង្គការមជ្ឈមណ្ឌលអាស៊ី ដែលមានចំណងជើងថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជា៖ ច្រកទ្វារ ដែលត្រូវគ្រប់គ្រង (Internet freedom in Cambodia: A gateway to control) បានស្រាវជ្រាវលម្អិតពីស្ថានភាពសេរីភាពលើអ៊ីនធឺណិត ការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាសិទ្ធិពលរដ្ឋឱ្យស្របតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងអនុសាសន៍ ដែលអង្គការមជ្ឈមណ្ឌលអាស៊ី ស្នើឱ្យរដ្ឋាភិបាលកែប្រែឱ្យប្រសើរមកវិញ។
ក្របខណ្ឌច្បាប់ដែលរបាយការណ៍នេះលើកមកបង្ហាញនោះរួមមាន ៖ រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីទូរគមនាគមន៍ ប្រកាសអន្តរក្រសួង លេខ ១៧០ អនុក្រឹត្យ លេខ២៣ស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) និងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងបណ្ដាញអ៊ីនធឺណិត។ អង្គការនេះរកឃើញថា ក្នុងច្បាប់ទាំងនោះមានចំណុច ដែលរំលោភលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះរដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ទាំងនេះជាឧបករណ៍រឹតត្បិត តាមដាន ឈ្លបយកការណ៍ពីកិច្ចសន្ទនាបុគ្គល និងចោទប្រកាន់ ចាប់ខ្លួនអ្នករិះគន់ ព្រមទាំងបង្កើតឱ្យមានការរឹតត្បិតសិទ្ធិសេរីភាពខ្លួនឯងក្នុងចំណោមសកម្មជនទាំងឡាយ។ ជាមួយគ្នានេះរដ្ឋាភិបាលព្យាយាមគ្រប់គ្រងការផ្សព្វផ្សាយតាមអនឡាញ ដោយកៀបសង្កត់បណ្ដាញផ្សព្វផ្សាយឯករាជ្យ និងប្រើប្រាស់ឧបាយកលតាមបណ្ដាញសង្គម។
អង្គការមជ្ឈមណ្ឌលអាស៊ីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបើកទូលាយសេរីភាពលើបណ្ដាញអ៊ីនធឺណិតដោយការលុបចោល ឬកែប្រែក្របខណ្ឌច្បាប់ពាក់ព័ន្ធដូចជា៖ មាត្រា៤៩ នៃរដ្ឋធម្មនុញ្ញ មាត្រា៣០៥, ៤២៥, ៤៣៧, ៤៥៣, ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលមាត្រាទាំងនេះអាចត្រូវប្រើប្រាស់ដើម្បីកាត់បន្ថយការអនុវត្តសេរីភាពបញ្ចេញមតិ។ លុបចោល មាត្រា៦ និង៩៧ នៃច្បាប់ស្ដីពីទូរគមនាគមន៍ ដើម្បីការពារសិទ្ធិឯកជនភាព និងកែប្រែប្រការ ៧ និង ៨ នៃប្រកាសអន្តរក្រសួងឱ្យស្របតាមស្តង់ដារអន្តរជាតិ លុបចោលអនុក្រឹត្យលេខ២៣ ស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ ព្រមទាំងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងបណ្ដាញអ៊ីនធឺណិត ឱ្យស្របតាមស្តង់ដារអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។