អតីត​សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្វាយរៀង ថា អាជ្ញាធរ​រឹតត្បិត​សេរីភាព​ពួកគាត់​រាល់​ពិធី​ជួបជុំ

សេក បណ្ឌិត
2018-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​ក្នុង​ខេត្ត តែងតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់ រាល់​ពិធី​ជួបជុំ ដូចជា​ការ​ជួបជុំ​ញាំ​អាហារ​រួមគ្នា និង​ការ​ទៅ​សួរសុខទុក្ខ​មិត្តភ័ក្ដិ​ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អាច​បណ្ដាល​ឲ្យ​មានការ​បែកបាក់​សាមគ្គី និង​មាន​ជម្លោះ​នៅ​ក្នុង​មូលដ្ឋាន។

ក្រុម​អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​ស្វាយរៀង រិះគន់​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បន្ត​រើសអើង​បក្ស​នយោបាយ ដោយ​ចុះ​ថត​សកម្មភាព សួរនាំ និង​តាមដាន​រាល់​សកម្មភាព​ជួបជុំ​របស់​ពួកគាត់ បើ​ទោះ​បី​គណបក្ស​របស់​ពួកគាត់​ត្រូវ​បាន​រំលាយ​ចោល ទៅ​ហើយ​ក្ដី។

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​នៅ​ស្រុក​រំដួល លោក ឥន សារី រៀបរាប់​ថា ស្ទើរ​រាល់​ពិធី​ជួបជុំ​របស់​ពួកគាត់ មិន​ថា​គ្នា​តិច ឬ​ច្រើន ដូចជា ការ​ជួប​ជុំ​គ្នា​ញាំ​អាហារ និង​ការ​ជួបជុំ​មិត្តភ័ក្ដិ​សួរសុខទុក្ខ​គ្នា គឺ​អាជ្ញាធរ​តែងតែ​តាម​រំខាន​ពួកគាត់។ លោក​បន្ត​ថា ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា លោក​បាន​រៀបចំ​ពិធី​ជួបជុំ​ញាំ​អាហារ​សាមញ្ញ​មួយ​ជាមួយ​អតីត​សហការី​គណបក្ស​សង្រ្គោះជាតិ នៅផ្ទះ​របស់​លោក​ស្ថិតនៅ​ភូមិ​តាប៉ោង ឃុំ​សង្កែ ស្រុក​រំដួល ស្រាប់តែ​អាជ្ញាធរ​រួមមាន​អនុប៉ុស្តិ៍​ឃុំ​សង្កែ លោក ស្រី សំអុល បាន​ទូរស័ព្ទ​សួរនាំ​គាត់ និង​ចូល​ទៅ​ថត​សកម្មភាព​របស់​ពួកគាត់​តែម្ដង។ «»

ជាមួយ​គ្នា​នេះ​​ដែរ អតីត​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​ពិតជា​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​នៅ​ពេល​ដែល​អាជ្ញាធរ តែង​តាមដាន​ពួកគាត់​គ្រប់កន្លែង​ជួបជុំ​ដូច្នេះ។ លោក​បន្ត​ថា ការ​ជួបជុំ​បរិភោគ​អាហារ​នៅ​ផ្ទះ​លោក ឥន សារី កាលពី​ថ្ងៃទី​២ កន្លង​ទៅ​នោះ អាជ្ញាធរ​ក៏​បាន​ថត​មុខ​របស់​លោក និង​បាន​ប្រាប់​ថា រូបភាព សកម្មភាព​របស់​ពួក​គាត់ គឺ​នឹង​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់លើ។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អនុ​ប៉ុស្តិ៍​ឃុំ​សង្កែ​លោក ស្រី សំអុល បានទេ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ដោយ​លោក​បិទ​ទូរស័ព្ទ​នៅ​ពេល​សួរនាំ​ករណី​ចុះ​ថត​សកម្មភាព​ជួបជុំ​របស់​សកម្មជន​បក្ស​ប្រឆាំង។ រី​ឯ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មិន​ទទួល​ទូរស័ព្ទ​នោះ​ឡើយ។

លោក គង់ ម៉ាស់ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​ក្នុង​ខេត្ត​ស្វាយរៀង គឺ​មិនសូវ​យល់ដឹង​អំពី​ច្បាប់ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ ការ​ជួបជុំ និង ការ​និយាយ​ស្តី​ជាដើម។ លោក​បន្ត​ថា វា​កាន់តែ​អាក្រក់​បំផុត​ដែល​សូម្បីតែ​ការ​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ តាម​ផ្ទះ ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​រំខាន​ដែរ ខណៈ​ការ​ជួបជុំ​ធំៗ​ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​ត្រូវ​បាន ហាមឃាត់​រួច​ទៅ​ហើយ​នោះ។ «»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មាន​ប្រសាសន៍ថា អាជ្ញាធរ​មិន​គួរ​តាម​រំខាន និង​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគាត់​ទៀត​នោះ​ទេ ព្រោះ​ពួកគាត់​បាន​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ​វិញ​ហើយ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។ លោក​បន្ត​ថា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ពួកគាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​មិត្តភ័ក្ដិ និង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ស្រប​តាមច្បាប់។ «»

កន្លងមក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​កុំ​ឲ្យ​លាប​ពណ៌ និង​បែងចែក​និន្នាការ​នយោបាយ ពោល​គឺ​អាជ្ញាធរ ត្រូវជា​អ្នក​អព្យាក្រឹត និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ។

លោក នុត ប៉ូពិណ្ណារ័ត្ន លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន គួរតែ​គោរព​តាម​អនុសាសន៍​របស់​ថ្នាក់​ដឹកនាំ ដោយ​បញ្ឈប់​សកម្មភាព​តាមដាន និង​រំខាន​រាល់​ការ​ជួបជុំ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​បន្ត​ទៀត ព្រោះ​ទង្វើ​នេះ មិន​ត្រឹមតែ​រំលោភច្បាប់​នោះ​ទេ វា​ក៏​បណ្ដាល​ឲ្យ​មានការ​បែកបាក់​សាមគ្គី និង​បង្ក​ឲ្យ មាន​ជម្លោះ​ឬ​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ដែរ។ «»

ចាប់​តាំងពី​តុលាការ​កំពូល រំលាយ​គណបក្សប្រឆាំង កាលពី​ចុង​ឆ្នាំ​២០១៧​មក គឺ​មេឃុំ​-​ចៅ​សង្កាត់ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើទុក្ខបុកម្នេញ​គ្រប់ រូបភាព ដូចជា​ការ​តាមដាន​គ្រប់​សកម្មភាព ការ​ប្រើ​លុយ​ទិញ​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​បើ​ទិញ​និង​បញ្ចុះ​បញ្ចូល​មិន​បាន​នោះ គឺ​ពួកគេ​គំរាមកំហែង ហើយ​បើ​គំរាម​នៅតែ​មិន ខ្លាច​នោះ គឺ​ដំណាក់កាល​ចុងក្រោយ​រក​លេស​ចោទប្រកាន់ និង​ចាប់ខ្លួន​តែម្ដង។ ក្រៅពី​ការ​ធ្វើ​ទុក្ខ បុក​ម្នេញ​លើ​អ្នក​នយោបាយ​នោះ របប លោក​ហ៊ុន សែន ក៏បាន​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង ធ្ងន់ធ្ងរ​លើ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ទង្វើ​អាជ្ញាធរ​ជា​ការ​រំលោភច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល