[អាន អត្ថបទជាភាសាអង់គ្លេស៖ British journalist says Cambodia blacklist won't deter environmental reporting]
អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន(Gerald Flynn) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចេញបម្រាមដាក់ក្នុង បញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាវិញដោយគ្មានកាលកំណត់នោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាដដែល។ លោក ជឺរល ហ្វ្លីន ថាការហាមប្រាមមិនឱ្យលោកចូលក្នុងប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮចេញទៅដល់ពិភពលោកខាងក្រៅបានឡើយ។
លោក មាន ឫទ្ធិ៖ បាទ! ជម្រាបសួរលោក ជឺរល ហ្វ្លីន! ខ្ញុំដឹងថា លោកត្រូវបានអាជ្ញាធររដ្ឋាភិបាលកម្ពុជាដាក់ឈ្មោះក្នុងបញ្ជីខ្មៅហាមប្រាមមិនឱ្យចូលប្រទេសកម្ពុជាដោយគ្មានកាលកំណត់។ សូមលោកជួយប្រាប់ពីដំណើរដើមទងនៃរឿងរ៉ាវនេះបន្តិចមើល?
លោក ជឺរល ហ្វ្លីន៖ បាទ ប្រាកដណាស់! កាលពីថ្ងៃទី៥ ខែមករា នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប ខ្ញុំបានត្រលប់មកពីឈប់សម្រាកនៅឯប្រទេសថៃ។ ពេលនោះ មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានប្រាប់ខ្ញុំថា គេមិនអនុញ្ញាតឱ្យខ្ញុំចូលក្នុងប្រទេសកម្ពុជាទេ និងថាឈ្មោះរបស់ខ្ញុំត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅហាមប្រាមមិនឱ្យចូលប្រទេសកម្ពុជាជារៀងរហូត។ ពួកគេនិយាយថា គេដាក់ឈ្មោះខ្ញុំក្នុងបញ្ជីខ្មៅតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំទៅមិញមកម៉្លេះ។ ច្បាស់ណាស់សម្រាប់ខ្ញុំ វាពិបាកនឹងយល់ថា បម្រាមនេះគឺពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេង ក្រៅតែពីការសងសឹកដោយសារតែការងារជាអ្នកកាសែតរបស់ខ្ញុំ។ អាជ្ញាធរនៅព្រលានយន្តហោះ មិនបានពន្យល់លម្អិតនោះទេ។ ពួកគេនិយាយថា ឯកសារដែលខ្ញុំបានដាក់ស្នើសុំទិដ្ឋាការចុងក្រោយនេះ ជាឯកសារក្លែងក្លាយ ឬផ្តល់ព័ត៌មានមិនពិត។ ប៉ុន្តែ ពួកគេមិនអាចប្រាប់ខ្ញុំថាតើឯកសារមួយណា ឬបញ្ហាអ្វីឱ្យប្រាកដនោះទេ។
លោក មាន ឫទ្ធិ៖ ក្រោយលោកទទួលបានព័ត៌មាននេះភ្លាម លោកក៏ត្រូវបង្ខំចិត្តហោះទៅប្រទេសថៃវិញ។ តើលោកមានអារម្មណ៍បែបណាដែរក្រោយពីដឹងថា រដ្ឋាភិបាលកម្ពុជាដាក់ឈ្មោះលោកក្នុងបញ្ជីខ្មៅដូច្នេះ និងថាលោកក្លាយជាគោលដៅនោះ?
លោក ជឺរល ហ្វ្លីន៖ បាទ! និយាយតាមត្រង់ទៅ គឺឈឺចិត្តមែនទែន។ ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មក។ ខ្ញុំមានមិត្តភក្តិល្អៗជាច្រើន។ ខ្ញុំពិតជារីករាយនឹងពេលវេលារបស់ខ្ញុំដែលធ្វើការនៅទីនោះជាអ្នកកាសែត។ នៅពេលដឹងថាខ្ញុំមិនអាចត្រឡប់ទៅវិញបាន វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ពីព្រោះថាខ្ញុំបានចាកចេញពីប្រទេសកំណើតរបស់ខ្ញុំ ហើយបានរស់នៅកម្ពុជា និងហៅប្រទេសនេះថាជាផ្ទះរបស់ខ្ញុំក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំគិតថាវារឹតតែឆ្លុះបញ្ចាំងថារដ្ឋាភិបាលកម្ពុជាកាន់តែមិនលើកលែង ឬអត់អោនឱ្យចំពោះការរាយការណ៍បញ្ហារស៊ើបៗ ឬបញ្ហាធ្ងន់ធ្ងរនៅកម្ពុជា ជាពិសេសបញ្ហាបរិស្ថានជាដើម។
លោក មាន ឫទ្ធិ៖ ក្នុងនាមលោកជាប្រធានក្លឹបអ្នកកាសែតកម្ពុជានៅក្រៅប្រទេស តើលោកមានសារអ្វីជាចម្បងទៅដល់សហការីរបស់លោកដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកកាសែតក្នុងស្រុក និងអ្នកកាសែតបរទេសដែលកំពុងរាយការណ៍ពីបញ្ហារស៊ើបនោះ?
លោក ជឺរល ហ្វ្លីន៖ បាទ! ដូចខ្ញុំនិយាយអ៊ីចឹងថា អ្នកកាសែតដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គម។ ហើយទោះបីជារដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ពីតួនាទីនេះក៏ដោយ ក៏ខ្ញុំដឹងថាពលរដ្ឋកម្ពុជាទទួលស្គាល់ពីតួនាទីនេះ។ ពួកគេដឹងច្បាស់ពីអ្វីដែលកំពុងកើតមានឡើង បើទោះបីជារឿងរ៉ាវមួយចំនួនមិនត្រូវបានគេរាយការណ៍ក៏ដោយ។ ដូច្នេះ ខ្ញុំគិតថាអ្នកកាសែតដែលបន្តធ្វើការនៅក្នុងស្ថានភាពបែបនេះ គឺពួកគេគួរឱ្យកោតសរសើរមែនទែន។ ខ្ញុំគ្រាន់តែសង្ឃឹមថាអ្វីដែលបានកើតឡើងមកលើខ្ញុំ នឹងមិនអាចបង្អាក់អ្នកកាសែតកម្ពុជា ឬអ្នកកាសែតបរទេស មិនឱ្យពួកគេរាយការណ៍ពីបញ្ហារសើបៗនោះឡើយ។ មនុស្សម្នាត្រូវការយល់ដឹងពីអ្វីដែលកំពុងតែកើតឡើងក្នុងប្រទេសរបស់ពួកគេ។ ដូច្នេះ ខ្ញុំគិតថាសាររបស់ខ្ញុំទៅកាន់អ្នកកាសែតនៅក្នុងប្រទេសកម្ពុជានោះគឺ «ស៊ូ ស៊ូ!!!»។
លោក មាន ឫទ្ធិ៖ ជាចុងក្រោយ ខ្ញុំចង់ដឹងថា តើអ្វីទៅជាជំហានបន្ទាប់របស់លោកក្នុងនាមជាអ្នកកាសែតដែលរងនូវបម្រាមមិនឱ្យចូលប្រទេសកម្ពុជា? តើលោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហារបស់ប្រទេសកម្ពុជាដែរឬទេ?
លោក ជឺរល ហ្វ្លីន៖ «ខ្ញុំគិតថាមិនថាខ្ញុំនៅទីណាទេ ស្ថានភាពនេះនឹងមិនអាចបង្អាក់ខ្ញុំមិនឱ្យរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាបានឡើយ។ ខ្ញុំសង្ឃឹមថាវាក៏នឹងមិនបង្អាក់អ្នកកាសែតដទៃទៀតមិនឱ្យជ្រើសរើសយកការរាយការណ៍ពីប្រទេសកម្ពុជាដែលខ្ញុំត្រូវបានបង្ខំឱ្យចេញនេះឡើយ។ ខ្ញុំពិតជាគិតថារដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវដឹងថាការបំបិទមាត់អ្នកកាសែតណាម្នាក់ នឹងមិនអាចដោះស្រាយបញ្ហានានាដែលអ្នកកាសែតទាំងនោះរាយការណ៍ឡើយ។ ការមិនអនុញ្ញាតឱ្យខ្ញុំចូលប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮទៅខាងក្រៅនោះឡើយ។ មនុស្សម្នានឹងនៅតែរកវិធីសាស្ត្រនានាដើម្បីឱ្យព័ត៌មានទាំងនោះបានដឹងឮទៅដល់សាធារណជន។ អាចថាជារូបខ្ញុំ ឬក៏ជាអ្នកដទៃជាដើម។ ខ្ញុំគិតថារឿងនេះគឺប្រាកដជានឹងកើតឡើង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។