អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលរារាំងមិនឱ្យអ្នកសារព័ត៌មាន ម៉ុងហ្កាបេ ចូលប្រទេស
2025.02.04

អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលរារាំងអ្នកសារព័ត៌មានអន្តរជាតិម៉ុងហ្កាបេ (Mongabay) និងជាប្រធានក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC) លោក ជើរ៉លដ៍ ហ្វ្លីន (Gerald Flynn) មិនឱ្យចូលប្រទេសកម្ពុជាក្រោមហេតុផលខុសឯកសារឆ្លងដែន។ ក្រុមអង្គការសង្គមស៊ីវិលថាការរារាំងអ្នកកាសែតជនជាតិអង់គ្លេសរូបនេះមិនឱ្យចូលប្រទេសកម្ពុជានឹងកាន់តែធ្វើឱ្យស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់។
ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ក្រោយសារព័ត៌មាន ម៉ុងហ្កាបេ បានចេញ សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែកុម្ភៈថា អ្នករាយការណ៍ព័ត៌មាន លោក ជើរ៉លដ៍ ហ្វ្លីន ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍នៅវាលយន្តហោះសៀមរាបបដិសេធមិនឱ្យលោកចូលប្រទេសកម្ពុជា កាលពីដើមខែមករា ហើយលោកត្រូវបង្ខំចិត្តចាកចេញទៅប្រទេសថៃវិញ។
សេចក្ដីថ្លែងការណ៍ឱ្យដឹងទៀតថា មន្ត្រីអន្តោប្រវេសន៍បានដាក់ទិដ្ឋាការលោក ជើរ៉លដ៍ ហ្វ្លីន ចូលក្នុងបញ្ជីខ្មៅ កាលពីចុងខែវិច្ឆិកា ឆ្នាំមុន បើទោះជាទិដ្ឋាការរបស់លោកនៅមានសុពលភាពរហូតដល់ដើមខែកុម្ភៈនេះក្ដី។ ក្រោយពីអាជ្ញាធរកម្ពុជាបានបណ្ដេញលោក ជើរ៉លដ៍ ហ្វ្លីន អស់រយៈពេល ៣សប្ដាហ៍ អាជ្ញាធរកម្ពុជានៅតែមិនទាន់ផ្ដល់ព័ត៌មានដល់លោក ដើម្បីអាចវិលត្រឡប់មកកម្ពុជាវិញនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ អង្គការជាតិ និងអន្តរជាតិ ចំនួន២១ មានជាអាទិ៍ ក្លឹបអ្នកកាសែតបរទេសនៃប្រទេសជប៉ុន (FCCJ) អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (RSF) និងអង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈថា ការបណ្ដេញលោក ជើរ៉លដ៍ ហ្វ្លីន ពីប្រទេសកម្ពុជា គឺដោយសារលោកបានលាតត្រដាងបទល្មើសបរិស្ថាន និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ថ្មីៗ នេះទៀត លោក ជើរ៉លដ៍ ហ្វ្លីន បានសរសេរអត្ថបទមួយ ស្ដីអំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារ ដូចជា ដែនជម្រកសត្វព្រៃព្រៃឡង់ ការនេសាទត្រីខុសច្បាប់ នៅឯដែនសមុទ្រខាងត្បូង នៃប្រទេសកម្ពុជា និងការបរាជ័យ ចំពោះគម្រោងឥណទានកាបូន ដែលជាតម្រូវការសកល។ រាជរដ្ឋាភិបាលកម្ពុជា តែងតែច្រានចោលការលើកឡើងនានា ដែលមាននៅក្នុងអត្ថបទព័ត៌មានរបស់លោក ជើរ៉លដ៍ ហ្វ្លីន ហើយដែលអត្ថបទរបស់លោកត្រូវបានចេញផ្សាយលើសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើន។
សេចក្ដីថ្លែងការណ៍ថា លោក ជើរ៉លដ៍ ហ្វ្លីន គួរតែអាចត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញ និងអាចបន្តការងារជាអ្នកកាសែតរបស់លោក ដែលការងារនេះ មានសារសំខាន់យ៉ាងខ្លាំងក្នុងកិច្ចប្រឹងប្រែងការពារធនធានធម្មជាតិរបស់កម្ពុជា។ រាជរដ្ឋាភិបាលត្រូវតែបញ្ឈប់ការរំខាន ការរំលោភបំពាន និងការរាំងស្ទះ ចំពោះអ្នកកាសែតទាំងអស់នៅក្នុងប្រទេស ដូចជា បញ្ឈប់ការចាប់ខ្លួនមិនត្រឹមត្រូវ ការបំភិតបំភ័យ ឬការធ្វើទុក្ខបុកម្នេញជាដើម។

ទស្សនៈអ្នកសារព័ត៌មានកម្ពុជា
អ្នកសារព័ត៌មានសេរី លោក ព្រី នេរុ ដែលបានធ្វើការជាមួយលោក ជើរ៉លដ៍ ហ្វ្លីន សោកស្ដាយ ដែលរដ្ឋាភិបាលកម្ពុជារារាំងអ្នកសារព័ត៌មាន ដែលបានលើកយកបញ្ហាបរិស្ថានមកឱ្យរដ្ឋាភិបាលដោះស្រាយ។ លោក ព្រី នេរុ ថ្លែងថា ការមិនអនុញ្ញាតឱ្យអ្នកកាសែតឆ្នើម ដូចជា លោក ជើរ៉លដ៍ ហ្វ្លីន មានឱកាសរាយការណ៍ នឹងធ្វើឱ្យករណីកាប់បំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ នៅកម្ពុជាកាន់តែកើនឡើងបន្ថែមទៀត។
លោក ព្រី នេរុ៖ «ខ្ញុំយល់ថា ការដែលមិនមានវត្តមានរបស់អ្នកសារព័ត៌មានស៊ើបអង្កេត ដូចលោក ជើរ៉លដ៍ ហ្វ្លីន នេះ នឹងធ្វើឱ្យបាត់បង់ប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែព័ត៌មានស៊ើបអង្កេតជាច្រើន ច្រើនកន្លែង ច្រើនតំបន់នៅប្រទេសកម្ពុជានេះ នឹងមិនត្រូវបានយកមកពិភាក្សា យកមកប្រាប់ឱ្យប្រជាពលរដ្ឋទូទៅ អ្នកធ្វើគោលនយោបាយ ឬក៏រដ្ឋាភិបាលយល់ដឹងអំពីថា តើមានរឿងអីកើតឡើងនៅតំបន់នានា ក្នុងប្រទេសកម្ពុជានេះទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្ចារិទ្ធ បានទេ នៅថ្ងៃទី៤ ខែមករា។ ចំណែកអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន ក៏វិទ្យុអាស៊ីសេរីកមិនអាចទាក់ទងសុំការបញ្ជាក់បានដែរ។ ប៉ុន្តែ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានខេមបូចា (CamboJA) ថា ជនបរទេសទាំងអស់ ដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា គឺដោយសារពួកគេជា ភេរវករ ចារកម្ម ឬឧក្រិដ្ឋជនជាដើម។ ទោះជាបែបនេះក្ដី លោក ឆាយ គឹមខឿន មានប្រសាសន៍ថា លោកមិនទាន់អាចបញ្ជាក់ព័ត៌មានលំអិតបានទេ ពាក់ព័ន្ធនឹងករណីការដាក់លោក ជើរ៉លដ៍ ហ្វ្លីន ក្នុងបញ្ជីខ្មៅនោះ។
ជុំវិញករណីនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី បានលើកឡើងថា ការហាមឃាត់លោក ជើរ៉លដ៍ ហ្វ្លីន នឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់បន្ថែមទៀត។
លោក ណុប វី៖ «យើងចង់ឃើញមានការឆ្លើយតបជាវិជ្ជមាន ហើយការចូលរួមនៅក្នុងការផ្ដល់ជាផ្ដល់ជាដំណោះស្រាយ ជាជាងការបដិសេធមិនអនុញ្ញាតឱ្យលោក លោក ជឺរ៉លដ៍ ចូលមកប្រទេសកម្ពុជា ហើយការដោះស្រាយ គឺការពិនិត្យ និងការឆ្លើយតប ចំពោះចំណុច ដែលអាជ្ញាធររដ្ឋ ដែលលោកយល់ថា មានការខ្វះខាត ក៏ដូចជាបញ្ហា ដែលកើតមានឡើង ចំពោះការទាក់ទងនឹងទិដ្ឋាការរបស់គាត់»។
អត្ថបទដែលទាក់ទង៖
អត្ថបទស៊ើបអង្កេត៖ ក្រុមហ៊ុន អង្គរ ផ្លាយវូត បន្តដឹកឈើចេញទៅលក់នៅក្រៅប្រទេស
លោក ជើរ៉លដ៍ ហ្វ្លីន (Gerald Flynn) បានរាយការណ៍ព័ត៌មានពីប្រទេសកម្ពុជាអស់រយៈពេល ៥ឆ្នាំ បើទោះជារដ្ឋាភិបាលកម្ពុជាបានរឹតត្បិតទៅលើសេរីភាពសារព័ត៌មានក៏ដោយ។ សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលឱ្យដឹងថា ការរំលោភបំពានចុងក្រោយលើសេរីភាពសារព័ត៌មាននេះ បានកើតឡើងមួយខែ បន្ទាប់ពីអ្នកកាសែតខេត្តសៀមរាប គឺលោក ឈឿង ឈឹង ត្រូវបានគេបាញ់សម្លាប់ក្នុងខេត្តសៀមរាប។ ស្រដៀងគ្នានេះដែរ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន ៦រូប ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងសាកសួរអស់រយៈពេលបីថ្ងៃ ក្នុងពេលដែលពួកគេឃ្លាំមើលបណ្ដាញជួញដូរឈើខុសច្បាប់ ក្នុងខេត្តស្ទឹងត្រែង ដែលលោក ជើរ៉លដ៍ ហ្វ្លីន ធ្លាប់រាយការណ៍ និងអត្ថបទរបស់លោក ត្រូវបានចុះផ្សាយលើកាសែត ម៉ុងហ្កាបេ។ បន្ថែមពីនេះទៀត កាលពីចុងខែកញ្ញា ឆ្នាំមុន អ្នកកាសែត គឺលោក ម៉ិច ដារ៉ា ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលការណ៍នេះ នាំឱ្យលោកជាប់ឃុំក្នុងពន្ធនាគារអំពីបទញុះញង់មួយរយៈ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយពេលលោកសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។