អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​រួមគ្នា​ថ្កោលទោស​ការ​បាញ់​សម្លាប់​អ្នកកាសែត លោក ឈឿង ឈឹង

ដោយ សុ ជីវី
2024.12.11
អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​រួមគ្នា​ថ្កោលទោស​ការ​បាញ់​សម្លាប់​អ្នកកាសែត លោក ឈឿង ឈឹង ​លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ ស្លាប់ដោយសារ​ការ​លប​បាញ់​ប្រហារ​ឱ្យ​របួស​ធ្ងន់ បន្ទាប់​ពី​លោក​ទៅ​ស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស នៅ​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុកគេហទំព័រ កម្ពុជាអភិវឌ្ឍន៍

អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​រួមគ្នា​ថ្កោលទោស​ការ​បាញ់​សម្លាប់ អ្នកសារព័ត៌មាន​រាយការណ៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​សៀមរាប លោក ឈឿង ឈឹង។

ក្រុម​អង្គការ​ទាំងនេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​បន្ទាន់ ដោយ​តម្លាភាព និង​ពេញលេញ​គួរ​ជឿ​ទុក​ចិត្ត​បាន​ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​រូប​នេះ។

បើ​ទោះជា​យ៉ាងណាក្ដី មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បន្ត​អះអាង​ថា អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​នូវ​បរិយាកាស​អំណោយផល​សម្រាប់​អាជីព​សារព័ត៌មាន​ដែល​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ក្រុម​អង្គការ​ការពារ​អ្នក​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ថ្កោលទោស​ដាច់​អហង្ការ​ការ​បាញ់​ប្រហារ​ផ្ដាច់​ជីវិត​អ្នក​សារព័ត៌មាន​លោក ឈឿង ឈឹង ដោយ​ចាត់​ទុក​ករណី​នេះ​ថា ជា​អំពើ​ហិង្សា​វាយប្រហារ​លើ​អ្នកសារព័ត៌មាន ដើម្បី​បំបិទ​មាត់​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រាយការណ៍​ពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​បញ្ហា​ដ៏​រសើប​មួយ​នៅ​កម្ពុជា។

ក្រុម​អង្គការ​ទាំង​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ថា ករណី​បាញ់​សម្លាប់ លោក ឈឿង ឈឹង ជា​ករណី​ថ្មី​ទី១ នៃ​ការ​បាញ់​សម្លាប់​អ្នក​សាព័ត៌មាន ដែល​រឿង​បែប​នេះ​មិន​ធ្លាប់​កើត​មាន​ទេ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់​ពី​មាន​ករណី​បាញ់​សម្លាប់​អ្នកសារព័ត៌មាន​រាយការណ៍​ពី​បញ្ហា​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ លោក តាន់ ទ្រី កាល​ពី​ឆ្នាំ​២០១៤។ ករណី​នេះ​ក៏​ជា​ករណី​ឃាតកម្ម​អ្នកកាសែត​ទី១ ដែរ បើ​គិត​ពី​អំឡុង​ពេល​នៃ​ការ​ឡើង​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត។

ប្រភព​ដដែល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធានា​ថា​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ និង​យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​លោក ឈឿង ឈឹង ដើម្បី​បង្ហាញ​ថា​ការ​បង្ក​បទឧក្រិដ្ឋ​លើ​អ្នកសារព័ត៌មាន​ ដែល​បំពេញ​ការងារ​របស់​ពួកគេ​នឹង​មិន​ត្រូវ​បាន​អត់​ឱន​ឡើយ។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង១៤ ស្ថាប័ន ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​មាន​ដូច​ជា៖ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (RSF) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) និង​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBOJA) ជាដើម។

ស្របគ្នា​នេះ​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ IFJ (International Federation of Journalists) លើក​ឡើង​ថា ត្រូវ​តែ​មាន​ការស៊ើប​អង្កេត​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ទៅ​លើ​ករណី​នេះ។

អគ្គលេខាធិការ​នៃ IFJ លោក អង់តូនី បេឡង់ហ្ស៊េ (Anthony Bellanger) លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ថា​អាជ្ញាធរ​កម្ពុជា​ត្រូវ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជាក់លាក់​នៅ​ក្នុង​រឿង​នេះ។

លោក អង់តូនី បេឡង់ហ្ស៊េ៖ «អាជ្ញាធរ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ករណី​​បាញ់​សម្លាប់​អ្នកសារព័ត៌មាន​វ័យ​ចំណាស់ ដែល​រាយការណ៍​ពី​បញ្ហា​បរិស្ថាន លោក ឈឿង ឈឹង នេះ​ទេ។ ពេល​នេះ សំខាន់​ជាង​ពេលណា​ទាំងអស់ គឺ​អ្នកសារព័ត៌មាន​ផ្នែក​បរិស្ថាន​នេះ បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការបំផ្លាញ​ភព​ផែនដី​របស់​យើង ជាពិសេស​នៅ​ពេល​ដែល​អំពើ​ទាំង​នោះ​បាន​ធ្វើ​ឡើង​ដោយ​រំលោភ​ច្បាប់។ IFJ ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ឃាតកម្ម​នេះ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ដ៏​ឆាប់​រហ័ស និង​ហ្មត់ចត់»

អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ នៅ​ខេត្ត​សៀមរាប គឺ​លោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយ​ខ្មាន់​កាំភ្លើង ប្រើ​កាំភ្លើង​ច្នៃ​បាញ់​ឱ្យ​របួស​ធ្ងន់ នៅ​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រលើ ស្រុក​ជីក្រែង កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ។

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ី លឿយ តាម​នីតិវិធី​របស់​តុលាការ ក្រោម​បទ​ចោទ «ប៉ុនប៉ង​ឃាតកម្ម» ដោយសារ​គំនុំ​បុគ្គល។

ករណី​នេះ​វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ទេ​នៅ​យប់​ថ្ងៃ​ទី១០ ខែ​ធ្នូ។

បើ​ទោះជាយ៉ាងណា ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ កាលពីថ្ងៃទី៩ ខែ​ធ្នូ ថា អាជ្ញាធរ​តែង​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​នូវ​បរិយាកាស​អំណោយផល​សម្រាប់​អាជីព​សារព័ត៌មាន ដែល​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ លោក​មិន​បាន​លើកឡើង​ថា​ករណី​ឃាតកម្ម​នេះ​ថា​ជា​ការធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន ដែល​អនុវត្ត​ការងារ​តាម​វិជ្ជាជីវៈ ឬ​យ៉ាងណា​ទេ តែ​លោក​បែរ​ជា​ណែនាំ​អ្នកសារព័ត៌មាន​ឱ្យ​គោរព​វិជ្ជាជីវៈ និង​គោរព​ច្បាប់​ទៅ​វិញ។

ទាក់ទង​នឹង​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី មាន​ប្រសាសន៍​ថា ការស៊ើប​អង្កេត​ដ៏​ត្រឹមត្រូវ​មួយ នឹង​ជួយ​ឱ្យ​លុបបំបាត់​រាល់​ការសង្ស័យ​នានា និង​ជា​សារ​ព្រមាន​ទៅ​ជន​ផ្សេង​ទៀត​ឱ្យ​បញ្ឈប់​ការប៉ុនប៉ង​រំលោភបំពាន​លើ​អ្នកសារព័ត៌មាន។

លោក ណុប វី៖ «អ្នកសារព័ត៌មាន អ្នក​ដែល​ធ្វើ​សេចក្ដី​រាយការណ៍​ទាក់ទង​ជាមួយ​នឹង​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ ជានិច្ចកាល​តែងតែ​ជា​សត្រូវ​របស់​អ្នក​បំផ្លាញ​ហើយ។ ប្រហែល​ជា​បែប​ហ្នឹង​ហើយ ដែល​អាជ្ញាធរ​សន្និដ្ឋាន​ថា​ជា​គំនុំ​បុគ្គល»

ក្រុម​អង្គការ​ការពារ​អ្នក​សារព័ត៌មាន និង​សិទ្ធិមនុស្ស​បញ្ជាក់​ថា គ្រប់​កាលៈទេសៈ​ទាំង​អស់​អ្នក​សារព័ត៌មាន​ត្រូវការ​សេរីភាព​ក្នុង​ការ​រាយការណ៍​ពី​ការពិត ដោយ​គ្មាន​ការ​សងសឹក ឬ​ប្រឈម​នឹង​សេចក្ដី​ស្លាប់ ដោយសារ​ការងារ​របស់​ពួកគេ។

ករណី​ឃាតកម្ម លោក ឈឿង ឈឹង នេះ​កើតឡើង​នៅ​ក្នុង​ដំណាក់កាល​ដែល​អ្នកសារព័ត៌មាន ជារឿយៗ​រង​ការ​គំរាម​កំហែង​ការ​ចាប់​ដាក់​ពន្ធនាគារ និង​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​ជាច្រើន​ករណី មិន​ត្រូវ​បាន​គេ​ផ្ដន្ទាទោស។ បន្ថែម​ពី​នេះ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ក៏​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មិន​ឈប់ឈរ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ដឹកនាំ​ដោយ ឪពុក និង​កូន នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តាំង​ពីឆ្នាំ២០១៧ បន្ត​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។