ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបដិសេធចោទទាំងស្រុងថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ពាក់ព័ន្ធនិងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ថាជាការជំរុញនិងផ្ដល់កម្លាំងបន្ថែមឲ្យបុគ្គលកាន់តែល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឲ្យមានអំពើហិង្សា និងបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងជាទង្វើររុញច្រានឲ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។
សេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណេវ កាលថ្ងៃទី៨ ខែឧសភា អះអាងថា បទល្មើសគឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទឡ្ហីករណ៍ សម្រាប់បុព្វហេតុផ្សេងណាមួយបានឡើយ។
សេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា ពាក្យពេចន៍មិនសមរម្យរបស់អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ នៃរដ្ឋអធិបតេយ្យរួមមួយ។ ឯការទាមទារតាមទំនើងចិត្តឲ្យរដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្មើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពលើប្រព័ន្ធតុលាការដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ប្រតិកម្មនេះ របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងបន្ទាប់ពី អ្នកជំនាញផ្នែកការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្កោលទោសការសម្រេចរបស់តុលាការកម្ពុជាដែលបានផ្ដន្ទាទោសអ្នកការពារបរិស្ថានចំនួនបីរូប ឲ្យជាប់ពន្ធនាគាររហូតដល់ ២០ខែ និងជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
អ្នកការពារបរិស្ថានទាំង ៣ នាក់នោះ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកអង្គការមាតាធម្មជាតិ ត្រូវបានតុលាការផ្ដន្ទាទោសកាលពីថ្ងៃទី៥ ខែឧសភា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់តំណាងកម្ពុជានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការបដិសេធបែបនេះគឺជាទង្វើមិនសមគួរទេសម្រាប់កម្ពុជា ក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ។ លោកបន្តថា កម្ពុជាមិនគួរគប្បីចេះតែច្រានចោលម្ដងហើយម្ដងទៀត នូវរាល់ការរកឃើញអ្វីដែលជាការរំលោភបំពានទៅលើកតិការសញ្ញា និងអនុសញ្ញាស្ដីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជាបានផ្ដល់សច្ចាប័ននោះទេ៖ « សំឡេងរបស់ពួកគាត់មានឥទ្ធិពលណាស់សម្រាប់អង្គការសហប្រជាជាតិនានា ជាពិសេសបណ្ដាប្រទេសលោកសេរី អ៊ីចឹងការបដិសេធទាំងអស់នេះខ្ញុំគិតថា មានការព្រួយបារម្ភចំពោះកម្ពុជាទៅវិញទេ អាចមានភាពប្រឈមឬក៏សម្ពាធផ្សេងៗទៀតពីសហគមន៍អន្តរជាតិបើសិនជាអត់មានការទទួលយកហើយគ្មានការកែប្រែអំពីអ្វីដែលជាការរកឃើញរបស់ពួកគេ » ។
អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) កាលពីថ្ងៃទី៧ ខែឧសភា ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកម្ពុជាថា ជាការសម្រេចគួរឱ្យខ្មាស់អៀន ដើម្បីកាត់បន្ថយលំហសិទ្ធិរបស់ប្រជាពលរដ្ឋ និងសំឡេងប្រឆាំង។ អ្នកស្រីបន្តថា សាលក្រមនេះ បង្ហាញច្បាស់ថា តុលាការកម្ពុជាមិនអាច នឹងមិនមានឆន្ទៈក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដែលរដ្ឋាភិបាលបានទទួលយកដោយស្ម័គ្រចិត្តនោះទេ។ បន្ថែមពីនេះ តុលាការមិនមានភស្តុតាងរឹងមាំណាមួយ ដែលបង្ហាញអំពីសកម្មភាពរបស់ពួកគេថា ពិតជានាំឱ្យមានភាពវឹកវរក្នុងសង្គមនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។