CCHR ស្នើដល់រដ្ឋាភិបាលឱ្យលើកកម្ពស់សេរីភាពពលរដ្ឋ
2024.11.27
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញករណីរឹតត្បិត និងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការអនុវត្តសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន។ អង្គការសិទ្ធិមនុស្សមួយនេះស្នើដល់រដ្ឋាភិបាលឱ្យលើកកម្ពស់សេរីភាពពលរដ្ឋ ដូចមានចែងក្នុងច្បាប់។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា មានអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ៥០ នាក់ និងអ្នកសារព័ត៌មានយ៉ាងតិច ១៧ នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ កញ្ញា ២០២៣ ដល់ថ្ងៃទី៣១ សីហា ២០២៤។ ការប្រឈមនឹងវិធានការផ្លូវច្បាប់នោះ មានជាអាទិ៍ ការកោះហៅ ការសួរចម្លើយ ការឃាត់ខ្លួន ការឃុំខ្លួន ការបង្ខំឱ្យចុះហត្ថលេខា ការចោទប្រកាន់ ការផ្ដន្ទាទោស និងការតម្កល់ការផ្ដន្ទាទោស។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំស្ដីពីស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ដែលមានកម្រាស់ ៦៧ទំព័រ ចេញផ្សាយកាលពីថ្ងៃទី២៦ វិច្ឆិកា។
អ្នកសម្របសម្រួលគម្រោងគាំពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ហួន ផន ថ្លែងថា សេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាននៅកម្ពុជា មិនមានភាពល្អប្រសើរនោះទេ ដោយសារអ្នកសារព័ត៌មានបន្តរងការយាយី ហើយអ្នកការពារសិទ្ធិមនុស្សក្នុងវិស័យមួយចំនួន ដូចជា ដីធ្លី បរិស្ថាន និងការងារ ជាដើម ត្រូវបានគេយាយី តាមរយៈការចោទប្រកាន់ និងផ្ដន្ទាទោសតាមផ្លូវតុលាការ។
លោក ហួន ផន៖ «តាមរយៈការសាកសួរ និងសម្ភាសជាមួយអ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សមួយចំនួន ទីមួយការងារដែលគាត់គិតថា បញ្ហាហ្នឹងជាបញ្ហារសើប គាត់ប្ដូរមិនធ្វើលើបញ្ហាហ្នឹងទេ ប៉ុន្តែគាត់ធ្វើលើបញ្ហាផ្សេងៗទៀតដែលគាត់គិតថា មិនរសើប ដើម្បីគាត់នៅអាចធ្វើការក្នុងវិស័យសិទ្ធិមនុស្សដដែល។ ហើយមានមួយចំនួនទៀតក៏គាត់បញ្ឈប់សកម្មភាពធ្វើការងារក្នុងវិស័យសិទ្ធិមនុស្ស ដោយគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ការគំរាមកំហែង និងការយាយីតាមផ្លូវតុលាការជាដើម»។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ អ្នកការពារសិទ្ធិមនុស្សលេចធ្លោ ដែលរងការផ្ដន្ទាទោសនោះ រួមមាន លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាននៅខេត្តកំពង់ស្ពឺនៃសហព័ន្ធសហជីពកម្ពុជា (CATU) និងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ លោក ជា ចាន់ ត្រូវបានផ្ដន្ទាទោសដោយតុលាការខេត្តកំពង់ស្ពឺ តែក្រោយមកត្រូវបានលើកលែងការចោទប្រកាន់ដោយសាលាឧទ្ធរណ៍ភ្នំពេញ ខណៈ កញ្ញា ឈឹម ស៊ីថរ តុលាការបានតម្កល់សាលក្រមផ្ដន្ទាទោស ហើយកញ្ញាត្រូវជាប់គុករយៈពេល ២ ឆ្នាំពេញតាមអំណាចសាលក្រមរបស់តុលាការ។
របាយការណ៍ដដែលកត់ត្រាទៀតថា មានអ្នកសារព័ត៌មានក្នុងស្រុកចំនួន ៣នាក់ ទទួលរងការផ្ដន្ទាទោស ហើយអាជ្ញាធរបានដកហូតអាជ្ញាប័ណ្ណសារព័ត៌មានចំនួន ៣ស្ថាប័ន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឱ្យដឹងទៀតថា ការយាយីឥតឈប់ឈរនេះ បានធ្វើឱ្យមានការរីករាលដាលនៃការដាក់កំហិតលើខ្លួនឯងក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ខណៈការទទួលបានព័ត៌មានពីមន្ត្រីសាធារណៈនៅតែមានបញ្ហាប្រឈម ហើយច្បាប់សិទ្ធិទទួលបានព័ត៌មាននៅតែមិនទាន់មាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក ស្រ៊ាង ចិន្ដា ដើម្បីឆ្លើយតបរឿងនេះបានទេ កាលពីយប់ថ្ងៃទី ២៦ វិច្ឆិកា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះ កាលពីខែឧសភា កន្លងទៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីរបាយការណ៍សង្ខេបស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ដើមឆ្នាំ ២០២៤។ ក្នុងសន្និសីទនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងការពាររដ្ឋាភិបាលថា សម្រេចបានសមិទ្ធផលធំលើគ្រប់វិស័យ ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោក កែវ រ៉េមី៖ «រឿងការខ្វែងគំនិតគ្នា រវាងអ្នករាយការណ៍ ឬធ្វើកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ទៅលើសិទ្ធិមនុស្ស ខ្វែងគំនិតគ្នាជាមួយយើង គឺនៅត្រង់ទាក់ទងនឹងរឿងនយោបាយទេ និយាយឱ្យមែនទែន។ លំហប្រជាធិបតេយ្យគឺគណបក្សប្រឆាំង។ ខ្ញុំសូមជម្រាបជូនថា គឺយើងកុំឈ្លោះជាមួយបងប្អូនជនបរទេស ដែលធ្វើកិច្ចការរឿងសិទ្ធិមនុស្ស ឬក៏ជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ ទាក់ទងទៅនឹងការងារសិទ្ធិមនុស្ស ស្អីក៏លើកបានដែរ ក៏ប៉ុន្តែការគ្រប់គ្រងសង្គម គឺខុសគ្នា»។
ផ្ទុយពីការបកស្រាយនេះ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិផង បានចេញរបាយការណ៍ជាបន្តបន្ទាប់អំពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការរំលោភលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ ប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាល។ ការរំលោភបំពានទាំងនោះមានលក្ខណៈធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក យិន ម៉េងលី ថ្លែងថា របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សឆ្លុះបញ្ចាំងការពិត និងមានលក្ខណៈដូចគ្នាទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សផ្សេងទៀត។
លោក យិន ម៉េងលី៖ «ក្នុងប្រទេសប្រជាធិបតេយ្យ ប្រទេសជឿនលឿន គេអត់ដែលយកអ្វីដែលប្រជាពលរដ្ឋនិយាយ អ្វីដែលប្រជាពលរដ្ឋបញ្ចេញមតិដើម្បីស្ថាបនាដល់រដ្ឋាភិបាលទៅជាការខុស ឬចោទប្រកាន់នោះទេ»។
ក្នុងដំណើរបេសកកម្មស្វែងរកការពិតនៅកម្ពុជា កាលពីខែមិថុនា កន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានកត់សម្គាល់ពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តដោយរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត។ ក្នុងនោះ ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលមានលក្ខណៈកាន់តែធ្ងន់ធ្ងរ បើស្ថាប័នទាំងនោះត្រូវបានគេមើលឃើញថា មានទស្សនៈផ្ទុយពីក្រុមអ្នកដឹកនាំបក្សកាន់អំណាច។
ក្រោមការគ្រប់គ្រងរយៈពេលជាង ១ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សមាជិកសង្គមស៊ីវិល សកម្មជន និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលលើសពី ១០០នាក់ ក្នុងនោះមនុស្សចំនួន ៨៣ នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្នើដល់រដ្ឋាភិបាល ឱ្យមានចំណាត់ការជាក់លាក់ក្នុងការការពារ និងលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ ដើម្បីធានាថា ពលរដ្ឋអាចបញ្ចេញទស្សនៈយល់ឃើញដោយមិនមានការភ័យខ្លាចចំពោះការសងសឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។