របាយការណ៍៖ សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាធ្លាក់ចុះខ្លាំង
2018.02.21
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញផ្សាយរបាយការណ៍មួយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយ ឬសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០១៧។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីស្ថានីយវិទ្យុ និងកាសែតឯករាជ្យមួយចំនួន ត្រូវបានបង្ខំឲ្យឈប់ផ្សាយ និងបិទទ្វារជាបន្តបន្ទាប់។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានចំណងជើងថា 'ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឆ្នាំ២០១៧'' បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ចំនួន ៧៥នាក់ ចាប់ពីចុងឆ្នាំ២០១៧ មក។ ក្នុងរបាយការណ៍នោះ អ្នកសារព័ត៌មាន ៨៣ភាគរយ លើកឡើងថា សេរីភាពសារព័ត៌មានបានធ្លាក់ចុះ ខណៈ ១១ភាគរយទៀតថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើរតាមផ្លូវត្រូវ។ ក្នុងរបាយការណ៍នោះ ក៏បានរកឃើញថា អ្នកសារព័ត៌មាន ៦៧ភាគរយ មានអារម្មណ៍ថា ពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ព័ត៌មាននោះទេ។
នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី បានបញ្ចេញយោបល់ថា មូលហេតុដែលធ្វើឲ្យមានការវាយតម្លៃពីសេរីភាពសារព័ត៌មានធ្លាក់ចុះបែបនេះ គឺពាក់ព័ន្ធនឹងការបិទស្ថានីយវិទ្យុចំនួន ៣២ ដោយមិនមានការស៊ើបអង្កេត និងពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ឬមានតម្លាភាពនោះទេ ពោលគឺរដ្ឋាភិបាលគ្រាន់តែបញ្ជាក់ថា ស្ថាប័នទាំងអស់នេះមិនបានគោរពទៅតាមកិច្ចសន្យាជាមួយក្រសួងព័ត៌មាន ឬចោទថា មិនបានបង់ពន្ធជាដើម។ លើសពីនេះ ក៏មានការគំរាមកំហែង និងចាប់អ្នកកាសែតអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ (យាង សុជាមេត្តា) ដោយចោទពីបទញុះញង់ និងការផ្ដល់ជូនឲ្យរដ្ឋបរទេសនូវព័ត៌មានដែលបង្កភាពអន្តរាយដល់សន្តិសុខជាតិជាដើម៖ «»។
លោក ណុប វី ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ហើយផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មាន ដែលបានបិទកន្លងមក និងស្នើឲ្យដោះលែងអ្នកសារព័ត៌មានអាស៊ីសេរី ពីររូបនោះវិញដើម្បីស្តារស្ថានភាពឡើងវិញ៖ «»។
កាលពីសប្ដាហ៍មុន អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ក៏បានចេញរបាយការណ៍ស៊ើបអង្កេតមួយកម្រាស់ ២៧ទំព័រ ស្ដីពីកម្ពុជា ដែលមានចំណងជើងថា “សារព័ត៌មានឯករាជ្យកំពុងស្ថិតនៅក្នុងភាពមហន្តរាយ”។ របាយការណ៍នោះ ទទូចឱ្យអាជ្ញាធរកម្ពុជា ដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឱ្យមានសេរីភាពឡើងវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសិទ្ធិបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត (Internet)។ អង្គការអ្នករាយការណ៍គ្មានព្រំដែន អះអាងថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដូចជាការប្រើអំពើហិង្សា ការបំភិតបំភ័យ និងការបិទស្ថាប័នព័ត៌មានក្នុងគោលដៅបំបិទសំឡេងរិះគន់ ដើម្បីធានាថា ខ្លួននឹងឈ្នះការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ។
អង្គការអន្តរជាតិមួយនេះ ក៏អំពាវនាវដល់ដៃគូអភិវឌ្ឍន៍របស់កម្ពុជាដែរ រួមមានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងសមាគមអាស៊ាន ជាដើម ឱ្យដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីធានាថា សេរីភាពសារព័ត៌មាននឹងត្រូវបានអនុវត្តដោយពេញលេញនៅកម្ពុជា៕