ពលរដ្ឋនៅតែព្រួយបារម្ភរឿងឈ្លបយកការណ៍តាមអ៊ិនធើណិត
2022.02.15
![ពលរដ្ឋនៅតែព្រួយបារម្ភរឿងឈ្លបយកការណ៍តាមអ៊ិនធើណិត ពលរដ្ឋនៅតែព្រួយបារម្ភរឿងឈ្លបយកការណ៍តាមអ៊ិនធើណិត](https://www.rfa.org/khmer/news/human-rights/citizens-concerned-about-restrictions-on-internet-freedom-after-government-sub-decree-comes-into-force-02152022180604.html/@@images/2aeede97-09d9-45aa-b6fa-41af29026994.jpeg)
ពលរដ្ឋមួយចំនួន នៅតែព្រួយបារម្ភជាខ្លាំងចំពោះការឹតត្បិតលើសិទ្ធិសេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមបណ្តាញអ៊ីនធឺណិត ដោយសារតែអនុក្រឹត្យរបស់រដ្ឋាភិបាល គ្រាន់តែពន្យារពេលអនុវត្តសិន តែមិនបានលុបចោលវានោះទេ។ ការព្រួយបារម្ភនេះ ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមលោក មាស ប៉ូ បានប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថាគម្រោងចូលជាធរមាន នៅថ្ងៃទី១៦ ខែកុម្ភៈ នៃអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនោះត្រូវលើកពេលដោយគ្មានកាលកំណត់ ដោយសារមូលហេតុនៃវិបត្តិនៃជំងឺកូវីដ-១៩។
ពលរដ្ឋមួយចំនួនបាម្ភចំពោះការអនុវត្តខ្លឹមសារអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិត ដែលរងការរិះគន់ និងមិនបានពិភាក្សាឱ្យគ្រប់ជ្រុងជ្រោយ ក្នុងពេលពួកគាត់មួយចំនួនមិនយល់ច្បាស់អំពីខ្លឹមសារផងនោះ។ ពួកគាត់ថា បញ្ហានេះធ្វើឱ្យពលរដ្ឋលែងហ៊ានចែករំលែកព័ត៌មាន និងបញ្ចេញទស្សនៈ ដោយសារភ័យខ្លាចច្បាប់ច្រកទ្វារអ៊ីនធឺណិតនេះ ត្រូវអាជ្ញាធរយកធ្វើជាមូលដ្ឋានដើម្បីតាមដាន ឬឈ្លបយកព័ត៌មានឯកជន ដើម្បីចោទប្រកាន់ពួកគេ។
ពលរដ្ឋនៅខេត្តបាត់ដំបងកញ្ញា ចាន់ សួគ៌ជាតិ លើកឡើងថាអ៊ីនធឺណិតមានសារៈសំខាន់ សម្រាប់ការស្រាវជ្រាវ បង្កើតការទំនាក់ទំនងលក្ខណៈឯកជន តាមដានព្រឹត្តការណ៍សង្គម និងការបញ្ចេញមតិយោបល់ជាដើម។ ប៉ុន្តែកញ្ញាមើលឃើញអ្នកប្រើប្រាស់មួយចំនួនទទួលរងការតាមដាន ហើយអាជ្ញាធរចាប់ខ្លួនចោទប្រកាន់ទាក់ទងនឹងការបញ្ចេញមតិ ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតភ័យខ្លាចលែងហ៊ានចែករំលែកព័ត៌មាន និងបញ្ចេញទស្សនៈ ដោយសារបារម្ភអំពីសុវត្ថិភាព។ កញ្ញាយល់ថា បើសិនអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតចូលជាធរមាន នៅថ្ងៃណាមួយក៏ដោយ វានឹងបើកដៃឱ្យអាជ្ញាធរបន្ថែមទៀត ដើម្បីយកលេសតាមដាន រឹតត្បិតសិទ្ធិសេរីភាព និងគំរាមកំហែងលើអ្នកប្រើប្រាស់ ជាពិសេសប្រជាពលរដ្ឋដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល៖ «ប្រជាពលរដ្ឋមួយចំនួនគាត់មានការភ័យខ្លាច ដោយសារអត់យល់ពីផ្នែកច្បាប់ ហើយមួយទៀតពេលចេញច្បាប់ហ្នឹងមករឹតបន្តឹង ចាប់ចងគាត់ទៀតគាត់បារម្ភ គាត់ចែករំលែកអ្វីមួយគាត់អត់ហ៊ានទេ ដោយសារគាត់ដឹងថាច្បាប់ហ្នឹងចេញមក គាត់ធ្វើអ៊ីចឹងដឹងថាសកម្មភាពរបស់គាត់ និងលែងហ៊ានសម្តែងមតិ លែងហ៊ានអនុវត្តសកម្មភាពរបស់គាត់ជាដើម»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅខេត្តសៀមរាប ថ្លែងថារហូតមកដល់ពេលនេះ លោកមើលមិនឃើញសារៈសំខាន់នៃច្បាប់នេះទេ គឺឃើញតែគុណវិបត្តិរបស់វា ដែលមានចរិតរំលោភលើសិទ្ធិពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ស្របពេលដែលកន្លងទៅ ពលរដ្ឋពុំមានទំនុកចិត្ត ចំពោះការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរស្រាប់ទៅហើយ។ លោកឱ្យដឹងទៀតថាពលរដ្ឋមួយចំនួន ក៏បានរិះគន់ច្បាប់នេះផងដែរ ដោយសាររដ្ឋាភិបាល មិនបានផ្សព្វផ្សាយ និងពិភាក្សាឱ្យបានច្បាស់លាស់ជាមួយភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត លោកយល់ថាវានឹងជួយឱ្យអាជ្ញាធរបង្កើនលទ្ធភាពតាមដាន និងលួចយកការណ៍ឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសចំពោះសារដែលរិះគន់កំហុសឆ្គងរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្ដី បើច្បាប់នេះនឹងនៅតែចូលជាធរមាន លោកស្នើឱ្យអាជ្ញាធរអនុវត្តវា ដោយតម្លាភាព ស្មើភាព និងគោរពឯកជនភាពរបស់ពលរដ្ឋ៖ «ការអនុវត្តសិទ្ធិ ការប្រើប្រាស់អ៊ីនធឺណិតគួរតែកុំឱ្យមានស្តង់ដារពីរដូចច្បាប់នានា សូមឱ្យអនុវត្តស្តង់ដារជារួមទៅហើយអនុវត្តឱ្យស្មើភាពគ្នារវាងអ្នកប្រើប្រាស់ទូទៅនិងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ពលរដ្ឋទូទៅធម្មតា កុំព្យាយាមរឹតត្បិតលើភាគីតែម្ខាង»។
ចំណែកពលរដ្ឋរស់នៅខេត្តព្រះវិហារកញ្ញា សួន ពិសី កញ្ញាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកុម្ភៈថា ប្រជាពលរដ្ឋរស់នៅតាមជនបទ កំពុងព្យាយាមប្រើប្រាស់អ៊ីនធឺណិតតាមរយៈបណ្តញសង្គមនានា ដើម្បីតាមដាន និងចែករំលែកព័ត៌មានក្នុងសង្គម ដែលពួកគាត់ចូលចិត្ត។ ប៉ុន្តែអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតរបស់ដ្ឋាភិបាល ដែលនឹងអនុវត្តនាពេលណាមួយខាងមុខនោះ គឺកញ្ញាមិនធ្លាប់ដឹងពីមុននោះទេ។ យុវតីរូបនេះបារម្ភចំពោះអ្នកភូមិ ដែលមិនសូវមានចំណេះដឹង ក្នុងប្រើប្រាស់បណ្តាញនៅលើអ៊ីនធឺណិត ដែលអាចឲ្យពួកគាត់ ប្រឈមបញ្ហាដោយសារច្បាប់នេះ៖ «មូលហេតុខ្ញុំព្រួយបារម្ភដោយសារចំណេះដឹងរបស់គាត់នៅមានកម្រិតស្រាប់ ណាមួយគាត់មិនបានតាមដានព័ត៌មានអីទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែកុម្ភៈ។
ទោះជាយ៉ាងនេះក្ដី តំណាងរដ្ឋាភិបាលកម្ពុជា បានចេញសារព្រមគ្នា នៅថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភជាទូទៅលើបញ្ហានេះ។ ក្រសួងការបរទេសថា ខ្លួនខកចិត្ត ដែលមានមតិរិះគន់រឿងនេះ។ ក្រសួងចាត់ទុកការរិះគន់នោះ ថាជាការចោទប្រកាន់ គ្មានមូលដ្ឋាន ព្រោះក្រសួងអះអាងថា រដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព សេរីភាពបញ្ចេញមតិ និងការការពារទិន្នន័យឯកជនជាដើម។
ចំណែកឯស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិឯណោះវិញ ស្ថាប័ននេះបានចេញសេចក្តីថ្លែងការណ៍ តបទៅនឹងការរិះគន់ និងព្រួយបារម្ភរបស់អ្នករាយការណ៍ពិសេសបីរូបរបស់អង្គការសហប្រជាជាតិ ក្នុងរឿងនេះ។ តំណាងកម្ពុជានេះ ចោទអ្នករាយការណ៍ពិសេស ថាយកបញ្ហានេះ ដើម្បីកេងចំណេញនយោបាយ និងបង្កើតឲ្យមានភាពភាន់ច្រឡំជាដើម។ ពួកគេអះអាងទៀតថា អនុក្រឹត្យនេះ មានភាពចាំបាច់ និងសមាមាត្រ និងមានប្រយោជន៍ច្រើនសម្រាប់កម្ពុជា ទាំងប្រយោជន៍រកប្រាក់ចំណូលជូនរដ្ឋ និងទប់ស្កាត់បទល្មើសឆ្លងដែនជាដើម។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលបានបង្កើតស្ថាប័ន និងច្បាប់ដើម្បីឃ្លាំមើល និងត្រួតពិនិត្យនៅលើបណ្តាញសង្គម និងអ៊ីនធឺណិត ដោយអ្នកប្រើប្រាស់ទាំងនោះ ត្រូវបានចាប់ខ្លួន និងធ្វើកិច្ចសន្យាជាដើម។ ទន្ទឹមនឹងនេះ អនុក្រឹត្យច្រកទ្វារអ៊ិនធឺណិតជាតិ នឹងផ្ដល់អំណាចដល់អាជ្ញាធរបន្ថែមទៀត ដោយសារខ្លឹមសារមាត្រាមួយចំនួន រំលោភលើសិទ្ធិសេរីភាព ជាពិសេសសិទ្ធិឯកជនរបស់ពលរដ្ឋ។ លោកឱ្យដឹង ថាកន្លងទៅអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងប្រទេសសេរីមួយចំនួន បានបង្ហាញអំពីក្តីបារម្ភ និងអនុសាសន៍ ទៅកាន់រដ្ឋាភិបាលឱ្យពិចារណា និងកែសម្រួលលើខ្លឹមសារទាំងនោះដែរ។
ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលតែងតែបដិសេធចំពោះការលើកឡើងទាំងនោះ៖ «មិនមែនតែអង្គការជាតិយើងធ្វើការលើកកម្ពស់ទៅលើសេរីភាពជាមូលដ្ឋាន ឬក៏សិទ្ធិមនុស្សនោះទេ សូម្បីសហគមន៍អន្តរជាតិ និងអង្គទូតមួយចំនួនក៏មានការព្រួយបារម្ភដែរ ចំពោះការអនុវត្តអនុក្រឹត្យនេះ យើងមើលឃើញថាអាចនឹងរឹតត្បិតបន្ថែមទៀតសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធបណ្តាញសង្គម»។
ទោះយ៉ាងនេះក្ដី ក្រោយការរិះគន់ជុំទិសពីសហគមន៍ជាតិ និងអន្តរជាតិ អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ដែលគ្រោងអនុវត្តនៅថ្ងៃទី១៦ ខែកុម្ភៈនោះ ត្រូវលើកពេលវិញ ដោយគ្មានកាលកំណត់។ ប៉ុន្តែនៅរក្សាទុកខ្លឹមសារដើមទាំងស្រុងនៃច្បាប់នេះដដែល។
ក្រុមអង្គការជាតិ និងអន្តរជាតិ នៅតែទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាធ្វើយ៉ាងណាឲ្យសេរីភាពជាមូលដ្ឋាន និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ព្រមទាំងសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរទូទៅ ឲ្យស្របតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។