សម្ពន្ធអង្គការសង្គមស៊ីវិលសាកលលោក World Alliance for Citizen Participation ឬហៅកាត់ថា ស៊ីវីឃឹស (CIVICUS) ថា អាជ្ញាធរកម្ពុជាបន្តបំពានសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឥតស្រាកស្រាន្ត។
ក្នុងរបាយការណ៍ ចេញផ្សាយថ្ងៃទី២៤ ខែ មិថុនា បណ្ដាញអង្គការអន្តរជាតិនេះ កត់សម្គាល់ការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកម្ពុជា ទៅលើសកម្មជនបរិស្ថាន និងសង្គម ជាពិសេស ការចាប់ខ្លួន និងចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ បន្ថែម បីនាក់ទៀត កាលពីពេលថ្មីៗ នេះ។
រហូតមកដល់ពេលនេះ យុវជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៦នាក់ហើយ កំពុងជាប់ពន្ធនាគារ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ។ ពួកគាត់ទាំង ៦ នាក់ មានខ្លះរងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងខ្លះរងបទចោទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ»។
ក្រៅពីនេះ អង្គការនេះ ក៏បានលើកអំពីករណីធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ ការវាយដំលើអ្នកតវ៉ាដោយអហិង្សា អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងប្រជាពលរដ្ឋស្លូតត្រង់ ដែលមានជម្លោះដីធ្លីជាមួយយោធា ឬអ្នកមានអំណាចជាដើម។
រដ្ឋាភិបាលលោក ហ៊ុន សែន រងការថ្កោលទោសជុំទិសពីអង្គការជាតិ និងអន្តរជាតិ រឿងបង្ក្រាបយុវជនបរិស្ថាន និងសកម្មជនសង្គម និងនយោបាយឯទៀត។ អង្គការទាំងនេះ ស្នើឲ្យកម្ពុជាដោះលែងអ្នកទាំងនោះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុកម្នេញទាំងនេះ ហើយងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។