មន្ត្រីសង្គមស៊ីវិលលើកឡើងដូចៗគ្នាថា ក្រសួងមហាផ្ទៃគួរសម្រួលនីតិវិធីមួយចំនួន ក្នុងដំណើរការជំរឿនអង្គការសង្គមស៊ីវិល ខណៈក្រសួងមហាផ្ទៃបន្តអះអាងថា ការធ្វើជំរឿននេះ នឹងមិនប៉ះពាល់ដំណើរការងាររបស់អង្គការសង្គមស៊ីវិលនោះឡើយ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលអះអាងថា នីតិវិធីធ្វើជំរឿនរបស់ក្រសួងមហាផ្ទៃមួយចំនួនមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដំណើរការងាររបស់អង្គការតែប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ឯកជនភាពរបស់អង្គការសង្គមស៊ីវិលថែមទៀតផង។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែមីនា ថា ដោយសារការធ្វើជំរឿនរបស់ក្រសួងមហាផ្ទៃ មិនបានជូនដំណឹងជាមុន ដូច្នេះកន្លងមកវត្តមានមន្ត្រីធ្វើជំរឿននៅការិយាល័យអង្គការ បានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងបុគ្គលិកអង្គការ និងប្រជាពលរដ្ឋរងគ្រោះដែលអង្គការសង់ត្រាល់ កំពុងផ្ដល់ការប្រឹក្សាយោបល់។ លោកបន្តថា ក្រសួងមហាផ្ទៃមិនគួរទាមទារឯកសារកិច្ចសន្យាការងាររបស់បុគ្គលិកអង្គការនោះឡើយ ដោយលោកចាត់ទុកការទាមទារកិច្ចសន្យាការងារនេះ គឺជាការរំលោភសិទ្ធិឯកជនភាពរបស់បុគ្គលិកអង្គការសង្គមស៊ីវិល។
លោក មឿន តុលា៖ «ខ្ញុំថាបើសិនជាអត់មានអីចាំបាច់ទេ ដូចជាមិនចាំបាច់ទៅធ្វើជំរឿនអីទេ ព្រោះសួរជំរឿនមិនដឹងថាដើម្បីអី បើសិនជា អិន.ជី.អូ(NGOs)ណា អត់មានសកម្មភាពអីNGOsណាអត់មានរបាយការណ៍ មានន័យថា អ្នកហ្នឹងទំនងជាគាត់អត់មានប្រតិបត្តិការអី ទី១ ទី២ បើសិនជាទាក់ទងនឹងប្រតិបត្តិការចំណាយអី គឺគេបានដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនិងមានមួយកូពីទៅឱ្យក្រសួងមហាផ្ទៃដែរ»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើងថា ការធ្វើជំរឿនអង្គការសង្គមស៊ីវិល គឺធ្វើឡើងស្របទៅតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកអះអាងថា ការធ្វើជំរឿនក៏មិនបានប៉ះពាល់ដល់ឯកជនភាព ឬជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ស្ថាប័នដែលក្រសួងធ្វើជំរឿននោះឡើយ។
លោក ទូច សុឃៈ៖ «យើងមានកម្រងសំណួរ ជាលាយលក្ខណ៍អក្សរត្រឹមត្រូវ ប៉ុន្មានជាពីរទំព័រ ហើយមានប្រអប់នៃការគូសព័ត៌មានទាំងអស់នោះ គឺមិនមានការសួរសំណួរផ្សេងៗដែលក្រៅពីប្រអប់ដែលបានកំណត់ ឬក៏បញ្ជីសំណួរ ឬក៏កម្រងសំណួរនោះឡើយ ដូច្នេះសុំមេត្តាកុំបារម្ភអំពីការដែលមន្ត្រីជំរឿនប៉ះពាល់ដល់អង្គការសមាគម»។
ផ្ទុយពីការលើកឡើងនេះ អង្គការអន្តរជាតិមួយចំនួនលើកឡើងថា អង្គការសង្គមស៊ីវិលនៅកម្ពុជាមិនមានសេរីភាពពេញលេញក្នុងការបំពេញការងារនោះឡើយ។ ជាក់ស្ដែង អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្កើតច្បាប់នានាដែលប៉ះពាល់រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិទាំងឡាយដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ លោកមើលឃើញថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាការដើរប្រាសចាកគន្លងប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ហើយក៏ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការងារផ្នែកសិទ្ធិមនុស្សរបស់ក្រុមអង្គការសង្គមស៊ីវិលថែមទៀតផងដែរ។
ជុំវិញរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ឱ្យដឹងដែរថា ដោយសារតែអង្គការ សមាគម តែងដាក់របាយការណ៍ទៅកាន់ក្រសួងជារៀងរាល់ឆ្នាំ ដូច្នេះដើម្បីភាពងាយស្រួល ក្រសួងមហាផ្ទៃមិនគួរធ្វើជំរឿនតាមរយៈការចុះសម្ភាសន៍ដោយផ្ទាល់នោះឡើយ។ លោកបន្តថា តាមរយៈការធ្វើជំរឿន ក្រសួងមហាផ្ទៃក៏គួរតែជំរុញឱ្យរដ្ឋាភិបាលកាន់តែបើកចិត្តទូលាយ ចាត់ទុកការងារអង្គការ សមាគម គឺជាការរួមចំណែកដោះស្រាយបញ្ហានៅក្នុងសង្គមផងដែរ។
លោក សន ជ័យ៖ «យើងយល់ថា លំហប្រជាពលរដ្ឋនេះជារឿងសំខាន់ ដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យគេត្រូវការ សុំឱ្យមានអ៊ីចឹងគេចមិនរួចពីកិច្ចសហការដោះស្រាយបញ្ហារួម ព្រោះNGOsហើយនិងសមាគមក៏ជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិដែរ»។
ខណៈក្រសួងមហាផ្ទៃលើកឡើងថា អង្គការសង្គមស៊ីវិលនៅកម្ពុជាមានជិត៦ពាន់ស្ថាប័នក្ដី ក៏អង្គការ សមាគមដែលធ្វើការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានមិនដល់១រយស្ថាប័ននោះទេ ហើយអង្គការធ្វើការការពារសិទ្ធិមនុស្សទាំងនោះ តែងរងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលថា មានចេតនាទុច្ចរិត។ ជាក់ស្ដែង រដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗ បានចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាលមួយដោយមិនបញ្ចេញឈ្មោះ ដែលទំនងសំដៅដល់សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានចុះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដីធ្លីកំពុងលាក់ខ្លួនក្នុងព្រៃ រត់គេចពីការតាមចាប់ខ្លួនថា ជាការឆក់ឱកាសកេងចំណេញនយោបាយ។
ក្រសួងមហាផ្ទៃបានចាប់ធ្វើជំរឿន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទាំងអស់ ចាប់ពីថ្ងៃទី២៥ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ខាងមុខ៕
