សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សេរីភាព​ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច

ដោយ យ៉ង ចាន់តារា
2023.08.12
សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សេរីភាព​ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច គណៈរដ្ឋមន្ត្រីថ្មី ដែលលោក ហ៊ុន សែន រៀបចំ​ដាក់កូនចៅរបស់លោកគឺ លោក ហ៊ុន ម៉ាសែន ជានាយករដ្ឋមន្ត្រី។ រូបកាលពីថ្ងៃទី១០ សីហា ២០២៣។
រូប៖ គេហទំព័រលោក ហ៊ុន សែន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត បើក​លំហ​ការងារ​អង្គការ​សង្គម​ស៊ីវិល​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ​។ ការ​ស្នើសុំ​របស់​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ចៀស​ផល​អាក្រក់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​បើក​លំហ​សេរីភាព​ការងារ​ដល់​ក្រុម​អង្គការ​ស៊ីវិល នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​ថ្មី​មិនសូវ​បាក់មុខ​នៅ​លើ​ឆាក​អន្តរជាតិ និង​អាច​ជួយ​កាត់បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ផ្នែក​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅលើ​ភាព​យុត្តិធម៌ សេរី និង​ត្រឹមត្រូវ​ក៏ដោយ លោក​សង្ឃឹមថា សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ភាគច្រើន​ជា​អ្នក​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍ​នោះ នឹង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​។ លោក​បន្ថែម​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថ្មី​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​បញ្ឈប់​ការ​គំរាមកំហែង​លើ​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​ដោះលែង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ​នោះ​វិញ រដ្ឋាភិបាល​ថ្មី​នឹង​ទទួល​បាន​ការ​អបអរ​សាទរ​ពី​សហគមន៍​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «ទោះ​បី​ថា ពួកគាត់​សុទ្ធ​សឹង​ចេញ​ពី​គណបក្ស​កាន់អំណាច​តែមួយ​ក៏ដោយ ក៏​យើង​នៅតែ​បង្ហាញ​នូវ​ការ​ជឿជាក់ និង​សង្ឃឹម​ថា មាន​ការ​ដូរ​ផ្លាស់​នូវ​ឥរិយាបថ ក្នុង​ការ​រឹតត្បិត​ទៅលើ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដូចជា​សកម្មជន​នយោបាយ ឬ​ជា​សកម្មជន​សង្គម​អី​ទាំង​អស់ហ្នឹង ចំណុច​ទាំងអស់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ ហើយ​ក្នុង​បុព្វហេតុ​ទាំងអស់​នេះ វា​មិនមែន​ដើម្បី​នរណា​ទេ គឺ​ដើម្បី​ពលរដ្ឋ​កម្ពុជា​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​យើង​ទាំងអស់គ្នា ហើយ​ទាំង​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ការងារ​ទំនាក់ទំនង​ការបរទេស ឬក៏​សេដ្ឋកិច្ច​ផ្សេងៗ អាច​នឹង​មាន​សភាព​ងើបឡើង​វិញ​បាន​ខ្លះ បើ​មិន​អ៊ីចឹង​ទេ អាច​ហ្នឹង​មាន​ភាព​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ហើយ»

កន្លងទៅ អង្គការ​ជាតិ អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ការ​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​របស់​លោក ដែល​បាន​យក​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​កាត់​ទោស​សកម្មជន​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​លោក។

ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​កម្ពុជា​បាន​រឹតត្បិត​លំហ​សេរីភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅមុន​ការ​បោះឆ្នោត ជាក់ស្ដែង​ដូចជា ការ​ឃាត់ខ្លួន​បុគ្គលិក​សមាគម​សម្ព័ន្ធ​កសិករ​សហគមន៍​កម្ពុជា ជិត ២០​នាក់ កាលពី​ខែ​ឧសភា ហើយ​បន្ទាប់​មក​បាន​សម្រេច​ឃុំខ្លួន​បុគ្គលិក​សមាគម​នេះ ៣​នាក់​ក្នុង​ពន្ធនាគារ។ បើ​ទោះ​បី​ជា​ពួកគេ​ទាំង​៣​នាក់​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោយ​ឆ្លើយ​ទម្លាក់​កំហុស​ទៅ​លើ​ខ្លួនឯង​ហើយ​ក៏​ដោយ ក៏​តុលាការ​មិន​ទាន់​លើកលែង​បទ​ចោទ​ញុះញង់ និង​រួមគំនិត​ក្បត់ ទៅលើ​ពួកគេ​នោះ​ដែរ។

បន្ថែម​ពីលើ​នេះ ដោយសារតែ​លោក ហ៊ុន សែន បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​ផ្ទេរអំណាច​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ផង​នោះ សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ស្របពេល​សហរដ្ឋអាមេរិក (United States) មិន​បាន​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដល់​កម្ពុជា​បន្ត​ទៀត​នោះ​ឡើយ ចាប់​តាំងពី​ដំណាច់ឆ្នាំ ២០២០​មក។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​អ្នកនាំពាក្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ​ទេ​នៅ​ថ្ងៃទី​១១ ខែ​សីហា។

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន នៅតែ​គំរាមកំហែង រឹតត្បិត​សេរីភាព​ការងារ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅពេល​ពួកគាត់​បើក​វគ្គ​បណ្ដុះបណ្ដាល​នៅ​តាម​សហគមន៍​។ លោក​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​បើក​លំហ​សេរីភាព​ការងារ​អង្គការ​សង្គម​ស៊ីវិល​នោះ មិន​ត្រឹមតែ​អាច​បញ្ចៀស​ពី​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​លើក​មុខមាត់​អ្នកដឹកនាំ​ប្រទេស​ជំនាន់​ថ្មី​ដែរ នៅពេល​ពួកគេ​ចូលរួម​កិច្ចប្រជុំ​ក្នុង​ឆាក​អន្តរជាតិ។

លោក អំ សំអាត៖ «កម្ពុជា​ត្រូវតែ​ធ្វើ​ម៉េច​ដើម្បី​ធានា​ឱ្យ​បាន លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រោះ​កម្ពុជា​យើង​ក៏​ជា​ភាគី​មួយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​ច្រើន ទាក់ទង​នឹង​លិខិតុបករណ៍​អន្តរជាតិ​ដូចជា កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ហើយនឹង​កតិកាសញ្ញា​ជាច្រើន​ទៀត»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ផ្ទុយ​ពី​ការ​យក​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ដៃគូ​ដើម្បី​អភិវឌ្ឍ រដ្ឋាភិបាល​លោក ហ៊ុន សែន បែរ​ជា​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ចង់​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​ទៅវិញ​។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​គួរតែ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល តាមរយៈ​ការ​កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួន ជាជាង​បន្ត​ចោទ​ថា អង្គការ​សង្គម​ស៊ីវិល​រិះគន់​ជាន់ពន្លិច​រដ្ឋាភិបាល ខណៈ​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់តែ​អាក្រក់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
ក្រុម​កូដករ​ណាហ្គាវើលដ៍ ធ្វើ​ពិធី​អុំ​ទូក​នៅ​ខាង​មុខ​ក្រុមហ៊ុន ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។