សកម្មជន​សង្គម​លោក ធែល ធីលែន សរសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ​ជំរុញ​ឱ្យ​យុវជន​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​សង្គម

0:00 / 0:00

ក្រុម​យុវជន​លើកឡើង​ថា សំណេរ​លិខិត​របស់​សកម្មជន​សង្គម​គឺ​លោក ធែល ធីលែន ចេញ​ពី​ពន្ធនាគារ​បាន​ដាស់សតិ​អារម្មណ៍​ពួកគេ​ឱ្យ​ប្រឹងប្រែង​ងើបឡើង​តស៊ូ​នឹង​ភាព​អយុត្តិធម៌​ក្នុង​សង្គម ព្រោះ​ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ និង​ទទួល​ភាព​អយុត្តិធម៌​ដូច​លោក ធែល ធីលែន ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​តស៊ូ​មតិ​របស់​លោក ធែល ធីលែន កន្លង​មក គឺជា​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ។

បន្ទាប់ពី​មានការ​ចែកចាយ​សារលិខិត​របស់​លោក ធែល ធីលែន នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ពី​ការ​ទទួលរង​ភាព​អយុត្តិធម៌​បន្ទាប់ពី​ជាប់ឃុំ​ពន្ធនាគារ​ជាង​៦​ខែ​មកនេះ ក្រុម​យុវជន​សិទ្ធិមនុស្ស បាន​សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​រូប​លោក និង​យក​ស្ថានភាព​នា​ពេល​នេះ​ជំរុញ​ទឹកចិត្ត​របស់​ពួកគាត់​ឱ្យ​កាន់តែ​ក្រោក​ឡើង​តស៊ូ​មតិ​ចំពោះ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ថែម​ទៀត។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈ អ្នកស្រី ឈឿន ដារ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ មេសា ថា សកម្មភាព​របស់​លោក ធែល ធីលែន មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ ក៏ប៉ុន្តែ​ជា​ការ​បញ្ចេញមតិ ដោយ​មើល​ឃើញ​ពី​ជ្រុង​មួយ​នៃ​សង្គម ហើយ​ការចោទប្រកាន់​មក​លើ​រូបលោក គឺជា​រឿង​អយុត្តិធម៌។

អ្នកស្រី ឈឿន ដារ៉ាវី៖ «សូម្បីតែ​កូនក្មេង​ក៏​ដឹង​ថា តុលាការ​សព្វថ្ងៃ​បែប​ម៉េច​ដែរ អ៊ីចឹង​វា​ដូចជា​អត់​មានអី​ថ្មី​។ ហើយ​មហាជន​ក៏​ច្បាស់​ទៅទៀត​ថា​សង្គម​រាល់ថ្ងៃ​បែប​ម៉ែ​ច​ដែរ​។ អ៊ីចឹង​សង្ឃឹមថា​អាច​នឹង​មាន​ការប្រែប្រួល​ប្រសិនបើជា​យើង​ម្នាក់ៗ​រួមគ្នា​ឃើញ​នូវ​រឿង​អយុត្តិធម៌​ហើយ​និយាយ ជាជាង​ឃើញ​ថា សង្គម​វា​បែប​ហ្នឹងហើយ​ថា ទទួលយក​ភាព​អយុត្តិធម៌​ដែល​នៅតែ​បន្ត​កើត​មាន​ដោយ​មិន​និយាយ»។

ការ​លើកឡើង​បែប​នេះ ក្រោយ​ពេល​សំបុត្រ​សរសេរ​ដោយ​ដៃ ដោយ​ប៊ិក​ពណ៌​ខៀវ ចុះ​ថ្ងៃទី​២៥ ខែ​មីនា ដែល​ទើប​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ថ្មីៗ​នេះ ក្រោម​ចំណងជើង​ថា “​ពាក្យ​ថា​រត់ការ គឺជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ” លោក ធែល ធី​លែ​ន បាន​ផ្ញើ​លិខិត​មួយ​សន្លឹក​នេះ​តាម​អ្នក​ដែល​ទើប​រួច​ទោស​មក​ខាងក្រៅ។ ខ្លឹមសារ​នៅក្នុង​សំបុត្រ​នោះ រៀបរាប់​ពី​ភាព​អយុត្តិធម៌​ដែល​តុលាការ​ចោទប្រកាន់​មក​លើ​លោក ដោយ​សំអាង​លើ​ភស្តុតាង​ក្លែងក្លាយ និង​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ លោក ធែល ធីលែន បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ការ​ចោទប្រកាន់​លើ​រូបលោក​លើ​សំណុំរឿង​ចំនួន ៤​ផ្ទួនៗ​គ្នា ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដោយសារ​វា​កើតឡើង​ចេញ​ពី​ពាក្យ​កុហក​របស់​ដើមបណ្ដឹង។

Thel_Thilen_letter.jpg
សំបុត្រ​ដែលគេអះអាងថា សកម្មជនសង្គម លោក ធែល ធីលែន សរសេរផ្ទាល់ដៃ ចេញពីពន្ធនាគារខេត្ត​កណ្ដាល កាលពីថ្ងៃទី២៥ មីនា ២០២៣។ រូប៖ ហ្វេសប៊ុក

សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន កញ្ញា សូ មេត្តា ឱ្យ​ដឹង​ថា បន្ទាប់ពី​កញ្ញា​បាន​អាន​សារ​របស់​លោក ធែល ធីលែន ហើយ កញ្ញា​នឹកឃើញ​ខ្លួនឯង​កាលពី​ក្នុង​អំឡុង​ពេល​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ ទោះជា​យ៉ាងណា តាមរយៈ​លិខិត​របស់​លោក ធែល ធីលែន កញ្ញា​មើល​ឃើញ​ពី​ឆន្ទៈ​របស់​យុវជន​រូប​នេះ នៅក្នុង​ការ​និយាយ​ការពិត និង​ស្វែងរក​យុត្តិធម៌ ខណៈ​សារ​នេះ​ក៏បាន​ដាស់តឿន​កញ្ញា​ឱ្យ​មាន​ការ​តស៊ូ​ត​ទៅមុខ​ទៀត។

កញ្ញា សូ មេត្តា៖ «ខ្ញុំ​ឃើញ​អ៊ីចឹង​ខ្ញុំ​មានការ​ឈឺ​ចាប​ខ្លាំង​មែនទែន ដែល​ខ្ញុំ​មិនអាច​ជួយ​ពួកគាត់​បាន​។ បើ​ខ្ញុំ​នៅ​ខ្ញុំ​នឹង​ប្រើ​មធ្យោបាយ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ពួកគាត់ ខ្ញុំ​មិន​នៅ​មួយ​កន្លែង​ទេ។ តែ​ពេលនេះ​ខ្ញុំ​ធ្វើ​បាន​តែ​តាម​អនឡាញ នឹង​ទាក់ទង​តាម​បណ្ដាញ​យុវជន»។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ធែល ធីលែន កាល​ពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ហើយ​តុលាការ​ខេត្ត​កណ្ដាល បាន​ឃុំខ្លួន​លោក​បណ្ដោះអាសន្ន​ពី​បទ ”​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ” ដែល​ដីកា​បង្គាប់​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​លោក ប្លុង វិសាល បាន​ចោទ​យុវជន​រូប​នេះ​ថា បាន​ប្រព្រឹត្ត​បទល្មើស​នេះ តាំងពី​៦​ឆ្នាំមុន​មក​ម្ល៉េះ។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​យុវជន ធែល ធីលែន នេះ គឺជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក​ទៅលើ​បញ្ហា​ជនជាតិ​វៀតណាម​ជាជាង​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ទៅ​លើ​បទ​ចោទ។

ក្រុម​យុវជន និង​សកម្មជន​មួយចំនួន មិន​បាន​ស្គាល់​ប្រវត្តិ​របស់​លោក ធែល ធីលែន នោះ​ទេ ចំណែកឯ​លោក ផៃ ធែល ត្រូវជា​ឪពុក​របស់​លោក ក៏​មិន​បាន​បញ្ជាក់​ពី​ប្រវត្តិ​ការងារ​របស់​កូនលោក​នោះ​ដែរ។

នៅមុន​ការ​ចាប់ខ្លួន លោក ធែល ធីលែន បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យមក​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​រឿង​ការបង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា។

ឪពុក​លោក ធែល ធីលែន គឺ​លោក ផៃ ធែល ប្រាប់​អាស៊ីសេរី​ថា សំបុត្រ​នោះ​គឺជា​សំណេរ​របស់​កូនលោក​ពិត​ប្រាកដ។ លោក​បន្ត​ថា កាលពី​ខែ​មីនា តុលាការ​ខេត្ត​កណ្ដាល បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ករណី​លោក ធែល ធីលែន ដែរ ក៏ប៉ុន្តែ​លោក​មិន​បាន​ចូលរួម​ស្ដាប់​នោះ​ទេ ព្រោះ​តុលាការ​មិន​បាន​ផ្ដល់​ដំណឹង​ឱ្យ​លោក​បាន​ដឹង​ឡើយ​។ លោក​បញ្ជាក់​ថា តាម​ការ​ឱ្យ​ដឹង​ពី​មេធាវី តុលាការ​បាន​បន្ថែម​បទ​ចោទ​ទៅលើ​លោក​កូន​លោក​៤​ករណី និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៤ឆ្នាំ។

លោក ផៃ ធែល៖ «ខ្ញុំ​អត់​ដឹង​ដែរ ថ្ងៃ​ហ្នឹង​តុលាការ​កាត់ក្ដី​រឿង​ដី​ហ្នឹង តុលាការ​អត់​(​ប្រាប់​ខ្ញុំ)។ មិន​ដែល​តុលាការ​ណា​កាត់ក្ដី​តែ​ម្ខាង ហើយ​ភាគី​ម្ខាង​ទៀត​មិន​មក»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្ដាល លោក សូ សារិន និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល លោក ប្លុង វិសាល ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៩ មេសា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មើល​ឃើញ​ថា លិខិត​របស់​លោក ធែល ធីលែន សរសេរ​ចេញ​ពី​ពន្ធនាគារ​មាន​គោលបំណង​ប្រាប់​ទៅ​មហាជន​ថា លោក​នៅ​មាន​ស្មារតី​រឹងប៉ឹង មាន​ភាព​ក្លាហាន និង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ដែល​កើត​មាន​លើ​រូប​លោក។ យ៉ាងណា​លោក​ថា ការ​តស៊ូ​មតិ និង​ការ​តវ៉ា របស់​លោក ធែល ធីលែន លើ​បញ្ហា​សង្គមជាតិ​កន្លងមក​នោះ គឺ​ស្រប​ទៅ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

លោក កើត សារ៉ាយ៖ «ដូច្នេះ​គាត់​បង្ហាញ​ទស្សនៈ​ពី​ការ​ព្រួយ​បារម្ភ​ក្នុងនាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​ក៏​មិនមែន​ជា​រឿង​អី​ខុសឆ្គង​ដែរ។ ដូច្នេះ​ខ្ញុំ​យល់​ថា វា​មិនមែន​ជា​ការរើសអើង​អី​ទេ វា​ជា​ការ​ក្រើនរំលឹក​អំពី​ប្រវត្តិសាស្ត្រ ឬក៏​មានការ​ប្រុងប្រយ័ត្ន​ក្នុងនាម​ជា​ម្ចាស់​ប្រទេស»។

យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​គាស់​កកាយ​សំណុំ​រៀង​ចាស់ៗ និង​សម្រេច​ចាប់ខ្លួន​លោក ធែល ធីលែន កើតឡើង​ដោយសារ​លោក​បាន​ចេញមុខ​តវ៉ា​រឿង​ការបង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា។ ពួកគាត់​ចាត់ទុក​ថា ការ​ចាប់ខ្លួន​យុវជន​រូប​នេះ គឺជា​ការ​បំបិទ​សំឡេង​ពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។