សង្គម​ស៊ីវិល​អំពាវនាវ​ទម្លាក់​រាល់​បទ​ចោទ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​២​នាក់

ដោយ ខែ សុណង
2019.10.03
អ៊ួន ឈិន សុធារិន្ទ ៦២២ លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
RFA

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​តុលាការ ពិចារណា​ទម្លាក់​រាល់​បទ​ចោទប្រកាន់​ដល់​អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អាស៊ីសេរី ២​នាក់ និង​ស្នើ​ដល់​រដ្ឋាភិបាល​ធានា​ការពារ​ដល់​សេរីភាព​អ្នក​សារព័ត៌មាន។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR អ្នកស្រី ចក់ សុភាព សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក កាលពី​ល្ងាច​ថ្ងៃ​ទី២ តុលា ថា អ្នកសារព័ត៌មាន​គួរតែ​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន ដោយ​សេរី​និង​គ្មាន​ការភ័យខ្លាច ក្នុង​ការ​រាយការណ៍​ព័ត៌មាន​នានា រួម​ទាំង​ការ​បកអាក្រាត​បញ្ហា​ពុករលួយ ឬ​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ផង​ដែរ។ ប៉ុន្តែ ជា​ញឹកញយ អ្នកសារព័ត៌មាន​បន្ត​ប្រឈម​រួម​ទាំង​ផ្នែក​ផ្លូវច្បាប់ ដោយសារតែ​ការ​បំពេញ​វិជ្ជាជីវៈ ដែល​ជះឥទ្ធិពល​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន។ អ្នកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ធានា​ការពារ​ដល់​សេរីភាព​អ្នកសារព័ត៌មាន ដើម្បី​អនុញាត​ឱ្យ​អ្នកសារព័ត៌មាន​ទាំងឡាយ​អាច​បំពេញ​ភារកិច្ច​ស្របច្បាប់​ដើម្បី​ចូលរួម​លើកកម្ពស់​អភិបាលកិច្ច​យ៉ាង​សំខាន់​សម្រាប់​សង្គម។

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អាស៊ីសេរី​២​នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា នេះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​បើកសវនាការ​ចំនួន ២​លើក ជំនុំជម្រះ​សំណុំរឿង​អ្នក​ទាំង ២ កាល​ពី​ចុងខែ​កក្កដា និង​ដើមខែ​សីហា ហើយ​បាន​ខកខាន​ប្រកាស​សេចក្តី​សំរេច​របស់​ខ្លួន​ម្ដង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៣០ សីហា កន្លង​ទៅ។ ។ តុលាការ​បាន​ចោទប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចំនួន​ពីរ​បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទីពីរ​គឺ​បទ “​ផលិត​វីដេអូ​អាសអាភាស" តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៩​ខែ មុននឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​តុលាការ​នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល។

អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អាស៊ីសេរី ទាំង​ពីរ​រូប គឹ​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន វិញ មាន​ជំនឿ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ពួកគេ រួម​ទាំង​ប្រគល់​វត្ថុ​រឹបអូស​យក និង​លិខិតឆ្លងដែន​របស់​ពួកគេ​មកវិញ។

អ្នកសារព័ត៌មាន​មួយ​ចំនួន​រំពឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សម្រេច​ឱ្យ​អ្នក​ទាំង២ បាន​រួចផុត​ពី​បទ​ចោទប្រកាន់។ ពួកគេ​យល់​ថា​ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​អ្នក​ទាំងពីរ​មានទោស​មែន នោះ​មាន​ន័យ​ស្មើនឹង​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​អាជ្ញាធរ​ប្រើប្រាស់​បទ​ចោទ​ធ្វើ​ចារកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ឯករាជ្យ ឬ​អ្នកកាសែត​ហ្វ្រីលែន (freelance journalist) ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។