អ្នក​ច្បាប់​ស្នើ​តុលាការ​អនុញ្ញាត​អ្នកកាសែត​អាច​យក​ព័ត៌មាន​ក្នុង​សវនាការ​លោក កឹម សុខា

ដោយ សេក បណ្ឌិត
2024.02.09
អ្នក​ច្បាប់​ស្នើ​តុលាការ​អនុញ្ញាត​អ្នកកាសែត​អាច​យក​ព័ត៌មាន​ក្នុង​សវនាការ​លោក កឹម សុខា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ រៀបចេញពីផ្ទះទៅស្ដាប់សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣ មីនា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

អ្នកជំនាញ​ច្បាប់ និង​អ្នកសារព័ត៌មាន​ថា ការ​រឹតត្បិត​អ្នកសារព័ត៌មាន​មិន​ឱ្យ​ចូល​ស្ដាប់​លើ​សំណុំរឿង​លោក កឹម សុខា នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។ ពួកគាត់​ថា លោក កឹម សុខា គឺជា​អ្នក​នយោបាយ​សំខាន់​ម្នាក់​ដែល​សាធារណជន​ចង់​ដឹង​ពី​ដំណើរការ​កាត់ក្ដី​របស់​លោក។

អ្នក​ជំនាញ​ច្បាប់ និង​អ្នកសារព័ត៌មាន​ស្នើ​សាលាឧទ្ធរណ៍​ភ្នំពេញ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​សារព័ត៌មាន​យក​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​សវនាការ​លើ​បណ្ដឹង​ជំទាស់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា លើ​សំណុំ​រឿង​ក្បត់​ជាតិ។

ការ​ស្នើ​នេះ ក្រោយពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ រឹតត្បិត​មក​លើ​អ្នកសារព័ត៌មាន និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ចូល​យក​ព័ត៌មាន ឬ​ឈរ​គាំទ្រ​នៅមុខ​សាលាឧទ្ធរណ៍​ភ្នំពេញ​ចំនួន​ពីរ​ដង​រួច​មក​ហើយ​។ ជាក់ស្ដែង​នៅ​ថ្ងៃ​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃទី៨ កុម្ភៈ មាន​អាជ្ញាធរ​ពង្រាយ​កម្លាំង សន្តិសុខ និង​ប៉ូលិស​ជាច្រើន​នាក់ បិទ​គ្រប់​ច្រកចូល​សាលាឧទ្ធរណ៍ ហើយ​រួម​ទាំង​បង្កប់​ដោយ​ជន​ស៊ីវិល​ឱ្យ​តាម​ថតរូប និង​ឃ្លាំមើល អ្នកសារព័ត៌មាន និង​ក្រុម​សកម្មជន​បក្ស​ប្រឆាំង។

អ្នកជំនាញ​ផ្នែក​ច្បាប់ លោក​បណ្ឌិត សឺន ជុំជួន លើកឡើង​ថា នៅក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ការ​ជំនុំជម្រះ​ជា​សាធារណៈ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។ លោក​បណ្ឌិត សឺន ជុំជួន បន្ត​ថា សវនាការ​លើ​អង្គសេចក្ដី​លើ​ករណី លោក កឹម សុខា គឺជា​សវនាការ​ជា​សាធារណៈ ដូចច្នេះ​លោក​យល់​ថា តុលាការ​គួរ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកសារព័ត៌មាន​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​នេះ​ទៅកាន់​សាធារណជន​ផ្សេងទៀត​ដែល​មិន​បាន​ចូល​ស្ដាប់។

លោក​បណ្ឌិត សឺន ជុំជួន បន្ត​ថា លោក កឹម សុខា គឺជា​អ្នកនយោបាយ​សំខាន់​មួយ​រូប​ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​ខ្មែរ ហើយ​លោក​ជឿ​ថា សាធារណជន​នឹង​ចង់​ដឹង​ពី​ដំណើរការ​កាត់ក្ដី​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។ លោក​បណ្ឌិត សឺន ជុំជួន យល់​ថា ការ​ផ្ដល់​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូលរួម​ស្ដាប់​នឹង​មិន​បង្ក​ការ​រំខាន​ដល់​ដំណើរការ​ជំនុំ​ជម្រះក្ដី​នោះ​ដែរ។

លោក​បណ្ឌិត សឺន ជុំជួន៖ «គេ​ចង់​ឃើញ ចង់ដឹង ចង់​ស្ដាប់ ចង់​យល់​អំពី​នីតិវិធី​ដំណើរការ​រឿង​របស់​គាត់​មិនមែន​ធម្មតា​អី ដល់​២៧​ឆ្នាំ អ៊ីចឹង​គេ​ចង់​ដឹង​ណាស់ ពិសេស​អ្នកសារព័ត៌មាន គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ផ្ដល់​យុត្តិធម៌​ដល់​ជនជាប់ចោទ​ផង​ដែរ នៅ​ក្នុង​ការ​សង្កេត​ថា​សវនាការ​ហ្នឹង​មិនបាន​ដំណើរការ​ត្រូវ​នីតិវិធី មិន​មាន​តម្លាភាព​អី​ជាដើម»

អ្នក​សារព័ត៌មាន​មួយ​រូប ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា សាលាឧទ្ធរណ៍​បាន​រឹតត្បិត​អ្នកសារព័ត៌មាន ទោះបីជា​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ចុះឈ្មោះ ក៏​មន្ត្រី​តុលាការ​ថា មិន​មាន​កន្លែង​អង្គុយ​គ្រប់គ្រាន់​ដែរ​។ លោក​ថា ការ​រឹតត្បិត​បែបនេះ​បាន​ធ្វើ​អ្នកសារព័ត៌មាន​មិន​អាច​រាយការណ៍​ពី​ការ​លើកឡើង​របស់​តំណាង​អយ្យការ និង​ចៅក្រម ទៅកាន់​លោក កឹម សុខា នោះ​ទេ។

អ្នក​សារព័ត៌មាន​ថ្លែង​លាក់​ឈ្មោះ៖ «ការ​ប៉ះពាល់​មួយ​ចំនួន​ដល់​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន ដោយសារតែ​យើង​អត់​បាន​ចូល អត់​បាន​ស្ដាប់​នូវ​អ្វី​ដែល​ជា​ការ​ដេញដោល​សួរ​នៅ​សវនាការ អ៊ីចឹង​ទៅ ការ​រាយការណ៍​ព័ត៌មាន​ផ្អែក​តែ​ទៅលើ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ ដែល​គាត់​ចូលរួម និង​សហ​មេធាវី​របស់​លោក កឹម សុខា។ ធម្មតា​ខ្ញុំ​ចង់ឱ្យ​មាន​ការ​បើកទូលាយ​សម្រាប់​អ្នកកាសែត​ឱ្យ​គាត់​ធ្វើ​សេចក្ដី​រាយការណ៍​គ្រប់​ជ្រុង​ពី​សម្ដី​របស់​ចៅក្រម ឬ​ភាគី​ប្ដឹងផ្ដល់​គ្នា»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ជុំវិញ​សំណុំរឿង​របស់​លោក កឹម សុខា បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទប្រកាន់​តាំង​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​បរទេស លើកលែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។