អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អាជ្ញាធរ​ដែល​បង្គាប់​ឲ្យ​លុប​វីដេអូ​ចម្រៀង «ឈាម​បាតុករ»

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​បង្គាប់​ឲ្យ​សង្គម​ស៊ីវិល​លុប​វីដេអូ​ចម្រៀង​«​ឈាម​បាតុករ​» ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួកគេ។

ក្រសួង​វប្បធម៌​អះអាង​ថា បទ​ចម្រៀង​នេះ មាន​ចរិត​ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម សួរ​ថា បើ​ឱ្យ​លុប​បទ​ចំរៀង​ហ្នឹង​ចេញ តើ​រឿង​អយុត្តិធម៌​នៅ​ផ្លូវ​វេងស្រេង​រយៈពេល​៩​ឆ្នាំ​កន្លងមក​នោះ ពេលណា​បាន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ?

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ា ចិត្រា ( Ma Chettra) ដែល​គេ​ស្គាល់​ថា ជា​យុវជន សង្គម និង​បរិស្ថាន បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ជុំវិញ​រឿង​នេះ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​បង្ហោះ​បទ​ចម្រៀង​«​ឈាម​បាតុករ​» ពុំ​មែន​ក្នុង​គោលបំណង​អាក្រក់ ដូច​អ្វី​ដែល​ខាង​ក្រសួង​វប្បធម៌ ចោទប្រកាន់​នោះ​ទេ។

លោក​ថា ការ​បង្ហោះ​បទ​ចម្រៀង​នោះ គឺ​ក្នុង​គោលបំណង​បី​យ៉ាង ក្នុង​នោះ​រួមមាន​ការ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ត​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​រួមគ្នា​ទប់ស្កាត់​កុំឱ្យ​មាន​អំពើ​ហិង្សា​គ្រប់​រូបភាព។

លោក ម៉ា ចិត្រា បញ្ជាក់​ថា នេះ​ជា​ការ​លើកឡើង​របស់ លោក អំ សំអាត ជា​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ ដែល​បាន​ប្រាប់​ទៅ​ខាង​មន្ត្រី​ប៉ូលិស​ការិយាល័យ​សន្ដិសុខ​ផ្ទៃក្នុង​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី៩ ខែ​មករា។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ភា រិន សរសេរ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា នេះ​ជា​រឿង​ពិត​ដែល​បាន​កើតឡើង​រួចហើយ ម្តេច​ក៏​ទៅជា​ញុះញង់​ទៅវិញ បើ​ខ្លាច​គេ​ថា ខ្លួន​អាក្រក់ សូម​ធ្វើ​ល្អ​ទៅ។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ហេង សុខវេង (Heng Sok Veng) បញ្ចេញ​ទស្សនៈ ឬ Comments ជុំវិញ​ករណី​នេះ​ដែរ​ថា បទ​ចម្រៀង​ឈាម​បាតុករ​នេះ​ចាក់​ចំ​ដំបៅ​ដែល​ឈឺ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ លាង អូនចិត្រ (Leang Aun Chhit ) សំដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​បែបនេះ​ថា​៖ អូ​! ដល់​ថ្នាក់​ហ្នឹង​ផង ? អន់​ម្ល៉េះ គ្រាន់តែ​ចម្រៀង​ខ្លាច​ដល់​ថ្នាក់​ហ្នឹង​...?

ចំណែក ម្ចាស់​គណីនី​ហ្វេសប៊ុក ឈ្មោះ ខ្មែរ ម្ចាស់​ប្រទេស បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿង​នេះ ដោយ​ដាក់​ជា​សំណួរ​ថា​៖ តើ​ហេតុអ្វី​ក៏​អស់លោក​ខ្លាច​ស្រមោល​ខ្លួនឯង​យ៉ាង​ដូច្នេះ​! តើ​សកម្មភាព​និង​រូបភាព​ទាំងនោះ​អ្នកណា​ជា​អ្នក​ប្រព្រឹត្តិ​? តើ​ជា​ទង្វើ​របស់​ក្រុម​ណា ទើប​បាន​ជា​លោក​ថា​ខូច​សណ្ដាប់ធ្នាប់​សង្គម​ទៅវិញ​? តើ​អ្នក​ដែល​ប្រព្រឹត្តិ​នោះ​ជា​អ្នក​បង្ក​អសន្តិសុខ​ដែរឬទេ?

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ប៉ែន ឡុងហៃ (Pen Longhai) បាន​សរសេរ​ឆ្លើយតប​នឹង​ករណី​នេះ​ដែរ​ថា «​អ៊ីចឹង​វិញ​មើលឃើញ​លឿន​ណាស់ ចំពោះ​អ្នក​មាន​អំណាច​មួយ​ចំនួន​វិញ យក​ដី ធ្វើបាប​ប្រជាជន លុប​បឹង សមុទ្រ កាប់​ព្រៃឈើ នឹង​អំពើពុករលួយ​ជាច្រើន​ទៀត មើល​មិន​ឃើញ​សោះ​ ...»?

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ អា​ញ៉ា (Ah Nha ) បញ្ចេញ​ទស្សនៈ​ដោយ​ដាក់​ជា​សំណួរ​ថា ឱ្យ​គេ​លុប​ចំរៀង​ហ្នឹង ចុះ​រឿង​អយុត្តិធម៌​រយៈពេល​៩​ឆ្នាំ​កន្លង​មក​ហ្នឹង ពេលណា​បាន​ផ្តល់​ដល់​ជនរងគ្រោះ​..?

ជាមួយ​គ្នា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ប្រុស សាមញ្ញ បាន​បន្ទរ​ថា ជន​ផ្តាច់​ការ​ខ្លាច​ការពិត។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សុភត្តិ កែវ បញ្ចេញ​ទស្សនៈ យល់​ឃើញ​ដែរ​ថា ប៉ះ​មិន​បានទេ ពួក​មនុស្ស​ខ្លាច​ស្រមោល​ខ្លួនឯង។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ឈ្មោះ វណ្ណ ធឿន (Vann Thoeurn) មាន​មតិ​យល់ឃើញ​ដែរ​ថា ស្អី​ក៏​ចោទ​បាន ធ្វើ​អ្វី​មិន​ពេញចិត្ត ដាក់​ទោស បើ​ច្រៀង​លើកជើង​វិញ​ទើប​ល្អ។

លោក សុភត្តិ កែវ ដាក់​ជា​សំណួរ​ថា អស់​លោក​ថ្នាក់ដឹកនាំ ? បើ​ខ្លួន​ធ្វើ​ខុស រាស្ត្រ​ច្រៀង​រៀបរាប់​ការពិត គឺ​បំពុល​សង្គម បង្ក​អសន្តិសុខ​សង្គម បើ​ច្រៀង​លើកជើង​លើកដៃ​វិញ ច្បាប់​ថា​ល្អ​ណាស់​មិន​ខុស នេះ​ឬ​ប្រទេស​ប្រជាធិបតេយ្យ?

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត ឈ្មោះ ពៅ ដារា (Pov Dana) ថា គ្រាន់តែ​គ្នា​ច្រៀង​ក៏​ខុស​ដែរ នេះ​ឬ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ?

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ឈ្មោះ ហេង ណា​លីន (Heng Nalin) បន្ទរ​ថា អ៊ីចឹង​ហើយ គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ..!

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ផ្សេងទៀត បាន​ផុស​រូបគំនូរ​ថ្លុក ហាក់​ចង់​បង្ហាញ​ទិដ្ឋភាព​ពីរ​រវាង​អ្នក​ច្រៀង​ចម្រៀង ឈាម​បាតុករ និង​អ្នក​វាយ​បំផ្លាញ​ចេតិយ​បុរាណ​អាយុប្រមាណ ១​រយ​ឆ្នាំ​(១២៣​ឆ្នាំ​)​ក្នុង​វត្តបទុមវតី រាជធានី​ភ្នំពេញ​កាល​ពី​ពេល​ថ្មី​នេះ ថា​អ្នកណា​ពិតប្រាកដ ជា​អ្នក​អុចអាល បំពុល​សង្គម ដែល​ត្រូវ​ចាប់ខ្លួន​នោះ?

ទស្សនៈ​ចុងក្រោយ ដែល​ខ្ញុំបាទ​លើក​យក​មក​បង្ហាញ​ពេលនេះ គឺ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សាម៉េត ណយ (Samet Noy) បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា៖ សន្តិភាព​ក្នុង​សង្គម​ខ្មែរ​ក្នុង​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធ​និយាយ​ការពិត និង​គ្មាន​សិទ្ធ​រិះគន់​នូវ​ទង្វើ​អាក្រក់ របស់​ជន​អាក្រក់​ឡើយ។ ជាពិសេស​ទៅទៀត គឺជា​សង្គម​មួយ​ដែល​អមនុស្សធម៌ និង​អយុត្តិធម៌​ជាទីបំផុត ចំពោះ អ្នក​ហ៊ាន​និយាយ​ការពិត​ជាក់ស្ដែង​ក្នុង​ការ​រស់នៅ​ក្នុង​រប​ប​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។