ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ផ្អាក​តវ៉ា​ដាក់​ញត្តិ​នៅ​សប្តាហ៍​នេះ ដោយ​សារ​ចំ​ថ្ងៃ​បុណ្យ​ជាតិ

ក្រុមគ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​ផ្អាក​ការ​តវ៉ា និង​​ដាក់​ញត្តិ ​នៅថ្ងៃសុក្រ​ ទី ១៨មិថុនានេះ ដោយ​សារ​តែចំថ្ងៃបុណ្យ​ចម្រើន​ព្រះជន្ម​សម្តេចម៉ែ ដែល​ជា​ពិធី​បុណ្យ​ជាតិ។ ពួក​គាត់​គ្រោង​បន្ត​សកម្មភាព​ទាម​ទារ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​បន្ត​ទៀត​នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​ក្រោយ។

ប្រពន្ធ​មន្ត្រីបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ លោក កាក់ កុម្ភារ គឺលោក​ស្រី ព្រុំ ចាន់ថា ឱ្យដឹងថា ពួក​លោក​ស្រី​មិន​ទាន់​សម្រេច​ថា នឹងដាក់​ញត្តិ​ទៅ​​ស្ថាន​ទូត​មួយ​ណា​ទៀត​នៅ​ឡើយ​ទេ ដោយ​រង់​ចាំជជែក​​គ្នា​ជាមុន​សិន។ ប៉ុន្តែ​លោក​ស្រី​បញ្ជាក់​ថា ពួក​លោក​ស្រី​នឹង​បន្ត​​តវ៉ាដោយ​សន្តិវិធី និង​ដាក់​ញត្តិទៅ​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ ដើម្បី​ជួយ​​រក​យុត្តិធម៌ជូន​ក្រុម​គ្រួសារបន្ត​ទៀត ទោះជា​កន្លង​មក​មាន​ការ​តាម​យាយី​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ណាក្តី « យើង​ត្រូវ​ ស៊ូ​ទៅមុខ ដើរ​ទៅមុខ​ទៀត។ បើ​ពួក​ខ្ញុំ​មិន​ងើប គ្មាន​អ្នក​ណា​មក​ជួយ​ងើប​ខ្ញុំ​ទេ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ងើប​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​ថា របប​មួយ​ហ្នឹង​គឺ​របបផ្តាច់​ការ​ ហើយ​ជិះជាន់​ ទៅ​លើ ​ប្រជាពលរដ្ឋ​ ហើយ​ជាពិសេស​គឺ​ អ្នក​នយោបាយ សកម្មជន​នយោបាយ​សង្គ្រោះជាតិ​តែម្តង និយាយ​រួម​ទៅ​បក្ស​សង្គ្រោះជាតិ​តែ​ម្ដង។ រំលាយ​គេ​ហើយ ចាប់​ប្ដី​គេ​ដាក់​ពន្ធនាគារ​ដោយ​ឥត​កំហុស​ទៀត »

ក្រុម​ស្ត្រី​ថ្ងៃសុក្រ​បាន​ចាប់​ផ្តើម​សកម្មភាព​តវ៉ា​ដាក់​ញត្តិ​​ជាថ្មីឡើង​វិញ កាល​ពី​ចុង​ខែ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​គ្រួសារ​ពួកគាត់​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។ មក​ដល់​ពេល​នេះ ពួក​គាត់​បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​បាន​ចំនួន​ ៣​កន្លែង​ហើយ រួម​មាន ​ស្ថាន​ទូតសហរដ្ឋ​អាមេរិក ការិយាល័យឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និត​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

ញត្តិ​ដែល​ពួក​គាត់​ដាក់​ជូន​ស្ថាប័ន​ទាំងនោះមាន​ខ្លឹមសារ​ដូចគ្នា គឺ​ពួក​គាត់បង្ហាញ​ពី​ក្តី​បារម្ភ​អំពី​សុខភាព​ប្តី ប្រពន្ធ ឪពុកម្ដាយ និង​បងប្អូន​ញាតិ​មិត្ត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ បន្ទាប់​ពីជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ ហើយ​ពួកគាត់​បាន​ដាច់​ការ​ទាក់ទងគ្នា​​ជាង ៣ខែ​មក​ហើយ។ ពួក​គាត់​អំពាវនាវ​ដល់​ស្ថាន​ទូត និង​​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ ​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ពួក​គាត់​សន្យា​ថា នឹង​គោរព​តាម​នីតិវិធី​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។