គ្រួសារសកម្មជនសង្គមថា រដ្ឋាភិបាលគួរតែដោះលែងសាច់ញាតិពួកគាត់ឱ្យមានសេរីភាពឡើងវិញ
2024.09.16
គ្រួសារសកម្មជនសង្គមដែលកំពុងជាប់ឃុំទទូចឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមទាំងអស់នោះឱ្យមានសេរីភាព និងបញ្ឈប់យកគុកច្រវាក់ដាក់សម្ពាធឱ្យពួកគាត់សុំទោសរដ្ឋាភិបាលជាថ្នូរនឹងការដោះលែង។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព និងដោះលែងយុវជនសង្គមទាំងអស់ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌពីព្រោះពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។
គ្រួសារយុវជនសង្គមលើកឡើងថា ការចាប់ខ្លួនសកម្មជនសង្គមដាក់ពន្ធនាការដោយអយុត្តិធម៌ និងតាមទំនើងចិត្ត រួចក្រោយមកបង្ខំឱ្យពួកគាត់ធ្វើលិខិតសុំទោសទទួលស្គាល់កំហុសគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូច្នេះរដ្ឋាភិបាលគួរតែដោះលែងពួកគាត់ទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
ឪពុកកញ្ញា រៀម ស្រីពេជ្ររតនា គឺលោក ជិន សារូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកញ្ញា ថា លោកបានទៅជួបសួរសុខទុក្ខកូនស្រីលោកកាលពីសប្ដាហ៍មុនហើយកូនស្រីលោកនៅតែមានឆន្ទៈមោះមុត និងមានស្មារតីរឹងមាំដដែល។ លោកបន្តថា កូនស្រីលោកមិនបានប្រព្រឹត្តអំពើខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយដូច្នេះ កូនស្រីលោកនៅមានគោលជំហរមិនសុំទោសដាច់ខាត។
លោក ជិន សារូ៖ «ឱ្យបានចេញមករៀនសូត្រអីមកវិញមកគាត់ថា គាត់មិនខុសអីផងមានតែទទូចសុំអង្វររដ្ឋាភិបាលឱ្យកូនបានចេញមកឆាប់បានរៀនណាមួយវាតូចផងណាមួយសុខភាពគាត់វាមិនសូវល្អ។ រតនាគាត់ឧស្សាហ៍ឈឺ អ៊ីចឹងមានតែសុំតែឱ្យរដ្ឋាភិបាលជួយដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញមក»។
ដោយឡែកម្ដាយរបស់បុគ្គលិកនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ ថា YRDPអ្នកស្រី សាក់ កន្និការ គឺលោកស្រី ភិន សុវណ្ណនី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃទី១០ ខែកញ្ញា ថា លោកស្រីនឹករលឹកដល់កូន និងឈឺចាប់ដែលមិនអាចជួយកូនស្រីបាន។
ការលើកឡើងរបស់គ្រួសារសកម្មជនសង្គមនេះ ធ្វើឡើងក្រោយពេលដែលយុវជនសកម្មការងារសង្គមម្នាក់គឺ កញ្ញា កាត់ ស៊ីណាត កាលពីថ្ងៃទី១៥ ខែកញ្ញា ត្រូវបានអាជ្ញាធរដោះលែងជាបន្តបន្ទាប់នៅពេញដែលកញ្ញាយល់ព្រមធ្វើវីដេអូសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកគឺ លោក ហ៊ុន សែន ហើយចុះចូលជាមួយគណបក្សកាន់អំណាច ព្រមទាំងនិយាយទម្លាក់កំហុសទៅលើសកម្មជនបរិស្ថានថា ជាអ្នកញុះញង់ឱ្យកញ្ញាចូលរួមបាតុកម្មទម្លាក់រដ្ឋាភិបាល។
ទាក់ទងរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនបានបង្ខំ ឬដាក់សម្ពាធទៅសកម្មជនសង្គមឱ្យចុះចូល និងសុំទោសលោក ហ៊ុន សែន នោះឡើយ។
លោក សុខ ឥសាន៖ «បើថាគាត់ចុះចូលហើយអាហ្នឹងគាត់ធ្វើលិខិតស៊ីញេខ្លួនគាត់អាហ្នឹងកុំបន្ទោសគេថា គេបង្ខិតបង្ខំអាហ្នឹងខ្លួនអ្នកស៊ីញេមានអ្នកធ្វើជំនួសយើងអ្នកស៊ីញេ»។
សមត្ថកិច្ចបានចាប់ខ្លួនយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៥នាក់ និងយុវជននៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនហៅកាត់ថា YRDP ចំនួន២នាក់ ហើយនិងយុវជនសង្គមម្នាក់ទៀតយកទៅឃុំនៅពន្ធនាគារព្រៃស និងខ្លះទៀតយកដាក់នៅពន្ធនាគារខេត្តកណ្ដាល។ តុលាការបានចោទប្រកាន់យុវជនចំនួន ៧នាក់រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និងអ្នកស្រី សាក់ កន្និការ ពីបទ«រួមគំនិតក្បត់»។ ចំណែកឯ កញ្ញា សើន ស្រម៉ៃ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់»។ ទោះជាយ៉ាងណាអ្នកទាំង៨នាក់នេះមិនបាននិយាយរិះគន់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍហៅកាត់ថា CLV-DTA នោះទេ ប៉ុន្តែពួកគាត់បែរជាត្រូវបានអាជ្ញាធរ ចាប់ខ្លួនដោយគ្រាន់តែបង្ហោះសារបណ្ដាញសង្គមរឿងអយុត្តិធម៌សង្គម និងទាមទារឱ្យអាជ្ញាធរដោះលែងមិត្តភ័ក្ដិរបស់គាត់។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ការចាប់សកម្មជនសង្គម បរិស្ថាន និងនយោបាយកន្លងមកគឺដោយសារកត្តាបញ្ហាវិវាទរវាងអ្នកនយោបាយ ហើយពួកគាត់នឹងត្រូវដោះលែងឱ្យមានសេរីភាពករណីមានការផ្សះផ្សាជាតិ។ លោក អំ សំអាត ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមទាំងអស់ឱ្យមានសេរីភាពដើម្បីស្ដារប្រជាធិបតេយ្យ និងកែលំអប្រព័ន្ធយុត្តិធម៌ឡើងវិញ។
លោក អំ សំអាត៖ «នៅពេលមានតែការចរចាស្វែងរកដំណោះស្រាយនយោបាយផ្នែកនយោបាយយើងឃើញថា សកម្មជននយោបាយ អ្នកនយោបាយ ឬសកម្មជនសិទ្ធិមនុស្ស បរិស្ថាន ឬសកម្មជនសង្គមហ្នឹងមានការដោះលែងឱ្យនៅក្រៅឃុំ ឬមានការលើកលែងទោស ឬក៏មានការលើកលែងការចោទប្រកាន់អីជាដើមអ៊ីចឹងទិដ្ឋភាពពីរហ្នឹងគឺវាខុសគ្នា»។
គ្រួសារសកម្មជនសង្គម អង្គការជាតិ និងអន្តរជាតិតែងតែស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំមនសិការ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធធ្វើទុក្ខបុកម្នេញលើសកម្មជនសង្គមតទៅទៀត ហើយងាកមកគោរពសិទ្ធិមនុស្ស និងដើរតាមគន្លងប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។