ក្រុម​គ្រួសារ​បញ្ជាក់​ថា ពលការិនី ជ្រុន សុខគា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត មិនមែន​មាន​សុវត្ថិភាព​ដូច​ក្រសួង​ការងារ​អះអាង​នោះ​ឡើយ

ដោយ មាន ឫទ្ធិ
2024.08.07
ក្រុម​គ្រួសារ​បញ្ជាក់​ថា ពលការិនី ជ្រុន សុខគា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត មិនមែន​មាន​សុវត្ថិភាព​ដូច​ក្រសួង​ការងារ​អះអាង​នោះ​ឡើយ លោកស្រី ជ្រុន សុខគា ពលការិនី​ម្នាក់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ដែល​គ្រួសារ​អះអាង​ថា បាន​ដាច់ការទាក់ទង​គ្នា​ជិត ២ខែ។
រូប៖ ពីពលរដ្ឋ

ក្រុម​គ្រួសារ​ពលការិនី​ម្នាក់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) គឺ​លោកស្រី ជ្រុន សុខគា ឱ្យ​ដឹង​ថា លោកស្រី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក រង​ការ​រឹតត្បិត​ពី​សំណាក់​ថៅកែ និង​មិន​អាច​ទាក់ទង​សាច់ញាតិ​បងប្អូន​ជា​ប្រចាំ​ដូច​ក្រុមហ៊ុន ហ្វាទីណា មែនផៅវ័រ (Fatina Manpower) និង​ក្រសួង​ការងារ​ប្រកាស​នោះ​ទេ។

ប្តី​ពលការិនី​លោកស្រី ជ្រុន សុខគា គឺ​លោក នេត សុផល ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែសីហា ថា លោក និង​ម្ដាយ​លោកស្រី ជ្រុន សុខគា ដែល​មាន​វ័យ​ចំណាស់ ពិបាកចិត្ត​ព្រោះ​ទន្ទឹង​រង់ចាំ​ផ្លូវ​លោកស្រី ជ្រុន សុខគា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក នេត សុផល បញ្ជាក់​ទៀត​ថា កាល​មួយ​រយៈ​មុន ទោះ​បី​លោកស្រី ជ្រុន សុខគា អាច​ទាក់ទង​មក​ក្រុម​គ្រួសារ​បាន ប៉ុន្តែ​មិន​អាច​និយាយ​តាម​ទូរស័ព្ទ​បាន​យូរ​នោះ​ទេ ដោយសារ​តែ​ថៅកែ​គំរាម និង​ដក​ហូត​ទូរស័ព្ទ​វិញ។ លោក​ឱ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ត្រូវ​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការងារ និង​ស្នើ​ឱ្យ​ជួយ​បញ្ជូន​ចេញ​ពី​ផ្ទះ​ថៅកែ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​ថា មន្ត្រី​ស្ថានទូត និង​មន្ត្រី​ក្រសួង​ការងារ មិន​ទាន់​បាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​លោកស្រី ជ្រុន សុខគា ចេញ​ពី​ផ្ទះ​ថៅកែ​នៅ​ឡើយ​ទេ។

លោក នេត សុផល៖ «តាម​បាត់​ដំណឹង​គាត់​បាត់​យូរ​ដែរ​ហើយ ដូច​និយាយ​អ៊ីចឹង គឺ​ទូរស័ព្ទ​ត្រូវ​ថៅកែ​ដក​អត់​ឱ្យ​តេ (Call) មក​ផ្ទះ តាំង​ពី​ទៅ​ម្ល៉េះ​ទូរស័ព្ទ ១ខែ ឬ ១ខែ​ជាង​បាន​គាត់​បាន​ទាក់ទង​មក​អ៊ីចឹង។ ខ្ញុំ​បាន​សួរ​ឱ្យ​ក្មួយ​ទៅ​សួរ​ក្រសួង​ការងារ​ គាត់​ថា បាន​ដោះស្រាយ​ឱ្យ​មក​វិញ​ហើយ​។ ខ្ញុំ​ចេះ​តែ​ចាំ​មើលៗ​ រហូត​អ៊ីចឹង។ ណា​មួយ​គាត់​ធ្វើ​ការ​នៅ​ទីនោះ​វា​ពិបាក។​ និយាយ​រួម​ទៅ​ គាត់​តេ​មក​ម្ដងៗ ​យំ​រហូត ហើយ​គាត់​ប្រាប់​ថា ការងារ​គាត់​ពិបាក​ខ្លាំង​ណាស់។ ទូរស័ព្ទ​គេ​អត់​មាន​ឱ្យ​តេ​មក​ផ្ទះ​ទេ សូម្បី​តែ​រូប​ចង់​ថត​ផ្ញើ​មក ក៏​គេ​លុប​បាត់​ដែរ​។ គេ​អត់​ឱ្យ​បាន​ទាក់ទង​មក​អ៊ីចឹង»

ប្រតិកម្ម​របស់​ក្រុម​គ្រួសារ​ពលករ​ដែល​កំពុង​ជាប់​ក្នុង​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បែប​នេះ កើតឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ហ្វាទីណា មែនផៅវ័រ និង​មន្ត្រី​ក្រសួង​ការងារ​អះអាង​ថា ពលការិនី ជ្រុន សុខគា តែងតែ​ទាក់ទង​សាច់​ញាតិ​ក្រុម​គ្រួសារ​ជា​ប្រចាំ និង​ពុំ​មាន​ការ​បាត់​ដំណឹង​នោះ​ទេ។

ក្រុមហ៊ុន ហ្វាទីណា មែនផៅវ័រ កាលពីថ្ងៃទី៦ ខែសីហា ប្រកាស​តាមរយៈ​ទំព័រ​ហ្វេកប៊ុក (Facebook) របស់​ខ្លួន​ថា ពលការិនី ជ្រុន សុខគា បាន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ថ្ងៃទី៨ ខែមករា ប៉ុន្តែ​បន្ទាប់​មក​ក៏​បាន​ស្នើ​វិល​ត្រឡប់​មក​កម្ពុជា។ ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​នេះ ក៏​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ក្នុង​ពេល​រង់ចាំ​នីតិវិធី​ត្រឡប់​មក​កម្ពុជា លោកស្រី ជ្រុន សុខគា កំពុង​ស្នាក់​នៅ​តំបន់​អាប់ហា (Ahba) ក្រោម​ការ​ទទួល​ខុសត្រូវ​ដោយ​ក្រុមហ៊ុន ប៊ីអេប៊ី (BAB) និង​តែងតែ​ទាក់ទង​ក្រុម​គ្រួសារ និង​ភាគី​ដែល​ជា​អ្នក​សម្របសម្រួល​ជា​ប្រចាំ​ផង​ដែរ។

ចំណែក​ឯ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន អះអាង​ដែរ​ថា ពលការិនី ជ្រុន សុខគា កំពុង​ធ្វើ​ការ​នៅ​ខេត្តអាប់ហា ហើយ​កាល​ពី​សប្ដាហ៍​មុន ពលការិនី​រូប​នេះ​ក៏​បាន​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ​សួរនាំ​ពី​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ​ដែរ។

ផ្ទុយ​ពី​ការ​អះអាង​នេះ ប្តី​ពលការិនី​លោកស្រី ជ្រុន សុខគា គឺ​លោក នេត សុផល បញ្ជាក់​ថា មក​ទល់​ពេល​នេះ អស់​រយៈពេល​ជិត ២ខែ​មក​ហើយ​ ដែល​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​អាច​ទាក់ទង​សួរ​សុខទុក្ខ​លោកស្រី ជ្រុន សុខគា បាន​នៅ​ឡើយ។

លោក នេត សុផល៖ «ជិត ២ខែ​ហើយ អត់​បាន​ទាក់ទង​គាត់​ទេ។ ចេះ​តែ​នៅ​ដល់​សព្វ​ថ្ងៃ​ហ្នឹង​ទៅ ហើយ​ណា​មួយ​គាត់​មាន​បញ្ហា​ជាមួយ​ថៅកែ​ផង គាត់​ជជែក​គ្នា ឈ្លោះ​គ្នា​ជាមួយ​ថៅកែ កាល​ហ្នឹង​ខាង​ក្រសួង​ការងារ គាត់​ប្តូរ​មក​នៅ​ក្រុមហ៊ុន​ហើយ យក​ចេញ​ពី​ផ្ទះ​ថៅកែ​ហ្នឹង​ហើយ យក​អ្នក​ទៅ​ប្ដូរ តែ​អ្នក​ទៅ​ប្ដូរ​ឱ្យ​គាត់​មក​ហ្នឹង​ថៅកែ​ផ្ទះ​ហ្នឹង​មិន​ព្រម ឱ្យ​អ្នក​មក​ប្ដូរ​ទៅ​វិញ ថៅកែ​គាត់​ទុក។ ខ្ញុំ​ចេះ​តែ​ព្រួយ​គាត់ និង​ស្នើ​ទៅ​ក្រសួង ឬ​លោកពូ​ស្ថានទូត​ជួយ​ដោះស្រាយ​ជួយ​ឱ្យ​គាត់​បាន​វិល​មក​ផ្ទះ។ ឥឡូវ ក៏​ទាក់ទង​គាត់​អត់​បាន​ដដែល​ហ្នឹង ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច ហើយ​ខាង​ក្រុមហ៊ុន ខាង​ក្រសួង​ការងារ​គាត់​ថា ដោះស្រាយ​ឱ្យ​ហើយ​តែ​ឱ្យ​ចាំ​តិចៗ អ៊ីចឹង​ទៅ​ចេះ​តែ​បន្លាយ​មក​រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង»

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អគ្គនាយក​ក្រុមហ៊ុន ហ្វាទីណា ម៉ាន តើរ៉មីហ្សី (Man Teramizy) ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នោះ​ទេ​នៅ​ថ្ងៃ​ទី៧ ខែសីហា។

ទោះ​ជា​យ៉ាង​ណា ក្នុង​ពេល​កន្លង​ទៅ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសអេហ្ស៉ីប (Arab Republic of Egypt) និង​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត លោក អ៊ុក សារុន បាន​ស្នើ​ដល់​ក្រសួង​ការងារ ឱ្យ​រឹត​បន្តឹង និង​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​លើ​ពលករ​ណា​ដែល​បន្ត​ហ៊ាន​និយាយ​ជុំវិញ​រឿងរ៉ាវ​ពលករ​ខ្មែរ​ដែល​ជួប​ការ​លំបាក​ក្នុង​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ជុំវិញរឿងនេះ នាយក​ទទួល​បន្ទុក​កិច្ច​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សុវត្ថិភាព​ពលករ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​សំខាន់ ហើយ​នៅ​ពេល​ពលករ​ជួប​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព មន្ត្រី​ស្ថានទូត​ត្រូវ​មាន​កាតព្វកិច្ច និង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលករ។

លោក អំ សំអាត៖ «នេះ​គឺជា​រឿង​សំខាន់ និង​ជា​ការ​ទទួល​ខុសត្រូវ ពីព្រោះ​យើង​ដឹង​ហើយ​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មិន​ថា​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ឬ​ប្រទេស​ណា​ផ្សេង​ទៀត​ទេ គឺ​ពឹងផ្អែក​លើ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល ដើម្បី​ជួយ​ដល់​ពួកគាត់​ដល់​ឱ្យ​ទាន់​ពេលវេលា​ក្នុង​ការ​ការពារ​សុវត្ថិភាព​ពួកគាត់។ អ៊ីចឹង​ប្រសិន​មាន​ព័ត៌មាន​ពលករ​ណា​ដែល​គាត់​រងគ្រោះ ឬ​ជួប​បញ្ហា​ទាក់ទង​ដល់​សុវត្ថិភាព អា​ហ្នឹង​ត្រូវតែ​ខ្នះខ្នែង និង​ស្វះស្វែង ដើម្បី​មក​ជួយ​ដល់​ពួកគាត់ យើង​មិន​អាច​អូស​បន្លាយ ឬ​ព្រងើយ​កន្តើយ​ទាក់ទង​សន្តិសុខ សុវត្ថិភាព​របស់​ពលករ​បាន​ទេ»

ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា មែនផៅវ័រ គឺជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការងារ និង​បាន​នាំ​ពលករ​ភាគច្រើន​ជា​ស្ត្រី​ចំនួន​ប្រមាណ ១៣៣នាក់ ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ដើម​ឆ្នាំ២០២៤។ ប៉ុន្តែ ពេល​ក្រុម​ពលករ​ទៅ​ដល់ និង​បាន​បម្រើ​ការងារ​ក្នុង​ប្រទេស​នេះ​ភាគច្រើន​ជួប​ការ​លំបាក​ដោយ​ពួកគេ​អះអាង​ថា ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ពុំ​ផ្ដល់​អាហារ​ឱ្យ​ហូប​ចុក​គ្រប់គ្រាន់ និង​ដក​ទូរស័ព្ទ​ជាដើម ទើប​ពួកគាត់​តវ៉ា​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១ និង​ថ្ងៃ​ទី៥ ខែសីហា មាន​ពលករ​ចំនួន ២៦នាក់​បន្ថែម​ទៀត​ បាន​វិល​ត្រឡប់​ដល់​កម្ពុជា​វិញ ក្រោម​ការ​ជួយ​អន្តរាគមន៍​របស់​ក្រសួង​ការបរទេស​កម្ពុជា មន្ត្រី​ស្ថានទូត និង​ភាគី​ពាក់ព័ន្ធ។ ក្រសួង​ការងារ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ មាន​ពលករ​ចំនួន ១០៤នាក់​ហើយ​ត្រូវ​បាន​សម្របសម្រួល​ជួយ​សង្គ្រោះ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សង្គមស៊ីវិលបារម្ភថា កសាង​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជាង ២០ខេត្ត/ក្រុង ជា​និមិត្ត​រូប​បំបែក​បំបាក់​សាមគ្គី​ខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។