កសិករ​មាន​បញ្ហា​ដីធ្លី​រៀន​របៀប​សរសេរ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​របស់​ពួកគេ​តាម​បណ្ដាញ​សង្គម

0:00 / 0:00

តំណាង​កសិករ​មាន​បញ្ហា​ដីធ្លី​មកពី​បណ្ដា​ខេត្ត​ចំនួន​៥ បាន​ជួបជុំគ្នា​នៅ​ខេត្ត​ស្វាយរៀង ដើម្បី​រៀន​ពី​របៀប​សរសេរ​ព័ត៌មាន និង​ការប្រើប្រាស់​បណ្ដាញ​សង្គម ក្នុង​គោលបំណង​ផ្សព្វផ្សាយ​បញ្ហា ឬ​ការ​លំបាក​របស់​ពួកគេ​ដើម្បី​ឱ្យ​រដ្ឋាភិបាល អ្នក​ពាក់ព័ន្ធ ឬ​សាធារណជន​បាន​ដឹង និង​ជួយ​ដោះស្រាយ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​សិក្សា​សរសេរ​ព័ត៌មាន​របស់​ពលរដ្ឋ​នឹង​អាច​ពាំនាំ នូវ​កង្វល់​របស់​គេ​បញ្ជូន​ចេញ​ក្រៅ​សហគមន៍​របស់​ពួកគេ។

កសិករ​មាន​បញ្ហា​ដីធ្លី​កំពុង​វិវឌ្ឍ​ខ្លួន​ទៅជា​អ្នកសារព័ត៌មាន​សហគមន៍ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​របស់​ពួកគេ​ទៅកាន់​អ្នក​ពាក់ព័ន្ធ ឬ​អ្នកសារព័ត៌មាន​អាជីព​ដើម្បី​ឱ្យ​ផ្សព្វផ្សាយ​បន្ត​នូវ​ទុក្ខ​លំបាក ឬ​រឿងរ៉ាវ​ដែល​ពួកគេ​ជួបប្រទះ។ ការ​រៀនសូត្រ​ដើម្បី​ទទួល​បាន​ចំណេះ​ខាង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ កើតឡើង​ស្រប​ពេល​ដែល​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង​ការ​រិះគន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ដែល​រៀបចំ​ឱ្យ​មាន​វគ្គ​សិក្សា​ពី​របៀប​សរសេរ​ព័ត៌មាន​នេះ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា លោក​បាន​អញ្ជើញ​អ្នក​​ជំនាញ​ផ្នែក​សារព័ត៌មាន និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា មក​បង្រៀន​ពលរដ្ឋ​។ លោក​បន្ត​ថា វគ្គ​សិក្សា​ផ្នែក​សារព័ត៌មាន​នេះ​មាន​គោលបំណង បណ្ដុះបណ្ដាល​ពលរដ្ឋ​ឱ្យ​ចេះ​រៀប​សរសេរ​ព័ត៌មាន​បឋម និង​រៀន​ប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​មាន​សុវត្ថិភាព ពិសេស​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​កុំ​ឱ្យ​ប្រឈម​នឹង​ផ្លូវច្បាប់​ចៀសវាង​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ៖ «ធ្វើ​ម៉េច​ឱ្យ​ពួកគាត់​ក្លាយ​ជា​អ្នកសារព័ត៌មាន​សហគមន៍​អាច​រាយការណ៍​ព័ត៌មាន អាច​បញ្ជូន​ព័ត៌មាន​ពី​មូលដ្ឋាន​មក​អ្នក​សារព័ត៌មាន​អាជីព ឬក៏​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​តែម្ដង»។

អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កសិករ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តំណាង​កសិករ​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​ដែល​រយៈ​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី៤ ដល់ ថ្ងៃ​ទី​០៥ ខែ​ធ្នូ មាន​កសិករ​មកពី​ខេត្ត​ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ស្ពឺ​។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​មានការ​ចាប់អារម្មណ៍​ពី​ការសិក្សា​នេះ ហើយ​អង្គការ​របស់​លោក​នឹង​បង្រៀន​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ជា​បន្ត​ទៀត​។

​កសិករ​ម្នាក់​មកពី​ខេត្ត​កំពង់ស្ពឺ លោក សឹង សុខុម ឱ្យ​ដឹង​ថា ពេលនេះ​លោក​អាច​សរសេរ​ព័ត៌មាន​ខ្លីៗ​ពី​ហេតុការណ៍ ឬ​បញ្ហា​ដែល​សហគមន៍​លោក​កំពុង​ជួបប្រទះ​ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។ ឱ្យ​លោក​ដឹង​ទៀត​ថា ក្រៅពី​របៀប​សរសេរ​ព័ត៌មាន​លោក​ក៏​ចេះ​រៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ចំនួន​ទៀត​រួមមាន ៖ ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និង​វ័តអាប់ (WhatsApp) ជាដើម ដើម្បី​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​នូវ​ដំណឹង​ពី​សហគមន៍​លោក​ទៅកាន់​សាធារណជន៖ «យើង​សរសេរ​ខ្លីៗ​ថា​យើង​កើតហេតុ​នៅ​កន្លែង​ណា ពេលវេលា​ណា​អីចឹង និយាយ​រួម​យើង​អាច​សរសេរ​បាន​ប្រើ»។

រីឯ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់ទៀត​មកពី​ខេត្ត​ព្រះសីហនុ លោក ហ៊ី រ៉ា ឱ្យ​ដឹង​ថា ពេលនេះ​លោក​បាន​ប្រមូល​គ្នា​ចងក្រង​ជា​ក្រុម​ជាមួយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី អ្នកសារព័ត៌មាន សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​នានា​។ លោក​រំពឹង​ថា នៅ​ពេល​សហគមន៍​លោក​ជួប​បញ្ហា​រំលោភបំពាន​ដីធ្លី​និង​បញ្ហា​កសិផល​គ្មាន​ទីផ្សារ​លោក​នឹង​អាច​ផ្សព្វ​ផ្សាយដំណឹង​នោះ​ទៅកាន់​អ្នក​ពាក់ព័ន្ធ​បាន​លឿន​និង​ទូលំទូលាយ​ជាង​មុន៖ «ថ្ងៃក្រោយ​បើ​យើង​មាន​បញ្ហា​អី​មួយ ហើយ​យើង​ចេះ​របៀប​អី​ខ្លួន​ផង​បើ​សិន​មានទុក្ខ​លំបាក​អី​យើង​អាច​រាយការណ៍​បាន»។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និយាយ​ថា ក្រោយ​មាន​ការ​បង្រៀន​ពលរដ្ឋ​ឱ្យ​ក្លាយ​ជា​អ្នកសារព័ត៌មាន​សហគមន៍​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៨ មក​សង្កេត​ឃើញ​ថា ពលរដ្ឋ​មាន​ភាព​វៃ​ឆ្លាត និង​ចេះ​ផ្សព្វផ្សាយ​បញ្ហា​របស់​ពួកគេ​មកកាន់​សាធារណជន​តាម​បណ្ដាញ​សង្គម​។ លោក​ឱ្យ​ដឹង​ទៀត​ថា វគ្គ​សិក្សា​នេះ​ក៏​បង្រៀន​កសិករ​ឱ្យ​ចេះ​កាត់​វីដេអូ​តាម​ទូរស័ព្ទ​ដៃ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។