សមាជិកសភាជាន់ខ្ពស់អូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយអន្ត រាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងមេដឹកនាំសហជីព ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។ មន្ត្រីសហជីព យល់ថា រដ្ឋាភិបាល គួរតែប្រគល់សេរីភាពជូនកញ្ញា ឈឹម ស៊ីថរ ឡើងវិញ ព្រោះការចាប់ឃុំខ្លួនស្ត្រីសហជីពវ័យក្មេងនេះ គ្មានផលចំណេញអ្វីឡើយ ប៉ុន្តែកាន់តែធ្វើឲ្យរដ្ឋាភិបាល ទទួលរងនូវការរិះគន់និងភាពអាម៉ាស់ថែមទៀត។
សមាជិកសភាសហព័ន្ធមកពីគណបក្សពលករដែលកំពុងដឹកនាំរដ្ឋាភិបាល បាន ចេញសេចក្តីថ្លែងការណ៍ពីក្នុងសភាសហព័ន្ធ នៅទីកុ្រងកង់បេរ៉ា (Canberra )នៃប្រទេសអូស្ត្រាលី (Australia) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ពាក់ព័ន្ធនឹងករណីចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world)។
តំណាងរាស្ត្រអូស្ត្រាលីលោក ជូលៀន ហ៊ីល (Julian Hill) បានថ្លែងថា លោក ទើប តែបានជួបទទួលទានកាហ្វេជាមួយកញ្ញា ឈឹម ស៊ីថរ កាលពីមួយសប្តាហ៍មុនពេលដែលនាងមកចូលរួមកិច្ចប្រជុំសហភាពសហជីពអន្តរជាតិ នៅក្នុងទីក្រុងម៉ែលប៊ន (Melbourne) ប៉ុន្តែនាង បែរជាត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ក្នុងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយវិលត្រឡប់ទៅកម្ពុជាវិញ។ លោក ជូលៀន ហ៊ីល ចាត់ទុកថា នេះគឺជារឿងដែលហួសចិត្ត និងជាឧបទ្ទវហេតុថ្មីមួយទៀតនៃរបបជើងកាង លោក ហ៊ុន សែន ក្នុងការវាយប្រហារលើមេដឹកនាំសហជីពដោយ សារតែការបំពេញការងាររបស់ពួកគេ។ លោក សង្កត់ធ្ងន់ថា កញ្ញា ឈឹម ស៊ីថរ គួរតែត្រូវបានដោះលែងជាបន្ទាន់ ហើយវិវាទការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ គួរតែត្រូវបានដោះស្រាយដោយសមរម្យ។ សមាជិកសភាអូស្ត្រាលីជាន់ខ្ពស់រូបនេះ បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវតែក្រោកឈរឡើងជានិច្ច ដើម្បីសន្តិភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៖
«ខ្ញុំពិតជារន្ធត់ចិត្ត ចំពោះការចាប់ឃុំខ្លួនស្ត្រីមេដឹកនាំសហជីពវ័យក្មេង កញ្ញា ឈឹម ស៊ីថរ ដែលរូបលោកទើបតែបានញាំកាហ្វេជាមួយនាង កាលពី ៨ថ្ងៃមុន ក្នុងទីក្រុងម៉ែលប៊ន។ នាងត្រូវបានចាប់ខ្លួនក្រោយចុះពីយន្តហោះ ពេលវិលត្រឡប់ទៅដល់កម្ពុជាវិញ អំពីបទថា នាងបានបំពានបម្រាមតុលាការ ដែលហាមចេញក្រៅប្រទេស។ ការចោទប្រកាន់នេះ វាមិនសមហេតុផលទាល់តែសោះ ព្រោះនាងមិនបានដឹងអំពីលក្ខខណ្ឌនេះឡើយ។ តាមពិត កញ្ញា ឈឹម ស៊ីថរ គឺជាមេដឹកនាំសហជីព បានក្លាយជាគោលដៅនៃការបៀតបឿនជាង ២ឆ្នាំមកហើយ។ នាងត្រូវបានចាប់ខ្លួនម្តងហើយដោយសារក្រោកឈរការពារសិទ្ធិបុគ្គលិករាប់ពាន់នាក់ នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលម្ចាស់ គឺជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ី ដោយគ្រាន់តែស្នើសុំឱ្យទូទាត់ប្រាក់ដំណាច់ត្រឹមត្រូវ និងសុំចូលធ្វើការវិញ សម្រាប់អ្នក ដែលចង់នៅធ្វើការ។ ស៊ីថរ បានមកប្រទេសអូស្ត្រាលី ក្នុងនាមជាប្រតិភូចូលរួមសន្និបាតសហជីពអន្តរជាតិនៅទីក្រុងមែលប៊ន។ នៅទីក្រុងមែលប៊ន នាងមិនបាននិយាយអំពីគម្រោងផ្ដួលរំលំរបបលោក ហ៊ុន សែន ឬមូលធននិយម អំពើពុករលួយនៅកម្ពុជាទេ ស៊ីថរ គ្រាន់តែនិយាយចែករំលែកបញ្ហាប្រឈមរបស់សហជីពជាមួយតំណាងសហជីពផ្សេងៗ នៅទូទាំងពិភពលោក។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ហើយខាងក្រុមហ៊ុនកាស៊ីណូ គប្បីប្រព្រឹត្តឱ្យបានសមរម្យ និងបញ្ចប់វិវាទការងារ ដែលគួរឱ្យអស់សំណើចនេះ។ ខ្ញុំស្នើសុំទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឱ្យធ្វើអ្វីមួយ ដើម្បីលើកអំពីបញ្ហានៅកម្ពុជានេះឡើង»។
ក្រៅពីលោក ជូលៀន ហ៊ីល នេះ តំណាងសហគមន៍ខ្មែរនៅប្រទសអូស្ត្រាលី រួមទាំងតំណាងរាស្ត្ររដ្ឋវិចតូរីយ៉ាដែលមានកំណើតខ្មែរ គឺលោក តាក់ ម៉េងហ៊ាង ក៏រន្ធត់ចិត្ត និងហួសចិត្តចំពោះការចាប់ខ្លួនកញ្ញាឈឹម ស៊ីថរ នេះដែរ ដោយសារពួកគាត់ សុទ្ធតែបានជួបស្វាគមន៍មេដឹកនាំសហជីពរូបនេះ។ ពួកគាត់ គ្រោងនឹងធ្វើពិធីជួបជុំគ្នានៅពេលខាងមុខនេះ ដើម្បីទាមទារយុត្តិធម៌ដល់ កញ្ញា ឈឹម ស៊ីថរ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នក នាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការចេញសេចក្តី ថ្លែងការណ៍របស់សមាជិកសភាអូស្ត្រាលី គឺជាការរួមចំណែកជំរុញឲ្យរដ្ឋាភិបាលពិចារណាដោះលែងកញ្ញា ឈឹម ស៊ីថរ ឡើងវិញ។ លោក បន្តថា ករណីនេះ គឺជា វិវាទការងារ ដែលមិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាការធ្វើបាបលើមេដឹកនាំសហជីពម្តងជាពីរដងនោះទេ ព្រោះទង្វើបែបនេះ គ្មានផលចំណេញអ្វីដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជាឡើយ ។ផ្ទុយទៅវិញ គឺមានតែការរិះគន់ជាបន្តបន្ទាប់ប៉ុណ្ណោះ៖
«ជារួមខ្ញុំថា មិនគួរចាប់ខ្លួនគាត់ទេ បើសិនមិនមាន កំណត់ច្បាស់លាស់ថា មិនឲ្យចេញ ហើយបើសិនជាច្បាស់លាស់ ក៏គាត់មិន ហ៊ានចេញដែរ ។រឿងមួយទៀត ខ្ញុំយល់ថា ករណីនេះ គឺជាករណីវិវាទការងាររ៉ាំរ៉ៃ គួរតែត្រូវបានដោះស្រាយដោយចិត្តទុកដាក់ ព្រោះមានការគិតគូរពីអង្គការអាយលូ (ILO ) សហជីពអន្តរជាតិ អំពីទូតជាច្រើនដូចជាទូតអាមេរិក និងអូស្រ្តាលីជាដើម។ រដ្ឋាភិបាលកម្ពុជា គួរតែដោះស្រាយរឿងនេះឲ្យបានល្អហើយមានយុត្តិធម៌សម្រាប់ កម្មករ ក៏ដូចជាភាគីពាក់ព័ន្ធដើម្បីបង្ហាញដល់កម្មករ ប្រជាពលរដ្ឋ ក៏ដូចជាអន្តរជាតិ គេយល់ឃើញថា វាត្រឹមត្រូវផង ទើបជារឿងល្អ»។
កញ្ញា ឈឹម ស៊ីថរ មានរូបរាងតូចល្អិត សម្បុរស ជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពរូបនេះឡើងវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយកញ្ញាវិលត្រឡប់ពីចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី។តុលាការ ចោទប្រកាន់ថា កញ្ញា ឈឹម ស៊ីថរ មិនគោរពតាមលក្ខខណ្ឌរបស់តុលាការដែលហាមចេញក្រៅប្រទេស ក្រោយពេលដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែមីនាកន្លងមក។ប៉ុន្តែកញ្ញា ឈឹម ស៊ីថរ ប្រាប់មេធាវីថា នាងមិនដែលបានដឹងអំពីលក្ខខណ្ឌរបស់តុលាការនេះទេ ហើយមុនពេលចាកចេញពីកម្ពុជាទៅក្រៅប្រទេសនេះ សមត្ថកិច្ចដែលត្រួតពិនិត្យឯកសារឆ្លងដែន ក៏មិនបានហាមឃាត់កញ្ញាដែរ។ ក្រុមកូដករណាហ្គាវើលដ៍ និងក្រុមអង្គការសិទ្ធិមនុស្ស ចាត់ទុកថា ការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទី២ គឺជាការគំរាមកំហែងនិងដាក់សម្ពាធឲ្យក្រុមកូដករបញ្ឈប់កូដកម្មទាមទារដំណោះ ស្រាយវិវាទការងារ។
ណាហ្គា វើលដ៍ ជាក្រុមហ៊ុនដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ម្ចាស់ក្រុមហ៊ុនបនល្បែងដ៏ធំកណ្តាលទីក្រុងភ្នំពេញមួយនេះ គឺជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ី ឈ្មោះ តាន់ ស្រ៊ី។ នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយកាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គារូបនេះ មានទំនាក់ទំនងជាមួយភរិយា និងកូនៗទាំង៤នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
អ្នកឃ្លាំមើល យល់ថា ទំនងជាដោយសារទំនាក់ទំនងនិងមានផលប្រយោជន៍រួមគ្នា ទើបរដ្ឋាភិបាលលោក ហ៊ុន សែន ចេញមុខការពារក្រុមហ៊ុនណាហ្គាវើលដ៍ ហើយ មិនញញើតក្នុងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងលើថ្នាក់ដឹកនាំសហជីព និងក្រុមកូដករជាស្ត្រី ក្នុងពេលពួកគេធ្វើកូដកម្មដោយសន្តិវិធីស្របតាមច្បាប់ដើម្បីទាមទារដំណោះស្រាយវិវាទការងារជិត១ឆ្នាំមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។