សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ និង​ចាប់ខ្លួន​កូដករ​ណាហ្គាវើលដ៍​ជាង ២រយ​នាក់ ​ដែល​បន្ត​ទាមទារ​ដំណោះស្រាយ

ដោយ ឡេង ម៉ាលី
2022.03.18
សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ និង​ចាប់ខ្លួន​កូដករ​ណាហ្គាវើលដ៍​ជាង ២រយ​នាក់ ​ដែល​បន្ត​ទាមទារ​ដំណោះស្រាយ ទិដ្ឋភាព​សមត្ថកិច្ច​ប្រើហិង្សា​លើ​កូដករ​ណាហ្គា វើលដ៍ (Naga World) នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

កម្លាំង​អាជ្ញាធរ​រាប់​រយ​នាក់​បន្ត​ប្រើ​អំពើ​ហិង្សា​រុញច្រាន​ក្រុម​កូដករ​ណាហ្គាវើលដ៍ (NAGAWorld) ដែល​ភាគ​ច្រើន​ជា​ស្ត្រី​បោក​ខ្ទប់​នឹង​រថយន្ត និង​ដឹក​ពួក​គាត់​ដោយ​បង្ខំ​ឱ្យ​ទៅ​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី១៨ មីនា។ ក្រុម​កូដករ​ថា ការណ៍​ដែល​អាជ្ញាធរ​ដឹក​ទម្លាក់​ពួក​គាត់​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ​បែប​នេះ អាជ្ញាធរ​មាន​ចេតនា​បង្វែរ​សាច់​រឿង​លាប​ពណ៌​ក្រុម​កូដករ​ និង​គេចវេះ​មិន​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ។

កម្លាំង​អាជ្ញាធរ​ចម្រុះ​រាប់​សិប​នាក់ ដែល​ខ្លះ​ស្លៀកពាក់​ស៊ីវិល​បង្ក្រាប​កាន់​តែ​ខ្លាំង​មក​លើ​ក្រុម​កូដករ​ដោយ​ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​ក្រុម​កូដករ ២១១នាក់ បុក​នឹង​រថយន្ត និង​បាន​ដឹក​ទម្លាក់​ក្រុម​កូដករ​នៅកន្លែង​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ដោយ​បង្ខំ​ឱ្យ​ពួកគាត់​ធ្វើ​កូដកម្ម​ទីនោះ​នៅ​ថ្ងៃ​ទី១៨ មីនា។

កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ពៅ រស្មី​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​សម្រុក​មក​វាយ​កញ្ញា និង​បាន​សង្កត់​កញ្ញា​ដោយ​រុញ​ខ្ទប់​នឹង​ទ្វារ​រថយន្ត​ស្រែក​សម្លុត​គំរាមកំហែង​កញ្ញា​និង​កូដករ​ដទៃ​ទៀត​ឱ្យ​ឡើង​រថយន្ត​ទាំង​កម្រោល​។ កញ្ញា​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ​ថា កាន់​តែ​អាក្រក់​ឃោរឃៅ​ និង​ឆ្លុះបញ្ចាំង​កាន់​តែ​ច្បាស់​ថា អាជ្ញាធរ​ប្រឹងប្រែង​ធ្វើ​បាប​ប្រជាជន ដើម្បី​ឈរ​កាង​អំណាច​ឱ្យ​ខាង​ក្រុមហ៊ុន៖ «អាជ្ញាធរ​សង្កត់​ទ្រូង​ខ្ញុំ​មួយ​ទំហឹង ហើយ​ជើង​ខ្ញុំ​គាប​នឹង​រថយន្ត។ អាជ្ញាធរ​បាន​ដាល់​ក្បាល​ពោះ​ខ្ញុំ​មួយ​ដៃ សង្កត់​ក​ខ្ញុំ​មាន​ស្នាម​ជាំ​ក្រហម​​ខ្ញុំ​ប្រឹង​លើក​ដៃ​របៀប​មនុស្ស​ចង់​ដាច់​ខ្យល់​។ រូបភាព​ទាំងអស់​នេះ​វា​អាក្រក់​ពេក​ហើយ​ដឹក​ពួក​ខ្ញុំ​មក​ទីលាន​ប្រជាធិបតេយ្យ​ចង់​ចោទ​ពួក​ខ្ញុំ​ថា​អ្នក​​ធ្វើ​បាតុកម្ម​មែន

កញ្ញា ពៅ រស្មី​ បន្ថែម​ថា​ពេល​អាជ្ញាធរ​ដឹក​ក្រុម​កូដករ​ទម្លាក់​នៅកន្លែង​ទី​លាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ធ្វើ​បាតុកម្ម​នោះ​ កូដករ​ទាំង​អស់​បាន​ធ្វើ​ពហិការ​ទ្រាំ​នៅ​ក្នុង​រថយន្ត​ទាំង​កណ្ដាល​ថ្ងៃ​មិន​បាន​ចេញ​ពី​រថយន្ត​នោះ​ទេ។ កញ្ញា​បញ្ជាក់​ថា​ បើ​ក្រុម​កូដករ​ចុះ​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នោះ​អាជ្ញាធរ​និង​បន្ត​ចោទ​ប្រកាន់​ពួកគាត់​ថា​ជា​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែមីនា។

ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កន្លង​ទៅ​ថា​បើ​ក្រុម​កូដករ​នៅ​តែ​បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ដោយ​បញ្ជូន​ក្រុម​កូដករ​ឱ្យ​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ក្រុង​។

ក្រុម​កូដករ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា គ្រាន់​ជា​លេស​និង​អនុវត្ត​វិធាន​សុខាភិបាល ដែល​មាន​ស្តង់ដារ២​ ដើម្បី​គាបសង្កត់​ធ្វើ​បាប​មិន​ឱ្យ​កូដករ​ទាមទារ​ដំណោះស្រាយ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

ជុំវិញ​នឹង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ភាព​តានតឹង​រវាង​អាជ្ញាធរ និង​ក្រុម​កូដករ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ បើ​ទោះបី​មាន​ការ​ដោះ​លែង​តំណាង​ទាំង ១១នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ក្ដី​។ លោក​បន្ត​ថា មុន​នឹង​អាជ្ញាធរ​សម្រេច​ដោះ​លែង​តំណាង​​សហជីព​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ក្នុង​លិខិត​កិច្ច​សន្យា​របស់​តំណាង​សហជីព​ក៍​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​បន្ទន់​ឥរិយាបថ​ច្រើន​ចំពោះ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន។

លោក អំ សំអាត​ បន្ត​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ស្រុង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​សហជីព​ដើម្បី​វិល​ចូល​តុ​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​ប្រកប​តម្លាភាព​ និង​យុត្តិធម៌៖ «ការ​សរសេរ​ក្នុង​លិខិត​កិច្ចសន្យា​អញ្ចឹង​បើ​យោង​តាម​ផ្លូវច្បាប់​ ជា​ការ​រឹតត្បិត​សិទ្ធ​របស់​ខ្លួន​បើ​ផ្អែក​តាម​ច្បាប់​មិន​អាច​ទៅ​អញ្ចឹង​បាន​ទេ​។ ប៉ុន្តែ​អ្វី​ទាំងអស់​ហ្នឹង​គឺជា​ រឿង​មួយ​ដែរ​ពួកគាត់​ចង់​ឱ្យ​មាន​ការ​ចរចា​មួយ​ដោយ​សុចរិត​ភាព តម្លាភាព និង​យុត្តិធម៌»

កូដករ ២១១នាក់ ដែល​អាជ្ញាធរ​ដឹក​ទម្លាក់​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ​គិត​ត្រឹម​ល្ងាច​ម៉ោង៦ ថ្ងៃ​ទី១៨ មីនា​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​ពួកគាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឡើយ​ទេ។ ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​ក្ដី ក្រុម​កូដករ​ប្រកាន់​ជំហរ​ថា​ពួកគាត់​នឹង​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​បន្ត​ទៀត ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​តំណាង​របស់​ពួកគាត់​ ដើម្បី​ចូល​តុ​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​ដោយ​ស្មើ​ភាព​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។