ក្រុម​កូដករ​​ណាហ្គាវើលដ៍​ អំពាវ​នាវ​​ឱ្យ​​ក្រសួង​ពាក់ព័ន្ធ​ចាត់​​វិធានការ​​លើ​​អាជ្ញាធរ​​ប្រើ​​ហិង្សា​​លើ​​ក្រុម​កូដករ​

0:00 / 0:00

ក្រុម​កូដករណាហ្គាវើលដ៍ (Naga World)​ ចាត់​ទុកទង្វើ​អាជ្ញាធរ​ក្រុងភ្នំពេញ​​ដែល​បានបង្រ្កាប​ប្រើ​ហិង្សា​វាយដុំ​ក្រុមកូដករ​ គឺជា​អំពើ​អមនុស្សធម៌​ និង​បាន​រំលោភ​សិទ្ធិ​មូលដ្ឋាន​ពួកគេ​ក្នុងការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​។ ពួកគេ​អំពាវនាវ​ឱ្យ​ក្រសួងពាក់ព័ន្ធ​ចាត់​វិធានការ​លើ​ក្រុមអាជ្ញាធរ​ដែល​អនុវត្តតួនាទី​គ្មាន​វិជ្ជាជីវៈ​។

ក្រុមកូដករបុគ្គលិក​ណាហ្គាវើលដ៍ (Naga World)​ ថាការ​ធ្វើ​បាបដោយ​ប្រើ​អំពើ​ហិង្សា​គ្រប់​ទម្រង់​របស់​អាជ្ញាធរ​កន្លងមកនេះ​ គឺ​មាន​ចេតនា​គាប់សង្កត់​ក្រុមកូដករ​​មិន​ឱ្យ​ងើបតវ៉ា​រក​ដំណោះស្រាយ​។ ពួកគេ​នៅ​តែ​ប្រកាន់​ជំហរ​ថា​មិន​ចុះញ៉ាម​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ក្នុង​ចេញ​ធ្វើ​កូដកម្ម​ដោយសន្តិវិធី​ ដរាបណា​គ្មាន​ដំណោះស្រាយ​ និង​គ្មាន​ការ​ដោះលែង​តំណាងពួកគេ​ឱ្យ​មាន​សេរីភាពវិញ​​នោះ​។

កូដករ ​និង​ជាបុគ្គលិកណាហ្គាវើលដ៍​លោកស្រី ចាន់ បូរ៉ា​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃ​ទី១២ ខែ​មីនា​ ថា​ក្រុមកូដករ​នៅ​តែមាន​ជំហរ​រ៉ឹងមាំ​ទោះបី​ជាអាជ្ញាធរ​ប្រឹងប្រែង​រារាំង​ប្រើ​អំពើ​ហិង្សា​យ៉ាង​ណា​ក្តី​ ក៍​ក្រុមកូដករ​នៅ​តែ​បន្ត​តស៊ូ​ធ្វើ​កូដកម្មដោយ​សន្តិវិធី​ និង​ទាមទារ​​ឱ្យ​​តុលាការ​ដោះលែង​តំណាង​​ពួកគេ​​ឱ្យ​​មាន​​សេរីភាព​។ លោកស្រី​​បន្ត​​ថា​ ក្រោយ​ពី​អាជ្ញាធរដោះលែង​កូដករ​ទាំង​អស់​ពី​មណ្ឌលចត្តាឡីស័ក​ ក្រុមកូដករ​ភាគច្រើន​ជា​ស្ត្រី​មាន​សុខភាព​ទ្រុឌទ្រោម​ និង​មាន​ស្នាម​របួស​ជាំលើ​ដង​ខ្លួន​ និង​​បំពង់ករ​ ដោយសារ​តែ​ក្រុមកម្លាំង​អាជ្ញាធរ​បង្រ្កាប​ប្រើអំពើហិង្សា​ចាប់​ទាញ​រុញច្រាន​ក្រុមកូដករ​ទាំង​កម្រោល​បង្ខំ​ធ្វើ​ចត្តាឡីស័ក​។

លោកស្រី​ចាត់ទុកការ​បង្រា្កប​របស់​អាជ្ញាធរ​បែបនេះ​ ថា​ជា​រូបភាពអាក្រក់​មួយ​ក្នុង​សង្គម​ដែល​អាជ្ញាធរ​ប្រឹងប្រែង​កាង​អំណាច​ឱ្យ​ក្រុមហ៊ុនបនល្បែងកាស៊ីណូ​ណាហ្គា​វើលដ៍​​ ក្នុង​រារាំង​មិន​ឱ្យ​ក្រុមកូដករទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​។ លោកស្រី​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើ​ទុកបុកម្នេញ​លើ​ក្រុមកូដករ​ត​ទៅ​ទៀត៖ « ពួកយើង​មិនទាន់​បាន​និយាយ​អី​ផង​ អាជ្ញាធរ​ចាប់​មាន​របួស​ស្នាម​ម្នាក់ៗ​ជាំដៃជើង​។ សូម​ឱ្យ​ក្រសួងពាក់ព័ន្ធ​ជួយ​ដឹង​ និង​ស្នើ​ឱ្យ​ជួយ​រកដំណោះស្រាយ​និង​ជួយ​ក្រុម​កូដករ​ជាស្ត្រី​។ តំណាង​ពួកយើង​ដែល​ជា​អ្នក​ចរចា​ក្នុងវិវាទ​ហ្នឹង​អាជ្ញាធរ​ចាប់​ទៅ​អស់​ហើយ​គ្មាន​តំណាង​ទៀតទេ​ »

កាល​ពី​ថ្ងៃ​ទី១១ ខែមីនា ​កម្លាំងអាជ្ញាធររាប់រយនាក់​បាន​ចាប់​ខ្លួន​​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ជាង១០០នាក់ (១៥៨) នាក់ ញាត់​ចូល​ក្នុង​រថ​យន្ត​ក្រុងទាំងកម្រោលដឹក​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ម្ដងទៀត នៅ​ពេល​ពួក​គាត់​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។ ក្រុម​កូដករ​អះអាង​ថា ការបង្ក្រាប​​របស់​អាជ្ញាធរ​បាន​ធ្វើឱ្យ​កូដករ​ភាគច្រើន​ជា​ស្រី្ត​រង​របួសជាំ​ពេញ​រាង​កាយ​ និង​បាន​បង្ខាំង​ក្រុមកូដករ​មិន​ឱ្យ​ចុះចេញ​ពី​រថយន្តភ្លាមៗ​ឡើយ​នៅ​ពេលដល់​កន្លែង​ធ្វើ​ចត្តាឡីស័ក​។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា នេះ​ជា​ការ​រំលោភ​ទាំង​ស្រុង​លើ​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍។ ក្រុមសហជីព​ ក៍បាន​រិះគន់​ចំណាត់​ការដដែលៗ​ដោយ​យក​វិធានសុខាភិបាល​មកបង្រ្កាប​ក្រុមកូដករ​នេះ​ ថា​ជា​លេស​ដើម្បី​ធ្វើ​ទារុណកម្ម​ក្រុមកូដករ​មិន​ឱ្យ​ទាមទារ​ដំណោះស្រាយ​តែ​ប៉ុណ្ណោះ​។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​ ដើម្បីបំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែមីនា។

ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មាធិការសិទ្ធិ​មនុស្សរបស់​រដ្ឋាភិបាលលោក កត្តា អ៊ន​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​បើ​សិន​ក្រុមកូដករ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដោយ​ការ​រង​អំពើហិង្សា​ពី​អាជ្ញាធរ​ លោក​ជំរុញ​ឱ្យ​ក្រុមកូដករ​ដាក់​ពាក្យប្ដឹង​ទៅ​កាន់ស្ថាប័ន​តុលាការ​។ លោកបន្ត​ថា​ មូលហេតុវិវាទការ​​នេះ​អូសបន្លាយ​ពេលដោយសារ​ក្រុម​កូដករ​មិន​ព្រមចាត់​តាំង​តំណាងថ្មី​ដើម្បី​ចូល​រួម​សម្របសម្រួល​ជា​ក្រសួង​ការងារ​៖ «រឿង​ណាហ្គាវើលដ៍​បាន​អូសបន្លាយពេលយូរ​មក​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​កូដករ​មាន​រាប់រយនាក់​ ដូច្នោះ​បើ​តំណាង​មាន​បញ្ហា​ផ្លូវ​ច្បាប់​ត្រូវ​ចាត់តាំង​តំណាង​ផ្សេង​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ »

ប៉ុន្តែ​ក្រុមកូដករ​ប្រកាន់ជំហរ​ថា​ លុះត្រា​តែ​មាន​ការ​ដោះលែងតំណាងពួកគេ​ឱ្យ​មាន​សេរីភាព​ទើប​ពួកគាត់​យល់ព្រម​ចូល​តុចរចា​ទាមទារ​លក្ខខណ្ឌ​ទាំង៩ចំណុច​។

លោក កត្តា អ៊ន​ បន្ថែម​ថា​ការ​បង្រ្កាបក្រុមកូដករ​ជាងសាធារណៈជនផ្សេង​ទៀត​នោះ​ គឺជា​ការ​អនុវត្ត​វិធានសុខាភិបាល​មិនមែន​ជា​ទម្រង់គាប់សង្កត់​រឹតត្បិត​សិទ្ធសេរីភាព​ឡើយ​។

ទាក់ទងនឹងបញ្ហានេះ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា​ មាន​ប្រសាសន៍ថា​ចំណាត់កា​របង្រ្កាបរបស់​អាជ្ញាធរ​បង្រ្កាប​មកលើ​ក្រុមកូដករដដែល​នេះ​នៅ​តែ​ជា​ទម្រង់​ធ្វើបាប​រំលោភសិទ្ធិ​ដល់​ក្រុមកូដករ​។ លោកសង្កត់​ធ្ងន់ថា​ អាជ្ញាធរ​យក​វិធានសុខាភិបាល​មក​បង្រា្កបក្រុមកូដករ​គ្រាន់​ជា​លេស​ដើម្បី​គេចវេស​រក​ដំណោះស្រាយ​ពិតប្រាកដ​តែប៉ុណ្ណោះ​៖ « កូដករទាមទារ​តវ៉ា​គឺចង់​ឱ្យ​ដោះលែង​តំណាងទាំង១១នាក់​ និង​ដំណោះស្រាយ​ទាំង០៩ចំណុច​។ ប៉ុន្តែ​ដំណោះស្រាយ​ទាំង​អស់​ហ្នឹង​ហាក់ដូចជា​មិន​គិតគូរ​ដោះស្រាយ​ទេ​ បែរ​ជា​មាន​ការ​ចាប់ខ្លួន​ដោយ​យក​ហេតុផល​ទប់ស្កាត់​កូវីដ​ហាក់​ធ្វើ​ឡើង​ក្ដោប​តែ​ក្រុមកូដករ​ ខណៈពិធី​ផ្សេងៗ​អត់​មាន​ការ​រឹតត្បិត​ »

មក​ដល់​ពេល​នេះ​មាន​តំណាង​សហជីព និង​កម្មករ​ណាហ្កាវើលដ៍​ចំនួន ១១នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ល្មើស​វិធានសុខាភិបាល ដោយសារ​តែ​ពួក​គេធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​រក​ដំណោះស្រាយ​រឿង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍​បញ្ឈប់​បុគ្គលិក ៣៦៥នាក់ ពី​ការងារ​ និង​រើសអើង​សហជីព​ក្នុងកន្លែង​ធ្វើការ​។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​រិះគន់ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល​ដែល​មាន​ស្តង់ដារ​២ផ្សេងគ្នា​ ដែល​បង្ហាញ​ថា​អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្របច្បាប់​របស់​កូដករ។ ម្យ៉ាង​វិញ​ទៀត​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធរ​ម្ដង​​ហើយ​​ម្ដង​ទៀត​នេះ​ ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ពួកគេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​កូដករ និង​ស្នើ​ឱ្យ​ក្រសួង​ការងារ​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​កូដករ និង​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ចេញ​មុខ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​នេះ ព្រម​ទាំង​ដោះ​លែង​តំណាង​សហជីព​ទាំង ១១នាក់​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។