អតីត​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា មណ្ឌល​ព្រៃ​ស្ពឺ​រំលោភច្បាប់​សិទ្ធិ​មនុស្ស

អតីត​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ និង​មន្ត្រី​សិទ្ធិមនុស្ស ចោទប្រកាន់​ថា មណ្ឌល​ព្រៃ​ស្ពឺ​មិនមែន​ជា​កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេ ប៉ុន្តែ​ជា​កន្លែង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​កន្លែង​ឃុំខ្លួន​មនុស្ស​ខុសច្បាប់​។ ឆ្លើយតប​ករណី​នេះ មន្ត្រី​រដ្ឋាភិបាល​ថា បើសិន​ជា​មាន​ករណី​បែប​នេះ​កើត​ឡើង​មែន រដ្ឋាភិបាល​នឹង​មាន​ចំណាត់ការ។

អតីត​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​លើកឡើង​ថា ការគ្រប់គ្រង​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពៃ ធ្វើឡើង​ដោយ​គ្មាន​របៀប គ្មាន​ការទទួលខុសត្រូវ គ្មាន​អនាម័យ គ្មាន​អាហារ​សមរម្យ​ផ្ដល់​ឱ្យ​អ្នក​ជាប់ឃុំ និង​ដាក់​មនុស្ស​ចម្រុះ​ក្នុង​កន្លែង​តែមួយ​។ ចំណែក​មន្ត្រី​សិទ្ធិមនុស្ស ស្នើ​ទៅ​រដ្ឋាភិបាល គួរ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ខណៈ​មួយឆ្នាំ​ចុងក្រោយ​នេះ មាន​អ្នក​ឃុំ​ចំនួន​១២​នាក់​បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់​ព្រោះ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។

អតីត​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ និង​ជា​អតីត​សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា លោកស្រី ជុំ ង៉ាន់ មាន​ប្រសា​ន៍​ថា មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពៃ ជា​កន្លែង​គួរ​ឱ្យ​ខ្លាច។ លោកស្រី​រំលឹក​ថា កាល​ពី​លោក​ជាប់ឃុំ​នៅ​ទីនោះ​អំឡុង​ឆ្នាំ​២០១៣ ព្រោះ​ការ​ទាមទារ​រក​ដំណោះស្រាយ​ជម្លោះដីធ្លី លោកស្រី​និង​សកម្មជន​បុរី​កីឡា​ជិត​៣០​នាក់​ផ្សេងទៀត ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជូន​យក​ទៅ​ឃុំខ្លួន​នៅ​ទីនោះ ដោយ​ត្រូវ​គេង​ក្នុង​បន្ទប់​រួមគ្នា ទាំង​ដោយ​គ្មាន​គ្រែ គ្មាន​ភួយ​កន្ទេល និង​គ្មាន​ខ្នើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ទោះ​រឿង​កន្លង​ផុត​ទៅ​ជាង ៩​ឆ្នាំ​ហើយ​ក្ដី ក៏​លោកស្រី​នៅចាំ​មិន​ភ្លេច​ទេ គឺ​លោកស្រី​និង​អ្នក​ជាប់ឃុំ​ផ្សេងៗ​ទៀត​ត្រូវ​បរិភោគ​បាយ​ក្រហម និង​បន្លែ​ស្ងោ​ជាមួយ​សាច់​ជ្រូក​មាន​សុទ្ធតែ​រោម។

លោកស្រី ជុំ ង៉ាន់៖ «បាយ​គេ​នោះ​ក្រហម​ដូច​ពោត​កំបោរ​អ៊ីចឹង​ណា ដល់ពេល​ហើយ​មើលទៅ​សំឡ​គេ​មួយ​គោម​ធំ សំឡ​គេ​ហ្នឹង​គេ​លីង​តែ​ស្ករ​ហើយ​ចាក់ ហើយ​ខ្លាញ់ជ្រូក​គេ ហើយ​រោម​ជ្រូក​អណ្ដែត​ត្រា ខ្ញុំ​ថា អូ​គេ​ធ្វើ​ឱ្យ​ហូប​អ៊ីចឹង ខ្ញុំ​ពេល​ហ្នឹង​ពិតតែ​ខ្ញុំ​ឃ្លាន​មែន​តែ​ខ្ញុំ​លេប​អត់​ចូល​ទេ»។

លោកស្រី ជុំ ង៉ាន់ រៀបរាប់​ទៀត​ថា អាជ្ញាធរ​បាន​ដាក់​អ្នក​ជាប់ឃុំ រួមមាន​៖ អ្នកសុំទាន ជន​គ្មាន​ទីពឹង ជន​វិកលចរិត និង​អ្នក​ជាប់ឃុំ​ដែល​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ ដោយ​គ្មាន​ការចែក​កន្លែង​ឃុំខ្លួន​ឱ្យ​ត្រឹមត្រូវ​នោះ​។ លោកស្រី​ឱ្យ​ដឹង​ដែរ​ថា ទៅនោះ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ ដោយ​អ្នក​ជាប់ឃុំ​ទាំងអស់​ត្រូវ​នាំគ្នា​ទៅ​គ្នា​ងូតទឹក​ស្រេះ។

លោកស្រី ជុំ ង៉ាន់៖ «អ្នក​អនាថា អ្នក​អី​អ៊ីចឹង ដល់ពេល​អ៊ីចឹង​យើង​ជា​មនុស្ស​ទៅ​ឃើញ​សភាព​បែប​ហ្នឹង​ដូច​រាង​ខ្លាច​ណាស់​ទោះបី​នៅ​គ្នា​ច្រើន​ហើយ​ដូច​រាង​ញញើត​ណាស់ ងូតទឹក​ពេញ​ស្រះ​ហ្នឹង​ច្បិច​គ្នា​លេង អីចឹង​ណា ស្រី​ប្រុស​ណា ច្រឡូកច្រឡំ​គ្នា​ហ្នឹង​ប៉ុន្តែ​គ្រាន់តែ​គេ​ចាក់​ថ្នាំ​ការពារ​អត់ឱ្យ​មានកូន​មាន​ចៅ​អី​អ៊ីចឹង​ណា»។

អតីត​សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា​រូប លោកស្រី ជុំ ង៉ាន់ រំលឹក​ទៀត​ថា ដោយ​ទ្រាំ រស់​នៅ​ទីនោះ​មិនបាន លោកស្រី​និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ផ្សេងទៀត បាន​នាំគ្នា​លួច​រត់​ចេញពី​មណ្ឌល​ព្រៃ​ស្ពឺ ក្រោយ​រស់​ទីនោះ​បាន​ត្រឹម​មួយ​សប្ដាហ៍​។ លោកស្រី​បញ្ជាក់​ទៀត​ថា អ្នក​ឃុំ​នៅ​ទីនោះ គឺ​អាជ្ញាធរ​យក​អ្នក​ជាប់​ឃុំ​ទៅ​ទុកចោល ដោយ​គ្មាន​ការ​មើលថែ ឬ​បង្រៀន​វិជ្ជាជីវៈ​អ្វី​ឡើយ។

មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ដែល​ស្ថិត​ក្នុង​ការគ្រប់គ្រង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា មាន​ទីតាំងនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គឺជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​ប្រមូល​មនុស្ស​ចាស់ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទីជម្រក អ្នកប្រើប្រាស់​គ្រឿងញៀន ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ជន​វិកលចរិត ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ជាពិសេស​នៅពេល​រដ្ឋាភិបាល​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ អាជ្ញាធរ ក៏​ប្រមូល​ជន​អនាថា អ្នក​សុំទាន និង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ​ជាដើម​យក​ទៅ​ឃុំ​នៅ​ទីនោះ។

សព្វថ្ងៃ អាជ្ញាធរ កំពុង​បាន​ឃុំ​ជន​គ្មាន​ទីពឹង ជាង​៤​រយ​នាក់​(៤០០) ។ មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់​ថា ថ្វី​ដ្បិតតែ​តាម​គោលការណ៍​មណ្ឌល សង្គមកិច្ច​នេះ ជា​កន្លែង​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នក​ជាប់ឃុំ​ដែល​គ្មាន​ទីពឹង​ក្ដី ក៏​រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់ និង​អើពើ​ដល់​អ្នក​ជាប់ឃុំ​ទាំង​នោះ​ឡើយ។ ជាង​នេះ​ទៀត អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រក​ឃើញ​ជា​ញឹកញាប់​ថា អ្នក​ជាប់ឃុំ​នៅ​ទីនោះ​រង​ការ​វាយដំ កង្វះ​អាហារ និង​ខ្វះ​ការថែទាំ​សុខភាព រហូត​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​ខ្លះ​ស្លាប់ និង​ធ្វើ​អត្តឃាត​ជាដើម។

កាលពី​ថ្ងៃទី​០៧ ខែធ្នូ អង្គការ​សិទ្ធិមនុស្ស​លីកាដូ រក​ឃើញ​ថា ចាប់​តាំង​ពី​ខែ​កក្កដា មក​ដល់​ពេល​នេះ មាន​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ចំនួន ១២​នាក់ បាន​ឈឺ​ស្លាប់ ព្រោះ​ខ្វះ​ការ​យក​ចិត្តទុក​ដាក់​ពី​មន្ត្រី​គ្រប់គ្រង​នៅ​ទីនោះ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត រិះគន់​ថា មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ មិនមែន​ជា​កន្លែង​ជួយសង្គ្រោះ​មនុស្ស​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​កន្លែង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា រដ្ឋាភិបាល​មិនបាន​កែលំអ​មណ្ឌល​ព្រៃ​ស្ពឺ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ លោក​ថា ជាង​១០​ឆ្នាំ​មកនេះ នៅ​ពេល អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា មាន​កា​រំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ទើប​អាជ្ញាធរ​ធ្វើការ​កែលំអ​ចំណុច​ខ្លះ ប៉ុន្តែ​បាន​មួយ​រយៈ ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ក៏​កើតមាន​ដដែល​។ មន្ត្រី​សិទ្ធិ​មនុស្សលោក អំ សំអាត នៅតែ​ស្នើ​ទៅ​រដ្ឋាភិបាល​គួរ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​តែម្ដង។

លោក អំ សំអាត «បាទ​កន្លងៗ​មក​យើង​ក៏បាន​ចុះទៅ​មណ្ឌល​ហ្នឹង​ដែរ​ (​ មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ )​ ហើយ​ក៏​មាន​ការ​ជួប​ជាមួយ​សាក្សី​ឬក៏​អី​មួយចំនួន​ដូច​របាយការណ៍​មុនៗ​ដូចដែល​អង្គការ​លីកាដូ​បាន​បង្ហាញ​អ៊ីចឹង នៅ​តាម​ជញ្ជាំង​គឺ​មាន​ការ​សរសេរ​ជន​ដែល​ជាប់ឃុំ​នៅ​ទីនោះ​វា​ហាក់បីដូចជា​ឋាននរក​សម្រាប់​ពួកគាត់​អ៊ីចឹង​ដែរ»។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច លោក តូច ចាន់នី និង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​រាជធានី​ភ្នំពេញ អ្នកស្រី មុំ ចាន់ដានី បាន​ទេ​នៅ​ថ្ងៃទី១៣ ធ្នូ។

ចំណែក​ប្រធាន​អង្គភាព​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់​ថា នៅ​ពេល​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​បែបនេះ អាច​នឹង​មាន​ការស៊ើបអង្កេត​។ ទោះជា​បែបនេះ​ក្ដី លោក ផៃ ស៊ីផាន ថា ការស៊ើបអង្កេត​បែប​ណា គឺ​អាស្រ័យ​ស្ថាប័ន ឬ​ក្រសួង​ជំនាញ​ដែល​មើល​ការខុសត្រូវ​មណ្ឌល​ព្រៃស្ពឺ។ លោ​កថា​ប្រសិនបើ​មានការ​រក​ឃើញ​ថា មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​មានការ​រំលោភ​សិទ្ធិមនុស្ស​មែន​នោះ រដ្ឋាភិបាល​អាច​នឹង​កែលំអ ឬក៏​ឈាន​ដល់​បិទ​មណ្ឌល​សង្គមកិច្ច​មួយ​នេះ។

លោក ផៃ ស៊ីផាន៖ «អត់​ស្ថិត​ក្នុង​ដែន​ក្នុង​សមត្ថកិច្ច​របស់ខ្ញុំ​អត់​មាន​ចម្លើយ​ទេ។ នេះ​បើ​ក្រសួង​មហាផ្ទៃ បើ​បន្ទាប់​គាត់​ធ្វើ​របាយការណ៍​ស៊ើបអង្កេត​ច្បាស់​ជា​មាន​របាយការណ៍​ហើយ​នៅក្នុង​របាយការណ៍​ហ្នឹង ខ្ញុំ​សង្ឃឹម​ថា ច្បាស់​ជា​មាន​ការវាយតម្លៃ​បន្ត​ទៅ​ទៀត បូក​ជាមួយ​ការ​កែ​លំអ ឬក៏​បិទ​តែម្ដង»។

ទាក់ទង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊​ន ធ្លាប់​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃទី​០៩ ខែធ្នូ​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា នឹង​ចុះ​អង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​មួយ​នេះ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា របាយការណ៍​របស់​អង្គការ​លីកាដូ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេងទៀត ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ គឺជា​របាយការណ៍​ដែល​អាច​ទុក​ចិត្ត​បាន​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​កែលំអ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ឱ្យ​ក្លាយជា​កន្លែង​ដែល​មាន​ការគោរព​សិទ្ធិមនុស្ស និង​ជា​កន្លែង​ផ្ដល់​ភាព​កក់ក្ដៅ ព្រមទាំង​ផ្ដល់​ជំនាញ​ដល់​ជន​គ្មាន​ទីពឹង​ដើម្បី​អាច​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ថ្មី​ពេល​ចាក​ចេញពី​ទីនេះ។

លោក ស៊ឹង សែនករុណា៖ «គួរតែ​ពិនិត្យ​ឡើង​វិញ​លើ​ជននី​មួយៗ​តើ​អាច​ព្យាបាល​គាត់​អាច​ឱ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ទេ បើ​មិន​ប្រសើរ​ទេ គួរតែ​ដាក់​ដាច់ឡែក​ដោយ​របៀប​ម៉េច​ ? ហើយ​អ្នក​ដែល​ល្អ​ប្រសើរ​គួរតែ​យក​ទៅ​ព្យាបាល​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ទៅ ហើយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គេ​ឱ្យ​មាន​ជំនាញ​ចំណេះ​បច្ចេកទេស​គ្រប់គ្រាន់​ដើម្បី​ធ្វើ​សមាហរណកម្ម​ត្រឡប់​ទៅ​ភូមិ​ស្រុក​វិញ​ឱ្យ​មាន​មុខរបរ​មាន​ការងារ​ធ្វើ​បាន​ត្រឹមត្រូវ​នេះ​គេ​ហៅថា ការ​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ហើយ»។

អង្គការ​លីកាដូ លើកឡើង​ថា មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ បាន​ក្លាយជា​កន្លែង​ឃុំខ្លួន​មនុស្ស​ដែល​លាក់បាំង​រូបភាព​ពី​ប្រជាពលរដ្ឋ​ពី​ខាងក្រៅ ហើយ​អ្នក​ជាប់ឃុំ​នៅ​ទីនោះ​ប្រឈម​នឹង​ហានិភ័យ ដោយ​មិន​ទទួល​បាន​សិទ្ធិ​ការពារ​ផ្លូវច្បាប់ និង​តម្រូវ​ការចាំបាច់ ដូចជា អាហារ​បរិភោគ និង​ការថែទាំ​ឬ​ព្យាបាល​ជំងឺ​ឱ្យ​បាន​គ្រប់គ្រាន់ ហើយ​បើ​ទោះ​ជា​អ្នក​ជាប់ឃុំ​ទាំងនោះ​ឈឺ​អ្វី​ក៏ដោយ គឺ​ពួកគេ​ទទួល​បាន​ត្រឹម​ថ្នាំ​បញ្ចុះ​កម្ដៅ​ប៉ារ៉ាសេតាម៉ុល តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។