ក្រុមអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីរដ្ឋាភិបាលមើលឃើញផ្ទុយគ្នាជុំវិញកេរដំណែលរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith)។ ក្រុមអ្នកការពារសិទ្ធិមនុស្ស យល់ថា អ្នកស្រីហ៊ាននិយាយត្រង់ៗ រិះគន់រដ្ឋាភិបាល និងដាក់របាយការណ៍ប្រាប់ទៅពិភពលោកឲ្យដឹងអំពីស្ថានភាពពិតប្រាកដនៃការធ្លាក់ចុះដុនដាបនៃវិស័យសិទ្ធិមនុស្សនៅកម្ពុជា។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលវិញ ចោទថា របាយការណ៍ដែលអ្នកស្រីដាក់ជូនទៅអង្គការសហប្រជាជាតិ មានភាពលម្អៀង និងមិនឆ្លុះបញ្ចាំងពីការពិតនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា «គ្រប់ករណី» នោះទេ។
ជារឿយៗ នៅសឹងតែគ្រប់អាណត្តិ បញ្ហារកាំរកូសរវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា តែងតែកើតមានឡើងជាហូរហែជាមួយនឹងមន្ត្រីរដ្ឋាភិបាល។ មានពេលខ្លះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងចង់បណ្ដេញចេញ មិនស្វាគមន៍អ្នករាយការណ៍ពិសេសទាំងនោះ ដោយហៅពួកគេថាជា «អ្នកទេសចរណ៍តាមរដូវកាល» ឬក៏ថែមទាំងឈានទៅគំរាមបិទចោលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិឲ្យលែងមានស្រមោលនៅកម្ពុជាទៀតផង។
មិនខុសពីអាណត្តិមុនៗ អាណត្តិរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ពោរពេញទៅដោយភាពចម្រូងចម្រាសកាន់តែខ្លាំងជាពិសេសនៅក្រោយពេលដែលតុលាការរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការរម្លាយគណបក្សប្រឆាំង និងប្រជាធិបតេយ្យនៅកម្ពុជាកាលពីចុងឆ្នាំ២០១៧។
អ្នកស្រី គឺជាអ្នករាយការណ៍ពិសេសទី៦ របស់អង្គការសហប្រជាជាតិ ហើយក៏ជាអ្នករាយការណ៍ពិសេសជាស្ត្រីដំបូងគេបង្អស់មកកាន់កម្ពុជាដែរ។ អាណត្តិរបស់អ្នកស្រីបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីអ្នករាយការណ៍ពិសេសមុនរបស់អង្គការសហប្រជាជាតិ គឺលោក សូរិយា ស៊ូបើឌី (Surya Prasad Subedi) បានផុតអាណត្តិទៅ។
ខុសប្លែកពីលើកមុនៗ សម្រាប់អាណត្តិរបស់អ្នកស្រីក្នុងរយៈពេល ៥ឆ្នាំមកនេះ មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា អ្នកស្រីមានភាពបត់បែន និងទន់ភ្លន់ច្រើនបើប្រៀបធៀបទៅនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមុនៗ។ ក៏ប៉ុន្តែ យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ចោទថា របាយការណ៍អ្នកស្រីមានភាពលម្អៀង និងមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា៖ « អ្វីដែលជាការកត់សម្គាល់គឺថា ក្នុងរបាយការណ៍ដែលអ្នកស្រីរាយការណ៍ទៅកាន់អង្គការសហប្រជាជាតិ គឺអ្នកស្រីសម្អាងជាខ្លាំងទៅលើរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលធ្វើឲ្យការវាយតម្លៃនេះ មានភាពលម្អៀង មិនត្រឹមត្រូវ និងមិនបានឆ្លុះពីការពិតនូវបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគ្រប់ករណីទេ។ យើងខ្ញុំក៏មានការសោកស្តាយខ្លះដែរ ចំពោះបញ្ហាទាំងអស់នេះ ដោយសង្ឃឹមថា អ្នករាយការណ៍ពិសេសដែលនឹងមកជំនួសអ្នកស្រី រ៉ូណា ស្ម៊ីត នឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នារវាងរបាយការណ៍រដ្ឋាភិបាល និងតុល្យភាពរវាងរបាយការណ៍របស់ភាគីផ្សេងៗ ទៀត ជាពិសេសឆ្លុះបញ្ចាំងតថភាពពិតអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា »។
ក្រុមអ្នកការពារសិទ្ធិមនុស្ស មិនយល់ស្របទៅនឹងការចោទប្រកាន់របស់មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទៅលើអ្នកស្រី រ៉ូណា ស្ម៊ីត បែបនេះនោះទេ។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ក្នុងអាណត្តិរបស់អ្នកស្រី អ្នកស្រីតែងឆ្លុះបញ្ចាំងពីគ្រប់បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងរបាយការណ៍របស់អ្នកស្រីដាក់ជូនទៅអង្គការសហប្រជាជាតិ ដោយផ្តោតជាពិសេសទៅលើបញ្ហាសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ៖ « យើងឃើញថា មានការរិះគន់ ហើយនឹងទាមទារឲ្យមានការកែលម្អច្រើនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ហើយនឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ហើយរាល់របាយការណ៍របស់អ្នកស្រីយើងឃើញថា តែងតែមានប្រតិកម្មពីតំណាងរដ្ឋាភិបាលទាំងក្នុងប្រទេសទាំងតំណាងរដ្ឋាភិបាលនៅក្នុងអង្គការសហប្រជាជាតិដែលមានប្រតិកម្ម និងបដិសេធទៅនឹងរបាយការណ៍របស់អ្នកស្រី។ អ៊ីចឹង បានន័យថា របាយការណ៍របស់អ្នកស្រី គឺខ្លាំងហើយបង្ហាញអំពីភាពអវិជ្ជមាន ឬក៏ភាពធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយអ្នកស្រីបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស និងរាយការណ៍បន្ថែមទៀត។ នៅក្នុងនោះ ក៏យើងឃើញមានបណ្ដាប្រទេសផ្សេងជាច្រើនដែរ ដែលគាំទ្រទៅលើរបាយការណ៍របស់អ្នកស្រី រ៉ូណា ស្ម៊ីត »។
លោក អំ សំអាត បន្តថា អ្វីដែលធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូបនៅចងចាំបានគឺអ្នកស្រី រ៉ូណា ស្ម៊ីត ផ្ទាល់បានទៅចូលរួម និងទាមទារឲ្យរកយុត្តិធម៌សម្រាប់លោក កែម ឡី៖ « អាណត្តិរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ដែលប្រជាពលរដ្ឋខ្មែរនៅចងចាំបាន ដូចជាករណីដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី រ៉ូណា ស្ម៊ីត បានទៅចូលរួម ហើយបង្ហាញនូវភាពសោកស្តាយ ហើយនឹងការទាមទាររកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី។ នេះជាចំណុចមួយដែរដែលពលរដ្ឋនៅចងចាំសម្រាប់គាត់។ ហើយនឹងការណ៍ដែលបំពេញការងារ និងការទាមទារក្នុងរបាយការណ៍របស់អ្នកស្រី ដែលលើក ជំរុញឲ្យមានការកែលម្អ និងស្តារឡើងវិញនូវសិទ្ធិមនុស្សនៅកម្ពុជា »។
ការជំរុញឲ្យមានការកែលម្អ និងស្តារឡើងវិញនូវសិទ្ធិមនុស្សនៅកម្ពុជានេះ ត្រូវអ្នកជំនាញសិទ្ធិការងារ និងជានាយកប្រតិបត្តិនៃអង្គការ សង់ត្រាល់ លោក មឿន តុលា យល់ថា កាលពីដំបូងឡើយអ្នកស្រី រ៉ូណា ស្ម៊ីត ចង់ប្រើវិធីសាស្ត្រមួយដែលទន់ភ្លន់ដើម្បីឲ្យរដ្ឋាភិបាលទទួលយកសំណើ ឬអនុសាសន៍នានារបស់អ្នកស្រី ដោយអ្នកស្រីធ្លាប់មានអតីតភាពជាសាស្ត្រាចារ្យមួយរូបបង្រៀននៅមហាវិទ្យាល័យនៅកម្ពុជា។ ក៏ប៉ុន្តែ លោកថា វិធីសាស្ត្ររបស់អ្នកស្រី រ៉ូណា ស្ម៊ីត នាពេលនោះ ពុំមានប្រសិទ្ធភាពទេ ហើយរដ្ឋាភិបាលនៅតែបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជាដដែល៖ « ខ្ញុំគិតថា មេរៀនរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ក៏ដូចជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្សេងៗ ទៀតដែរ គឺមិនខុសគ្នាទេ នៅពេលដែល ... បើសិនជាចង់ឲ្យរដ្ឋាភិបាលកម្ពុជាគាត់សប្បាយចិត្ត ទាល់តែកុំនិយាយឲ្យសោះអំពីបញ្ហាអវិជ្ជមាន ឬមួយក៏អ្វីដែលជាកង្វះខាតរបស់រដ្ឋាភិបាល ឬកង្វះខាតរបស់ការដឹកនាំប្រទេសហ្នុង ជាពិសេស គឺរឿងអវិជ្ជមាន។ និយាយឲ្យខ្លីទៅ គឺកុំនិយាយរឿងពិតពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយអីជាដើមនៅប្រទេសកម្ពុជា បើសិនជាអត់និយាយ គឺអាចក៏សាងទំនាក់ទំនងល្អហើយ »។
មិនខុសពីការយល់ឃើញនេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី ហៅអ្នកស្រី រ៉ូណា ស្ម៊ីត ថា ជាស្ត្រីម្នាក់ដែលតំណាងឲ្យអ្នកការពារសិទ្ធិមនុស្ស និងប្រឹងប្រែងដើម្បីការងារសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា អ្នកស្រីហ៊ាននិយាយការពិត បើទោះបីជាមានការមិនឆ្លើយតប រងនូវការប្រមាថ ឬមិនអើពើពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ៖ « អ្វីដែលសំខាន់នោះគឺ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រី រ៉ូណា ស្ម៊ីត គឺព្យាយាមធ្វើម៉េចឲ្យមានការសម្របសម្រួលទៅលើការគោរពសិទ្ធិមនុស្សឲ្យបានប្រសើរឡើង។ ក៏ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ គាត់មកទទួលបន្ទុកកិច្ចការងារហ្នុងអំឡុងពេលដែលកម្ពុជាមានវិបត្តិធ្ងន់ធ្ងរ គឺអំឡុងពេលដែលគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាត្រូវបានរម្លាយនៅក្នុងឆ្នាំ២០១៧។ ស្ថានភាពនេះ វាមិនមែនតែទាក់ទងនឹងរឿងសិទ្ធិមនុស្សទេ តែវាបំពានទៅដល់ប្រព័ន្ធប្រជាធិបតេយ្យទាំងមូល ដែលអាចធ្វើឲ្យកម្ពុជាងាកត្រលប់ទៅដំណើរប្រវត្តិសាស្ត្រពីខាងដើមវិញ »។
យ៉ាងណា មន្ត្រីរដ្ឋាភិបាលនៅតែចោទថា ការវាយតម្លៃនៅក្នុងរបាយការណ៍របស់អ្នកស្រី ធ្វើឡើងដោយឈរតែទៅលើជ្រុងសិទ្ធិនយោបាយ និងការបញ្ចេញមតិ។ លោកថា រដ្ឋាភិបាលចង់ឲ្យមានការថ្លឹងថ្លែងគ្នារវាងផលសម្រេចបានរបស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និងភាពខ្វះខាតរបស់ខ្លួន៖ « មិនមែនយើងលើកតែកង្វះខាតរបស់រដ្ឋាភិបាល ហើយផាត់ចោលសមិទ្ធផលសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទេ។ ត្រង់ហ្នុងឯងដែលជាបញ្ហាមួយ យើងមិនទាន់អាចដើរនៅក្នុងបន្ទាត់មួយត្រឹមត្រូវ។ ទីបី យើងចង់ឲ្យលើកករណីនីមួយៗ ច្បាស់ៗ មិនមែនគ្រាន់តែជា theory ជាគ្រឹះនៃសិទ្ធិមនុស្ស ហើយធ្វើការអប់រំ ធ្វើការផ្សព្វផ្សាយដោយគ្មានឆ្លុះបញ្ចាំងការពិតទេ។ អញ្ចឹងការលើកករណី case ៗណាមួយ គឺយើងត្រូវធ្វើការរួមគ្នារវាងរដ្ឋាភិបាល ក៏ដូចជាអ្នករាយការណ៍ពិសេស និងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិល។ ពេលណាដែលយើងធ្វើការអង្កេតរួមគ្នានៅលើបញ្ហាណាមួយដែលលើកឡើង គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ »។
ទាក់ទងនឹងការខ្វែងគំនិតគ្នាលើវិស័យសិទ្ធិមនុស្សរវាងរដ្ឋាភិបាល និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះ មន្ត្រីសង្គមស៊ីវិល លោក មឿន តុលា មើលឃើញថា ជារឿងចម្រូងចម្រាសមួយ ពីព្រោះរដ្ឋាភិបាល និងអាជ្ញាធររដ្ឋខ្លួនឯងជាអ្នករំលោភសិទ្ធិមនុស្ស ហើយព្យាយាមបិទបាំងបញ្ហានេះ៖ «ជារឿងមួយដែលពិបាកនឹងរកចំណុចកណ្ដាលរួមណាស់ ចំណុចរួមមួយណាស់។ ទាល់តែសម្រប ប៉ុន្តែ យ៉ាងណាក៏ដោយដើម្បីកុំឲ្យវាបាត់នូវរូបភាពនូវឈ្មោះរបស់អង្គការសហប្រជាជាតិដែលឈរលើសិទ្ធិមនុស្ស សំខាន់អ្នករាយការណ៍ពិសេស បើសិនជាខ្លួនគាត់ឈរលើវិជ្ជាជីវៈរបស់គាត់ ឈរលើការពិត ឈរលើផ្លូវច្បាប់ នោះគាត់បានគោរពវិជ្ជាជីវៈរបស់គាត់ហើយ ទោះបីការនិយាយរបស់គាត់ហ្នុងវាខុសទៅនឹងចិត្តរបស់អ្នកដែលរំលោភសិទ្ធិមនុស្សហ្នុងក៏ដោយ។ ខ្ញុំថា វាជារឿងមួយដែលមិនអាចផ្គាប់ចិត្តបានទេ ពីព្រោះការរំលោភសិទ្ធិមនុស្សនេះ មិនមែនអ្នកផ្សេងទៅរំលោភទេ គឺអាជ្ញាធររដ្ឋហ្នុងឯងដែលជាអ្នករំលោភច្បាប់ខ្លួនឯង ឬមួយអាជ្ញាធររដ្ឋមិនបានចាត់វិធានការអីមួយទាល់តែសោះទៅលើការរំលោភសិទ្ធិអីផ្សេងៗ »។
ក្រៅពីមានតំណែងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត ក៏បម្រើការងារជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យមួយ (Newcastle University Law School) នៃចក្រភពអង់គ្លេស។ កិច្ចការរបស់អ្នកស្រី ភាគច្រើនពាក់ព័ន្ធនឹងការកសាងសមត្ថភាពទូលំទូលាយនៅក្នុងវិស័យអប់រំ និងយុត្តិធម៌ ដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្ស។ អ្នកស្រីក៏ធ្លាប់ធ្វើការនៅតាមសាកលវិទ្យាល័យនានា នៅអូស្ត្រាលី (Australia) កាណាដា (Canada) ចិន (China) ហ្វ៊ីជី (Fuji) និងកម្ពុជាជាដើម។ ក្នុងអាណត្តិរបស់អ្នកស្រីនៅកម្ពុជារយៈពេល ជាង ៥ឆ្នាំមកនេះ ក្រៅពីបញ្ហាសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ អ្នកស្រីក៏ផ្ដោតការងារកែទម្រង់វិស័យយុត្តិធម៌ សិទ្ធិដីធ្លី សិទ្ធិការងារ និងសិទ្ធិបរិស្ថានជាដើម។ ក្រោយព្រឹត្តិការណ៍បោះឆ្នោតជាតិដ៏ចម្រូងចម្រាសនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលត្រូវសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោត «ក្លែងក្លាយ» រួចមក អ្នកស្រី រ៉ូណា ស្ម៊ីត បានថ្លែងប្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថា លទ្ធផលនៃការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចាត់ទុកថា «ឈ្នះភ្លូកទឹកភ្លូកដី» នោះ គឺជាការបោះឆ្នោត «ខ្វះភាពត្រឹមត្រូវ» ដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ហើយជាការដឹកនាំកម្ពុជាទៅរករបប «គ្មានប្រជាធិបតេយ្យ»៖ « ក្នុងស្ថានភាពបែបនេះ ប្រទេសកម្ពុជាបានក្លាយជារដ្ឋឯកបក្សទៅហើយ។ គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវគេបំភ្លេចចោលពីឥឡូវនេះ រហូតយ៉ាងតិច ៥ឆ្នាំទៅមុខទៀត ដែលស្មើនឹងរយៈពេល ១អាណត្តិរបស់រដ្ឋសភាថ្មីនេះ។ ការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅនេះជាការបោះឆ្នោតដែលងាកចាកឆ្ងាយចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យខ្វះភាពត្រឹមត្រូវ និងផ្ទុយពីខ្លឹមសារនៃមាត្រា ២៥ នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាបានចុះសច្ចាប័នថាព្រមតាមនោះ »។
ការបោះឆ្នោតដែលអ្នកស្រី រ៉ូណា ស្ម៊ីត ចាត់ទុកថា «ខ្វះភាពត្រឹមត្រូវ» និង «គ្មានប្រជាធិបតេយ្យ» នេះ ទំនងជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូប អាចចងចាំបានខ្លាំងជាងគេ និងមិនអាចបំភ្លេចបាន ថាគឺជាកេរដំណែលរបស់អ្នកស្រី បំពេញការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ដែលអ្នកស្រីហ៊ាននិយាយការពិតអំពីរឿងនេះ ប្រាប់ទៅកាន់ពិភពលោកជំនួសឲ្យពលរដ្ឋខ្មែរទូទៅនៅក្នុងស្រុកដែលរងការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិផ្នែកនយោបាយពីសំណាក់របបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។