លោក ហ៊ុន ម៉ាណែត បារម្ភ​ខ្លាំង​ ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ស្ដីពី​បញ្ហា​ជួញដូរ​មនុស្ស តែ​លោក​គ្មាន​ចំណាត់​ការ​​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នេះ​ច្បាស់លាស់

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​ចាប់​ជំរិត​មនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​មេខ្លោង​ធំៗ​ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ថា រដ្ឋាភិបាល​បាន​ត្រឹមតែ​បង្ហាញ​ជំហរ​ប្ដេជ្ញា​ចិត្ត ប៉ុន្តែ​ការ​អនុវត្ត​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។

ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០២៤ ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក សុខា មិន​បាន​បញ្ជាក់​ជំហរ និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​នៃ​មេខ្លោង​ធំៗ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ។

ទោះ​ជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា ការ​កើត​ឡើង​នៃ​បទល្មើស​ជួញដូរ​មនុស្ស​ក្នុង​យុគសម័យ​កាន់​តែ​ទំនើប​ដែល​កំពុង​កើត​មាន​នៅ​លើ​ទឹក​ដី​កម្ពុជា មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​ទាំង​មូល។ លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រតិកម្ម​នឹង​របាយការណ៍​អន្តរជាតិ ដែល​ទំនង​ចង់​សំដៅ​ដល់​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ចំណាត់​ថ្នាក់​កម្ពុជា ៣ឆ្នាំ​ចុងក្រោយ ជា​ប្រទេស​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​លោក​ចាត់​ទុក​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​មិន​យុត្តិធម៌។ លោក​ចាត់​ទុក​អំពើ​ជួញដូរ​មនុស្ស​ជា​បញ្ហា​សកល និង​អះអាង​ថា កម្ពុជា​ក៏​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ក្នុង​ទម្រង់​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវ​ភេទ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖«ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ប្រកាស​ជា​ឧឡារិក​ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ប្រឆាំង​ដាច់​ខាត​រាល់​ទម្រង់ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស អំពើ​ជួញដូរ​មនុស្ស និង​លើក​កម្ពស់​ការ​បង្ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​រាល់​កលល្បិច​នៃ​ក្រុម​ឧក្រិដ្ឋជន បន្ត​អនុវត្ត​រាល់​បទដ្ឋាន ដែល​ជា​ប្រយោជន៍​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស»។

លោក ហ៊ុន ម៉ាណែត ប្រកាស​បែប​នេះ​នៅ​ពេល​ចូល​រួម​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី១៨ ក្រោម​ប្រធានបទ «កម្ពុជា​ប្រឆាំង​ដាច់​ខាត​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌីជីថល» ប្រចាំ​ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១២ ខែធ្នូ។ លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជា​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ជំនាញ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​លោក​អះអាង​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​មួយ​ចំនួន​នា​ពេល​កន្លង​មក​ដែល​មាន​ជនរងគ្រោះ រង​ការ​ធ្វើ​ទារុណកម្ម ចាប់​ជំរិត និង​ករណី​ទាសករ​ឈាម ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា។

ថ្វី​បើ​បែប​នេះ​ក្ដី បទល្មើស​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន​ឡើង និង​ហាក់​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​ក្រុម​ជនល្មើស​កាន់​តែ​ពង្រីក​បណ្ដាញ និង​ប្រើ​មធ្យោបាយ​កាន់​តែ​ទំនើប ដើម្បី​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​រឹបអូស​បាន​កាំភ្លើង​ខ្លី​ចំនួន ៣ដើម និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន ២នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត និង​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​ជំរិត​ទារ​ប្រាក់។

ក្នុង​រយៈ​ពេល ៦ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​១០៤ករណី និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ១៣៤នាក់។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ ២៩០នាក់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ មាន​មនុស្ស ១៣៤នាក់ រង​ការ​ជួញដូរ​មនុស្ស និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​គឺ​ជា​អនីតិជន​អាយុ​ក្រោម ១៨ឆ្នាំ។

ជុំវិញ​រឿង​នេះ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ស៊ើបអង្កេត ស្វែងរក​មេខ្លោង​ធំៗ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ជាជាង​ត្រឹម​តែ​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ព័ត៌មាន​ស្ដី​ពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា អំពើ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​នៅ​តែ​ជា​បញ្ហា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ និង​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សេដ្ឋកិច្ច​កម្ពុជា។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​បង្កើន​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ឱ្យ​បាន​ខ្លាំង​ក្លា​តាមរយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។

លោក អំ សំអាត៖«ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក៏​វា​កាន់​តែ​បង្កើន​ភាព​ស្មុគស្មាញ និង​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ថែម​ទៀត។ កន្លង​មក យើង​ឃើញ​មាន​សារព័ត៌មាន​អន្តរជាតិ បណ្ដា​ប្រទេស​ផ្សេងៗ គេ​បាន​លើកឡើង​អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ប៉ះពាល់​ដល់​ពលរដ្ឋ​គេ រងគ្រោះ​ដោយសារ​តែ​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ដែល​លទ្ធផល​ទាំង​អស់​ហ្នឹង វា​មិន​ល្អ​សម្រាប់​មុខ​មាត់​កម្ពុជា​ទេ ដែល​វា​ប៉ះពាល់​វិស័យ​ទេសចរណ៍​អន្តរជាតិ វិស័យ​វិនិយោគ និង​សន្តិសុខ​សង្គម​ជាដើម»។

រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បន្ត​ជាប់​ក្នុង​ចំណាត់​ថ្នាក់​លេខ៣ ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថានភាព​អាក្រក់ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក។ អាមេរិក​រក​ឃើញ​ថា អំពើ​ពុករលួយ កង្វះ​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការ​ឃុបឃិត​រវាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាមួយ​ក្រុម​ជនល្មើស គឺជា​ហេតុ​ធ្វើ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅ​តែ​កើត​មាន និង​រីក​រាល​ដាល​ក្នុង​សង្គម​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។