ក្រសួងមហាផ្ទៃដោះស្រាយ ឆ្លើយតបមតិ-យោបល់ និងសំណូមពរពលរដ្ឋជាង២រយសំណើ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣។ មន្ត្រីអង្គការសង្គមស៊ីវិលថា ការទទួលមតិ-យោបល់ និងសំណូមពរតាមទំព័រហ្វេសប៊ុកនេះ គឺជារឿងល្អប្រសើរ និងជំរុញដល់ក្រសួងស្ថាប័នរដ្ឋផ្សេងទៀត យកគំរូតាមក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ តុលា បង្ហាញពីរបាយការណ៍ ៩ខែដំបូង ឆ្នាំ២០២៣ របស់ក្រុមការងារហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមតិ-យោបល់ ឬសំណូមពរពីពលរដ្ឋជិត៦រយ(៥៩៦)បណ្ដឹង តាមរយៈការខមិន(Comment) និង ផ្ញើសារទៅកាន់ ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ។
ប្រភពដដែលឲ្យដឹងថា ក្នុងចំណោមបណ្ដឹងជិត ៦រយនោះ ក្រសួងមហាផ្ទៃ បានដោះស្រាយចំនួនជាង២រយ(២០៤)បណ្ដឹងរួចមកហើយ ។ ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីបណ្ដឹងរបស់ពលរដ្ឋទាំងនោះប្ដឹង ទៅលើរឿងអ្វីខ្លះនោះទេ ដោយគ្រាន់តែបញ្ជាក់ពីអង្គភាពទទួលដោះស្រាយប៉ុណ្ណោះ។ ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានបណ្ដឹងជាង២រយ(២២៩) អគ្គនាយកដ្ឋានរដ្ឋបាលទទួលបានបណ្ដឹងជាង១រយ(១៤១) និងអធិការដ្ឋានទទួលបាន៤៣ បណ្ដឹង និងអគ្គនាយកដ្ឋានផ្សេងៗមួយចំនួនទៀត។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសុំការបកស្រាយបន្ថែម អំពីបណ្ដឹងរបស់ពលរដ្ឋនេះបាននៅឡើយទេ នៅថ្ងៃទី៣១ តុលា។
នៅក្រោមការបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងក្រសួងមហាផ្ទៃ ពលរដ្ឋភាគច្រើនបានខមិន (Comment) ឬផ្ដល់មតិ-យោបល់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងអសន្តិសុខសង្គមជាដើម។
ទាក់ទងនឹងបញ្ហានេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា មានប្រសាសន៍ថា ជារឿងល្អប្រសើរ ដែលក្រសួងមហាផ្ទៃទទួលមតិ-យោបល់ពីពលរដ្ឋ តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយលោកស្នើដល់ក្រសួងដទៃទៀត យកគំរូតាមក្រសួងមហាផ្ទៃ ដើម្បីពន្លឿនការដោះស្រាយបញ្ហារបស់ពលរដ្ឋឲ្យបានឆាប់។ ប៉ុន្តែលោកបន្ថែមថា ការធ្វើបែបនេះ មិនធានាការដោះស្រាយបញ្ហាពលរដ្ឋបានជានិរន្តនោះទេ ក្នុងនោះ មានបញ្ហាខ្លះអាចដោះស្រាយបាន និងខ្លះទៀត ដោះស្រាយមិនបាន ហើយលោកចង់ឃើញតុលាការបង្កើនការដោះស្រាយបណ្ដឹងពលរដ្ឋប្រកបដោយតម្លាភាព។
លោក សួន យុធ្យា៖ «ប្រសិនជាក្រសួងមានហ្វេសប៊ុក ឬក៏ក្រុមការងារ ដែលទទួលពាក្យបណ្ដឹងហ្នឹង ហើយចូលទៅដោះស្រាយឲ្យបានលឿន គឺល្អមែនទែន។ ហើយក្រសួងដទៃទៀតអាចយកគំរូតាម ក៏ប៉ុន្តែអាហ្នឹងវាមិនមែនជាដំណោះស្រាយមួយល្អទេ ពីព្រោះបើយើងមើលនៅក្នុងរដ្ឋធម្មនុញ្ញយើង គឺស្ថាប័នតុលាការជាអ្នកដោះស្រាយនូវបញ្ហាទាំងនោះដោយជូនយុត្តិធម៌សមស្របទៅតាមច្បាប់ មិនមែនអនុវត្តន៍ទៅតាមអ្វីផ្សេងទេ គឺទៅតាមច្បាប់»។
ក្រសួងមហាផ្ទៃ អះអាងទៀតថា កាលពីឆ្នាំ២០២០-២០២២ ក្រសួងបានទទួលមតិ-យោបល់តាមហ្វេសប៊ុក ចំនួន៣៥៤ បណ្ដឹង ហើយបានដោះស្រាយ២៣១ បណ្ដឹង។
បើទោះជាក្រសួងមហាផ្ទៃបានប្រកាសអំពីការដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលផ្ញើទៅកាន់ក្រសួងតាមរយៈបណ្ដាញសង្គមក៏ដោយចុះ ក៏រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានឆ្លើយតបចំពោះបណ្ដឹងមួយរបស់អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ ដែលកាលពីថ្ងៃទី១២ តុលា បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដែលលោក បានរងអំពើហិង្សាពីអាជ្ញាធរខណ្ឌដូនពេញ ក្នុងពេលលោកកំពុងឈរស្រែកតវ៉ានៅមុខក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទាមទារឱ្យក្រសួងផ្ដល់ក្របខណ្ឌគរុសិស្សឱ្យលោកវិញ។ ពេលនោះអាជ្ញាធរខណ្ឌដូនពេញក៏បានទះលោក កែវ សុវណ្ណឫទ្ធិ ចំគុម្ពត្រចៀកបណ្ដាលឱ្យលោកដួលសន្លប់ទៅលើដីផងដែរ។ ហើយថ្មីៗនេះករណីអ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានជនបិទមុខមួយក្រុមព្រួតវាយនឹងដំបងដែកស្ទើរស្លាប់ ជាដើម ដែលអាជ្ញាធរក្រសួងមហាផ្ទៃមិនអាចចាប់ជនល្មើសច្បាប់ទាំងនោះ។
ករណីទាំងពីរនេះមិនមែនជារឿងថ្មីនោះទេ ដែលក្រសួងមហាផ្ទៃបរាជ័យក្នុងការបំពេញតួនាទីរបស់ខ្លួននោះ ពោលគឺនៅសំណុំរឿងអំពើហិង្សារាប់សិបករណីទៀត ដែលបានកើតឡើងលើអ្នកនយោបាយ និងសកម្មជនបក្សប្រឆាំង ដែលស្ថាប័នទទួលខុសត្រូវមួយនេះបរាជ័យ។ តាំងពីជំនាន់លោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកទល់ពេលនេះ សកម្មជននយោបាយបក្សប្រឆាំង និងសកម្មជនសង្គម ដែលជាជនរងគ្រោះ នៃអំពើវាយប្រហារពីជនមិនស្គាល់មុខបានកើនឡើងដល់ចំនួនមាន ៥០នាក់ហើយ។ ប៉ុន្តែករណីវាយប្រហារទាំងអស់នេះ ក្រសួងមហាផ្ទៃមិនបានចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសនោះទេ សូម្បីតែមួយករណី ។ មន្ត្រីសង្គមស៊ីវិលទទូចឱ្យក្រសួងមហាផ្ទៃបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញ ប្រកបដោយតម្លាភាព ដើម្បីយុត្តិធម៌សង្គម ដែលពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយអាចរស់នៅជាមួយគ្នាបានដោយគ្មានការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។