របាយការណ៍ស្តីពីសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ រងការគាបសង្កត់និងរំលោភបំពាន ក្នុងអំឡុងឆ្នាំ២០២១
2022.04.27

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣ បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៦ រកឃើញថា ប្រជាពលរដ្ឋនៅតែមិនមានសេរីភាព ក្នុងការអនុវត្តន៍សេរីភាពជាមូលដ្ឋានរបស់ខ្លួន អាជ្ញាធរបានជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ ការកើនឡើងនៃការរឹតត្បិត ការបញ្ចេញមតិអនឡាញ និងក្រុមគណបក្សនយោបាយជំទាស់ ត្រូវបានកំណត់មុខសញ្ញាជាដើម។
ក្នុងរបាយការណ៍១៣០ទំព័រ ដែលចងក្រងលំអិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)សមាគមសិទ្ធិមនុស្សអាដហុក(ADHOC)និងមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center) ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា បានពិនិត្យមើលពីសេរីភាពជាមូលដ្ឋានសំខាន់ៗ៣ គឺសេរីភាពខាងសមាគម សេរីភាពខាងបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ។
អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហ៊ុន ស៊ាងហាក់ ប្រាប់វិទ្យុអាស៊ីសេរីថា ទិន្នន័យដែលប្រមូលបានបង្ហាញថា លំហនៃការអនុវត្តន៍សេរីភាពជាមូលដ្ឋាននៅមានកម្រិតនៅឡើយ ខណៈដែលអាជ្ញាធរបានរារាំងនិងទប់ស្កាត់ រាល់ការជួបប្រជុំរបស់ពលរដ្ឋ៖ «ក្រុមការងារដែលធ្វើការងារលើគម្រោងយើងបានកត់ត្រាថា លំហរសេរីភាពជាមូលដ្ឋាននៅតែរងការរឹតត្បិត លំហនៃការចូលរួមរបស់ពលរដ្ឋនៅតែបន្តធ្លាក់ចុះ។ មិនតែប៉ុណ្ណោះ យើងឃើញថា ចំនួនការរឹតត្បិតមានជាង៣០០ករណី កើតឡើងទូទាំងប្រទេសនៅឆ្នាំ២០២១។ បន្ថែមពីនេះ ក្នុងឆ្នាំ២០២១ មានការតាក់តែងច្បាប់មួយចំនួន ដែលប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន។ មួយវិញទៀត សកម្មភាពរបស់គណបក្សជំទាស់ ទទួលរងនៃការរំលោភបំពានដោយអាជ្ញាធររដ្ឋនិងភាគីទី៣»។
បន្ថែមពីការរឹតត្បិតសិទ្ធិសេរីភាពទាំងនោះ រដ្ឋាភិបាលក៏បានបង្កើតច្បាប់និងបទប្បញ្ញតិ្តថ្មីៗចំនួន៣ ក្នុងនោះរួមមាន អនុក្រិត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងសង្ឃប្រកាសដែលហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមការតវ៉ា ឬបាតុកម្ម។
លោក ហ៊ុន ស៊ាងហាក់ ឲ្យដឹងដែរថា របាយការណ៍នេះ ក៏បានផ្ញើជូនទៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋពាក់ព័ន្ធ ដើម្បីអាចប្រើប្រាស់របាយការណ៍ដែលរៀបរាប់ជាក់ស្តែងពីស្ថានការណ៍កើតឡើងពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងពិនិត្យមើលពីចំណុចមួយចំនួនដែលប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
របាយការណ៍សង្កត់ធ្ងន់ថា សេរីភាពជាមូលដ្ឋាននិងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះ នឹងជួយពង្រឹងពង្រីកនៃការចូលរួមរបស់ពលរដ្ឋក្នុងសកម្មភាពសង្គមនានា។ ការបង្ក្រាបរបស់អាជ្ញាធរទៅលើសេរីភាពជាមូលដ្ឋាននេះ គឺជាការទប់ស្កាត់និងរារាំងពលរដ្ឋមិនឲ្យចូលរួមជាសាធារណៈ ហើយដែលទង្វើនេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំងរប់អង្គការសង្គមស៊ីវិល ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ នៅដើមខែមិថុនា និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ខាងមុខ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរបន្ថែមទៅអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន បាននៅឡើយទេ នៅថ្ងៃទី២៧ ខែមេសា ដោយសារទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។