ក្រុមអ្នកសារព័ត៌មាន ៤រូប នៅខេត្តត្បូងឃ្មុំ ដែលរងការប៉ុនប៉ងវាយសម្លាប់ ទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចរកយុត្តិធម៌ ក្នុងករណីដែលជនល្មើសមួយក្រុម បានប្រើហិង្សាលើពួកគេ កាលពីដើមសប្ដាហ៍នេះ។ ការទាមទារនេះ ក្រោយពីសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។
អ្នកកាសែត ៤នាក់ ដែលសកម្មក្នុងការតាមដានពីបទល្មើសព្រៃឈើ អំពាវនាវឱ្យសមត្ថកិច្ចខេត្តត្បូងឃ្មុំ វែកមុខជនដៃដល់ ៧នាក់ ដែលព្រួតគ្នាវាយប្រហារ ពួកគេនៅយប់កណ្តាលអធ្រាត្រនៅថ្ងៃទី២៨ ខែកញ្ញា ឋិតក្នុងស្រុកមេមត់។ ក្រុមអ្នកកាសែតទាំងនោះបារម្ភថា បើករណីនេះសមត្ថកិច្ចមិនអាចចាប់ខ្លួនជនដៃដល់ មកផ្ដន្ទាទោសបានទេ ក្រុមជនល្មើសនឹងមិនរាងចាល ហើយសេរីភាពសារព័ត៌មាននឹងកាន់តែផុយស្រួយ ប៉ះពាល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ។
កាលពីយប់អធ្រាត្រ ឈានចូល ថ្ងៃទី២៨ កញ្ញា ជនមិនស្គាល់មុខមានគ្នា ៧នាក់ ជិះរថយន្តសាំងយ៉ុង ១គ្រឿង កាន់ដំបង ពូថៅ និងកាំបិត ប្រើហិង្សាលើក្រុមអ្នកសែត ៤នាក់ ដែលកំពុងដេកក្នុងរថយន្តកាម៉ារីសេរីចាស់ ២គ្រឿង តាមផ្លូវជាតិលេខ ៧ចំណុចផ្លូវបំបែកច្រកទ្វារព្រំដែនបឹងជ្រោង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះ បណ្ដាលឱ្យអ្នកកាសែត ១ ក្នុងចំណោម ៤នាក់ រងរបួសឆ្អឹងជំនីរ ។ រីឯរថយន្តពីរគ្រឿង របស់អ្នកកាសែតទាំងនោះ ត្រូវគេវាយបំបែកកញ្ចក់ជុំវិញ។
អ្នកកាសែតអនឡាញ មកពីស្ថាប័នសារព័ត៌មាន ភ្នែកម្នាស់ (PNM) គឺលោក រេន សំណាង ប្រាប់អាស៊ីសេរីថា លោកត្រូវគេវាយរងរបួសឆ្អឹងជំនីរ ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះ។ លោកថា ក្រោយពីកើតហេតុ លោកបានដាក់ពាក្យប្ដឹង ទៅអធិការស្រុកមេមេត់ ដើម្បីរកយុត្តិធម៌ករណីនេះ ក៏ប៉ុន្តែរហូតដល់រសៀលថ្ងៃទី១ ខែតុលានេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយទេ។ លោកចាត់ទុកការវាយប្រហារនេះ គឺជាការគំរាមកំហែង ដល់ភារកិច្ចរបស់លោក ដែលតែងតែចុះស៊ើបអង្កេត និងរាយការណ៍ពីបទល្មើសព្រៃឈើនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៖ «ខ្ញុំត្រូវរបួសចំឆ្អឹងជំនីរខាងឆ្វេង ឆៀងខាងក្រោយ។ ខ្ញុំទទូចអង្វរសូមឱ្យសមត្ថកិច្ចវែងមុខជនល្មើស ឱ្យឆាប់រហ័ស ដើម្បីបានដាក់ទោសតាមច្បាប់»។
អ្នកកាសែតក្នុងស្រុករូបនេះ បន្ថែមថា ស្ថាប័នរបស់លោក ផ្សាយតាមអនឡាញ ឬគេហទំព័រ សរសេរអំពីបទល្មើសព្រៃឈើ កសិកម្ម និងសេដ្ឋកិច្ចពលរដ្ឋជាដើម ហើយបេសកកម្មការងាររបស់លោក មិនបានជំរិតទារប្រាក់ ពីអ្នកដឹកឈើ និងអ្នករកស៊ីឈើខុសច្បាប់នោះទេ។
អ្នកកាសែតម្នាក់ទៀត ដែលត្រូវគេវាយកញ្ចក់រថយន្ត គឺលោក មួក សារ៉ែន សង្ស័យថា ក្រុមជនដៃដល់គឺជាអ្នកដឹកឈើ និងរកស៊ីឈើខុសច្បាប់ ធ្វើសកម្មភាពដឹកឈើតាមរថយន្តឆ្លងកាត់ខេត្តនីមួយៗនៅពេលយប់។ លោកថា ក្រុមអ្នកដឹកឈើ មិនចូលចិត្តអ្នកកាសែតនោះទេ ព្រោះប៉ះពាល់ដល់មុខរបររកស៊ីខុសច្បាប់របស់ពួកគេ ខណៈដែលពួកលោកតែងតែតាមដានពីបទល្មើសព្រៃឈើ។ លោកបន្ថែមថា បើទោះបីជារងការវាយប្រហារបែបនេះក្តី លោកនៅតែបន្តធ្វើការងារជាអ្នកសារព័ត៌មានដដែល៖ «នៅតែធ្វើបន្តទៀត កុំឱ្យបាក់ទឹកចិត្ត ព្រោះការគំរាមកំហែងយើងប៉ុណ្ណឹង ក៏យើងមិននៅ មិនខ្លាចពួកបទល្មើសហ្នឹងដែរ។ បើយើងខ្លាចបានន័យថា ថ្ងៃក្រោយយើងអត់បានដើរយកព័ត៌មានបានទៀត យើងនៅតែខ្លាចអ៊ីចឹង»។
ឆ្លើយតបរឿងនេះ អធិការនគរបាលស្រុកមេមត់ លោក ហុង គឹមហឿន និយាយថា ពិតជាមានករណីហិង្សានេះមែន ហើយលោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់ ក្នុងចំណោម ៤នាក់នោះ។ លោកថា សមត្ថកិច្ចកំពុងស៊ើបអង្កេតសំណុំរឿងនេះ ហើយមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយទេ៖ «ចាំមើលខ្ញុំបញ្ជូនរឿងទៅថ្នាក់លើបន្តបន្ទាប់ទៀតបង។ ខ្ញុំមិនទាន់រាយការណ៍ជូនបងបានទេ ខ្ញុំនៅតែបន្តការងារនីតិវិធីរបស់នគរបាល»។
ទាក់ទងករណីនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ថ្មីៗ នេះ បានចេញសេចក្ដីថ្លែងការណ៍ ២ទំព័រ ថ្កោលទោសចំពោះជនល្មើស ដែលវាយប្រហារមកលើក្រុមអ្នកសារព័ត៌មាន ៤រូប បំពានច្បាប់។ ខេមបូចា ចាត់ទុកករណីនេះ មិនមែនជាលើកទី១ ទេ ដែលអ្នកសារព័ត៌មាន មានតួនាទីសំខាន់ រាយការណ៍ពីបទល្មើសព្រៃឈើ រងការគំរាមកំហែង និងវាយដំ។
នាយកប្រតិបត្តិអ្នកសម្ព័ន្ធសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី យល់ថា សមត្ថកិច្ចខេត្តត្បូងឃ្មុំមិនទាន់ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ គឺជាទង្វើរារាំងដល់ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មានផ្សេងៗ ទៀត ដែលតែងតែឃ្លាំមើល និងស៊ើបអង្កេតបទល្មើសព្រៃឈើ។ លោកជំរុញឱ្យសមត្ថកិច្ចត្រូវពន្លឿនការស៊ើបអង្កេតសំណុំរឿងនេះ ដើម្បីស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៖ «ខេមបូចា ជំរុញឱ្យសមត្ថកិច្ចលោកផ្ដល់នូវយុត្តិធម៌ជូនជនរងគ្រោះ ហើយធ្វើយ៉ាងណាធានានូវសន្តិសុខ សុវត្ថិភាព សម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងតែធ្វើកិច្ចការងារនៅក្នុងប្រទេសកម្ពុជាយើង។ ធ្វើយ៉ាងណាឱ្យគាត់អាចបំពេញការងាររបស់ពួកគាត់បាន ទាក់ទងការឃ្លាំមើលនូវបទឧក្រិដ្ឋព្រៃឈើ»។
របាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយនៅខែឧសភា បង្ហាញថា ស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា នៅតែប្រឈមនឹងការចាប់ចង ការចោទប្រកាន់តាមផ្លូវច្បាប់ និងប្រព័ន្ធតុលាការ ដែលរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មាន។ អង្គការសិទ្ធិមនុស្សមួយនេះ រកឃើញទៀត គិតចាប់តាំងពីឆ្នាំ១៩៩៣ មក អ្នកសារព័ត៌មានចំនួន ១៣នាក់យ៉ាងតិច ត្រូវបានគេធ្វើឃាត ក្នុងនោះករណីភាគច្រើន អាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់ណាម្នាក់យកមកផ្ដន្ទាទោសនោះឡើយ ដែលនេះ គឺជាការបង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាពដ៏រ៉ាំរ៉ៃនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។