លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារម្ភពីការកើនឡើងនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
ក្តីបារម្ភរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី « កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ » កាលពីថ្ងៃទី២៨ ខែមេសា ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត។
គេហទំព័រក្រសួងយុត្តិធម៌ឲ្យដឹងថាគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ចៅក្រម ព្រះរាជអាជ្ញា និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសអំពីបទល្មើសដែលកើតមាននៅក្នុងបណ្តាញសង្គមនិងបទបញ្ញត្តិគតិយុត្តជាធរមានសម្រាប់ចំណាត់ការលើបទល្មើសទាំងនេះសំដៅធានាបាននូវការពង្រឹងការអនុវត្តច្បាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះលើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងអ៊ីនធឺណិត ធ្វើឱ្យការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញកំពុងរីករាលដាលនិងក្លាយជាក្ដីបារម្ភសម្រាប់ពិភពលោកទាំងមូល និងសម្រាប់កម្ពុជាផងដែរ។ លោក កើត រិទ្ធ ថ្លែងថា កន្លងមក កម្ពុជាបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងច្រើន ដើម្បីផ្ដល់ការគាំពារផ្លូវច្បាប់ដល់កុមារ ប្រឆាំងរាល់ទម្រង់នៃការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
ទោះជាយ៉ាងនេះក្តីក៏ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធររដ្ឋាភិបាល នៅមិនទាន់បានចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព លើករណីជួញដូរមនុស្សនៅឡើយទេ។
របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបង្ហាញថា កាលពីអំឡុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្សចំនួន ២៣៥ករណី ហើយសមត្ថកិច្ចបានបញ្ជូនជនល្មើសចំនួន ៤០០នាក់ទៅតុលាការ។ ចំណែកឯជនរងគ្រោះមានចំនួន ១.៣៩០នាក់ ក្នុងនោះមានស្រ្តី ៥៩៥នាក់ ដែលបានសង្គ្រោះពីករណីជួញដូរមនុស្ស។ ចំពោះករណីអាជីវកម្មពេស្យាចារវិញ អាជ្ញាធរបង្ក្រាបបានចំនួន ១២៤ករណី ក្នុងនោះ ៨៦ករណីជាអនីតិជនបានរងការរំលោភបំពានបៀតបៀនផ្លូវភេទ។
សហរដ្ឋអាមេរិក បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប់ចំណាត់មិនល្អ៣ឆ្នាំជាប់ៗ គ្នា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ក្នុង របាយការណ៍ស្តីអំពីការជួញដូរមនុស្សនៅកម្ពុជាឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា សហរដ្ឋអាមេរិករកឃើញថា កម្ពុជានៅតែបានចំណាត់ថ្នាក់ត្រឹមកម្រិត២ (Tier 2) ដដែលតាំងពីឆ្នាំ២០១៩ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជា មិនបានបំពេញគ្រប់នៅឡើយ ទៅតាមស្តង់ដាអប្បបរមា ក្នុងការលុបបំបាត់ការជួញដូរមនុស្ស ប៉ុន្តែបានខិតខំធ្វើដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។