លោក គា សុគន្ធ អ្នក​និពន្ធ​គំរូ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ

ដោយ សុជីវី
2023.01.22
លោក គា សុគន្ធ អ្នក​និពន្ធ​គំរូ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ តារាចម្រៀងរ៉ែប (Rap) គា សុគន្ធ ពេលចូលរួម​រំលឹកខួប​៣១ឆ្នាំនៃ​កិច្ចព្រមព្រៀ​ង​សន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យថ្មី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ការហ៊ាន​និយាយ​ការពិត​ក្នុង​សង្គម ​គឺ​ជា​តួនាទី​សំខាន់​មួយ​របស់​អ្នក​និពន្ធ។ តួនាទី​នេះ​គឺ​កាន់​តែ​សំខាន់​ទៅ​ទៀត​នៅ​ពេល ដែល​ពលរដ្ឋ​ក្នុង​សង្គម​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការរិតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មតិ។ យុវជន គា សុគន្ធ ដែល​ជា​អ្នកនិពន្ធ និង​ច្រៀង​ចម្រៀង​បែប​រ៉ែប (Rap) ជា​ប្រភេទ​អ្នកនិពន្ធ​កម្រ ដែល​បាន​បំពេញ​តួនាទី​សំខាន់​របស់​អ្នកតែង​និពន្ធ​នេះ។ ការណ៍​នេះ​ស្ដែង​ចេញ​តាម​រយៈ​ស្នាដៃ​ជា​ច្រើន​របស់​លោក​ជា​ពិសេស​បទចម្រៀង «ឈាមបាតុករ»

កូដករ សហជីព និង​អ្នកស្រឡាញ់​ការតែង​និពន្ធ​ចាត់​ទុក​ស្នាដៃ​តែង​របស់​យុវជន គា សុគន្ធ ថា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ដែល​ម្ចាស់​ស្នាដៃ​បែប​នេះ​គួរ​បាន​ការ​សរសើរ និង​ការលើក​ទឹក​ចិត្ត ឬ​ចាត់ទុក​ថា​ជា​គំរូ​នៃ​អ្នកនិពន្ធ​ឆ្លុះបញ្ចាំង​ការពិត និង​បណ្ដុះ​ស្មារតី​ស្នេហាជាតិ។

f1e8e17a-6906-4ecb-bc70-49dfa82f5488.jpeg
បទចម្រៀង «ឈាមបាតុករ»។

កូដករ​ដែល​ចេញ​តវ៉ា​រយៈ​ពេល​ជាង​១ឆ្នាំ​មក​ហើយ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដដ៏ (Naga World) គោរព​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព កញ្ញា អានិច លើក​ឡើង​ថា ​កញ្ញា​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​របស់​លោក គា សុគន្ធ ជា​ពិសេស​បទចម្រៀង​ចេញ​ថ្មី​របស់​លោក គឺ​បទ «​ឈាម​បាតុករ» ​នេះ​ឯង។ កញ្ញា​បន្ត​ថា​ ពលរដ្ឋ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​សុទ្ធ​តែ​បាន​ដឹង​ថា ​ពិត​ជា​មាន​រឿងកើត​ឡើង​ដូច​បទចម្រៀង​របស់​លោក គា សុគន្ធ មែន ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ហ៊ាន​លាតត្រដាង​ការពិត​ទាំង​នោះ​ទេ ដោយសារ​តែ​ភាព​ភ័យ​ខ្លាច។ កញ្ញា​សង្កត់​ធ្ងន់​ថា ​ការតវ៉ា​របស់​ក្រុម​បាតុករ​នៅ​ក្នុង​បទចម្រៀង​នោះ​ក៏​ស្រដៀង​គ្នា​នឹង​ការ​តវ៉ា​របស់​កូដករ​នៅ​ណាហ្គាវើលដ៏​ដែរ

«សម្រាប់​ខ្ញុំ​គឺ​វា​ឈឺ​ចាប់​ណាស់ ដោយសារ​តែ​ខ្ញុំ​ជួប​ផ្ទាល់​ហើយ។ វា​ត្រូវ​គ្នា​ស្រដៀង​នឹង​រឿង ដែល​ឥឡូវ​ហ្នឹង​ពួក​ខ្ញុំ​កំពុង​កូដកម្ម​ជាមួយ​ណាហ្គា រឿង​សហជីព​ដូចគ្នា ហើយ​នឹង​រឿង​តាម​ទាមទារ​ប្រាក់ខែ​វិវាទ​ការងារ»

យុវជន គា សុគន្ធ ជា​អ្នក​និពន្ធ និង​អ្នកចម្រៀង​រ៉ែប (Rapper) ផ្តោត​លើ​បញ្ហា​ក្នុង​សង្គមយុវជន​វ័យ ២២ឆ្នាំ​រូបនេះ ​បាន​ចេញ​បទចម្រៀង​ជាច្រើន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គមបទចម្រៀង​ថ្មី ដែល​ចេញ​នៅ​ក្នុង​ខែមករា ដើម​ឆ្នាំ២០២៣​នេះ គឺ​ «ឈាមបាតុករ» ដែល​រៀបរាប់​ពី​អំពើ​ហិង្សា​នៅ​ផ្លូវវេង​ស្រេង និង​ការទន្ទឹង​យុត្តិធម៌​នៃ​អ្នករងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ ដែល​រម្លង​រយៈពេល​៩ឆ្នាំ​មក​ហើយ។

«ចម្រៀង៖ ឆ្នាំ២០១៤ ឈឺចាប់បេះដូងអង្រួន ព្រឹត្តិការណ៍​ផ្លូវវេង​ស្រេង​ហាក់​ដូច​គំនុំ​គុំកួន តវ៉ា​រឿង​ប្រាក់​ឈ្នួល ដើម្បី​តែ​ជីវភាព អ្នកតស៊ូ ដើម្បី​សិទ្ធិ ដើម្បី​សេរីភាព ស្វែង​រក​នូវ​យុត្តិធម៌​ពោពេញ​ដោយ​ឧបសគ្គ។ ឯណា​អ្នកទទួលខុសត្រូវ​លើ​ផ្លូវ​ដែល​គ្រោះថ្នាក់ ក្នុង​ស្ថានការណ៍ ដែល​កំពុង​តែ​វឹកវរ​បាតុករ​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ បង្ក​ជា​ហិង្សា​រងគ្រោះ​អាយុ​ជីវិត មាន​អ្នក​ស្លាប់ មាន​អ្នក​របួស ឈឺចាប់»

កង​កម្លាំង​ប្រដាប់​អាវុធបាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​តវ៉ា​ទាមទារ​ប្រាក់ខែ​គោល​កាល​ពី​ដើម​ឆ្នាំ ២០១៤ នៅ​លើ​ផ្លូវវ៉េង​ស្រេង និង​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ដោយ​បាន​វាយដំ និង​បាញ់រះ ធ្វើ​ឱ្យ​មនុស្ស ៤នាក់​ស្លាប់ ៣៨នាក់​របួស ព្រម​ទាំង​បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់។ យុវជន គា សុគន្ធ អះអាង​ថា បទ​ចម្រៀង​ឈាម​បាតុករ​រំឮក​ពី​ការតស៊ូ​របស់​កម្មករ ដែល​បាន​លះបង់​ឈាមស្រស់ នៅ​ក្នុង​ការតវ៉ា រួម​នឹង​ជា​ការពញ្ញាក់​អារម្មណ៍​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ស្វះស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ

យ៉ាងនេះ​ក្ដី​ស្នាដៃ​នេះ​ប្រែ​ក្លាយ​ជា​ដើមចម​នៃ​កា​រចោទ​ប្រកាន់​ថា «​ញុះញង់»រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ស្នើ​ឲ្យ​អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន ចាត់​វិធានការ​ការ​ផ្សព្វផ្សាយ​បទចម្រៀង «ឈាមបាតុករ» ដោយ​ចោទ​ថា ​បទចម្រៀង​នេះ មាន​ខ្លឹមសារ​ «ញុះញង់» អាច​បង្ក​ជា​អសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គមជាមួយគ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន៤ ដែល​បាន​រួមគ្នា​រម្លឹក​ខួប ៩ឆ្នាំ​នៃ​អំពើ​ហិង្សា និង​បានផ្សព្វផ្សាយ​បទចម្រៀង​នេះ​ក៏​ត្រូវ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ខំ​ឱ្យ​លុប​ចម្រៀង​នោះ​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ពួកគេ​ហើយ​ដែរ។

ទាក់ទង​នឹង​រឿងនេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ចេញ​ផ្សាយ​របាយការណ៍​ការពិត​ពី​ពលរដ្ឋ​បាត់​ដីស្រែ​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម មើលឃើញ​ថា​ក្រសួង​វប្បធម៌​គួរតែ​ជា​ស្ថាប័ន​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឱ្យ​យុវជន​ក្លាហាន​ដូច គា សុគន្ធ នេះ ដើម្បី​បណ្ដុះ​គ្រាប់ពូជ​យុវជន​ស្នេហា​ជាតិលោក​ថា ​ការ​បំបិទ​មាត់​អ្នក​ហ៊ាន​និយាយ​ការពិត​បែបនេះ​បង្ហាញ​ពី​វប្បធម៌​ក្ដិចត្រួយ៖

«យុវជន​បែប​ហ្នឹង​ជា​យុវជន​កម្រ ដែល​យើង​គួរតែ​លើក​ទឹក​ចិត្ត​គាត់ ទី១​គឺ​ឱ្យ​គាត់​បន្ត​ដើម្បី​ឱ្យ​យុវជន​ផ្សេងទៀត​ចូលរួម​ជាមួយ​បាន​ច្រើន។ ប្រសិន​បើ​យើង​គ្រាន់​តែ​ឃើញ​មាន​ពន្លក​មួយ​មក​មាន​ឆន្ទៈ​ជាតិ ហើយ​យើង​ជាន់​ពន្លិច​វិញ គឺ​យើង​កំពុង​តែ​ចូលរួម​ធ្វើ​ឱ្យ​សង្គម​យើង​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ទេ»

ចំណែក​អ្នកចូលចិត្ត​ការ​តែង​និពន្ធ និង​ជា​សមាជិក​សមាគម​អ្នកនិពន្ធ​ខ្មែរ អ្នកនាង លឹម វីរីយ៉ា សោក​ស្ដាយ ដែល​អាជ្ញាធរ​បន្ទច់​បង្អាក់​យុវជន គា សុគន្ធ ដែល​ជា​អ្នកនិពន្ធ​ហ៊ាន​លាតត្រដាង​ការពិត​ពី​បញ្ហា​ក្នុង​សង្គម​បែប​នេះអ្នកនាង​ថា​ សង្គម​មួយ​ចាំបាច់​ត្រូវ​មាន​អ្នកនិពន្ធ អ្នកសិល្បៈ ដែល​ជួយ​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ ដែល​មិន​អាច​ខ្វះ​បាន៖

«វា​ពិត​ជា​សំខាន់​មែន សំខាន់​ខ្លាំង​ណាស់ ព្រោះ​អី​ស្នាដៃ​សិល្បៈ ស្នាដៃ​ចម្រៀង កំណាព្យ ការ​តែង​និពន្ធ​អី​នេះ​វា​ធ្វើ​ឱ្យ​មនុស្ស​ចងចាំ​បាន​ល្អ​ប្រសើរ​ជាង​ការ​និយាយ​ធម្មតាៗ»

ចម្រៀង​ «ឈាមបាតុករ» ដែល​នាំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស់​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ស្នាដៃ​របស់​យុវជន គា សុគន្ធ ហើយ​យុវជន​រូបនេះ​ក៏​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល១ឆ្នាំ ក្នុង​ចំណោម​ទោស​សរុប​១ឆ្នាំ៨ខែ ដោយសារ​តែ​បទចម្រៀង​ទាំងនោះ​ផងចម្រៀង​របស់ គា សុគន្ធ ដែល​មាន​អ្នក​ចូល​មើល​រាប់​លាន​នាក់​ក្នុង​បណ្ដាញ​សង្គម យូធូប (You Tube) និង​ជា​ហេតុផល​ឱ្យ​អាជ្ញាធរ​ចោទប្រកាន់​ពី​បទញុះញុង​នោះ​រួម​មាន៖ ទឹកភ្នែករាស្រ្ត សាសន៍កំសត់ ផ្លូវជីវិត និងដីខ្មែរជាដើម៖

«យើង​បើ​អស់​ដី​គ្មាន​អ្វី​នៅ​ទៀត​ទេ កុំ​រវល់​តែ​ផឹកស៊ី​ប្រយ័ត្ន​ផែនទី​នៅ​លើ​គេ សាសន៍​មួយ​ចំនួន​កំពុង​តែ​ឈ្លានពាន​ពេល​ដែល​យើង​បាក់​សាមគ្គី​គេ​នឹង​មក​ទន្រ្ទាន។ ស្ដាប់​ខ្ញុំ​ឱ្យ​ជាក់​ភ្ញាក់​ពី​ដំណេក​មក យើង​ជា​វីរៈបុរស យក​ខ្នោះ​ទៅ​ចាប់ចោរ កម្ទេច​ពួក​កេង​ប្រវ័ញ្ចន៍ ហើយ​ចាក់​សោ ស្វែង​រក​សេរីភាព។ កុំ​ខ្លាច​កុំ​ឆោឡោ។ បើ​អ្នក​ខ្លាច​អ្នក​ភ័យ ហើយ​អ្នក​ព្រួយ ចុះ​ស្រុក​កម្ពុជា​បាន​នរណា​គេ​មក​ជួយ បើ​បច្ចុប្បន្នកាល​ពោរពេញ​ដោយ​ពុក​រលួយ អាណានិគម​ជំនាន់​ក្រោយ ច្បាស់​ជា​ក្ស័យ​ម្ដង​មួយ»

សមាជិក​សមាគម​អ្នកនិពន្ធ​ខ្មែរ អ្នកនាង លឹម វីរីយ៉ា មើល​ឃើញ​ព្រលឹង​នៃ​អ្នកតែង​និពន្ធ​ពិតប្រាកដ​នៅ​ក្នុង​ខ្លួន​របស់យុវជន​រូប​នេះអ្នកនាង​ថា​ មាន​តែ​អ្នកនិពន្ធ ដែល​និយាយ​ពី​ការពិត​ក្នុង​សង្គម​ទេ ដែល​អាច​បន្សល់​ទុក​ស្នាដៃ​មាន​តម្លៃ​ពិតប្រាកដ សម្រាប់​ជា​គតិ​ដាស់តឿន​អ្នក​ជំនាន់​ក្រោយ៖

«តែ​បើ​វា​ក្លាយ​ជា​ប្រវត្តិសាស្រ្ត​ហើយ​ស្នាដៃ​របស់​អ្នកនិពន្ធ ដែល​មាន​គុណតម្លៃ​ខ្ពង់ខ្ពស់​បំផុត ដែល​គេ​នឹង​លើក​ទៅ​និយាយ គឺ​មាន​តែ​រឿង ដែល​និយាយ​ពី​ការ​តស៊ូ ដើម្បី​សិទ្ធិសេរីភាព ដើម្បី​យុត្តិធម៌ ដើម្បី​សន្តិភាព​អីញ្ចឹង​ទេ ដែល​វា​មាន​តម្លៃ»

ទាំង​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ មេដឹកនាំ​សហជីព និង​អ្នកចូលចិត្ត​ការតែង​និពន្ធ​រំពឹង​ថា​ អាជ្ញាធរ​នឹង​ពិចារណា​ទុក​សេរីភាព​នៃ​ការ​តែង​និពន្ធ​ឱ្យ​យុវជន​បាន​បញ្ចេញមតិ បាន​និយាយ​ពី​បញ្ហា​ពិត​ជាក់​ស្ដែង និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ដែល​ពួកគេ​កំពុង​រស់នៅ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ិរីវត្ថ ដើម្បី​ឆ្លើយ​តបនឹង​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី១៩ ខែមករា។ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា រដ្ឋាភិបាល​ធានា​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​តែង​និពន្ធ ប៉ុន្តែ​ការ​តែង​និពន្ធ​ត្រូវ​ស្ថិត​ក្នុង​ក្របខណ្ឌ​កំណត់ ជា​ពិសេស​នៅ​ក្នុង​ស្ថានភាព​មុន​ការបោះឆ្នោត​បែប​នេះ

«រដ្ឋាភិបាល​ត្រូវ​តែ​​គ្រប់គ្រង​ស្ថានភាព ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​សន្តិភាព សេរីភាព និង​ភាព​ស្និទ្ធស្នាល​គ្នា ដើម្បី​កសាង​វប្បធម៌​អ្វី​មួយ​ហៅ​ថា​ប្រជាធិបតេយ្យ​ហ្នឹង​ឯង ដូចជា​ចម្រៀង​ខ្លះ ការពិត​ខ្លះ​គេ​មិន​ឱ្យ​និយាយ​ណា​​ការពិត​វា​រែង​ស្លែង»

ការ​តែង​និពន្ធ និង​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញ​មតិ ដែល​មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្រប​តាម​បទដ្ឋាន​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​សេរីភាព​នេះ​មិន​ត្រូវ​ប្រើប្រាស់​ជា​ដើមចម​ក្នុង​ការ​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។