ខ្មែរក្រោមប្ដេជ្ញាបន្តទាមទារសិទ្ធិជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម
2015.09.13

អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា នៅថ្ងៃទី១៣ កញ្ញា ថ្លែងប្ដេជ្ញាបន្តទាមទារសិទ្ធិជាជនជាតិដើមរបស់ខ្លួន សម្រាប់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅលើដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ ការបង្ហាញជំហរជាថ្មីរបស់ខ្មែរក្រោមនេះ ធ្វើឡើងចំខួបលើកទី៨ ទិវាអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើមភាគតិច កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧។
ខ្មែរក្រោមមើលឃើញថា បើទោះជាប្រទេសវៀតណាម ជាសមាជិកអង្គការសហប្រជាជាតិ ដែលទទួលស្គាល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមក្តី ប៉ុន្តែប្រទេសកុម្មុយនីស្តមួយនេះមិនបានគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើម ឲ្យបានពេញលេញឡើយ។
កត្តានេះហើយ ទើបជំរុញឲ្យអង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា រៀបចំកម្មវិធីជួបជុំអបអរសាទរ និងផ្សព្វផ្សាយអំពីសេចក្តីប្រកាសរបស់ជនជាតិដើមទៅកាន់ប្រជាពលរដ្ឋខ្មែរក្រោម និងពលរដ្ឋទូទៅ ឲ្យដឹង ឲ្យយល់អំពីខ្លឹមសារនានាដែលមានចែងនៅក្នុងសេចក្តីប្រកាស និងដើម្បីសម្ដែងការបារម្ភរបស់ពួកគេ ចំពោះការរំលោភសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម។
តួលេខរបស់អង្គការសហប្រជាជាតិ បង្ហាញថា ជនជាតិដើមលើពិភពលោកមានប្រមាណ ៣៧០លាននាក់រស់នៅក្នុងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ ពួកគេទាំងនោះ កំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់ដីធ្លី វប្បធម៌ ភាសា និងប្រពៃណីផ្សេងៗ។
ដោយឡែកនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិចវិញ ខ្លឹមសារសំខាន់ៗនៃសេចក្តីប្រកាសនេះចែងថា ជនជាតិដើមភាគតិចមានសិទ្ធិស្វ័យសម្រេច នោះមានន័យថា ជនជាតិដើមភាគតិចធ្វើសេចក្តីសម្រេចចិត្តអំពីឋានៈនយោបាយរបស់ខ្លួនដោយសេរី និងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី និងមានសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តលើរាល់បញ្ហា ដែលអាចប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ តាមរយៈតំណាងដែលជ្រើសតាំងដោយពួកគេផ្ទាល់។
ទាក់ទងនឹងការប្រតិបត្តិវប្បធម៌វិញ ជនជាតិដើមភាគតិចមានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់រវើកឡើងវិញនូវប្រពៃណី និងទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះរួមមាន សិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍអ្វីៗដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា តំបន់ប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា ការសម្ដែងសិល្បៈ និងការថែរក្សាអក្សរសាស្ត្រជាតិជាដើម។
ជាងនេះទៀត ជនជាតិដើមភាគតិចមានសិទ្ធិប្រើប្រាស់ អភិវឌ្ឍ និងផ្ទេរឲ្យកូនចៅជំនាន់ក្រោយពួកគេនូវប្រវត្តិសាស្ត្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធនៃការសរសេរ និងអក្សរសាស្ត្រ ព្រមទាំងធ្វើការកំណត់ឈ្មោះ និងរក្សាឈ្មោះរបស់ពួកគេដោយខ្លួនឯង សម្រាប់សហគមន៍ ទីកន្លែង និងបុគ្គល។ ជនជាតិដើមភាគតិច ក៏មានសិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំរបស់ខ្លួនដោយផ្តល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ ព្រមទាំងមានសិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសារបស់ខ្លួន និងមានសិទ្ធិប្រើប្រាស់តាមគ្រប់រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយគ្មានការរើសអើងឡើយ។
ចំណែកជនជាតិដើមដែលត្រូវបានបែងចែកដោយព្រំដែនអន្តរជាតិដូចខ្មែរក្រោមវិញ ពួកគេមានសិទ្ធិរក្សា និងបង្កើតទំនាក់ទំនង ប្រាស្រ័យទាក់ទង សហការគ្នាក្នុងគោលបំណងខាងជំនឿសាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយនឹងសមាជិកផ្ទាល់របស់ពួកគេ ព្រមទាំងជាមួយអ្នកដទៃទៀតដែលនៅក្រៅព្រំដែន។
យ៉ាងណាក៏ដោយ អង្គការខ្មែរក្រោមមើលឃើញថា រដ្ឋាភិបាលវៀតណាម មិនទាន់បានគោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ដូចមានចែងនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ នេះនៅឡើយ។
នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ លោក សឺន ជុំជួន មានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម កំពុងប្រឈមបញ្ហាធំៗចំនួន៣ ក្នុងនោះរួមមាន បញ្ហាការប្រតិបត្តិជំនឿសាសនា ការថែរក្សាវប្បធម៌ និងអក្សរសាស្ត្រជាតិខ្មែរ។ លោកថា នៅកម្ពុជាក្រោមសព្វថ្ងៃ វិស័យព្រះពុទ្ធសាសនាខ្មែរត្រូវបានគ្រប់គ្រងដោយវៀតណាម រាប់ទាំងការរៀបចំរចនាសម្ព័ន្ធនៅតាមវត្តអារាម ឬការរៀបចំពិធីបំបួសព្រះសង្ឃជាដើម គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរវៀតណាម ទាំងអស់។ លោក សឺន ជុំជួន ចាត់ទុកសកម្មភាពនេះថាជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងព្រះពុទ្ធសាសនា និងវត្តអារាមរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ពីសំណាក់អាជ្ញាធរវៀតណាម៖ «យើងចង់បានសិទ្ធិស្វ័យសម្រេចរបស់យើង រៀបចំដោយខ្លួនឯង នេះខាងវិស័យសាសនា រីឯវិស័យវប្បធម៌វិញ យើងមើលឃើញថា រមណីយដ្ឋាន ឬតំបន់បុរាណផ្សេងៗ ត្រូវបានគេលុបបំបាត់ ដូចជាប្ដូរឈ្មោះទៅជាភាសារបស់គេវិញ ខ្មែរយើងអាចបាត់បង់ឈ្មោះរបស់ខ្មែរ ហើយក្លាយទៅជាតំបន់របស់វៀតណាម ទៅវិញ»។
លើសពីនេះ លោកថា សូម្បីតែសម្លៀកបំពាក់សិល្បៈ ភ្លេង ឬចម្រៀងរបស់ខ្មែរមួយចំនួន ក៏ត្រូវបានវៀតណាម បង្ខំឲ្យក្លាយទៅជាបែបបទរបស់ពួកគេផងដែរ។ ទាក់ទងនឹងការសិក្សាអក្សរសាស្ត្រប្រវត្តិសាស្ត្រជាតិខ្មែរវិញ លោកថាអាជ្ញាធរនៅរឹតបន្តឹងនៅឡើយ៖ «រដ្ឋាភិបាលវៀតណាម ផ្តល់ការសិក្សាឲ្យខ្មែរក្រោម គឺមានកម្រិត គេឲ្យយើងសិក្សាតែអ្វីដែលគេអនុញ្ញាតប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយើងទាមទារ គឺទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែលនៅតែត្រូវបានវៀតណាម រឹតបន្តឹង»។
កាលពីខែកញ្ញា ឆ្នាំ២០១៣ ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង ចំនួន ២អង្គ គឺព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន និងពលរដ្ឋខ្មែរក្រោម ២នាក់ផ្សេងទៀត គឺលោក ថាច់ ភូមិរាជ និងលោក ថាច់ ថា ត្រូវបានអាជ្ញាធរវៀតណាម ចាប់ព្រះកាយ និងកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ដល់ ៦ឆ្នាំ។ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម អះអាងថា ការចាប់ព្រះកាយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនោះ ដោយសារពួកគេបានព្យាយាមបង្កើតសាលារៀនអក្សរខ្មែរនៅក្នុងវត្ត។ ប៉ុន្តែខាងអាជ្ញាធរវៀតណាម វិញ បានចោទប្រកាន់ពួកគេពីបទរត់ចេញទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម និងការរៀបចំឲ្យអ្នកដទៃរត់ទៅក្រៅប្រទេស។
នេះជាលើកទី១ ដែលខ្មែរក្រោមប្រារព្ធខួបសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម។ កញ្ញា ញឹក ស្រីតូច សព្វថ្ងៃជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ និយាយថា កញ្ញាចូលរួមជាមួយខ្មែរក្រោមពេលនេះ ដោយសារកញ្ញាចង់ដឹងពីសិទ្ធិរបស់ជនជាតិដើម ពិសេសចង់ដឹងថា តើពលរដ្ឋខ្មែរនៅកម្ពុជាក្រោមកំពុងជួបប្រទះការលំបាកអ្វីខ្លះ?៖ «ខ្ញុំមកដើម្បីលើកទឹកចិត្ត ជួយជាគំនិតយោបល់ ខ្ញុំក៏បានចំណេះដឹង ហើយខ្ញុំនឹងយកទៅប្រាប់ក្រុមការងាររបស់ខ្ញុំ ឬមិត្តភ័ក្ដិឲ្យដឹងពីបញ្ហារបស់ខ្មែរក្រោម»។
អង្គការខ្មែរក្រោម ប៉ាន់ប្រមាណថា បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោមប្រមាណ ៨លាននាក់កំពុងរស់នៅលើដែនដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាម។
យ៉ាងណាក៏ដោយ លោក សឺន ជុំជួន ថ្លែងថា អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងនៅក្រៅប្រទេស នឹងខិតខំផ្សព្វផ្សាយបញ្ហារបស់ខ្មែរក្រោមទៅកាន់សហគមន៍អន្តរជាតិ ជាពិសេស គឺអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីឲ្យពួកគេជួយខ្មែរក្រោមតាមដែលអាចធ្វើបាន។
ចំណែកប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យន្ត ថារូ ដែលបានចូលរួមក្នុងកម្មវិធីដែរនោះ លោកបានអំពាវនាវឲ្យខ្មែរក្រោមទាំងអស់ ស្វែងយល់ពីសិទ្ធិរបស់ជនជាតិដើម ហើយឲ្យខ្មែររួបរួមគ្នាជាធ្លុងតែមួយ ដើម្បីជួយការពារសិទ្ធិរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវសន្តិភាព នៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ កាលពីខែមីនា ឆ្នាំ២០១៥ បង្ហាញថា ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម រស់នៅមានភាពតែលតោល គ្មានសិទ្ធិសេរីភាព គ្មានទីពឹងពាក់ រស់នៅដោយការភ័យខ្លាច និងអស់សង្ឃឹម។ ចំណែកការអប់រំវិញ ពលរដ្ឋខ្មែរក្រោមគ្មានសិទ្ធិទទួលបានការអប់រំជាភាសាខ្មែរឡើយ។ ចំពោះអ្នកដែលអាចរៀនសូត្រភាសាខ្មែរបានមានចំនួនតិចតួច។ ពួកគេភាគច្រើនជាមនុស្សប្រុសដែលទៅរៀនសូត្រនៅតាមវត្តអារាម។ លទ្ធផលក៏បង្ហាញដែរថា បញ្ហាដែលខ្មែរនៅកម្ពុជាក្រោមកំពុងជួបប្រទះ រួមមាន ធ្វើស្រែបាន ប៉ុន្តែតម្លៃស្រូវទាប ស៊ីឈ្នួលគេបានកម្រៃតិច អំពើអយុត្តិធម៌ ខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរ ខ្វះការអប់រំ ភាពក្រីក្រ ជាពិសេសពួកគេគ្មានសិទ្ធិបញ្ចេញមតិ និងធ្វើការតវ៉ា៕