សមាជិកយុវជនខ្មែរថាវរៈ បដិសេធការចោទប្រកាន់របស់អាជ្ញាធរ ពីបទរំលោភសេពសន្ថវៈ ថាជារឿងមិនពិត។ ពួកគេចាត់ទុកការចោទប្រកាន់នេះថា ជាចេតនាគំរាមកំហែង ដោយសារតែពួកគេធ្វើកូដកម្មបង្អត់អាហារដើម្បីស្នើឱ្យរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាល គួរបើកលំហសិទ្ធិសេរីភាពការបញ្ចេញមតិ ដោយស្ដាប់ហេតុផល និងគោលបំណងរបស់ពលរដ្ឋ។
សមាជិកយុវជនខ្មែរថាវរៈ២នាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ស្វាយ សំណាង បដិសេធការចោទប្រកាន់របស់អាជ្ញាធរ ថា ពួកលោកបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ។ ពួកគេថា ការចោទប្រកាន់នេះ ជាការមួលបង្កាច់ និងប្រឌិតអង្គហេតុដើម្បីធ្វើទុក្ខបុកម្នេញលើយុវជនខ្មែរថាវរៈ ដែលធ្វើយុទ្ធនាការទាមទាឱ្យដោះលែង កញ្ញា សេង ធារី។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្លៀកពាក់ ស៊ីវិលជាង១០នាក់ កាលពីថ្ងៃទី១៣ វិច្ឆិកាបានចុះមកកន្លែងស្នាក់នៅរបស់លោក ស្វាយ សំណាង និងលោក ហ៊ុន វណ្ណៈ ដោយបានចោទប្រកាន់អ្នកទាំង២ថា បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ។
សមាជិកយុវជនខ្មែរថាវរៈ លោក ស្វាយ សំណាង ឱ្យដឹងថា លោកហួសចិត្តចំពោះបទចោទដ៏ថ្មីស្រឡាងនេះ ដែលអាជ្ញាធរចោទប្រកាន់មកលើរូបលោក ដោយគ្មានភស្តុតាង និងសាក្សី។ លោក ស្វាយ សំណាង បញ្ជាក់ថា ក្នុងនាមជាយុវជនធ្វើការងារដើម្បីសង្គមជាតិ លោកតែងប្រកាន់ខ្ចប់នូវក្រមសីលធម៌ និងគោរពច្បាប់ជាតិជានិច្ច៖
«យើងដឹងហើយថា យើងធ្វើកិច្ចការងារសង្គមនេះ តែកាលណាយើងមានបញ្ហាមួយ ពីរ បី នេះគឺងាយនឹងមានគេយកមកចោទប្រកាន់ពួកយើងណាស់។ អ៊ីចឹងហើយបានជាសព្វថ្ងៃពួកយើងព្យាយាចៀសវាងបញ្ហាជាច្រើន នៅក្នុងសង្គម ដូចជា បញ្ហាផឹកស៊ី ឡូឡា ពួកយើងតែងតែជៀសវាងឱ្យផុតពីបញ្ហាទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរបានចុះមកកន្លែងស្នាក់នៅរបស់លោក ស្វាយ សំណាង នៅឯសង្កាត់ទួលសង្កែ ប៉ុន្តែមិនបានជួបលោក ស្វាយ សំណាង ឡើយ។ អាជ្ញាធរបានសាកសួរអ្នកស្នាក់នៅជិតខាងលោកនិងបានបង្ហាញរូបថតនារីជាច្រើនសន្លឹក ដោយបញ្ជាក់ថា លោក ស្វាយ សំណាង និងលោក ហ៊ុន វណ្ណៈ បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ រួចគេចខ្លួនទៅភ្នំពេញ។
សមាជិកយុវជនខ្មែរថាវរៈដែលរងការចោទប្រកាន់ម្នាក់ទៀត គឺលោក ហ៊ុន វណ្ណៈ ក៏បដិសេធថា លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់អាជ្ញាធរទេ។ លោកថា មកដល់ពេលនេះ សូម្បីតែឈ្មោះដើមចោទ ទីកន្លែង និងពេលវេលា ដែលអាជ្ញាធរចោទប្រកាន់នោះ ក៏លោកមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងណា លោកស្នើឱ្យរដ្ឋាភិបាល គួរស្ដាប់ពីបញ្ហាដែលពលរដ្ឋលើកឡើង ដើម្បីដោះស្រាយដោយផ្អែកលើកផលប្រយោជន៍ជាតិជាធំ ប្រសើរជាងការយកប្រព័ន្ធច្បាប់មកធ្វើបាបខ្មែរដូចគ្នា៖
«មានការឃ្លាំមើលពីសំណាក់ជនស៊ីវិល យើងដឹងថាជនស៊ីវិលហ្នឹង គឺជាអាជ្ញាធរហ្នឹងឯង។ យើងក៏បារម្ភពីសុវត្ថិភាពដែរ ហើយយើងក៏បានត្រៀមខ្លួនរួចហើយដែរ បើសិនមានរឿងអីក៏យើងមិនអាចទៅណាបានទេ។ គេសម្រេចចិត្តថា ចាប់ចងហើយ គឺអត់មានមធ្យោបាយណាគេចខ្លួនរួចទេ។ ទោះចង់គេចក៏គេចមិនបានដែរ»។
ក្រុមយុវជនខ្មែរថាវរៈបានធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍ ដើម្បីទាមទារយុត្តិធម៌ជូនអ្នកទោសមនសិការ និងដោះលែងកញ្ញា សេង ធារី។ ប៉ុន្តែកូដកម្មអហិង្សានេះ មិនបានប្រព្រឹត្តទៅដោយរលូនឡើង ព្រោះមានអាជ្ញាធរមកតាមរំខាន បំភិតបំភ័យជាហូរហែក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់យុវជនតាំងពីនៅក្នុងព្រៃខេត្តព្រះវិហារ រហូតដល់ទីលានប្រជាធិបតេយ្យ។ កូដកម្មបង្អត់អាហារនេះ បណ្តាលឱ្យយុវជនខ្មែរថាវរៈចំនួន៤នាក់ធ្លាក់ខ្លួនឈឺ និងដួលសន្លប់ និងដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងនោះលោក ស្វាយ សំណាង ផងដែរ។ បច្ចុប្បន្ន យុវជនខ្មែរថាវរៈម្នាក់បន្តធ្វើកូដកម្មអត់អាហារ នៅទីលានប្រជាធិបតេយ្យនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយ ជុំវិញបណ្ដឹងដើមចោទបានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
លោក ស្វាយ សំណាង និងលោក ហ៊ុន វណ្ណៈអះអាងថា ពួកគេនឹងមិនទៅឆ្លើយបំភ្លឺនៅមុខសមត្ថកិច្ចនោះទេ ដោយសារតែ ការចោទប្រកាន់នេះ ជាការប្រឌិតឡើង។
ជុំវិញរឿងដែរនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាល គួរបើកលំហសិទ្ធិសេរីភាពការបញ្ចេញមតិ និងស្ដាប់ពីក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាក្នុងសង្គមឱ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះ អាជ្ញាធរដែលជាស្ថាប័នអនុវត្តច្បាប់គួរពិនិត្យសកម្មភាពការចោទប្រកាន់នេះឡើងវិញ ចៀសវាងការអនុវត្តច្បាប់ឃ្លាតឆ្ងាយពីយុត្តិធម៌ ដែលបង្កការឈឺចាប់ដល់ពលរដ្ឋ និងធ្វើឱ្យខូចឈ្មោះស្ថាប័នអនុវត្តច្បាប់៖
«អ៊ីចឹងការចោទប្រកាន់ណា ដែលអាចធ្វើទៅបានលុះត្រាតែ ឆ្លងកាត់ការបើកសវនាការ និងនីតិវិធីផ្លូវច្បាប់ឱ្យបានត្រឹមត្រូវនៅក្នុងតុលាការ។ ហើយតុលាការចេញសាលក្រមស្ថាពរប្រកាសថា ជននោះបានប្រព្រឹត្តនូវអំពើល្មើសណាមួយ ដែលត្រូវផ្ដន្ទាទោសតាមច្បាប់ ទើបហៅថា ជាយុត្តិធម៌មួយដែលអនុវត្តដោយច្បាប់។ មិនមែនគ្រាន់តែសមត្ថកិច្ចប៉ុន្មានរូប ហើយយករូបថតទៅចោទប្រកាន់ លើកឡើងទាំងអស់នវ វាអត់ទាន់អាចធ្វើទៅបានទេ»។
ជុំវិញ កូដកម្មអត់អាហារនេះដែរ ប្រធានាធិបតីអាមេរិកលោក (Joseph R. Biden) បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកឡើងវិញនូវលំហរសេរីភាពពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោកក៏បានអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានតុលាការឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងពលរដ្ឋខ្មែរអាមេរិក កញ្ញា សេង ធារី ផងដែរ។ មកទល់ពេលនេះ កម្ពុជាមិនទាន់ឆ្លើយតបនឹងសំណើរបស់ ប្រធានាធិបតីអាមេរិកនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។