សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បដិសេធ​ការ​លើក​ឡើង​របស់​វៀតណាម​នៅ​អ.ស.ប​ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម

ដោយ យន់ សាមៀន
2021.10.14
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បដិសេធ​ការ​លើក​ឡើង​របស់​វៀតណាម​នៅ​អ.ស.ប​ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម លោក យឿង ខាយ យុវជន​ខ្មែរក្រោម។
រូប៖ ហ្វេសប៊ុក ដួង ខាយ

តំណាង​ប្រទេស​វៀតណាម​បាន​ប្រាប់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ថា អាជ្ញាធរ​វៀតណាម​បាន​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ម្នាក់​ដោយ​សារ​តែ​យុវជន​នោះ បាន​ញុះញង់ និង​បំបែកបំបាក់​សាមគ្គីភាព​វៀតណាម​។ ប៉ុន្តែ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា វៀតណាម​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម ដោយសារតែ​យុវជន​នោះ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បោះ​ពុម្ព និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ស្ដីពី​ការ ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម លោក យឿង ខាយ កាល​ពី​ខែ​មេសា។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម​កាល​ពី​ថ្ងៃទី២០ កញ្ញា​អះអាង​ថា អាជ្ញាធរ​ខេត្ត​ដុង​ណៃ បាន​ឃាត់ខ្លួន​លោក យឿង ខាយ ដោយសារតែ​លោក បាន​ប្រើប្រាស់​អ៊ីនធឺណិត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ប្រវត្តិសាស្ត្រ ជនជាតិ​ដើម​ខ្មែរក្រោម ហើយ​មាន​ទំនាក់ទំនង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​បរទេស​ចង់​បង្កើត​តំបន់​ស្វយ័ត ដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​វៀតណាម។

ទោះបីជា​យ៉ាងណា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សេចក្តី​ថ្លែងការណ៍​របស់​វៀតណាម បាន​បំភ្លៃ​ការ​ពិត​។ ព្រះអង្គ​បន្ត​ថា វៀតណាម​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​និង​រឹបអូស​សៀវភៅ​សេចក្ដីប្រកាស របស់​អង្គការសហប្រជាជាតិ ស្តីពី «​សិទ្ធិ​ជនជាតិ​ដើម​» ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​នៅតែ​បន្ត​រឹតត្បិត សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ការ​ផ្សព្វផ្សាយ​រឿង​ជនជាតិ​ដើម ដើម្បី​ឲ្យ​ជនជាតិ​ដើម​ខ្មែរក្រោម​ហ្នឹង​បាន​យល់​បន្ថែម​ពី​ច្បាប់​អន្តរជាតិ​ហ្នឹង​។ សហព័ន្ធ​ខ្មែរក្រោម​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជា​ជាតិ​ដើម»

កាលពី​ថ្ងៃទី​១៣ មេសា នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ផ្នែក​សេដ្ឋកិច្ច និង​នគរបាល​សន្តិសុខ​ផ្នែក​នយោបាយ​ជិត ១០០​នាក់ បាន​ឆែកឆេរ​ផ្ទះ​លោក យឿង ខាយ និង​ចាប់ខ្លួន​លោក​ទៅ​ឃុំ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​។ កាល​នោះ លោក យឿង ខាយ ថា ប៉ូលិស​បាន​រឹបអូស​យក​ទូរស័ព្ទ កុំព្យូទ័រ និង​សៀវភៅ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ជាង ១០០​ក្បាល។យុវជន​ខ្មែរក្រោម លោក យឿង ខាយ ធ្លាប់​បាន​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស​ការងារ និង​សិទ្ធិ​បញ្ចេញមតិ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​កំណើត។ លោក​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក ឈ្មោះ​ថា សិទ្ធិ​ការងារ​ខ្មែរក្រោម ដើម្បី​ផ្ដល់​ចំណេះដឹង​ពី​ច្បាប់​ការងារ​។ ទំព័រ​ហ្វេសប៊ុក​នោះ ក៏​បាន​ផ្ដល់​លេខ​ទូរស័ព្ទ សម្រាប់​ឱ្យ​កម្មករ​ខ្មែរក្រោម ដែល​រង​ការ​រំលោភ​បំពាន​ផ្សេងៗ ទាក់ទង ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ លោក​ក៏បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ (ប្រទេស ខ្មែរក្រោម​) និង​បន្ថែម​ពាក្យ​ថា អង្គការ​អង្កេត​សិទ្ធិ​ខ្មែរ​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម។

លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី​១០ តុលា ថា លោក​មិនបាន​ញុះញង់​ខ្មែរក្រោម​ឲ្យ​ស្អប់​វៀតណាម​នោះ​ទេ ប៉ុន្តែ​លោក​បាន​ផ្សព្វផ្សាយ​ឯកសារ និង​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ស្វែង​យល់ដឹង​ពី​សិទ្ធិ​ជា​ជនជាតិ​ដើម ដើម្បី​អាច​ឈាន​ទៅ ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត៖ «យើង​យល់​ឃើញ​ថា ច្បាប់​ជនជាតិ​ដើម​យើង​វា​មាន​តម្លៃ​បង ពីព្រោះ​ជនជាតិ​ដើម​ពី​មុន​មក​មិន​សូវ​ចេះ​ច្បាប់​។ ប្អូន​សិក្សា​ហើយ​បាន​បោះ​ពុម្ព​ចែក​ចំលង​តាម​ភូមិសាស្ត្រ​នីមួយៗ​ឲ្យ​គាត់​យល់​ពី​ច្បាប់​មាន​តម្លៃ​ពីព្រោះ​យើង​ជា​ម្ចាស់​ដី ដូច្នោះ​យើង​ត្រូវតែ​យល់​ពី​សិទ្ធិ​នេះ»

បច្ចុប្បន្ន​លោក យឿង ខាយ កំពុង​បន្ត​ជួយ​ផ្សព្វផ្សាយ និង​បោះពុម្ព​សៀវភៅ​និង​ឯកសារ​ផ្សេងៗ​សំដៅ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​។ យុវជន​រូប​នេះ ក៏​ជួយ​ស្វែងរក​ជំនួយ ដើម្បី​ជួយ​ខ្មែរក្រោម​ណា​ដែល​ខ្វះខាត​ជីវភាព ក្នុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ (Covid-19) ផង​ដែរ​។ លោក យឿង ខាយ ថា ទោះបី​វៀតណាម​គំរាមកំហែង​លោក​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​បន្ត​ការងារ​របស់​លោក​ដោយ​គ្មាន​ការភ័យខ្លាច​នោះ​ទេ៖ «ការងារ​យើង យើង​ធ្វើ​ធម្មតា​ពី​មុន​មក​ឥឡូវ​យើង​ធ្វើ​ដូច​មុន​បង​។ យើង​នៅតែ​បន្ត​បោះ​ពុម្ព​សៀវភៅ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ហើយ​បន្ត​ចែកចាយ»

ជុំវិញ​ការ​ចោទប្រកាន់​របស់​វៀតណាម​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ចេតនា​បង្កើត​បញ្ហា​សន្តិសុខ​ជាតិ និង​បំបែកបំបាក់​ជាតិ​វៀតណាម​នោះ ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិ​ដើម ស្រប​ច្បាប់៖ «អត់​មាន​ខុសច្បាប់​អ្វី​ទេ​។ នោះ​ជា​សិទ្ធិ​សេរីភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម ហើយ​រដ្ឋាភិបាល​វៀតណាម​តែងតែ​ចោទ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្តី និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹង តែងតែ​ចោទ​ថា បំបែកបំបាក់​សិទ្ធិ​ប្រទេស​វៀតណាម​ជាដើម»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ និង​ធ្វើ​ការងារ​ដោយ​អហិង្សា​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រាប់​លាន​នាក់ រស់​នៅ​លើ​ទឹកដី​កំណើត កំពុង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ សហព័ន្ធ​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨៥ ដោយមាន​បេសកកម្ម ប្រើប្រាស់​មធ្យោបាយ​អហិង្សា​និង​ច្បាប់​អន្តរជាតិ តស៊ូ​មតិ ដើម្បី​ផ្តល់​សិទ្ធិ​សេរី និង​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង ដល់​ពលរដ្ឋ​ខ្មែរក្រោម​។ របាយការណ៍​សហព័ន្ធ​ខ្មែរក្រោម​ប្រចាំឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរក្រោម មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការបាត់បង់​ទឹកដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​។ យុវជន​ខ្មែរក្រោម​មួយចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផាកពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ជាដើម។ ចំណែក​កសិករ​ខ្មែរក្រោម​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដីស្រែ​កេរ្តិ៍​ដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។