ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន​បាក់​ទឹក​ចិត្ត និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌

ដោយ ថា ថៃ
2024.08.07
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន​បាក់​ទឹក​ចិត្ត និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
រូប៖ ពីពលរដ្ឋ

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់​ទឹក​ចិត្ត និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្ដាប់​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែសីហា។ យុវជន និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល គឺ​ជា​រឿង​អយុត្តិធម៌។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ បាន​ដឹង​ខ្លួន​រួច​ជា​មុន​ហើយ​ថា លោក នឹង​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ជា​ទូទៅ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​នោះ តុលាការ​កំពូល​តែងតែ​សម្រេច​បដិសេធ​ដូច​តុលាការ​ជាន់​ទាប​ដែរ។

គូ​ដណ្ដឹង​របស់​លោក កើត សារ៉ាយ គឺ​កញ្ញា នឿន ស្រីណែន ចាត់​ទុក​ថា ការណ៍ ដែល​តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុក​ជា​បាន​ការ ដោយ​មិន​ព្រម​ដោះលែង​លោក កើត សារ៉ាយ នេះ​ថា ជា​រឿង​អយុត្តិធម៌។

កញ្ញា នឿន ស្រីណែន៖ «បើ​គ្រាន់តែ​ធ្វើ​ការងារ​សង្គម គាត់​បែរ​ជា​ត្រូវ​ជាប់​ពន្ធនាគារ បាត់បង់​សេរីភាព​នៅ​ខាង​ក្រៅ ត្រូវ​ឃ្លាត​ចាក​ពី​គ្រួសារ ដើម្បី​ជាប់​ពន្ធនាគារ ខ្ញុំ​យល់​ថា វា​មិន​មាន​យុត្តិធម៌​ទាល់តែ​សោះ​សម្រាប់​គាត់។ ខ្ញុំ​យល់​ថា យុត្តិធម៌​ប្រហែល​នៅ​ឯ​ជើង​មេឃ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​ធ្វើ​ការងារ​សង្គម​ភាគ​ច្រើន​ត្រូវ​បាន​ជាប់​ពន្ធនាគារ តែ​អ្នក ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ប្រព្រឹត្ត​ខុស​ច្បាប់ បែរ​ជា​មាន​សេរីភាព​នៅ​ខាង​ក្រៅ​ដើរ​ហើរ​បាន»

តុលាការកំពូលកាលពីថ្ងៃទី៣១ ខែកក្កដា បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ដោយ​មិន​បាន​កោះហៅ​មេធាវី​ការពារ​ក្ដី​នោះ​ទេ។លោក កើត សារ៉ាយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ ខែមេសា និង​ត្រូវ​បាន​តុលាការ ចោទ​ប្រកាន់​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​មិន​រាងចាល​ក្នុង​បទមជ្ឈិម» ទាក់ទិន​ករណី​លោក ចុះ​ទៅ​ជួប​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ ដែល​រត់​ពួន​ក្នុង​ព្រៃ ក្រោយ​ពេល​អាជ្ញាធរ​បំផ្លាញ​ផ្ទះ​សម្បែង និង​ដេញ​តាម​ចាប់​ខ្លួន​ពួក​គាត់។

អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា ដែល​បាន​ចូល​ស្ដាប់​ការ​ប្រកាស​សាលដីកា​តុលាការ​កំពូល ថ្លែង​ថា លោក កើត សារ៉ាយ នៅតែ​មាន​ស្មារតី​រឹងមាំ​ដដែល ដោយ​មិន​តក់ស្លុត ចំពោះ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ កញ្ញា​បន្ត​ថា លោក កើត សារ៉ាយ ក៏​បាន​ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់​ស្មារតី ហើយ​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌​សង្គម​ត​ទៅ​ទៀត។

កញ្ញា រៀម ស្រីពេជ្ររតនា៖ «មិញ​នេះ បាន​ជួប​គាត់​ដែរ គឺ​គាត់​មាន​សុខភាព​ល្អ​ប្រសើរ និង​ផ្លូវ​ចិត្ត​គាត់ ក៏​មិន​អី​ដែរ គាត់​អាច​ធ្វើ​ចិត្ត​រឹងមាំ​បាន ព្រោះ​គាត់​បាន​ត្រៀម​ចិត្ត​រួច​ហើយ។ គាត់​បាន​ផ្ដាំផ្ញើ​មក​ថា មិន​ចង់​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​បាក់​ទឹក​ចិត្ត​ទេ ព្រោះ​ហេតុ​អី​បាន​ជា​គាត់​ធ្វើ​អ៊ីចឹង ដោយសារ គាត់​ចង់​ឲ្យ​ថ្ងៃ​ខាង​មុខ យើង​ទាំង​អស់​គ្នា​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌ សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត នៃ​ការ​អនុវត្ត​ច្បាប់​ខុស​ឆ្គង​កន្លែង​ណា​មួយ ដើម្បី​ឲ្យ​យើង​ទាំង​អស់ គ្នា​ទទួល​បាន​នូវ​យុត្តិធម៌​មក​វិញ»

លោក កើត សារ៉ាយ គឺ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ម្នាក់ និង​ជា​អតីត​ព្រះសង្ឃ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ ចាប់​ផ្សឹក​ក្នុង​ឆ្នាំ២០២០ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​រយៈ​ពេល ១ឆ្នាំ ២ខែ ដោយសារ​តែ​លោក ទាមទារ​ឱ្យ​មាន​ការ​យុត្តិធម៌​សង្គម និង​ដោះលែង​អតីត​ថ្នាក់​ដឹកនាំ​សហជីព លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា ផ្អែក​តាម​អង្គហេតុ និង​អង្គ​ច្បាប់ តុលាការ​កំពូល គួរ​តែ​ដោះ​លែង​លោក កើត សារ៉ាយ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក អំ សំអាត៖ «បើ​យើង​លើក​ពី​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស គឺ​ជន​ជាប់​ចោទ​មាន​ជម្រើស​សេរីភាព​ជា​គោល។ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន វា​ទាល់តែ​មាន​ជម្រើស​ចាំបាច់។ នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា២០៣ ក៏​ដូច​គ្នា​ដែរ និយាយ​អំពី​គោលការណ៍​សេរីភាព នៃ​ជន​ជាប់​ចោទ ហើយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ទាល់តែ​មាន​លក្ខណៈ​ចាំបាច់។ ខ្ញុំ​យល់​ថា បើ​លោក កើត សារ៉ាយ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​គួរតែ​អនុញ្ញាត​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ ពីព្រោះ​ដំណើរការ​នីតិវិធី​នៅតែ​មាន​បន្ត​ទេ។ បើ​យើង​និយាយ​អំពី​លោក​កើត សារ៉ាយ វា​គ្រាន់តែ​ជា​សេរីភាព នៃ​ការ​បញ្ចេញ​មតិ ដោយ​គាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ជន​រង​គ្រោះ ដោយសារ​រឿង​ដីធ្លី នៅ​ខេត្ត​ព្រះវិហារ​តែ​ប៉ុណ្ណឹង»

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ចាប់ និង​ឃុំ​ខ្លួន​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន កើន​ឡើង​ដល់​ជាង ៦០នាក់ ដោយ​ចោទ​ប្រកាន់​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ដោយសារ​តែ​ភាព​សកម្មនិយម ឬ​ការ​បញ្ចេញ​មតិ។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើក​ឡើង​ថា សកម្មជន​ទាំង​អស់​នេះ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាល់​តែសោះ ប៉ុន្តែ ពួក​គាត់​បែរ​ជា​ត្រូវ​ជាប់​ពន្ធនាគារ ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​រង​សម្ពាធ​ពី​អ្នក​កាន់​អំណាច។ លោក វិទិត មុនតាប៊ន ទាមទារ​រដ្ឋាភិបាល​ថ្មី ឱ្យ​ផ្លាស់ប្ដូរ​គំនិត ដោយ​ដោះ​លែង​សកម្មជន​កំពុង​ជាប់​ឃុំ​ទាំង​នេះ ដើម្បី​ធានា​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។