ក្រុម​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បន្ត​តស៊ូ​មតិ បើ​ទោះ​ជា​រដ្ឋាភិបាល​ចាប់​ថ្នាក់​ដឹកនាំ​សមាគម​នេះ​ពីរ​នាក់​ហើយ​ក្ដី

0:00 / 0:00

ក្រុម​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បន្ត​តស៊ូ​មតិ និង​រក្សា​គោល​ជំហរ​តាម​បណ្ឌិត កែម ឡី បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន លោក កើត សារ៉ាយ និង​លោក យីម លាងហ៊ី ដែល​ជា​ថ្នាក់​ដឹកនាំ​សមាគម​ក្នុង​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ​ក្ដី។ អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​បារម្ភ​ថា ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជា​បន្ត​បន្ទាប់​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ។

បើទោះជា​ថ្នាក់​ដឹកនាំ​របស់​ពួក​គេ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​ការ​ចូលរួម​សកម្មភាព​សង្គម និស្សិត​មួយ​ក្រុម និង​ជា​សមាជិក​របស់​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅតែ​បន្ត​ចូលរួម​សកម្មភាព​សង្គម​របស់​ពួក​គេ ជាពិសេស ការ​ដើរ​ហែ​ក្បួន​ទាមទារ​យុត្តិធម៌ ក្នុង ពិធី​រម្លឹក​ខួប ៨ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ កក្កដា។

អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា អាយុ ២០ឆ្នាំ​លើក​ឡើង​ថា មុន​ពេល​ដែល​កញ្ញា​ចូលរួម​ជាមួយ​សមាគម​នេះ កញ្ញា​តែងតែ​ឆ្លៀត​ចូលរួម​តស៊ូ​មតិ និង​ធ្វើ​ការ​ទាមទារ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជា​រឿយៗ។ កញ្ញា​បន្ត​ថា ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ដែល​ជា​ប្រធាន​សមាគម កញ្ញា​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ជួយ​សមាគម ដើម្បី​បន្ត​ឆន្ទៈ​របស់​បណ្ឌិត កែមឡី ក្នុង​គោលបំណង​ចូលរួម​ជួយ​សង្គម​ខ្មែរ​ឱ្យ​មាន​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស។

កញ្ញា រៀម ស្រីពេជ្ររតនា៖«អ៊ីចឹង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា ជួយ​សមាគម​យ៉ាង​ពេញលេញ​ម្ដង​ទៅ ដោយ​ក្រោម​មូលហេតុ​ទី​មួយ គឺ​ខ្ញុំ​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ដូច​ដែល​យើង​បាន​ដឹង​ពី​ប្រវត្តិ​សមាគម​ថា នរណា​ជា​អ្នក​បង្កើត យើង​គឺ​នៅតែ​ចង់​បន្ត​វីរភាព​របស់​លោក​បណ្ឌិត ដោយ​ធ្វើ​សកម្មភាព​ជួយ​សង្គម យើង​អត់​បន្ត​តែ​ត្រឹមតែ​ការ​ចងចាំ​នោះ​ទេ ហើយ​បន្ត​មក​ទៀត គឺ​ការ​លះបង់​របស់​លោក កើត សារ៉ាយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​តាំង​ចិត្ត​ថា មក​ជួយ​សមាគម»។

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​មាន​ការ​ផ្ដួចផ្ដើម​បង្កើត​ដោយ​បណ្ឌិត កែម ឡី នៅ​មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ត្រូវ​បាន​ដឹកនាំ​ដោយ​អតីត​កូនសិស្ស​របស់​លោក ដែល​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្ត​បន្ទាប់ រហូត​មក​គ្រប់គ្រង​ដោយ​លោក កើត សារ៉ាយ ដែល​ជា​អតីត​សង្ឃ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ២០ឆ្នាំ ក្នុង​ពេល​តវ៉ា​ទាមទារ​ដោយ​អហិង្សា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ឆ្នាំ២០២០។ ក្រោយ​មក លោក កើត សារ៉ាយ បាន​ដឹកនាំ​សមាគម​នេះ​រហូត​ដល់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លោក​ជា​ថ្មី​ម្ដង​ទៀត កាល​ខែមេសា ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំស្រយ៉ង់ ដែល​កំពុង​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ខេត្តព្រះវិហារ និង​ផ្ដល់​បទ​សម្ភាសន៍​ទៅ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក កើត សារ៉ាយ ពីបទ «មិន​រាងចាល និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ក្រោយ​មក លោក យីម លាងហ៊ី ដែល​ជា​សមាជិក​នៃ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផង​នោះ បាន​មក​ដឹកនាំ​សមាគម​បន្ត ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន លោក កើត សារ៉ាយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក យីម លាងហ៊ី និង​សកម្មជន​បរិស្ថាន​ទាំង៩ នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ចន្លោះ​ពី ៦ ទៅ ៨ឆ្នាំ អំពី​បទ «រួមគំនិតក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ»។ លោក យីម លាងហ៊ី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ទៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ដដែល​នោះ។

កញ្ញា រៀម ស្រីពេជ្ររតនា បន្ត​ថា ក្រោយ​ពី​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ​រូប​នេះ ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ កញ្ញា​កត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​មួយ​ចំនួន នៅតែ​បន្ត​ឃ្លាំមើល​សកម្មភាព​របស់​សមាគម។ ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា​ថា យុវជន ដែល​បាន​ចូលរួម​ក្នុង​សមាគម​នេះ មិន​បាន​ព្រួយ​បារម្ភ​នោះ​ទេ ផ្ទុយ​ទៅ​វិញ កញ្ញា​ថា សមាគម​នឹង​បន្ត​តស៊ូមតិ​ដោយ​អហិង្សា​តាម​របៀប​ផ្សេងៗ ក្នុង​នោះ​រួម​ទាំង​ការ​ធ្វើ​យុទ្ធនាការ​តាម​ទី​សាធារណៈ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការ ឬ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សង្គម​នានា ផង​ដែរ។

កញ្ញា រៀម ស្រីពេជ្ររតនា៖«អ៊ីចឹង ពួក​យើង​ទាំង​អស់​គ្នា​មក​ទី​នេះ គឺ​ពួក​យើង​មក​ធ្វើការ ដើម្បី​ប្រជាពលរដ្ឋ​មិន​មែន ដើម្បី​តែ​គ្រួសារ​យើង​ទេ អ៊ីចឹង ពួក​យើង​ចងចាំ​មួយ​ថា បើ​គេ​បិទ​ស្ថាប័ន យើង​ធ្វើ​ហើយ​បាន​សម្រេច អូខេ​យើង​សុខ​ចិត្ត​ឱ្យ​គេ​បិទ​ចុះ ព្រោះ​ពួក​យើង​ធ្វើការ ដើម្បី​សង្គម មិនមែន​ឈ្មោះKSILAទេ»។

ចំណែក​ប្រធាន​ស្ដីទី​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន លើក​ឡើង​ថា លោក​នឹង​បន្ត​ដឹកនាំ​សមាគម​នេះ​ធ្វើការ​កៀរគរ​យុវជន និង​សិស្ស​និស្សិត​នានា ដែល​មាន​បំណង​ចង់​ចូលរួម​ធ្វើ​ការងារ​សង្គម មក​ចូលរួម​ធ្វើ​យុទ្ធនាការ​ផ្សេងៗ ដោយ​លើក​ឡើង​អំពី​បញ្ហា​សង្គម​មក​បង្ហាញ​ជា​សាធារណៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។

លោក ធី ថន៖ «មូលហេតុ​ដែល​យើង​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ តាម​សាធារណៈ គឺ​យើង​ចង់​ឃើញ សង្គម​យើង​មាន​យុត្តិធម៌​ពិត​ប្រាកដ មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើង​វិញ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ជាពិសេស នោះ​យើង​ចង់​ឃើញ​សង្គម​ខ្មែរ​យើង​នេះ គឺ​មាន​សន្តិភាព​ពិត​ប្រាកដ គឺ​មាន​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត ទាំង​ផ្លូវ​កាយ​ផង​ដែរ»។

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក្រោម​ការ​ដឹកនាំ​ដោយ​លោក កើត សារ៉ាយ និង​លោក យីម លាងហ៊ី កន្លង​មក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ​ជា​សាធារណៈ។ សកម្មភាព​ទាំង​នោះ រួម​មាន ការ​ធ្វើ​ធម្មយាត្រា​ផ្សព្វផ្សាយ​អប់រំ​អំពី​សិទ្ធិមនុស្ស និង​លើក​កម្ពស់​សីលធម៌​សង្គម ការ​ធ្វើ​ធម្មយាត្រា​ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើក​ទី៧៥ និង​ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ ឆ្នាំ២០២៤ ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១១ ខែកក្កដា ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ​រូប​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ និង​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ លោក​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​រូប​នេះ បាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​កាន់តែ​រិះគន់​បន្ថែម​ទៅ​លើ​រដ្ឋាភិបាល។

លោក ស៊ឹង សែនករុណា៖«យើង​ឃើញ​ហើយ ចាប់​តាំង​ពី​ពេល​ចាប់​ខ្លួន​បន្ត​បន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង គឺ​មាន​ការ​រង​ការ​រិះគន់​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​នានា ទាំង​អ្នក​លេង​បណ្ដាញ​សង្គម ទាំង​សហគមន៍​អន្តរជាតិ ក៏​ដូច​គ្នា អ៊ីចឹង វា​អត់​មាន​អី​ចំណេញ​មក​ដល់​រដ្ឋាភិបាល​ទេ ទោះបី​ថា រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​បំភ្លឺ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​បាន​យល់ គេ​បាន​ដឹង​ដែរ​ថា អ្នក​ទាំង​អស់​នោះ ជា​យុវជន ដែល​សកម្ម​ក្នុង​ការ​ជួយ​សង្គម​ជាតិ»។

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោលទោស​រដ្ឋាភិបាល ក្រោយ​មាន​ការ​ឃុំខ្លួន និង​ផ្ដន្ទាទោស​ទៅ​លើ​លោក កើត សារ៉ាយ និង​លោក យីម លាងហ៊ី។ ជាក់ស្ដែង អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៩ ខែមេសា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា កម្ពុជា​បាន​បំពាន​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដែល​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ដែល​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​ធ្វើ​ការងារ​សិទ្ធិមនុស្ស និង​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។