អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស ស្នើ​សុំ​តុលាការ​ឱ្យ​​កែ​ទម្រង់​នីតិវិធី​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ

ដោយ មួង ណារ៉េត
2021.03.10
អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស ស្នើ​សុំ​តុលាការ​ឱ្យ​​កែ​ទម្រង់​នីតិវិធី​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ និង​លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC)។
រូប៖ ហ្វេសប៊ុក CCHR និង RFA

អ្នកច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ស្នើ​ឲ្យ​តុលាការ​កែ​ទម្រង់​នីតិវិធី ក្នុង​ការ​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ ព្រោះ​ការ​អនុវត្ត​តាម​ទម្លាប់​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ។

ច្បាប់​ជាតិ និង​អន្តរជាតិ កំណត់​អំពី​សិទ្ធិ​សេរីភាព​របស់​ជន​គ្រប់​រូប។ មាត្រា ៣២ នៃ​រដ្ឋធម្មនុញ្ញកម្ពុជា និង​មាត្រា​ ៩() នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​នោះ​ឡើយ។

ទោះ​ជា​មាន​ការ​ធានា​ដោយ​ច្បាប់​កំពូល​យ៉ាង​នេះ​ក្តី ក៏​អ្នក​ច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ថា ការ​អនុវត្ត​ជាក់ស្ដែង នៅ​មាន​ឆក​ល្វែង និង​បំពាន​គោល​ការណ៍​ច្បាប់​ទាំង​នេះ ជារឿយៗ។ ជា​ពិសេស ការ​រំលោភ​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ នៅ​ពេល​ដែល​ជន​នោះ ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ឲ្យ​រួច​ទោស ឬ​ផុត​កំណត់​ទោស និង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ទៅ​ហើយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​ព្រម​ដោះ​លែង​ពួក​គាត់​ភ្លាមៗ ដោយ​ត្រូវ​រង់ចាំ​ដីកា​បន្ថែម​មួយ​ទៀត​ពី​ខាង​ព្រះរាជអាជ្ញា ទើប​ខាង​ពន្ធនាគារ​ព្រម​ដោះ​លែង​អ្នក​ជាប់​ឃុំ​នោះ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន រម្លឹក​អំពី​ប្រព័ន្ធ​ពន្ធនាគារ​មួយ ដែល​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់ យុត្តិធម៌ និង​សិទ្ធិមនុស្ស ប៉ុន្តែ​ត្រូវ​បាន​គេ​បំភ្លេច។ នោះ​គឺ​ប្រព័ន្ធ​ពន្ធនាគារ នៅ​ជំរំ​ភៀស​ខ្លួន ជំរំសាយធូ ក្នុង​ទឹក​ដី​ប្រទេស​ថៃ នៅ​ចន្លោះ​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ១៩៩៣ ដែល​រូប​លោក ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ចាត់​តាំង​ជា​ប្រធាន​ពន្ធនាគារ​នោះ។

លោក​ថា កាល​ណា​តុលាការ​កាត់​ទោស​ជន​ជាប់​ចោទ​ហើយ គេ​បញ្ជូន​ជន​នោះ​មក​ពន្ធនាគារ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​សាលក្រម​របស់​តុលាការ។ ជា​ធម្មតា​នៅ​ក្នុង​សាលក្រម​របស់​តុលាការ បាន​កំណត់​ទោស​ថា តើ​ជន​នោះ​នឹង​ត្រូវ​ដាក់​ឃុំ​រយៈ​ពេល​ប៉ុន្មាន ជាប់​ទោស​ពី​ថ្ងៃ​ណា ហើយ​ត្រូវ​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ណា។ ដូច​នេះ ពន្ធនាគារ មិន​ចាំបាច់​ត្រូវ​រង់ចាំ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​អ្វី​ទៀត​នោះ​ទេ គឺ​កាល​បើ​ដល់​កំណត់​ថ្ងៃ ដែល​ត្រូវ​ដោះ​លែង ដែល​មាន​កំណត់​នៅ​ក្នុង​សាលក្រម​របស់​តុលាការ​ហើយ គឺ​ពន្ធនាគារ ត្រូវ​ដោះ​លែង​ជន​ជាប់​ឃុំ​នោះ​ភ្លាម។

លោក​បន្ថែម​ថា ប្រសិន​បើ​ដល់​ពេល​កំណត់​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទៅ​ហើយ​ ពន្ធនាគារ​មិន​ទាន់​រៀប​បែប​បទ​ដោះ​លែង​នៅ​ឡើយ​ទេ​នោះ ក៏​ពន្ធនាគារ​ត្រូវ​ដោះ​លែង​ជន​នោះ​សិន​ដែរ ដោយ​កំណត់​ឲ្យ​ទណ្ឌិត​មក​យក​ឯកសារ​ដោះ​លែង​វិញ​ជា​ក្រោយ​បាន។

ប៉ុន្តែ​លោក​ថា ពន្ធនាគារ​កម្ពុជា​សព្វថ្ងៃ គឺ​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​រង់ចាំ​សាលដីកា​បង្គាប់​ឲ្យ​ដោះ​លែង​សិន ហើយ​ទម្រាំ​រត់​កិច្ចការ​រដ្ឋបាល​ហើយ អ្នកទោស​ត្រូវ​នៅ​ជាប់​ឃុំ​មួយ​រយៈ​ទៀត​សិន។ លោក​បន្ត​ថា គ្មាន​ច្បាប់​ណា​យោង និង​តម្រូវ​ឲ្យ​មន្ត្រី​ពន្ធនាគារ​បន្ត​ឃុំ​ខ្លួន​មនុស្ស​លើស​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​សាលក្រម​នោះ​ឡើយ ប៉ុន្តែ​ការ​អនុវត្ត​ ទោះ​ជា​បំពាន​សិទ្ធិ​អ្នក​ជាប់​ឃុំ ក៏​ឃើញ​នៅ​តែ​កើត​មាន៖ «ពីព្រោះ​ពន្ធនាគារ​គាត់​មិនមែន​ឃុំ​ដោយសារ​សាលក្រម​ទេ គាត់​ឃុំ​ដោយសារ​ដីកា​ឃុំ​ខ្លួន វា​ត្រូវ​រង់ចាំ​ដីកា​ដោះ​លែង។ នោះ​គឺ​មក​ពី​ប្រព័ន្ធ​រដ្ឋបាល​យើង​ទេ។ ក្នុង​នីតិវិធី​ច្បាប់​យើង គាត់​និយាយ​ថា​ដោះលែង​ជាបន្ទាន់​លុះត្រាតែ អយ្យការ​ព្រម​ដោះ​លែង​ដែរ ដូច្នេះ​វា​ទៅ​ជា​អំណាច​តុលាការ អត់​មាន​អំណាច​អ្វី​ទៅ​វិញ ចាំ​អំណាច​ធំ​ទៅ​លើ​អយ្យការ​ទៅ​វិញ។ ដូច្នេះ​វា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ ដែល​យើង​ត្រូវ​គោរព»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និយាយ​ថា ទម្លាប់​អនុវត្ត​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ជាប់​ឃុំ​លើស​កាល​កំណត់​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​យ៉ាង​ដំណំ។ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ជាប់​ពន្ធនាគារ ទៅ​តាម​អំណាច​សាលក្រម​តុលាការ គឺ​ជា​ការ​បាត់បង់​សេរីភាព​គ្រប់​បែប​យ៉ាង​របស់​អ្នក​ជាប់​ឃុំ​ទៅ​ហើយ មិន​គួរ​ណា​ឡើយ ពេល​ដែល​ពួក​គាត់​ត្រូវ​ដល់​ថ្ងៃ​ចេញ​ពី​ពន្ធនាគារ បែរ​ជា​ត្រូវ​បន្ត​ជាប់​ឃុំ​ត​ទៅ​ទៀត​នោះ​ទេ៖ «យើង​ដឹង​ហើយ​ថា​នៅ​ពន្ធនាគារ វា​មិន​មែន​ជា​កន្លែង​មួយ ដែល​ពួក​គេ​ចង់​នៅ​ទេ។ អ៊‌ីចឹង​នៅ​ពេល​ដែល​ការ​បំពេញ​ការអនុវត្ត​ទោស​របស់​ពួក​គេ​រួច​ គប្បី​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​ធ្វើ​យ៉ាង​ណា​សម្របសម្រួល​ឲ្យ​ពួក​គេ​ បាន​មាន​សេរីភាព​ទៅ​តាម​កាល​កំណត់ ហើយ​មិន​គួរ​ណា​មាន​ការ​បន្ត​ឃុំខ្លួន​ឲ្យ​ខុស​នីតិវិធី​ច្បាប់​បែប​ហ្នឹង​ទេ»

ទោះ​ជា​អ្នក​ច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​ឃុំ​ខ្លួន​លើស​នីតិវិធី​នេះ ជា​ការ​ខុស​នីតិវិធី​ច្បាប់​ក៏ដោយ ក៏​មន្ត្រី​ពន្ធនាគារ​ នៅ​តែ​ការពារ​ទម្លាប់​នៃ​ការ​អនុវត្ត​បែបនេះ។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវនា ថា ការ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ឃុំ​បន្ត វា​ប្រសើរ​ជាង​ដោះ​លែង​ដោយ​ថ្លោះធ្លោយ។ លោក​អះអាង​ថា នេះ​ជា​នីតិវិធី​ច្បាប់ ដែល​មន្ត្រី​ពន្ធនាគារ​ត្រូវ​តែ​អនុវត្ត​តាម​ជា​ដាច់ខាត ពោល​គឺ​បើ​គ្រាន់​តែ​មាន​សាលក្រម​មួយ​មុខ ដែល​ថា ជន​ជាប់​ឃុំ​ណា​ម្នាក់​ត្រូវ​បាន​ដោះ​លែង គឺ​មិន​គ្រប់គ្រាន់​តែ ទាល់​តែ​មាន​ឯកសារ​ចុង​ក្រោយ​មួយ​ទៀត គឺ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ ទើប​ខាង​ពន្ធនាគារ​ហ៊ាន​ដោះ​លែង​អ្នក​ជាប់​ឃុំ​នោះ៖ ក្ដី​កង្វល់​ធំ​បំផុត គឺ​បាត់​ឧក្រិដ្ឋជន​ពី​ការ​គ្រប់គ្រង​ពី​ក្នុង​ដៃ។ អ៊ីចឹង​ឯកសារ​ជា​ផ្លូវ​ការ​ គឺ​ជា​ឯកសារ​ដែល​ត្រូវ​តែ​ពិនិត្យ​ដិត​ដល់​បំផុត ហើយ​បញ្ជាក់​ថា​មនុស្ស​ហ្នឹង​ពិតជា​ត្រូវ​បាន​បង្គាប់​ឲ្យ​ដោះ​លែង​មែន។ តួនាទី​ជា​មន្ត្រី​សន្តិសុខ បើ​យើង​ចេះ​តែ​នឹក​ឃើញ​ធ្វើ អា​ហ្នឹង​ខ្ញុំ​គិត​ថា យើង​ប្រថុយ​ខ្លួន​ឯង​ច្រើន។ ចុះ​បើ​មាន​ការ​អ្វី ថ្លោះធ្លោយ​ទណ្ឌិត​ម្នាក់ ឬ​ឧក្រិដ្ឋជន​ម្នាក់​រួច​ផុត​ពី​ដៃ​របស់​យើង​ទៅ អ្នក​ណា​អ្នក​ទទួល​ខុស​ត្រូវ

មន្រ្តី​ពន្ធនាគារ​ដដែល សំដៅ​ការ​ទទួល​ខុស​ត្រូវ​នេះ ទៅ​លើ​ការ​ដោះ​លែង​ជន​ជាប់​ឃុំ ដោយ​គ្មាន​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ពី​ព្រះរាជអាជ្ញា ដែល​ឯកសារ​នេះ ជួនកាល​ត្រូវ​ការ​ពេល​ច្រើន​ថ្ងៃ​ ទម្រាំ​រៀបចំ​រួច។ ប៉ុន្តែ​បើ​តាម​លោក​មេធាវី សុក សំអឿន មន្ត្រី​ពន្ធនាគារ​អាច​ដោះ​លែង​ជន​ជាប់​ឃុំ​បាន​ទៅ​តាម​សាលក្រម​តុលាការ មិន​ចាំបាច់​រង់ចាំ​ដីកា​ដោះ​លែង​បន្ថែម​ទៀត ពី​ព្រះរាជអាជ្ញា​នោះ​ទេ ព្រោះ​សាលក្រម​នោះ មាន​វិសាលភាព​អនុវត្ត​គ្រប់គ្រាន់​ទៅ​ហើយ។

លោក សុក សំអឿន ថា នេះ​ជា​បញ្ហា ដែល​ត្រូវ​ការ​កែ​ទម្រង់ ដោយ​មន្ត្រី​ពន្ធនាគារ​ត្រូវ​អនុវត្ត​តាម​សាលក្រម​តុលាការ​វិញ កុំ​អនុវត្ត​តាម​ដីកា​ដោះ​លែង​របស់​ព្រះរាជអាជ្ញា។ ដើម្បី​កែ​ទម្រង់​ការ​អនុវត្ត​នេះ ឲ្យ​មាន​ប្រសិទ្ធភាព លោក​ថា តុលាការ​គួរ​តែ​រក​វិធី​យ៉ាង​ណា​ បញ្ជូន​សាលក្រម​នោះ​ទៅ​ខាង​ពន្ធនាគារ​នោះ ជាការស្រេច ព្រោះ​សាលក្រម​មាន​បញ្ជាក់​ច្បាស់លាស់​អំពី​ពេល​វេលា​ដែល​ត្រូវ​ឃុំ​ខ្លួន និង​ត្រូវ​ដោះ​លែង​នៅ​ពេល​ណា​ជាក់លាក់​រួច​ហើយ៖ «ដូច្នេះ ពន្ធនាគារ​ត្រូវ​អនុវត្ត​តាម​សាលក្រម ផុត​សាល​ក្រម​គាត់​ដោះ​លែង។ គាត់​មាន​វិធី​របស់​គាត់ ដោះ​លែង​តាម​សម្រួល​ ធ្វើ​ម៉េច​ដល់​ថ្ងៃ​ដែល​ផុត​កំណត់ ជន​នោះ«ត្រូវ​តែ​ដោះ​លែង»

ដូច​គ្នា​នេះ​ដែរ លោក ស៊ឹង សែនករុណា យល់​ថា មក​ដល់​សម័យ​នេះ​ទៅ​ហើយ មន្រ្តី​ពាក់ព័ន្ធ​ទាំង​អស់ មិន​គួរ​ណា​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​អ្នក​ជាប់​ឃុំ​បន្ត​ទៀត​ទេ។ លោក​ថា មាន​វិធី​ច្រើន ដែល​អាច​កែ​ទម្រង់​ការ​អនុវត្ត​ខុស​ឆ្គង​នេះ​បាន។ វិធី​មួយ គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ការ​ចងក្រង ប្រមូល និង​ចែកចាយ​ទិន្នន័យ​តុលាការ ទៅ​ភាគី​ពាក់ព័ន្ធ ដោយ​មិន​ត្រូវ​រង់ចាំ​យូរ ដូច​សម័យ​ផ្ញើ​សារ​តាម​សត្វ​ព្រាប​នោះ​ទេ ឲ្យ​តែ​មន្រ្តី​ពាក់ព័ន្ធ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់ និង​មាន​ឆន្ទៈ​គោរព​សិទ្ធិ​ជន​ជាប់​ឃុំ​ពិត​ប្រាកដ៖ «មាន​បច្ចេកវិទ្យា​សំបូរ​បែប​ណាស់ យើង​អាច​ចង​ទិន្នន័យ​ឲ្យ​បាន​ច្បាស់លាស់​។ នៅ​ពេល​ដែល​ទិន្នន័យ​នោះ ប្រាំ​ពីរ​ថ្ងៃ​មុន​ពួក​គាត់​ចេញ យើង​ត្រូវ​ឲ្យ​វា​លោត​យើង​ឃើញ យើង​រៀបចំ​ឯកសារ​ឲ្យ​ប្រទាក់​ក្រឡា​គ្នា​ទៅ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចេញ​ឲ្យ​ចំ​ថ្ងៃ​ដែល​ត្រូវ​បាន​ដោះ​លែង។ បើ​ធ្វើ​ដូច្នេះ​បាន ខ្ញុំ​គិត​ថា គ្មាន​បញ្ហា​ទេ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ជុំវិញ​សំណើ​របស់​អ្នក​ច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ចង់​ឃើញ​ឲ្យ​មាន​ការ​កែទម្រង់​នីតិវិធី​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឲ្យ​បាន​តាម​កាល​កំណត់​នៃ​សាលក្រម​នេះ​ទេ រហូត​មក​ដល់​ពេល​នេះ។

បន្ថែម​លើ​សំណូមពរ​ឲ្យ​កែ​ទម្រង់​នីតិវិធី​ដោះ​លែង​អ្នក​ជាប់​ឃុំ​ភ្លាមៗ តាម​កាល​កំណត់​របស់​សាលក្រម​នេះ អ្នក​ច្បាប់ និង​មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏​មើល​ឃើញ​អំពី​ភាព​ឆក​ល្វែង ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​សំណង​ជំងឺ​ចិត្ត ដល់​ជន​ជាប់​ឃុំ ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​លើស​នីតិវិធី​នោះ​ដែរ។ ពួក​គាត់​ស្នើ​ស្ថាប័ន​ពាក់​ព័ន្ធ គិតគូរ​កែ​ទម្រង់​ផ្នែក​នេះ ឲ្យ​ស្រប​តាម​មាត្រា ៩() នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ទទួល​ស្គាល់​ជា​ច្បាប់​ជាតិ​ហើយ​នោះ ​ចែង​ថា ជន​ណា​ម្នាក់​ ដែល​រង​គ្រោះ​ដោយ​សារ​ការ​ចាប់ ឬ​ឃុំ​ខ្លួន​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត។

ពួក​គាត់​បញ្ជាក់​ថា ការ​កែ​ទម្រង់​លើ​ផ្នែក​ទាំង​នេះ អាច​ជួយ​មួយ​ផ្នែក ក្នុង​ការ​កាត់​បន្ថយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​នីតិរដ្ឋ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។