អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន ប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌
2022.10.23

ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានសមាគម សហជីព ជាង២០ស្ថាប័ន បានប្រារព្ធទិវាសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជិត២ពាន់នាក់ (២,០០០នាក់)។

អង្គការមិនមែនរដ្ឋាភិបាលសរុប២៥ស្ថាប័ន រួមមានសមាគម សហព័ន្ធសហជីព និងសហគមន៍ បានរួមគ្នាប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលានេះ ដោយបានដាក់ញត្តិស្នើឱ្យរដ្ឋាភិបាល៤ចំណុច រួមមាន ស្នើដល់រដ្ឋាភិបាលឱ្យរក្សាអភ័យឯកសិទ្ធិដល់សមាជិកសភា បើទោះបីជាតុលាការសម្រេចរំលាយគណបក្សនយោបាយក៏ដោយ។ ស្នើឱ្យរៀបចំសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងវិញ ដោយយកតាមកូតាគណបក្សនយោបាយដែលមានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ និងស្នើឱ្យមន្ត្រីរាជការស៊ីវិល អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធប្រកាន់គោលជំហរអព្យាក្រឹត។ ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ក៏បានស្នើឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្ម កែសម្រួលច្បាប់ និងលិខិតបទដ្ឋាននានាដែលរឹតត្បិតដល់សេរីភាពប្រជាពលរដ្ឋ។
តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោក សួន រិនឌី បានចេញមកទទួលយកញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលដោយផ្ទាល់ នៅទីលានប្រជាធិបតេយ្យ ទោះជាយ៉ាងណាតំណាងរាស្ត្ររូបនេះ មិនបានថ្លែងសារអ្វីឡើយ។

ជុំវិញការប្រារព្ធទិវា២៣ តុលាលើកទី៣១នេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន ពៅ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដួងព្រលឹងរបស់ប្រទេសកម្ពុជា ដោយបានជួយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងយករបបប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាគោល ដើម្បីដឹកនាំប្រទេស។ ទោះជាយ៉ាងណា លោកយល់ឃើញថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាមរយៈការបណ្ដោយឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការបោះឆ្នោតដោយមិនត្រឹមត្រូវ និងយុត្តិធម៌ និងធ្វើឱ្យនយោបាយនៅកម្ពុជាមានការបែកបាក់ជាដើម។ ជាមួយគ្នានេះ លោក វន ពៅ ជំរុញឱ្យប្រជាពលរដ្ឋ ក្លាយជាពលរដ្ឋសកម្ម តាមរយៈភាពក្លាហាន ហ៊ានបញ្ចេញមតិជាសាធារណៈ ដើម្បីឱ្យរដ្ឋាភិបាលគោរពតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ៖
«យើងជាតិខ្មែរទាំងមូលត្រូវតែទាមទារឱ្យមានស្មារតីសន្តិភាពទីក្រុងប៉ារីស ធានាទៅដល់ការរស់នៅ ធានាទៅដល់យុត្តិធម៌សង្គម ធានាទៅដល់សិទ្ធិមនុស្ស ធានានូវការគោរពលទ្ធិប្រជាធិបតេយ្យ ធានានូវសិទ្ធិនយោបាយ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិទ្ធិក្នុងការចូលរួមបោះឆ្នោត និងអង្កេតការបោះឆ្នោតទទួលបានមេដឹកនាំល្អ ស្របទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ»។
![]()
ប្រជាពលរដ្ឋចូលរួមប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ស្រដៀងគ្នានេះដែរ តំណាងកម្មករកាស៊ីណូហ្គាណាវើលដ៏ (Naga World) កញ្ញា ឈឹម ស៊ីថរ លើកឡើងថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកណាហ្គាវើលដ៏ (Naga World) និងវិវាទកម្មករក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទេ ក្នុងពេលកន្លងមក ជាក់ស្ដែងអាជ្ញាធរមានសមត្ថកិច្ច បែរជាការពារថៅកែ ហើយធ្វើបាបកម្មករ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍។ កញ្ញាបន្ថែមថា មូលហេតុដែលធ្វើឱ្យតំណាងរាស្ត្រមិនបានបំពេញតួនាទីរបស់ខ្លួន គឺដោយសារតែនៅក្នុងរដ្ឋសភាមានតំណាងរាស្ត្រមកពីគណបក្សតែមួយ ដូច្នេះកញ្ញាជំរុញឱ្យប្រជាពលរដ្ឋត្រូវពិនិត្យមើលឈ្មោះបោះឆ្នោត និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីឱ្យរដ្ឋសភាមានតំណាងរាស្ដ្រមកពីចម្រុះបក្សនយោបាយឡើងវិញ៖
«ខ្ញុំចង់បង្ហាញឫសគល់មួយដែល យើងមើលឃើញថារឿងទាំងអស់ហ្នឹង មិនមែនតែរឿងវិវាទការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៏ (Naga World) ទេ រឿងកសិករ រឿងដេញប្រជាពលរដ្ឋចេញពីលំនៅឋាន រឿងខ្វះទីផ្សារ រឿងអ្នកលក់ដូរ បងប្អូនរត់តុកតុក រត់ម៉ូតូឌុប អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានបញ្ហាអីទាំងអស់ហ្នឹង ឫសគល់វាមានមួយបងប្អូនដឹងអីគេទេ? ដោយសារនៅសភាមានបក្សតែមួយ អញ្ចឹង២០២៣ យើងទាំងអស់គ្នាត្រូវតែឱ្យប្រាកដថានៅសភា មិនមានបក្សតែមួយទៀតទេ មែនទេបងប្អូន? មែន (សំឡេងអ្នកចូលរួម) ប្រសិនបើមានបក្សតែមួយពួកយើងនឹងរងទុក្ខវេទនា ខ្លាំងជាងហ្នឹងទៀត»។
![]()
ប្រជាពលរដ្ឋចូលរួមប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ឆ្លើយតបនឹងការលើកឡើងទាំងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន អះអាងថា ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័នតុលាការ និងស្ថាប័ននីតិប្រតិបត្តិ បានបំពេញការងារស្របតាមគតិយុត្តិផ្ទាល់ខ្លួន មិនមែនដូចការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិលនោះឡើយ។ លោកអះអាងបន្ថែមថា រដ្ឋាភិបាលក៏បានលើកកម្ពស់សិទ្ធិមនុស្សផងដែរ ហើយការចោទប្រកាន់ទៅលើសកម្មជននយោបាយ និងសកម្មជនផ្សេងៗកន្លងមក លោកថាគឺជាការអនុវត្តច្បាប់ និងលើកកម្ពស់យុត្តិធម៌សង្គមទៅវិញទេ៖
«ខ្លួនខ្ញុំបានអង្កេតមើលនៅក្នុងនីតិវិធីតុលាការនៅក្នុងសំណុំរឿងទាំងឡាយ ពិនិត្យឃើញថាតុលាការគេបានប្រើប្រាស់សិទ្ធិអំណាច តួនាទីរបស់គេ នៅក្នុងសំណុំរឿងតាមនីតិវិធីអង្គហេតុ អង្គច្បាប់ត្រឹមត្រូវ ពុំមានចំណុចណាមួយដែលរំលោភសិទ្ធិមនុស្សដូចជាការចោទប្រកាន់ របស់អង្គការសង្គមស៊ីវិលនោះទេ»។
![]()
តំណាងអង្គការសង្គមស៊ីវិលប្រគល់ញត្តិដល់តំណាងរដ្ឋាភិបាល រដ្ឋសភា នៅពេលប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ទោះជាមានការអះអាងរបស់មន្ត្រីរដ្ឋាភិបាលបែបនេះរហូតមកក្ដី ក៏របាយការណ៍អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ តែងចេញផ្សាយជាហូរហែថា កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើរផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគេសង្កេតឃើញថា ជិតសែសិបឆ្នាំ (៤០ឆ្នាំ) មកនេះ មានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការបង្ក្រាបការវាយដំបាតុករ ការរឹតត្បិតសិទ្ធិពលរដ្ឋមិនឱ្យបញ្ចេញមតិនៅទីសាធារណៈ អំពើកាប់សម្លាប់មនុស្ស និទ្ទណ្ឌភាព ព្រមទាំងសង្គមខ្មែរបែកបាក់គ្នា គ្មានការបង្រួបបង្រួមជាតិដើម្បីឧត្ដមប្រយោជន៍ជាតិក្នុងចំណោមអ្នកនយោបាយជាដើម។
ក្រុមអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតម្លៃជាអមត ការពារប្រជាជាតិខ្មែរ ពីការឈ្លានពានរបស់បរទេស និងជាមាគ៌ាឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។ សហគមន៍ជាតិ និងអន្តរជាតិនៅតែទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។