ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ​ដោយផ្ទាល់​នៅ​ស៊ុយអែត

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន​៣​នាក់ រួមមាន​កញ្ញា មាន លីសា កញ្ញា ស៊ុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត នៅ​រាត្រី​ថ្ងៃទី​២៩ វិច្ឆិកា ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ​២០២៣ ដោយ​ផ្ទាល់​នៅ​ទីក្រុង​ស្តុកហូម (Stokholm) ប្រទេស​ស៊ុយអែត (Sweden)។ ពានរង្វាន់​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពាន់​រង្វាន់​ណូបែល​សន្តិភាព។

ពានរង្វាន់ Right Livelihood ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨០ នៅ​ប្រទេស​ស៊ុយអែត (Sweden) ។ គិត​មកទល់​បច្ចុប្បន្ន​មាន​អ្នក​ទទួល​បាន​ពានរង្វាន់​ចំនួន ១៩៤​នាក់ ហើយ​គណៈកម្មាធិការ​ជ្រើសរើស​អ្នកទទួល​រង្វាន់​នេះ​វិញ មកពី​ប្រទេស​៧៦​ប្រទេស និង​១៤៣​សញ្ជាតិ។ រីឯ​អ្នក​ទទួល​បាន​ពានរង្វាន់​នេះ សុទ្ធសឹងតែ​ជា​អ្នកការពារ​សិទ្ធិមនុស្ស ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​អ្នកការពារ​បរិស្ថាន​ធនធានធម្មជាតិ​ជាដើម ។ នៅក្នុង​ឆ្នាំ​២០២៣​នេះ មាន​ក្រុម​ចំនួន ៤​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពានរង្វាន់​កម្រិត​អន្តរជាតិ​នេះ ក្នុង​នោះ​ក៏​មាន​ក្រុម​មកពី​ប្រទេស​កម្ពុជា​ផង​ដែរ គឺ​ក្រុម​ចលនា​មាតា​ធម្មជាតិ។

ការ​ផ្ដល់​ពានរង្វាន់​នេះ ក្រោយពី​គណៈកម្មាធិការ​បាន​វាយតម្លៃ លើ​ភាព​ក្លាហាន និង​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​តស៊ូ​មតិ​របស់​ចលនា​មាតា​ធម្មជាតិ នៅក្នុង​បរិបទ​ប្រទេស​ដែល​មាន​លំហ​ប្រជាធិបតេយ្យ​ត្រូវ​បាន​រឹតត្បិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។

បន្ទាប់​ពី​តុលាការ​បាន​ដោះលែង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ពួកគាត់​បាន​ទទួល​ពាន​រង្វាន់​២ រួច​មក​ហើយ និង​កំពុង​រង់ចាំ​ទទួល​ពានរង្វាន់​ទី​៣​។ ទី​១ គឺជា​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​២០២១ ពី​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពានរង្វាន់​ទី​២ គឺជា​ពានរង្វាន់​អ្នកការពារ​ជួរមុខ ពី​អង្គការ Front Line Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​ពានរង្វាន់​ទី​៣​នេះ គឺ​ពានរង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ​២០២៣ ពី​ប្រទេស​ស៊ុយអែត (Sweden)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។