ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៣ វិច្ឆិកា បានដាក់ពាក្យស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ឲ្យពន្យារពេលសវនាការ ដោយសារតែយុវជន ២នាក់ក្នុងចំណោមយុវជន ៦នាក់ គឺកំពុងស្ថិតនៅក្រៅប្រទេស ដើម្បីរង់ចាំទទួលពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅចុងខែវិច្ឆិកា នេះ។
ការស្នើសុំនេះ ក្រោយពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានកោះហៅក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ៦នាក់ក្នុងនោះរួមមានកញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី និងលោក ថុន រដ្ឋា ឲ្យចូលសវនាការជំនុំជម្រះសំណុំរឿងរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី៣០ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការធ្វើវីដេអូទាមទារឱ្យទម្លាក់ការចោទប្រកាន់មកលើសកម្មជនបរិស្ថាន កាលពីខែមិថុនា ឆ្នាំ២០២១។
យុវជនចលនាមាតាធម្មជាតិមួយរូបគឺ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ វិច្ឆិកាថា មូលហេតុ ដែលលើកពេលសវនាការនេះ គឺដោយសារតែសមាជិក២នាក់ផ្សេងទៀតគឺកញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត កំពុងនៅក្រៅប្រទេស។
លោក ថុន រដ្ឋា៖ «មេធាវីរបស់យើងនឹងដាក់ពាក្យស្នើឲ្យមានការពន្យារពេលសវនាការ ដោយសារមូលហេតុគ្នាយើងនៅក្រៅ ហើយមេធាវីគាត់មានភារកិច្ចផង»។
ក្រោយពីតុលាការបានដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ពួកគាត់បានទទួលពានរង្វាន់២ រួចមកហើយ និងកំពុងរង់ចាំទទួលពាន់រង្វាន់ទី៣។ ទី១ គឺជាពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ហើយពានរង្វាន់ទី២ គឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា និងពានរង្វាន់ទី៣នេះ គឺពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden) ចំពោះភាពក្លាហាន និងការច្នៃប្រឌិតក្នុងការតស៊ូមតិរបស់ចលនាមាតាធម្មជាតិ នៅក្នុងបរិបទប្រទេសដែលមានលំហប្រជាធិបតេយ្យត្រូវបានរឹតត្បិតក្នុងកម្រិតធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
