ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើលដ៍​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ តែ​មិន​អើពើ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ

ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើលដ៍ (Nagaworld) កំពុង​ប្រមូល​លុយរាប់​សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​តាមរយៈ​វិស័យ​បន​ល្បែង និង​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​។ ទោះជា​យ៉ាងណា កូដ​ករ​ថា ថៅកែ​ក្រុមហ៊ុន​នេះ គ្មាន​ដំណោះស្រាយ​ជូន​កម្មករ និង​បាន​កម្ទេច​សហជីព​ឯករាជ្យ​ណា​ដែល​ហ៊ាន​តវ៉ា​ការពារ​សិទ្ធ​កម្មករ។

ក្រុម​កូដ​ករ​ដែល​កំពុង​ទាមទារ​ដំណោះស្រាយ​ការងារ​យល់​ថា នៅ​ពី​ក្រោយខ្នង​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​កប់​ក្ដោង​របស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មួយ​ផ្នែក​បាន​មក​ដោយ​សារ ការ​លះបង់​កម្លាំងកាយ​របស់​កម្មករ​ទ្រាំ​រង​ការរំលោភ​សិទ្ធិ​ការងារ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។ តំណាង​កូដករ​ណាហ្គា​វើលដ៍​លោកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែសីហា​ថា ចំណូល​ដែល​ក្រុមហ៊ុន​បន្ត​រកបាន​រាប់​សិប​លាន​ដុល្លារ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​គឺជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​របស់​កម្មករ​។ លោកស្រី​បន្ថែម​ថា ក្រុម​កម្មករ និង​សហជីព​ពុំ​មាន​ដែល​មាន​បំណង​ណាមួយ​រំលោភបំពាន និង​បង្កជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទេ ប៉ុន្តែ​វត្តមាន​សហជីព​គឺ​មាន​សារសំខាន់​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ​ពី​សំណាក់​ក្រុម​ថៅកែ។

លោកស្រី ណុប ទិត្យបូរ៉ាវី៖ «ខ្ញុំ​មិនដឹង​ថា ចេតនា​របស់​ក្រុមហ៊ុន​គិត​អី​លើ​សហជីព​ឯករាជ្យ​ទេ ព្រោះ​គាត់​គិតថា ឱ្យ​តែ​មាន​សហជីព​ឯករាជ្យ​ធ្វើការ​ទាមទារ គឺ​មាន​ចេតនា​បំផ្លាញ​ក្រុមហ៊ុន តែ​ចេតនា​ពិត​របស់​សហជីព យើង​គ្រាន់តែ​ចង់​ទាមទារ​ស្នើសុំ​មិន​ឱ្យ​លើស​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន ហើយ​អ្វី​ដែល​យើង​ធ្វើ​អត់​មាន​បំផ្លាញ​ក្រុមហ៊ុន​អ្វី​ទាំងអស់ គឺ​យើង​ដើរ​ផ្លូវ​ជាមួយគ្នា​រក​ចំណូល​ឱ្យ​គ្នា ក្រុមហ៊ុន​អ្នកផ្ដល់​ប្រាក់ខែ ចំណែក​កម្មករ​ប្រើ​កម្លាំង​សម្រាប់​ដោះដូរ​ប្រាក់ខែ​។ ពី​ដើម​មក​ប្រសិនបើ​គ្មាន​សហជីព​ឯករាជ្យ ដូច​ជា​ការ​បៀតបៀន ការប្រើ​អំពើ​ហិង្សា​លើ​កម្មករ ប្រសិនបើ​គ្មាន​សហជីព​ទៅ​និយាយ ឬ​ជួយ​សម្រួល​ជាមួយ​ក្រុមហ៊ុន​ទេ គឺ​គ្មាន​ការ​ចាត់​វិធានការ​អី ដើម្បី​ដោះស្រាយ​ដល់​បុគ្គលិក​ក្នុង​កន្លែង​ហ្នឹង​ទេ»។

ក្នុង​រយៈពេល​ជាង ៣​ឆ្នាំ​មកនេះ​ក្នុង​គ្រា​ដែល​ក្រុម​កម្មករ​ជាច្រើន​នាក់​ដែល​ភាគច្រើន​ជា​សមាជិក​សហជីព​ឯករាជ្យ​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បញ្ឈប់​ពី​ការងារ ក្រុមហ៊ុន​បាន​ពង្រីក​គម្រោង​អាជីវកម្ម​បន​ល្បែង​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​បង្កើន​ការ​រក​បាន​ប្រាក់ចំណូល​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ចំណេញ​រាប់​សិប​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០២៣ ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ប្រកាស​ថា ក្រុមហ៊ុន​រកបាន​ប្រាក់ចំណូល​ជាង ៥​រយ​លាន​ដុល្លារ (៥៣៣.២​ដុល្លារ​) និង​ទទួល​បាន​ប្រាក់ចំណូល​សុទ្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤​រយ​លាន​ដុល្លារ (៤២១.៦​លាន​ដុល្លារ​) ពី​វិស័យ​បន​ល្បែង សណ្ឋាគារ និង​សេវា​បម្រើ​វិស័យ​ទេសចរណ៍​ជាដើម។

ទោះបីជា​យ៉ាងណា កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​សម្រេច​បញ្ឈប់​បុគ្គលិក​ជាង ១​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ឯករាជ្យ​។ ក្រុមហ៊ុន​បកស្រាយ​ថា ការកាត់បន្ថយ​ចំនួន​បុគ្គលិក​នេះ ដោយសារតែ​ក្រុមហ៊ុន​ធ្លាក់​ចំណូល​ដោយសារ​តែ​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (Covid-19)​។ ក្រុម​កម្មករ​ចាត់ទុក​ការ​បកស្រាយ​នេះ​ថា គ្រាន់​ជា​លេស ដើម្បី​លុបបំបាត់​សំឡេង​សហជីព​ឯករាជ្យ​តែប៉ុណ្ណោះ ព្រោះ​អំឡុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​រកបាន​ប្រាក់​ចំណេញ​កប់​ក្ដោង។

ក្នុង​ឆ្នាំ​២០១៩ ចំណូល​ដែល​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​បាន​ពី​វិស័យ​បន​ល្បែង​កាស៊ីណូ និង​អាជីវកម្ម​ផ្សេងៗ​ទៀត​មាន​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់ ៧​រយ​លាន​ដុល្លារ (១,៧៥៥.៥​លាន​ដុល្លារ​) និង​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​ទំហំ​ជាង ៨​រយ ៤០​លាន​ដុល្លារ (៨៤៦.៣​លាន​ដុល្លារ)។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្ដា អ៊ន ដើម្បី​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១៥ ខែសីហា​។ ចំណែក តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​គួរ​ដល់ពេល​គិតគូរ​ផ្ដល់​ដំណោះស្រាយ​សមស្រប​មួយ​លើ​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ដើម្បី​បញ្ចៀស​ការរិះគន់​បន្ថែម​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ​ចំពោះ​ថៅកែ​ដែល​មាន​ចេតនា​លុបបំបាត់ និង​រើសអើង​សហជីព​ឯករាជ្យ។

លោក អំ សំអាត៖ «យើង​ឃើញ​ហើយ​ថា សហគមន៍​អន្តរជាតិ សហគមន៍​ជាតិ​គេ​លើកឡើង​វា​ជា​ការ​រើសអើង​នៃ​សហជីព​ឯករាជ្យ​មួយ​ដែល​ធានា​ក្នុង​កិច្ចការពារ​លើ​សិទ្ធ​ការងារ ឬ​ផលប្រយោជន៍​របស់​បុគ្គលិក​កម្មករ​និយោជិក។ វា​ជា​លើកទីមួយ​ហើយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កម្មករ​និយោជិក​ធ្វើ​កូដកម្ម​ទាមទារ​រយៈពេល​យូរ​ជាង ៣​ឆ្នាំ​មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​ពួកគាត់​។ បញ្ហា​ណាហ្គា​វើ​លដ៍​នេះ​ធ្វើ​ឱ្យ​មាន​ការរិះគន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ទាក់ទង​វិស័យ​ការងារ​ដែល​គេ​លើកឡើង​ទាក់ទង​អំពី​ការ​រំលោភ​បំពាន​សិទ្ធ​សហជីព»។

មក​ទល់​ពេល​នេះ ក្រៅពី​គ្មាន​ដំណោះស្រាយ​វិវាទ​ការងារ ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​កាលពី​ខែឧសភា ឆ្នាំ​២០២៣ ពីបទ «​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​» ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលរួម​ទាមទារ​ជាមួយ​ក្រុម​បុគ្គលិក ដើម្បី​ឱ្យ​ថៅកែ​ផ្ដល់​ដំណោះស្រាយ និង​គោរព​ច្បាប់​ការងារ​នៅ​កម្ពុជា​។ ចំណែក សមាជិក​សហជីព ៧​នាក់​ផ្សេងទៀត​នៅតែ​បន្ត​រង​បទចោទប្រកាន់ ញុះញង់ ឱ្យ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​២​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​ជាតិ និង​អន្តជាតិ រួម​ទាំង​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​កាត់ទោស​ប្រធាន​សហជីព និង​សមាជិក​នេះ ដោយ​ទុក​ថា ជា​ការ​បង្ក្រាប និង​បំបិទ​សំឡេង​សហជីព​ឯករាជ្យ​ការពារ​ផលប្រយោជន៍​កម្មករ​ដែល​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​ប្រកបដោយ​យុត្តិធម៌ និង​ស្របតាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។